បារាំង-វិបត្តិហិរញ្ញវត្ថុ

ទីភ្នាក់ងារ​វិភាគ​ហានិភ័យ​ Moody’s ​អាចទម្លាក់​បារាំង​ចេញពី​ចំណាត់​ថ្នាក់​ « AAA »​

លោក​រដ្ឋមន្ត្រី​ក្រសួង​​​សេដ្ឋកិច្ច​​​និង​​​ហិរញ្ញវត្ថុ​​​បារាំង​​​ François​​ Baroin​​
លោក​រដ្ឋមន្ត្រី​ក្រសួង​​​សេដ្ឋកិច្ច​​​និង​​​ហិរញ្ញវត្ថុ​​​បារាំង​​​ François​​ Baroin​​ REUTERS/ Eric Gaillard

នៅពេលថ្មីៗនេះ​ ​ ទីភ្នាក់ងារ​វិភាគ​ហានិភ័យ​ Moody’s ​បាន​ទុក​ពេលវេលា​ចំនួនបីខែ​ឲ្យ​ប្រទេស​បារាំង​រៀបចំ​បង្ហាញ​ឲ្យ​គេ​ឃើញថា​ ​ ខ្លួនពិត​ជា​មាន​លក្ខណៈ​គ្រប់គ្រាន់​នឹង​កាន់កាប់​ចំណាត់ថ្នាក់​ « AAA »។​ នេះ​ពិតជា​សម្ពាធ​ដ៏​ធ្ងន់ធ្ងរ​មួយ​ដាក់​ទៅលើ​រដ្ឋាភិបាល​បារាំង។​ ហើយបើ​ប្រសិន​ជា​ប្រទេស​បារាំង​បាត់បង់​ចំណាត់ថ្នាក់​ « AAA »​មែន​ ​ នោះ​វានឹង​​ជះ​ឥទ្ធិពល​យ៉ាង​អវិជ្ជមាន​ទៅលើ​ស្ថានភាព​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បារាំង​។

ផ្សាយពាណិជ្ជកម្ម

មូលហេតុ​ដែលនាំឲ្យ​ ទីភ្នាក់ងារ​វិភាគ​ហានិភ័យ​ Moody’s ​អាច​ទម្លាក់​បារាំង​ចេញពី​ចំណាត់​ថ្នាក់​ « AAA »​គឺ​បណ្តាល​មកពី​ឧនភាព​ថវិកា​ជាតិ​បារាំង​មាន​បរិមាណ​ខ្ពស់​ជ្រុលពេក​ ​ ទោះបីជា​អត្រា​នៃ​ប្រាក់បំណុល​បារាំង​នៅមាន​ចំនួន​តិចជាង​បណ្តា​ប្រទេស​ឧស្សាហកម្ម​ក៏​ដោយ។

 
អ្នកឯកទេសណា​ក៏ដឹងដែរថា​ ​ ក្នុង​ចំណោម​ប្រទេស​ទាំង៦​ដែលជាប់​ចំណាត់ថ្នាក់​ « AAA »​ដែល​ក្នុងនោះមាន​៖​ ប្រទេស​លុចសំបួ​ ​ ប្រទេស​ហ្វាំងឡង់​ ​ ហុលឡង់​ ​ អូទ្រីស​ ​ អាល្លឺម៉ង់​ហើយនិង​ប្រទេស​បារាំង​ ​ គឺ​ប្រទេស​បារាំង​នេះឯង​ដែល​ស្ថានភាព​ហិរញ្ញវត្ថុ​សាធារណៈ​មាន​លក្ខណៈ​ផុយស្រួយ​ជាងគេ។​ ចាប់តាំងពី​ទីភ្នាក់ងារ​វិភាគ​ហានិភ័យ​បាន​ធ្វើការ​ទម្លាក់​ចំណាត់​ថ្នាក់​របស់​សហរដ្ឋ​អាមេរិក​រួចមក​ ​ រដ្ឋាភិបាល​បារាំង​បាន​ដឹង​ខ្លួន​រួច​ជាមុន​ហើយថា​ ​ ប្រទេស​បារាំង​កំពុង​ឋិត​នៅក្រោម​ការ​គំរាម​នៃ​ការ​ទម្លាក់​ចេញពី​ចំណាត់ថ្នាក់​ « AAA »។

ទីភ្នាក់ងារ​វិភាគ​ហានិភ័យ​ពុំ​ពេញចិត្ត​សោះឡើយ​នៅខណៈ​ដែល​ឃើញ​ថិវកា​ជាតិ​បារាំង​នៅ​ឆ្នាំ២០១២​ដែល​រៀបចំ​ឡើង​ដោយ​មាន​កង្វះ​ភាព​ហ្មត់ចត់​ ​ ពោលគឺ​ដោយ​ផ្អែកលើ​អត្រា​កំណើន​សេដ្ឋកិច្ច​១,៧៥%​ដែល​ជា​អត្រា​មួយ​ខ្ពស់​ជ្រុល​ហើយនិង​សុទិដ្ឋិនិយម​ជ្រុលពេក​ សម្រាប់​ទីភ្នាក់ងារ​វិភាគ​ហានិភ័យ​។​ ហេតុ​ដូច្នេះហើយ​បានជា​លោក​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បារាំង​ François Baroin ​បាន​សើរើ​មើល​ឡើងវិញ​ថា​ ​ សន្ទុះ​កំណើន​សេដ្ឋកិច្ច​បារាំង​ប្រហែល​ជា​ឋិត​នៅ​ក្រោម​អត្រា​១,៥%។

ទីភ្នាក់ងារ​វិភាគ​ហានិភ័យ​សំខាន់ៗបី​ដែលក្នុងនោះ​មាន​៖
-​ ទីភ្នាក់ងារ​វិភាគ​ហានិភ័យ​ Moody’s ​(អាមេរិកាំង)។
-​ ទីភ្នាក់ងារ​វិភាគ​ហានិភ័យ​ Standard & Poors ​(អាមេរិកាំង)។
-​ ទីភ្នាក់ងារ​វិភាគ​ហានិភ័យ​ Fitch Rating ​របស់​អង់គ្លេស។
ទីភ្នាក់ងារ​វិភាគ​ហានិភ័យ​ទាំងនោះ​ជាអ្នក​វិភាគ​មើល​ពី​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​សហគ្រាស​ធំៗ​និង​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​រដ្ឋ​ ​ ថាតើ​ពួក​គេ​មាន​សមត្ថភាព​គ្រប់គ្រាន់​ឬទេ​នឹង​ធ្វើការ​សង​ប្រាក់​បំណុល​ដែល​ពួកគេ​ខ្ចី​ពី​ធនាគារ​ឬ​ពី​វិនិយោគិន។

ចំណាត់ថ្នាក់​ « AAA »​ មាន​ន័យថា​ ​ គេទទួល​បាន​ពិន្ទុ​២០/២០​ ​ ពោលគឺ​ល្អឥតខ្ចោះ​។​ សម្រាប់​ប្រទេស​បារាំង​ដែលមាន​ប្រាប់បំណុល​សាធារណៈ​ដល់ទៅ​ជាង​១ ៦០០ពាន់លាន​អឺរ៉ូ​ ​ ដែល​ក្នុង១ឆ្នាំៗ​តម្រូវ​ឲ្យ​រដ្ឋបារាំង​បង់ការប្រាក់​ឲ្យ​អ្នក​ម្ចាស់បំណុល​ដល់ទៅ​ជិត​៥០ពាន់លាន​អឺរ៉ូ​ ​ ឬស្មើ​នឹង​ថវិកា​របស់​ក្រសួង​អប់រំជាតិ​បារាំង​ទាំងមូល។

ហើយបើ​ប្រសិន​ជា​ប្រទេស​បារាំង​ត្រូវ​ទីភ្នាក់ងារ​វិភាគ​ហានិភ័យ​ Moody’s ​ទម្លាក់​ចេញពី​ចំណាត់ថ្នាក់​ « AAA »​មែន​ ​ នោះ​រដ្ឋបារាំង​ត្រូវ​បង់ការប្រាក់​ឲ្យ​អ្នក​ម្ចាស់បំណុល​ប្រមាណ​២០ពាន់លាន​អឺរ៉ូ​បន្ថែមទៀត​ក្នុង​១ឆ្នាំៗ។

បើ​រដ្ឋ​បារាំង​ខាតបង់​ប្រាក់​២០ពាន់លាន​អឺរ៉ូ​បន្ថែមទៀត​ក្នុង​១ឆ្នាំៗ​សម្រាប់​តែ​បង់​ការប្រាក់​ឲ្យ​អ្នកម្ចាស់​បំណុល​ ​ នោះ​ស្ថានភាព​ហិរញ្ញវត្ថុ​នៃ​រដ្ឋបារាំង​ដែល​កំពុង​តែ​មាន​វិបត្តិ​ស្រាប់​ច្បាស់ជា​ធ្លាក់ផុង​កាន់តែ​ជ្រៅទៅៗ។

គួរកត់​សម្គាល់ថា​ ​ នៅខណៈដែល​រដ្ឋបារាំង​មាន​ប្រាក់បំណុល​ជាង​១ ៦០០ពាន់លាន​អឺរ៉ូ​ ​ ហើយ​នៅ​ជាប់​ ចំណាត់ថ្នាក់​ « AAA »​ ​ នោះ​អត្រា​ការប្រាក់​មាន​ត្រឹមតែ​៣,១៦%​ប៉ុណ្ណោះ​ ​ ប៉ុន្តែ​បើ​ប្រទេស​បារាំង​ត្រូវ​ទីភ្នាក់ងារ​វិភាគ​ហានិភ័យ​ Moody’s ​ ទម្លាក់​ចេញពី​ចំណាត់ថ្នាក់​ « AAA »​ មួយ​កម្រិត​មែន​ ​ នោះ​ប្រាក់​បំណុល​ជាង​១ ៦០០ពាន់លាន​អឺរ៉ូ​របស់​រដ្ឋបារាំង​នឹង​ត្រូវ​បង់ការប្រាក់​ដែលមាន​អត្រា​កើនឡើង​ដល់​៥,៣៦%​ ​ ពោលគឺ​ក្នុង១ឆ្នាំៗ​រដ្ឋបារាំង​ត្រូវ​បង់​ការប្រាក់​ឲ្យ​ទៅ​អ្នក​ម្ចាស់បំណុល​ប្រមាណ​២០ពាន់លាន​អឺរ៉ូ​បន្ថែមទៀត។

ទាំងនេះ​ ​ តម្រូវ​ឲ្យ​រដ្ឋាភិបាល​បារាំង​ធ្វើការ៖
-​ កាត់​បន្ថយ​វិនិយោគ​សាធារណៈ។
-​ ដំឡើង​ពន្ធអាករ​សព្វបែប​យ៉ាង។
-​ បញ្ឈប់​ឬ​កាត់បន្ថយ​ការដ្ឋាន​សំខាន់ៗ។
-​ កាត់​បន្ថយ​ចំនួន​បុគ្គលិក​រដ្ឋការ។

វិធានការ​ទាំង​អម្បាលមាណ​ខាងលើនេះ​ ​ ពិតជា​ “​កត្តា​ដ៏​អវិជ្ជមាន”​ សម្រាប់​ជួយ​ជំរុញ​ឲ្យ​ម៉ាស៊ីន​សេដ្ឋកិច្ច​បារាំង​មាន​សន្ទុះ​លឿន​ទៅមុខ។​ បើ​គ្មាន​កំណើន​សេដ្ឋកិច្ច​ទេ​ ​ ធ្វើ​ម្តេច​នឹង​មាន​ប្រាក់​ចំណូល​ពន្ធដារ​ចូល​ហិប​រដ្ឋ​បារាំង។

ហើយ​ម៉្យាង​ទៀត​ ​ នៅពេល​ទន្ទឹម​គ្នា​នោះ​ ​ ចំនួន​អ្នក​ឥត​ការងារធ្វើ​បារាំង​ក៏​ចេះតែ​កើនឡើង​បន្ថែម​ទៀត​ ​ ដែល​តម្រូវ​ឲ្យ​រដ្ឋ​បារាំង​ធ្វើការ​ចំណាយ​ប្រាក់​កាន់តែ​ច្រើន​ឡើងៗ​សម្រាប់​ផ្តល់​ជា​ជំនួយ​សង្គម​ដល់​អ្នក​ឥត​ការងារ​ធ្វើ​ទាំងនោះ។

ដូច្នេះ​ ​ ផែនការ​ត្បិតត្បៀត​ le plan d’austérité ​របស់​រដ្ឋបារាំង​នឹងក្លាយ​ទៅជា​ឧបសគ្គ​ខាឃាំង​ដល់​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ ​ ហើយ​នៅទី​បំផុត​ ​ ប្រទេស​បារាំង​អាចជួប​នឹង​ដំណើរ​សេដ្ឋកិច្ច​ដើរថយក្រោយ​ la récession។

ជាមួយនឹង​អត្រា​៥៧%​នៃ​ផលិតផល​ដុល​ក្នុងប្រទេស​​សម្រាប់​ធ្វើការ​ចំណាយ​សាធារណៈ​ ​ ប្រទេស​បារាំង​គឺ​ជា​ប្រទេស​ដែល​មាន​អត្រា​ខ្ពស់​ជាងគេ​ក្នុង​វិស័យនេះ។​ ដូច្នេះ​ ​ ប្រទេស​បារាំង​ពុំ​អាច​បន្ត​ធ្វើ​បែបនេះ​ទៀតឡើយ។​ ដើម្បី​ធ្វើឲ្យ​ទីភ្នាក់ងារ​វិភាគ​ហានិភ័យ​មាន​ទំនុក​ចិត្ត​កក់ក្តៅ​ ​ រដ្ឋាភិបាល​បារាំង​បាន​ចាត់​វិធានការ​ដំឡើង​ពន្ធដារ​ជាច្រើន​មានដូចជា​៖​

-​ ដំឡើង​ពន្ធ​បន្ថែម​ទៅលើ​ភេសជ្ជៈ​សូដា​ឬ​ទឹកក្រូច​ដែល​អាច​ធ្វើឲ្យ​រដ្ឋ​ប្រមូល​បាន​ប្រាក់​បន្ថែម​ប្រមាណ​ជាង​មួយ​ពាន់លាន​អឺរ៉ូ។
-​ ដំឡើង​ពន្ធ​ទៅលើ​អ្នកដែលមាន​ប្រាក់​ចំណូល​ខ្ពស់​ដែល​អាច​ធ្វើឲ្យ​រដ្ឋ​បារាំង​ប្រមូល​បាន​ប្រាក់​បន្ថែម​ប្រមាណ​ពី​២០០​ទៅ​៥០០លាន​អឺរ៉ូ​បន្ថែមទៀត។

ប៉ុន្តែ​ ​ សម្រាប់​អ្នកឯកទេស​វិធានការ​ទាំងនេះ​ពិត​ជា​នៅ​ពុំ​ទាន់​គ្រប់គ្រាន់​ឡើយ​សម្រាប់​ដោះ​ស្រាយ​បញ្ហា​ហិរញ្ញវត្ថុ​របស់​រដ្ឋ​បារាំង។​ ថវិកា​ជាតិបារាំង​នៅ​មាន​កង្វះ​ប្រមាណ​៣០ពាន់លាន​អឺរ៉ូ​ទៀត​ ​ ហើយ​រដ្ឋាភិបាល​បាន​ចាត់​វិធានការ​ប្រមូល​បាន​ប្រាក់​ត្រឹមតែ​១២ពាន់លាន​អឺរ៉ូ​ប៉ុណ្ណោះ។​ ដូច្នេះ​ ​ សេចក្តី​សម្រេចចិត្ត​នាឱកាស​ជំនួប​កំពូល​អឺរ៉ុប​នៅ​ចុង​សប្តាហ៍​នេះ​ ​ នឹង​ត្រូវ​ទីភ្នាក់ងារ​វិភាគ​ហានិភ័យ​តាម​ដាន​ឃ្លាំមើល​យ៉ាង​ល្អិតល្អន់។

បើ​តាម​យោបល​របស់​ខ្ញុំ​ ​ នៅ​ពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ​ ​ ប្រទេស​បារាំង​ប្រហែលជា​ពុំ​ទាន់​ត្រូវ​ទីភ្នាក់ងារ​វិភាគ​ហានិភ័យ​ទម្លាក់​ចេញ​ពី​ចំណាត់​ថ្នាក់​ « AAA »​ឡើយ។​ ក៏​ប៉ុន្តែ​រដ្ឋាភិបាល​បារាំង​ត្រូវ​តែ​ចាត់​ឲ្យ​មាន​វិធានការ​ប្រកប​ដោយ​ប្រសិទ្ធិភាព​និង​ឲ្យ​បាន​ឆាប់រហ័ស​ ​ បើ​ប្រទេស​បារាំង​ពុំ​ចង់​ឃើញ​គេ​ទម្លាក់​ខ្លួន​ចេញ​ពី​ ចំណាត់​ថ្នាក់​ « AAA »​​ទេនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI