ប្រព័ន្ធនយោបាយដែលមិនអត់ឱនចំពោះពួកប្រឆាំង
ចុះផ្សាយនៅថ្ងៃ៖
ក្រោយពីត្រូវបានបក្សកាន់អំណាចឈ្មោះ “ ប្រទេសរុស្ស៊ីរួមធ្លុងមួយ” ដែលមានរូបគាត់ជាប្រធាន អនុម័តដោយសំឡេងជាឯកច្ឆ័ន្ទនៃប្រតិភូ ១១.០០០នាក់ ក្នុងមហាសន្និបាតលើកទី១២ របស់បក្ស ថ្ងៃអាទិត្យ ទី២៧ វិច្ឆិកាម្សិលមិញ ជាបេក្ខជនផ្លូវការសម្រាប់ចូលប្រឡូកក្នុងការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី ៤ មីនា ឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រីរុស្ស៊ី ពូទីន បានថ្លែងទិតៀនពួកប្រឆាំងទាំងឆ្វេង ទាំងស្តាំ ព្រមទាំងរដ្ឋបរទេសខ្លះ ដែលជាអ្នកផ្តល់លុយដើម្បីជះឥទ្ធិពលមកលើយុទ្ធនាការឃោសនាបោះឆ្នោតសភានៅថ្ងៃទី៤ ធ្នូខាងមុខ។
ចំពោះពួកប្រឆាំងខាងឆ្វេង លោកពូទីន ដែលល្បីជា”បុរសខ្លាំង”នៅរុស្ស៊ី ធ្លាប់ធ្វើជាប្រធានាធិបតីអស់២អាណត្តិ ពីឆ្នាំ ២០០០ ដល់២០០៨ ហើយឥឡូវឈរឈ្មោះជាថ្មី ដើម្បីជាប់មួយអាណត្តិថ្មី គឺលើកនេះពី ឆ្នាំ២០១២ ដល់២០១៨ រួចថែមទាំងអាចបន្តមួយអាណត្តិទៀតដល់ឆ្នាំ ២០២៤ តែម្ដង បានថ្លែងដោយសំដីដៀមដាមថា៖ ពួកគេនោះដែលខំទិតៀនរដ្ឋអំណាចរុស្ស៊ីសព្វថ្ងៃ គឺតែក្នុងគោលដៅកេងយកផលប្រយោជន៍សម្រាប់ខ្លួនផ្ទាល់។ តាមពិត ពួកគេធ្លាប់បានកាច់ចង្កូតដឹកនាំប្រទេសទៅហើយ ដឹកនាំទាល់តែបំផ្លាញសហភាពសូវៀតឲ្យរលាយទៅបាត់។
ចំពោះពួកប្រឆំាងខាងស្តាំវិញ លោកពូទីន ដែលក្នុងសម័យគាត់ឈរឈ្មោះជាប្រធានាធិបតីឆ្នាំ ២០០៤ បានហៅពួកនោះថាជា”ឆ្កែចចក” ដើរសុំទានស្ថានទូតបស្ចិមប្រទេសខ្លះ លើកនេះហៅពួកគេដោយមិនញញើតមាត់ឡើយថា ជា ”ពួកក្បត់មាតុភូម៌”។ ពួកនេះតែងត្រូវរដ្ឋបរទេស ជាអាណាព្យាបាលផ្តល់លុយដល់ខ្លួន រួមប្រជុំជារឿយៗធ្វើការណែនាំដោយខ្សឹបប្រាប់គេ តើអ្វីដែលគេត្រូវធ្វើ ដើម្បីជះឥទ្ធិពលទៅលើលទ្ធផលនៃការបោះឆ្នោតសភា នៅថ្ងៃទី៤ ធ្នូ ខាងមុខ។ ត្រង់ចំណុចនេះ លោកពូទីនដាស់សតិរដ្ឋទាំងនោះ កុំឲ្យចំណាយលុយឥតប្រយោជន៍អី។
រីឯខ្លឹមសារនៃការទិតៀនពីខាងពួកប្រឆាំង គឺការប្រមូលផ្តុំអំណាចនៅក្នុងដៃបក្សតែមួយ បក្សកាន់អំណាចក្រោមឈ្មោះថា “ ប្រទេសរុស្ស៊ីរួមធ្លុងមួយ” ដែលដោយមានសំឡេងច្រើនលើសលប់ដល់ទៅ ៣១៥ ឬជាង២/៣ នៃអាសនៈទាំង៤៥០ក្នុងសភាឌូម៉ា ជាទូទៅអនុម័តយក គឺច្បាប់ណាដាក់ចេញដោយប្រធានាធិបតី ឬរដ្ឋាភិបាលដែលឆ្លើយស្របនឹងតម្រូវការនៃ”សម្ព័ន្ធទ្វេអំណាចកំពូលបច្ចុប្បន្ន” រវាងលោកប្រធានាធិបតីមេដវេដេវ និងលោកនាយករដ្ឋមន្ត្រីពូទីន។ បក្ស៣ទៀតដែលមានអាសនៈនៅសភាដែរ គឺគ្រាន់តែល្អមើលសម្រាប់ឲ្យអន្តរជាតិឃើញថា នៅរុស្ស៊ី មាន“ប្រព័ន្ធប្រជាធិបតេយ្យពហុបក្ស ”ដំណើរការដែរ។ ប៉ុន្តែពួកប្រឆាំងនៅតែទាមទារឲ្យស្តារឡើងវិញទៅ ការជ្រើសរើសអភិបាលខេត្តតាមផ្លូវបោះឆ្នោតសាកលដោយបណ្តាជនរបស់សាមីខេត្តផ្ទាល់ ដែលត្រូវបានលោកពូទីនលុបចោលទៅ ក្នុងអាណត្តិដំបូងរបស់គាត់។ រួចជាជំនួស អភិបាលខេត្ត គឺជ្រើសតាំងដោយប្រធានាធិបតីទៅវិញ។
តាមកាសែតអង់គ្លេស The Financial Times លេខថ្ងៃនេះ ការវិលត្រឡប់របស់លោកពូទីនទៅកាន់វិមានក្រេមឡាំងវិញ គឺនឹងមានន័យថា មួលខ្ចៅបន្តឹងទល់នឹងពួកប្រឆាំងផ្ទៃក្នុង ហើយបង្កើនការប្រឈមុខខាងនយោបាយក្រៅប្រទេស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ