អ៊ុយក្រែន-រុស្ស៊ី

អ៊ុយក្រែន​បន្ថយភាព​អាស្រ័យ​របស់ខ្លួន​មកនឹង​រុស្ស៊ី​

លោក​ Viktor Ianokovitch​​ ប្រធានាធិបតី​នៃ​ប្រទេស​អ៊ុយក្រែន
លោក​ Viktor Ianokovitch​​ ប្រធានាធិបតី​នៃ​ប្រទេស​អ៊ុយក្រែន © Pavol Frešo/wikimedia.org

បន្ថយនេះ​គឺតាម​រយៈ​ការចាប់​ផ្តើម​សាងសង់​ជា ឃ្លាំងធំ​ចម្បង​សម្រាប់​ ស្តុកទុក​កាក​សំណល់​វិទ្យុសកម្ម​នៅត្រង់​មណ្ឌល​នៃ​អតីត​ស្ថានីយ​អគ្គិសនី​ បរមាណូ​ Tchernobyl​ ដែល​បាន​ផ្ទុះឆេះ​កាលពី​២៥ឆ្នាំមុន។​ ពិធី​បើក​ស្ថាបនកម្មនេះ​ប្រព្រឹត្ត​ទៅ​គឺនៅថ្ងៃ​ទី៥​តុលា​នេះតែម្តង​ដោយមាន​ ការចូល​រួម​នៃ​តំណាង​ជាផ្លូវការ​របស់​សហភាពអឺរ៉ុប។

ផ្សាយពាណិជ្ជកម្ម

ស្របនឹង​គម្រោង​ឃ្លាំងនេះ​នឹងត្រូវ​ដាក់ឲ្យ​ដំណើរការ​គឺក្នុង​ឆ្នាំ២០១២-២០១៣។ ​វានឹង​ទទួល​យក​ទៅស្តុក​ទុក​សម្រាប់​អំឡុងពេល​យ៉ាង​ហោចណាស់​៥០ឆ្នាំ​គឺ​រាល់តែ​វត្ថុសេស​សល់​ដែល​អាច​ភាយចេញ​មក​នូវ​ ធាតុ​វិទ្យុសកម្ម​ដ៏គ្រោះថ្នាក់​ដូចយ៉ាង​គ្រឿង​ម៉ាស៊ីន​នុយក្លេអ៊ែរ​ដែល​លែង​​អាច​ប្រើការ​កើត​ទៅហើយ​ ខាង​ផលិត​ថាមពល​អគ្គិសនី​ប្រដាប់​ឆ្លុះសរីរាង្គកាយ​ដោយ​ប្រើ​កាំរស្មី​ហៅថា Rayon X ​ ខ្ចៅខ្ចង​នៃ​ប្រដាប់ណា​ដែលពាំ​ជាប់​ដោយធាតុ​វិទ្យុសកម្ម។​ គិតជា​សរុប​ វត្ថុ​បែបនេះ​នៅ​អ៊ុយក្រែន​ មាន​ចំនួន​ដល់ទៅ​ជាង​៤០០.០០០​វត្ថុ។

 
គោលដៅ​នៃការស្តុក​ទុក​នេះ ​គឺ​ដើម្បី​បញ្ចៀស​ឲ្យផុត​ពី​មហន្តរាយ​បរិស្ថាន​និង​ដើម្បី​កុំឲ្យ​វត្ថុធាតុ​នោះ​ ធ្លាក់ទៅ​ក្នុងដៃ​ពួក​ឧក្រិដ្ឋជន​បែប​យ៉ាង​ពួក​ភេរវជន​ជាដើម។

ចូលរួម​ក្នុង​ពិធិបើក​ការដ្ឋាន​ថ្ងៃនេះ​គឺ ៖​ លោក ​Jose Manuel Pinto ​ប្រមុខ​នៃ​ស្ថាន​តំណាង​របស់​សហភាព​អឺរ៉ុប​ ប្រចាំ​នៅអ៊ុយក្រែន​ ដ្បិត​សហភាព​អឺរ៉ុប​ជាអ្នក​ផ្តល់ប្រាក់​មួយភាគ​ដល់ការ​សាង​សង់។​ លោក Lee Terner​ ឯកអគ្គរាជទូត​អង់គ្លេស​ប្រទេស​ដែល​ផ្តល់​ហិរញ្ញប្បទាន​ច្រើនជាង​គេ​ទៅ​ក្នុង​ស្ថាបនកម្ម​ឃ្លាំងស្តុក​នោះ។ ​អង់គ្លេស​គាំទ្រ​យ៉ាង​ស្វាហាប់​ដល់​គម្រោង​នេះ​របស់​ក្រុម​​ប្រទេស​G-8​ក្រោមឈ្មោះ​ថា ​“ ភាពជា​ដៃគូ​សាកល​ប្រឆាំងនឹង​ការ​សាយភាយ​នៃ​អាវុធ​និង​សម្ភារៈ​ប្រល័យ​រង្គាល”។

មូលហេតុ​ដែលញ៉ាំង​អ៊ុយក្រែន​ឲ្យសង់​ជាឃ្លាំង​ស្តុក​របស់​ខ្លួន​ផ្ទាល់​គឺមកពី​៖
ទី១-​សេវា​ផ្តល់​ដោយ​ភាគី​រុស្ស៊ី​ខាង​ស្តុកទុក​ឥន្ធនៈ​នុយក្លេអ៊ែរ​បន្សល់​ដោយ​ស្ថានីយ​អគ្គិសនី​បរមាណូ​របស់​អ៊ុយក្រែន​ចេះតែ​ឡើងថ្លៃ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ រួច​ឥឡូវ​ឡើងដល់​ទឹកប្រាក់​រាប់ពាន់លាន​ដុល្លារ​ទៅហើយ​ក្នុង១ឆ្នាំ។
ទី២-​ឥន្ធនៈ​នុយក្លេអ៊ែរ​ប្រើរួចនេះ​ក្នុង​អត្រា​ដល់ទៅ​៩៥%​គឺផ្សំ​ឡើង​ពីសម្ភារៈ​នុយក្លេអ៊ែរ​ដែល​អាចកែច្នៃ​យកមក​ប្រើឡើងវិញ​ទេតើ។

ខ្លឹមសារ​នៃ​នយោបាយ​ថ្នាក់ដឹកនាំ​អ៊ុយក្រែន​បច្ចុប្បន្ន​គឺខិតខំ​រក្សា​ទុក​នូវ​ភាព​ម្ចាស់ការ​របស់​ខ្លួន​ឲ្យបាន​ជាអតិបរមា​បានន័យ​ថា​បន្សោយ​ឲ្យបាន​មែនទែន​ភាពអាស្រ័យ​របស់​ខ្លួន​មកនឹង​វិមាន​ក្រេមឡាំង​ ​ ម៉្លោះហើយ​បានជា​គម្រោង​រួម​រុស្ស៊ី-អ៊ុយក្រែន​ក្នុង​វិស័យ​ណាក៏ដោយ​គឺរមែង​ត្រូវទីក្រុង​ Kiev​ ថ្លឹងឲ្យមាន​សមតា​តាមផ្លូវ​ធ្វើ​សហប្រតិបត្តិការ​ទាំងជាមួយ​បស្ចិមលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI