តំបន់អឺរ៉ូ

ប្រមុខដឹកនាំ​​អាល្លឺម៉ង់​​និង​បារាំង​​រិះរក​​ដំណោះ​ស្រាយ​ឲ្យ​វិបត្តិ​​នៃតំបន់​​អឺរ៉ូ​​

លោកប្រធានាធិបតី​​បារាំង​​នីកូឡា​​សាកូហ្ស៊ី​​និង​លោកស្រី​​នាយក​រដ្ឋ​មន្ត្រី​​អាល្លឺម៉ង់​​​មែរកែល​​នៅវិមាន​​អេលីហ្សេ​​​​នៅ​ថ្ងៃ​ទី៥​ធ្នូ​​ឆ្នាំ២០១១​​
លោកប្រធានាធិបតី​​បារាំង​​នីកូឡា​​សាកូហ្ស៊ី​​និង​លោកស្រី​​នាយក​រដ្ឋ​មន្ត្រី​​អាល្លឺម៉ង់​​​មែរកែល​​នៅវិមាន​​អេលីហ្សេ​​​​នៅ​ថ្ងៃ​ទី៥​ធ្នូ​​ឆ្នាំ២០១១​​ REUTERS/John Schults

លោកប្រធានាធិបតី​បារាំង​នីកូឡា​សាកូហ្ស៊ី​និង​លោកស្រី​នាយករដ្ឋមន្ត្រី​ អាល្លឺម៉ង់​មែរកែល​បាន​ជួប​ពិភាក្សា​គ្នា​នៅ​ថ្ងៃចន្ទ​ទី៥ធ្នូ​ឆ្នាំ២០១១​ ​ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​នៃ​តំបន់អឺរ៉ូ។​ ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ដើម្បី​ ធ្វើការ​ពង្រឹង​អភិបាលកិច្ច​នៅ​ក្នុង​តំបន់​អឺរ៉ូ។

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​កិច្ចព្រមព្រៀង​បារាំង-អាល្លឺម៉ង់​សម្រេច​បាន​នៅ​ពេលថ្មីៗ​នេះ​ ​ គេកត់​សម្គាល់​ឃើញ​មាន​វិធានការ​សំខាន់ៗ៤៖

 
ទី១-​ ​ ពង្រឹង​ទណ្ឌកម្ម​ដាក់​ទៅលើ​ប្រទេស​ដែលមាន​ឧនភាព​ហួសហេតុ
លោកប្រធានាធិបតី​បារាំង​នីកូឡា​សាកូហ្ស៊ី​និង​លោកស្រី​នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​មែរកែល​គ្រោង​ពង្រឹង​ទណ្ឌកម្ម​ស្វ័យប្រវត្ត​ដាក់​ទៅលើ​ប្រទេស​ក្នុងតំបន់​អឺរ៉ូ​ណា​ដែល​ពុំ​គោរព​កិច្ចព្រមព្រៀង​រក្សា​ស្ថិរភាព​ ​ ពោលគឺ​ប្រទេស​ណា​ដែល​មាន​ឧនភាព​ថវិកា​លើសពី​៣%​នៃ​ផលិតផល​ដុល​ក្នុងប្រទេស។​ គួរបញ្ជាក់ថា​ ​ ប្រទេស​បារាំង​និង​ប្រទេស​អាល្លឺម៉ង់​គ្មាន​បំណង​ដាក់​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​បន្ថែម​ទៅលើ​ប្រទេស​ដែល​កំពុង​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ស្រាប់​នោះឡើយ។

ទី២-​ ​ ពង្រឹង​វិធានច្បាប់​ “សុវណ្ណ”​ Renforcer la règle d’or
ដើម្បី​កុំឲ្យ​ប្រទេស​ក្នុងតំបន់​អឺរ៉ូ​មាន​ការ​ធ្វេស​ប្រហែស​ ​ ប្រមុខ​ដឹកនាំ​បារាំង​និង​អាល្លឺម៉ង់​បាន​ទាមទារ​ឲ្យ​ចារ​វិធានច្បាប់​ “សុវណ្ណ”​ ឬ​ la règle d’or​ នេះ​នៅក្នុង​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​នីមួយៗ។​ ពិតមែន​តែ​ លោកស្រី​នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​មែរកែល​ពុំ​យល់ព្រម​ឲ្យ​តុលាការ​អឺរ៉ុប​ធ្វើជា​អ្នក​អារកាត់​ទៅលើ​បញ្ហា​ថវិកាជាតិ​នៃ​ប្រទេស​ក្នុង​តំបន់​អឺរ៉ូ​ ​ ក៏​ប៉ុន្តែ​លោកស្រី​មែរកែល​យល់ព្រម​ឲ្យ​តុលាការ​អឺរ៉ុប​ត្រួត​ពិនិត្យ​ទៅលើ​ភាព​សមស្រប​នឹង​វិធានច្បាប់​ “សុវណ្ណ”​ នៃ​សេចក្តី​សម្រេចចិត្ត​របស់​ប្រទេស​ក្នុង​តំបន់​អឺរ៉ូ​ពាក់ព័ន្ធ​នឹង​ការគោរព​អត្រា​នៃ​ឧនភាព​ថវិកា​ពុំ​ឲ្យ​មាន​លើសពី​៣%​នៃ​ផលិតផល​ដុល​សរុប។

ទី៣-​ ​ រដ្ឋាភិបាល​សេដ្ឋកិច្ច​អឺរ៉ុប
ទីក្រុង​ប៉ារីស​និង​ទីក្រុង​បែរឡាំង​បាន​យល់​ព្រមព្រៀង​គ្នា​ឲ្យ​មាន​ ជំនួប​កំពូល​ប្រចាំខែ​ រវាង​ប្រមុខរដ្ឋ​និង​ប្រមុខ​រដ្ឋាភិបាន​នៃ​ប្រទេស​ក្នុង​តំបន់​អឺរ៉ូ​ ​ ដោយ​មាន​កម្មវត្ថុ​យ៉ាង​ជាក់ច្បាស់​គឺ​ត្រូវ​រិះរក​ធ្វើ​យ៉ាងណា​ឲ្យ​មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​នៅក្នុង​តំបន់​អឺរ៉ូ។

ទី៤-​ ​ យន្តកម្ម​អឺរ៉ុប​សម្រាប់​រក្សា​ស្ថិរភាព
មូលនិធិ​អឺរ៉ុប​ដើម្បី​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​ Fonds Européen de Stabilité Financière ​(FESF) ​ដែល​បាន​បង្កើត​ឲ្យ​មាន​យ៉ាង​បន្ទាន់​នៅខែ​ឧសភា​ឆ្នាំ២០១០​ដោយមាន​ទឹកប្រាក់​ប្រមាណ​៤៤០ពាន់លាន​អឺរ៉ូ​សម្រាប់​ធ្វើការ​ឆ្លើយតប​នឹង​តម្រូវ​ការ​ហិរញ្ញប្បទាន​យ៉ាង​បន្ទាន់​នៃ​ប្រទេស​សមាជិក​តំបន់​អឺរ៉ូ។​ មូលនិធិ​អឺរ៉ុប​ដើម្បី​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​ Fonds Européen de Stabilité Financière ​(FESF) ​នេះ​ ​ នឹងត្រូវ​ជំនួស​ដោយ​​ យន្តកម្ម​អឺរ៉ុប​សម្រាប់​រក្សា​ស្ថិរភាព​ “ Mécanisme Européen de Stabilité”​នៅ​ខែឧសភា​ឆ្នាំ២០១៣​ខាងមុខ​ ​ ដោយ​មាន​មូលធន​បាន​មកពី​ប្រទេស​ជា​សមាជិក​នៃ​តំបន់​អឺរ៉ូ។

យន្តកម្ម​អឺរ៉ុប​សម្រាប់​រក្សា​ស្ថិរភាព​ “ Mécanisme Européen de Stabilité”​ នេះ​មានលំនាំ​ជា​“មូលនិធិ​រូបិយវត្ថុ​អឺរ៉ុប”​ដែល​នឹង​ធ្វើឲ្យ​ទីផ្សារ​ហិរញ្ញវត្ថុ​មាន​ទំនុកចិត្ត​កក់ក្តៅ។​ មូលហេតុ​នេះហើយ​ដែល​ធ្វើឲ្យ​ប្រទេស​បារាំង​និង​ប្រទេស​អាល្លឺម៉ង់​ខិតខំ​ជំរុញ​ពន្លឿន​ការ​រៀបចំ​ឲ្យ​មាន​“មូលនិធិ​រូបិយវត្ថុ​អឺរ៉ុប”​ថ្មីនេះ។​ គួរបញ្ជាក់ថា​ ​ សេចក្តី​សម្រេច​ចិត្ត​របស់​យន្តកម្ម​អឺរ៉ុប​សម្រាប់​រក្សា​ស្ថិរភាព​នេះ​អាច​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ការយល់ព្រម​ពី​សំណាក់​ប្រទេស​ជា​សមាជិក​ចំនួន​៨៥%​ ​ ពុំ​ចាំបាច់​មាន​ការ​យល់ព្រម​ជា​ឯកច្ឆ័ន្ទ​ឡើយ។​ ទាំងនេះ​ដើម្បី​ចៀសវាង​កុំឲ្យ​ប្រទេស​សមាជិក​តូចៗ​ក្នុងតំបន់​អឺរ៉ូ​អាច​ធ្វើ​ការ​ជំទាស់​ប្រឆាំង។

សំណើ​ទាំងប៉ុន្មាន​ខាងលើ​របស់​ប្រមុខ​ដឹកនាំ​បារាំង​និង​អាល្លឺម៉ង់​នេះ​ នឹងត្រូវ​យកទៅ​ពិភាក្សា​នាឱកាស​ជំនួប​កំពូល​នៅទីក្រុង​ព្រុចសែល​នៅ​ថ្ងៃព្រហស្បតិ៍​ទី៨​និង​ថ្ងៃសុក្រ​ទី៩​ធ្នូ​ឆ្នាំ២០១១​ខាងមុខ​ដ៏​ខ្លី​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI