ជំនួបកំពូលព្រុចសែល៖ កិច្ចព្រមព្រៀងតែ១៧ប្រទេសដោយហេតុតែអង់គ្លេសពុំយល់ព្រម
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ប្រមុខដឹកនាំអឺរ៉ុបដែលចូលរួមប្រជុំជំនួបកំពូលនៅទីក្រុងព្រុចសែលតាំងពីថ្ងៃព្រហស្បតិ៍ទី៨ធ្នូម្សិលមិញ ពុំសម្រេចបានកិច្ចព្រមព្រៀងស្ដីពីការប្តូរប្រែសន្ធិសញ្ញានៃសហភាពអឺរ៉ុប២៧ប្រទេសដើម្បីធ្វើការកែទម្រង់តំបន់អឺរ៉ូឡើយ ដោយហេតុតែមានការជំទាស់ពីសំណាក់ប្រទេសអង់គ្លេស។នៅទីបំផុត កិច្ចព្រមព្រៀងមានការគាំទ្រពីសំណាក់២៣ប្រទេសដែលក្នុងនោះមានប្រទេសសមាជិក១៧ប្រទេសនៃតំបន់ចាយប្រាក់អឺរ៉ូ ទាំងនេះក្នុងគោលបំណងពង្រឹងវិន័យពាក់ព័ន្ធនឹងបញ្ហាថវិកានៅក្នុងសហភាពអឺរ៉ុប។
កិច្ចព្រមព្រៀងដែលសម្រេចបានដោយជំនួបកំពូលនៅទីក្រុងព្រុចសែលកាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញសម្រាប់ប្តូរប្រែសន្ធិសញ្ញានៃសហភាពអឺរ៉ុប២៧ប្រទេសដើម្បីធ្វើការកែទម្រង់តំបន់អឺរ៉ូ ដោយមានការប្រឆាំងពីសំណាក់ប្រទេសអង់គ្លេស។ មូលហេតុគឺមកពីប្រទេសអង់គ្លេសប្រឆាំងពុំព្រមឲ្យមានការត្រួតពិនិត្យទៅលើសកម្មភាពហិរញ្ញវត្ថុរបស់ខ្លួននៅទីក្រុងឡុងដ្រឹ៍ ដែលបានបណ្តាលឲ្យលោកប្រធានាធិបតីបារាំងនីកូឡាសាកូហ្ស៊ីថ្លែងប្រឆាំងថា “ ការទាមទាររបស់អង់គ្លេសជាលក្ខខណ្ឌមួយពុំអាចទទួលយកបានឡើយ ពីព្រោះវានាំបង្កើតឲ្យមានអឺរ៉ុបមួយដែលមានល្បឿនពីរខុសគ្នា”។
ដូច្នេះ នៅខណៈនេះគ្មានឡើយ កិច្ចព្រមព្រៀងស្ដីពីការប្តូរប្រែសន្ធិសញ្ញានៃសហភាពអឺរ៉ុប២៧ប្រទេសដើម្បីធ្វើការកែទម្រង់តំបន់អឺរ៉ូ។ ប្រទេសបារាំងនិងប្រទេសអាល្លឺម៉ង់ដែលទាមទារចង់បានការដាក់ទណ្ឌកម្មជាស្វ័យប្រវត្តទៅលើប្រទេសណាដែលពុំគោរពវិន័យពាក់ព័ន្ធនឹងបញ្ហាថវិកាជាតិ បានត្រូវជួបនឹងការប្រឆាំងពីសំណាក់ប្រទេសអង់គ្លេស។
លោកប្រធានាធិបតីបារាំងនីកូឡាសាកូហ្ស៊ីបានថ្លែងឲ្យដឹងទៀតថា ប្រទេសទាំង១៧នៃតំបន់ចាយប្រាក់អឺរ៉ូនឹងសិក្សាពីលទ្ធភាពជួយផ្តល់មូលនិធិប្រមាណ២០០ពាន់លានអឺរ៉ូឲ្យមូលនិធិរូបិយវត្ថុអន្តរជាតិ FMI ដែលមានការខ្វះខាត សម្រាប់ជាជំនួយគាំទ្រដល់ប្រទេសទន់ខ្សោយនៃតំបន់ចាយប្រាក់អឺរ៉ូ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ