វិបត្តិហិរញ្ញវត្ថុ-G20

ការរិះរក​ដំណោះស្រាយ​ឲ្យបញ្ហា​ប្រាក់បំណុល​អឺរ៉ុប​បាន​ជឿនលឿន​ទៅមុខ​

​ជំនួប​​​រដ្ឋមន្ត្រី​​ក្រសួង​​ហិរញ្ញវត្ថុ​នៃ​​​ក្រុម​​ប្រទេស​G20​​នៅ​ថ្ងៃសៅរ៍​​ទី១៥​​តុលា​​ឆ្នាំ២០១១​​នៅ​ទីក្រុង​ប៉ារីស​ ​
​ជំនួប​​​រដ្ឋមន្ត្រី​​ក្រសួង​​ហិរញ្ញវត្ថុ​នៃ​​​ក្រុម​​ប្រទេស​G20​​នៅ​ថ្ងៃសៅរ៍​​ទី១៥​​តុលា​​ឆ្នាំ២០១១​​នៅ​ទីក្រុង​ប៉ារីស​ ​ © Reuters

ក្រុមប្រទេស​ឧស្សាហកម្មG20 ​ជួបប្រជុំ​គ្នា​នៅ​ថ្ងៃសៅរ៍​ម្សិលមិញ​នៅ​ទីក្រុង​ប៉ារីស​បាន​ទទួល​ស្គាល់ថា ​ ​ ការស្វែងរក​ដំណោះស្រាយ​ឲ្យ​បញ្ហា​ប្រាក់​បំណុល​ដោយ​ប្រទេស​តំបន់​អឺរ៉ូ​បាន​ ជឿនលឿន​ទៅមុខ។​ ក៏ប៉ុន្តែ​ពួកគេ​បារម្ភ​ខ្លាច​បញ្ហា​ប្រាក់បំណុល​ទាំងនេះ​ធ្វើឲ្យ​ប៉ះពាល់​ ដល់​កំណើន​សេដ្ឋកិច្ច​ពិភពលោក។

ផ្សាយពាណិជ្ជកម្ម

នាឱកាស​ជំនួប​ក្រុម​ប្រទេស​G20 ​នៅ​ថ្ងៃសៅរ៍​ទី១៥​តុលា​ឆ្នាំ២០១១​នៅ​ទីក្រុង​ប៉ារីស​ ​ លោក​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ Timothy Geithner បាន​ថ្លែង​ថា​ ​ “​យើងបាន​ឮ​សំណើ​ដ៏​គួរ​ឲ្យ​ពេញចិត្ត​ពី​សំណាក់​សហសេវិក​អឺរ៉ុប​ពាក់ព័ន្ធ​នឹង​ផែនការ​ថ្មី​ដើម្បី​រិះរក​ដំណោះ​ស្រាយ​សម្រាប់​ប្រយុទ្ធ​ទប់ទល់​នឹង​វិបត្តិ​ប្រាក់បំណុល”​។

 
ក៏ប៉ុន្តែ​ ​ បញ្ហា​ហិរញ្ញវត្ថុ​សាធារណៈ​នៃ​ប្រទេស​ឧស្សាហកម្ម​សំខាន់ៗ​ទាំងនោះ​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ពិភពលោក។ ​ហេតុ​ដូច្នេះហើយ​បានជា​លោកស្រី​ Christine Lagarde​ អគ្គនាយិកា​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ FMI ​បាន​រំលឹកថា​ ​ “ការវិវឌ្ឍន៍​អវិជ្ជមាន​”​នារយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយនេះ​កំពុងតែ​ធ្វើឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​នៃ​ប្រទេស​កំពុង​អភិវឌ្ឍន៍​រីកចម្រើន​ខ្លាំង។

ឆ្លៀត​ឱកាសនេះ​ ​ ប្រទេស​កំពុង​អភិវឌ្ឍន៍​រីកចម្រើន​ខ្លាំង​ដូចជា​ប្រទេសចិន​និង​ប្រទេស​ប្រេស៊ីល​បាន​ស្នើ​ជំរុញ​ឲ្យ​មាន​ការ​ពង្រឹង​ទៅលើ​មធ្យោបាយ​ហិរញ្ញវត្ថុ​របស់​ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ FMI​ ​ ដើម្បី​ជួយ​គាំទ្រ​អឺរ៉ុប​ ​ នៅករណី​ដែល​វិបត្តិ​ហិរញ្ញវត្ថុ​រីករាលដាល​ដល់​សេដ្ឋកិច្ច​នៃ​ប្រទេស​អឺរ៉ុប​សំខាន់ៗ​ដូចជា​ប្រទេស​អ៊ីតាលី​ឬ​ប្រទេស​អេស្ប៉ាញ​។

ក៏ប៉ុន្តែ​ សំណើនេះ​ពុំបាន​ទទួល​ការគាំទ្រ​ជា​ឯកច្ឆ័ន្ទ​ឡើយ។​ ប្រទេស​បារាំង​យល់ស្រប​តាម​សំណើ​របស់​ប្រទេស​ចិន​និង​ប្រទេស​ប្រេស៊ីល​ ​ ប៉ុន្តែ​ប្រទេស​អាល្លឺម៉ង់​និង​សហរដ្ឋ​អាមេរិក​មាន​ការ​រួញរា។

គួរកត់​សម្គាល់ថា​ ​ ជំនួប​ប្រជុំ​នៃ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​នៃ​ក្រុម​ប្រទេស​ G20 ​នៅ​ថ្ងៃសៅរ៍​ទី១៥​តុលា​ឆ្នាំ២០១១​នៅ​ទីក្រុង​ប៉ារីស ​គឺ​ធ្វើឡើង​សម្រាប់​រៀបចំ​ជំនួប​កំពូល​នៃ​ក្រុម​ប្រទេស​ឧស្សាហកម្ម​ G20​ ដែល​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​កាន​នៅ​ថ្ងៃទី៣​និងទី៤​វិច្ឆិកា​ឆ្នាំ២០១១​ខាងមុខនេះ។​ ហើយនៅ​ចន្លោះ​ពេលនោះ​​ ​ ក្រុមប្រទេស​នៃ​តំបន់អឺរ៉ូ​ត្រូវ​រិះរក​ដំណោះស្រាយ​ឲ្យ​បញ្ហា​បន្ទាន់​សំខាន់ៗ​ ​ មាន​ដូចជា​បញ្ហា​ជោគវាសនា​នៃ​ប្រទេស​ក្រិក​ពាក់ព័ន្ធ​នឹង​វិបត្តិ​ប្រាក់បំណុល​ ​ បញ្ហា​ចាក់បន្ថែម​មូលធន​ចូល​ទៅក្នុង​ធនាគារ​អឺរ៉ុប​ដែល​មាន​វិបត្តិ​ ​ ហើយនិង​ធ្វើការ​ពង្រឹង​ “មូលនិធិ​អឺរ៉ុប​សម្រាប់​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ”​ Fonds Européen de Stabilité Financière (FESF)៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI