អ៊ុយក្រែន

លំហាត់​ជាលើកទី១​នៃទ័ពអាកាស​ ​អ៊ុយក្រែន​-អាមេរិក-ប៉ូឡូញ​

យន្តហោះ​​ចម្បាំង​​​​ធុន F-16ចូលរួម​​​លំហាត់​​ជាលើកទី១​​នៃទ័ព​អាកាស​​ ​អ៊ុយក្រែន​​-អាមេរិក​-ប៉ូឡូញ​​
យន្តហោះ​​ចម្បាំង​​​​ធុន F-16ចូលរួម​​​លំហាត់​​ជាលើកទី១​​នៃទ័ព​អាកាស​​ ​អ៊ុយក្រែន​​-អាមេរិក​-ប៉ូឡូញ​​ © Reuters/Alessandro Garofalo

គោលដៅ​លំហាត់នេះ​ក្រោម​ឈ្មោះថា “ មេឃសុវត្ថិភាព ​ឆ្នាំ២០១១ “ ដែល​នឹង​ពន្យារ​ទៅ​១២ថ្ងៃ​ រហូតដល់​ថ្ងៃ២៩កក្កដា​ គឺដើម្បី​ធានា​សន្តិសុខ​ដល់​ការប្រកួត​បាល់ទាត់​ជើងឯក​ទ្វីបអឺរ៉ុប​ ឆ្នាំ២០១២​ដែលនឹង​ប្រព្រឹត្ត​ទៅ​នៅតាម​កីឡាដ្ឋាន​អ៊ុយក្រែន​ផង ​ប៉ូឡូញផង​ តាមវិធី​ទប់ស្កាត់​ការវាយ​ប្រហារ​ជាយថាហេតុ​ពីខាង​យន្តហោះ​សត្រូវ​ទៅលើ​ កីឡាដ្ឋាន​ទាំង នោះ។​ សមយុទ្ធ​ផ្ទាល់​ប្រព្រឹត្ត​ទៅ​ក្នុង​លំហ​អាកាស​អ៊ុយក្រែនផង​ប៉ូឡូញផង។

ផ្សាយពាណិជ្ជកម្ម

តាមការ​ឲ្យដឹង​នៃប្រធាន​នាយកដ្ឋាន​ពត៌មាន​របស់​កងអាកាស​អ៊ុយក្រែន​ លោកវរសេនីយឯក​ Roman Yourchilo ៖​ចូលរួម​ក្នុង​លំហាត់​នេះ​ពីខាង​អ៊ុយក្រែន​មាន​យន្តហោះ​ប្រដេញ​ចំនួន​១២គ្រឿង​ ធុន Su-27​ Mig-29 ​និង​យន្តហោះ​និង​ឧទ្ធម្ភាគចក្រ​ដឹក​ជញ្ជូន​ ចំនួន​៥គ្រឿង​ ធុន An-26 ​ធុន Mi-8 ​ព្រមទាំង​យោធា​រហូត​ដល់​១.០០០នាក់។

 
ពីខាង​ស.រ.អា​. គឺយន្តហោះ​ចម្បាំង​ប៉ុន្មាន​គ្រឿងធុន F-16​ និង​យោធា​ ១២០នាក់​យាត្រា​មកពី​ មូលដ្ឋាន​របស់​គេ​នៅឯរដ្ឋ​ California​ ព្រមទាំង​យន្តហោះ​ដឹក​ជញ្ជូន​ធុន C-130​ ចំនួន​៣គ្រឿង។​ យន្តហោះ​និង​យោធា​អាមេរិកាំង​ទាំងនោះ​ក្នុងរយៈ​ពេល​ ១២ថ្ងៃ​ នៃសមយុទ្ធ​ បោះទីតាំង​ខ្លួន​គឺ​នៅ​ព្រលាន​យន្តហោះ​អ៊ុយក្រែន​ឈ្មោះ ​Mirgorod​ ជាទី​ដែល​សម័យ​សង្គ្រាម​សូវៀត​ទល់នឹង​របប​ណាស៊ី​អាល្លឺម៉ង់​ពីឆ្នាំ​១៩៤១​ដល់​១៩៤៥​បាន​ត្រូវ​ស.រ.អា.​ ក្នុងឋានៈ​ជាសម្ព័ន្ធមិត្ត​សូវៀត​ជំនាន់​នោះ ​ប្រើធ្វើជា​មូលដ្ឋាន​កងអាកាស​របស់ខ្លួន។

ពីខាង​ប៉ូឡូញ​ចូលរួម​គឺតែ​យន្តហោះ​ធុន F-16​ ចំនួន​៦គ្រឿង​ដែល​ស្ថិត​នៅលើ​ដែនដី​ប៉ូឡូញ​ផ្ទាល់។​ ក្នុងរយៈពេល​១២ថ្ងៃ​ទៅមុខ​យន្តហោះ​អាមេរិក​អ៊ុយក្រែន​និង​ប៉ូឡូញ​នឹង​បំពេញ​ដោយរួមគ្នា ប្រតិបត្តិការ​សមជើង​ប្រយុទ្ធ​គឺក្នុង​ផ្ទៃមេឃ​អ៊ុយក្រែនផង​ប៉ូឡូញផង។

ខ្លឹមសារ​នៃការ​សមជើងនេះ ​គឺថា​ បើនៅពេល​ប្រព្រឹត្ត​ទៅនៃ​ការប្រកួត​បាល់ទាត់​ទ្វីបអឺរ៉ុប​ ឆ្នាំ ២០១២​ នៅលើ​ដែនដី​អ៊ុយក្រែន​និងប៉ូឡូញ​ ស្រាប់តែ​មានយន្តហោះ​យោធា​លេចចេញ​មក​ក្នុង​ដែន​អាកាស​ប្រទេស​ទាំងពីរ​នោះ ​គឺវា​នឹង​ត្រូវ​ស្កាត់​ចាប់​ហើយ​បង្ខំ​ឲ្យចុះចត​រួច​ក្នុង​ករណី​បើវា​រឹង​រូស​មិនព្រម​បំពេញ​តាម​បង្គាប់​ទេ ​នោះ វានឹង​ត្រូវ​បាញ់​កំទេច​ចោល​តែម្តង។

ការប្រកួត​បាល់ទាត់​ជើងឯក​ទ្វីបអឺរ៉ុប​ថ្ងៃមុខ​តាម​លេខរៀង​ គឺជា​លើកទី១៤​ នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ពេល​ជាមួយគ្នា​នៅ​តាម​កីឡាដ្ឋាន​៤កន្លែង​របស់​អ៊ុយក្រែន​និង​កីឡាដ្ឋាន​៤កន្លែង​ទៀត របស់​ប៉ូឡូញ​ គឺ​ ពីថ្ងៃទី​ ៨មិថុនា​ ដល់ថ្ងៃទី​ ១កក្កដា ​ឆ្នាំ២០១២៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI