រុស្ស៊ី

រុស្ស៊ី និង ស.រ.អា. សាកល្បងតថ្លៃគ្នាឬ?

ប្រធានាធិបតីរុស្ស៊ី លោក Medvedev
ប្រធានាធិបតីរុស្ស៊ី លោក Medvedev © Reuters

សាច់​រឿង​មួយ​​ជា​គន្លឹះ​​នៃ​កិច្ច​ចរចា​​ដែល​​លោក​អនុ​​ប្រធានាធិបតី​​អាមេរិកាំង​​ Joseph Biden​ ​ធ្វើនៅ​រសៀល​​ថ្ងៃនេះ​​ក្នុង​ក្រុង​​ម៉ូស្គូ​​ជាមួយ​​លោក​ប្រមុខរដ្ឋ​​រុស្ស៊ី​ Medvedev​​ គឺ​ជុំវិញ​​បញ្ហា​​ទទួល​​រុស្ស៊ី​​ឲ្យបាន​​ចូល​ជា​​សមាជិក​​អង្គការ​​ពាណិជ្ជកម្ម​​ពិភពលោក។​​ ប៉ុន្តែ​ នៅលើ​​ផ្លូវនេះ​​នៅ​មាន​​ឧបសគ្គ​​រាំងរា​​ពី​ខាង​រដ្ឋGeorgie​​ដែល​តែង​ចាត់​ទុក​​រុស្ស៊ី​​ជាសត្រូវ​​ខ្លួន។​ ម៉ូស្គូ​​សង្ឃឹម​ថា​ ​រដ្ឋបាល​​អាមេរិក​​នឹងប្រើ​​ទឹកមាត់​​ប្រៃ​​របស់​​ខ្លួន​​បង្ខំ​​Georgie​​ឲ្យលុប​​ឧបសគ្គ​​នោះ​​ទៅវិញ​​ទៅ​​ ហើយ​ជាថ្នូរ​​​ក៏នឹង​​មាន​​ការ​​ធ្វើស​ម្បទាន​​ដែរ​​ពីខាង​​ម៉ូស្គូ​​ក្នុងរឿង​​លីប៊ី​។

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍របស់​ កែវ ឆាយា

តាមដែល​កាសែត​នៃ​មជ្ឈដ្ឋាន​ Business ​រុស្ស៊ី ​ឈ្មោះ ​Kommersant លេខ​ថ្ងៃនេះ​ចុះផ្សាយ យោងទៅ​លើសំដី​ជំនួយការ​ប្រធានាធិបតី​រុស្ស៊ី​ខាងកិច្ចការ​អន្តរជាតិ​ លោក​ Serguei​ Prikhodko៖​ពីខាង​ភាគី​អាមេរិកាំង​មាន​ទៅហើយ​ សញ្ញា​ស្តី​អំពី ភាព​ត្រៀមខ្លួន​ជួយ​ជ្រោម​ជ្រែង​រុស្ស៊ី​ក្នុង​បុព្វហេតុ​នេះ។ ​ភាពត្រៀម​ខ្លួននេះ​របស់​ទីក្រុង​វ៉ាស៊ីនតោន​ គឺដោយ​សារ​គោល​​ជំហរ​ប្រកាន់​យក​ដោយ​រុស្ស៊ី​ចំពោះ​វិបត្តិ​នៅ​ប្រទេស​លីប៊ី។

 
សំរាប់​ជាការ​កត់​សម្គាល់ ​ពេលថ្មីៗ​រុស្ស៊ី​បាន​បោះឆ្នោត​នៅឯ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​គាំទ្រ​ដល់​សេចក្តី​សម្រេច​ដែល​បំផុស​មក​ដោយ​ ស.រ.អា​ បារាំង​ អង់គ្លេស​ អាល្លឺម៉ង់​ ឆ្ពោះ​ទៅដាក់​ទណ្ឌកម្ម​លើ​របប​ Kadhafi​ នៅលីប៊ី។​ ប៉ុន្តែ​ រុស្ស៊ី​នៅ​ជំទាស់​នៅឡើយ​ទល់​នឹង​អន្តរាគមន៍​ពី​ក្រៅ​ក្នុង​រូបភាព​ណា​ក៏ដោយ​បូកទាំង​រូបភាព​យោធា​ផង​ចូល​ក្នុង​ស្ថានការណ៍​នៅ​លីប៊ី។​ ដូច្នេះ​ សម្បទាន​មួយ​ជំហាន​ទៀត​ ពី​ខាង​ម៉ូស្គូ​គឺអាច​មាន​ន័យ​ជាការ​កែប្រែ​ឥរិយាបថនេះ។

និយាយពី ​Georgie ​វិញ ​គឺចងជា​ល័ក្ខខ័ណ្ឌ​មករុស្ស៊ី​ថា ខ្លួន​នឹង​ឈប់​ខាឃាំង​ផ្លូវ​របស់​រុស្ស៊ី ដើម្បី​ចូលជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ OMC​ លុះណា​តែរុស្ស៊ី​សុខចិត្ត​ចែក​រំលែក​ឲ្យបាន​ស្មើ​ជាមួយ​ Georgie​ នូវ​អំណាច​ត្រួត​ពិនិត្យ​លើការងារ​នៃ​“ប៉ុស្ត​កុងត្រូល​គយ”​ នៅ​តំបន់​ព្រំដែន​រុស្ស៊ី​ជាប់នឹង​ Georgie ត្រង់​ដែនដី​ Abkhazie និង​ Ossetie​ខាង​ត្បូង។​ គួរ​រំលឹកថា​ ក្រោយពី​ទីក្រុង​ម៉ូស្គូ ទទួល​ស្គាល់​ឯករាជ្យ​ដែនដី​អបគម​ទាំង២នេះ​របស់​ Georgie​ មក គឺតែ​គយ​រុស្ស៊ី​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​ផ្តាច់មុខ​តាំងការ​ត្រួត​ពិនិត្យនេះ។

ដោយ​ពន្យល់​បំភ្លឺ​អំពី​ការទាមទារ​នេះ ​Georgie​ យោង​ទៅលើ ក្បួន​ច្បាប់​របស់​ OMC​ ដែល​ថា ពាណិជ្ជកម្ម​ រវាង​ប្រទេសមួយ​និង​ប្រទេស​មួយ​តម្រូវ​ឲ្យមាន​តម្លាភាព។ ​ក្នុងករណី​ដែលមាន​ គឺថា ៖ តើ​ទំនិញ​ណាខ្លះ​ដែល​នាំចេញ​ពី​រុស្ស៊ី​ទៅក្នុង​ដែនដី​ Abkhazie​ និង​Ossetie​ខាង​ត្បូង ​ដែនដី​ដែល ​Georgie​ នៅបន្ត​ចាត់ទុក​ជា​របស់​ខ្លួន​ ដោយ​សំអាង​លើច្បាប់​អន្តរជាតិ ​និង​តើ​ទំនិញណា​ខ្លះ​ដែល​ដែនដី​ទាំង២នេះ​ នាំចូល​ប្រទេស​រុស្ស៊ី។​ រុស្ស៊ី​ជាមហា​អំណាច​សេដ្ឋកិច្ច​តែ​មួយគត់ ដែល​មិនទាន់​បាន​ចូលជា​សមាជិក​នៃ ​“អង្គការពាណិជ្ជកម្ម​ពិភពលោក”​ OMC​ ទោះបីខ្លួន​ធ្វើ​កិច្ចចរចា​ដើម្បីចូល​នេះ​អស់​១៧ឆ្នាំ​ទៅ​ហើយក្តី។

ស្របនឹង​លក្ខន្តិកៈ​អង្គការនេះ ដើម្បី​ទទួល​ឲ្យចូល​ទៅកើត​ គឺត្រូវ​មានការ​យល់​ព្រម​ពី​សំ​ណាក់​គ្រប់តែ​១៥៣​ប្រទេស​សមាជិក​របស់វា។​ រុស្ស៊ី​សង្ឃឹម​ថា​ គឺក្នុង​ឆ្នាំ២០១១​នេះតែម្តង​ដែល​ខ្លួន​នឹង​ក្លាយជា​សមាជិក​ OMC​ ក្រោយ​ពីបាន​ទទួល​ ”ភ្លើងខៀវ”​ ពីខាង ស.រ.អា​. និង​ សហភាព​អឺរ៉ុប​ទៅហើយ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI