វិបត្តិហិរញ្ញវត្ថុ

ប្រទេស​អ៊ីតាលី​ឋិតនៅ​ក្រោមការ​គំរាម​នៃវិបត្តិ​ប្រាក់បំណុល​

ប្រមុខ​​រដ្ឋាភិបាល​​អ៊ីតាលី​ ​លោក ​Silvio​ Berlusconi ​​
ប្រមុខ​​រដ្ឋាភិបាល​​អ៊ីតាលី​ ​លោក ​Silvio​ Berlusconi ​​ © REUTERS/Sebastien Pirlet

ឥឡូវនេះ​ដល់វេន​ប្រទេស​អ៊ីតាលី​ដែល​ត្រូវ​ឋិត​នៅក្រោម​ការគំរាម​នៃ​វិបត្តិ​ប្រាក់​បំណុល​នៅ​ក្នុង​តំបន់​អឺរ៉ូ​ ​ ដោយហេតុតែ​អត្រា​ការប្រាក់​បាន​ស្ទុះ​កើនឡើង​យ៉ាងខ្លាំង​នៅ​លើទីផ្សារ​កាលពី​ថ្ងៃចន្ទ​ម្សិលមិញ។​ ហើយដែល​នៅ​ពេល​ទន្ទឹមគ្នា​នេះ​ ​ ប្រទេស​ក្រិក​កំពុង​ឈាន​ទៅរក​ការបង្កើត​រដ្ឋាភិបាល​រួបរួមជាតិ។

ផ្សាយពាណិជ្ជកម្ម

ស្ថានភាព​ហិរញ្ញវត្ថុ​ដ៏​ដុនដាប​នៅ​ក្នុង​តំបន់​អឺរ៉ូ​តម្រូវ​ឲ្យ​អឺរ៉ុប​ទាមទារ​ឲ្យ​ប្រទេស​ពីរទៀត​ធ្វើការ​សន្យា​ឲ្យ​បាន​ជាក់ច្បាស់​ពី​ការ​អនុម័ត​វិធានការ​សេដ្ឋកិច្ច​និង​វិធានការ​ថវិកា​ ​ ក្នុងក្តី​សង្ឃឹម​ថា​នឹង​អាច​ខ្ទប់​ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​វិបត្តិ​ហិរញ្ញវត្ថុ​ដែល​បាន​កើតមាន​អស់​រយៈពេល​ពីរឆ្នាំ​មកហើយ។​ ចំណែកឯ​ប្រទេស​បារាំង​ឯណេះ​កំពុង​ខិតខំ​ចាត់​វិធានការ​សេដ្ឋកិច្ច​និង​វិធានការ​ថវិកា​ ដើម្បី​គេចចៀស​កុំឲ្យ​ក្លាយ​ទៅជា​ប្រទេស​រងគ្រោះ​ដោយ​វិបត្តិ​ប្រាក់បំណុល​ដូច​ប្រទេស​ក្រិក​ឬ​ប្រទេស​អ៊ីតាលី។

 
អត្រា​ការប្រាក់​កម្ចី​នៃ​រដ្ឋអ៊ីតាលី​នៅលើ​ទីផ្សារ​បច្ចុប្បន្ននេះ​បាន​ឈាន​ដល់​កម្រិត​ឯតទគ្គកម្ម​មួយថ្មី​ពោលគឺ​៦,៦%​ ​ ជា​កម្រិត​មួយ​ដ៏​សែនខ្ពស់​ដែល​ប្រទេស​អ៊ីតាលី​ពិតជា​មាន​ការ​លំបាក​នឹង​ធ្វើការ​ទប់ទល់។​ មូលហេតុ​ដែលនាំឲ្យ​ទីផ្សារ​ហិរញ្ញវត្ថុ​ធ្វើការ​ដំឡើង​អត្រា​ការប្រាក់​របស់​អ៊ីតាលី​ ​ មកពី​គេ​ឃើញ​នយោបាយ​សេដ្ឋកិច្ច​និង​នយោបាយ​ថវិកា​របស់​រដ្ឋអ៊ីតាលី​មាន​កង្វះភាព​ហ្មត់ចត់​ ​ ហើយទាំងនេះ​ក៏​សំដៅ​ទៅលើ​ប្រមុខ​រដ្ឋាភិបាល​អ៊ីតាលី​លោក ​Silvio Berlusconi ​ ​ ដែល​នាំឲ្យ​មាន​ពាក្យ​ចចាម​អារ៉ាម​ថា​ ​ លោក ​Silvio Berlusconi ​នឹង​លាឈប់​ពី​មុខ​តំណែង​ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​អ៊ីតាលី។

គួរកត់​សម្គាល់ថា​ ​ អ្នកឯកទេស​នៃ​គណៈកម្មការ​អឺរ៉ុប​នឹង​អញ្ជើញ​ទៅ​ប្រទេស​អ៊ីតាលី​នៅ​សប្តាហ៍​នេះ​ ​ ដើម្បី​ត្រួត​ពិនិត្យ​ទៅលើ​ការរៀបចំ​ឲ្យ​មាន​កំណែ​ទម្រង់​ដែល​បាន​សន្យា​ដោយ​អ៊ីតាលី។​ ហើយមិន​តែ​ប៉ុណ្ណោះ​ ​ ប្រទេស​អ៊ីតាលី​ត្រូវ​ឋិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ FMI ​ ​ ហើយនិង​ធនាគារ​កណ្តាល​អឺរ៉ុប​ផងទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI