ប្រជាពលរដ្ឋរុស្ស៊ីរាប់ម៉ឺននាក់ធ្វើបាតុកម្មប្រឆាំងលោកពូទីន
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ប្រជាជនរុស្ស៊ីរាប់ម៉ឺននាក់បានត្រៀមលក្ខណៈជាស្រេចនៅថ្ងៃសៅរ៍ទី១០ធ្នូឆ្នាំ២០១១នេះ ចុះថ្នល់ធ្វើបាតុកម្មដ៏ធំធេងមួយពុំដែលកើតមាននៅទីក្រុងម៉ូស្គូនិងនៅតាមទីរួមខេត្តជាច្រើន ដើម្បីសម្ដែងការប្រឆាំងជំទាស់នឹងលទ្ធផលនៃការបោះឆ្នោតសភានៅថ្ងៃទី៤ធ្នូឆ្នាំ២០១១ដែលគណបក្សរបស់លោកពូទីនជាអ្នកឈ្នះឆ្នោត។
ប្រជាពលរដ្ឋរុស្ស៊ីជាង៣៦ ០០០នាក់នឹងនាំគ្នាចុះថ្នល់ធ្វើបាតុកម្មនៅទីក្រុងម៉ូស្គូ ដើម្បីសម្ដែងការប្រឆាំងជំទាស់នឹងលទ្ធផលនៃការបោះឆ្នោតសភានៅថ្ងៃទី៤ធ្នូឆ្នាំ២០១១ដែលគណបក្ស “ប្រទេសរុស្ស៊ីរួមធ្លុងមួយ” របស់លោកពូទីនជាអ្នកឈ្នះឆ្នោត។ នេះបើយោងតាមទំព័រ Facebook ឈ្មោះ “បាតុកម្មដើម្បីការបោះឆ្នោតត្រឹមត្រូវសុចរិត”។
នៅព្រឹកថ្ងៃសៅរ៍នេះ អាជ្ញាធររុស្ស៊ីបានប្រកាសជាផ្លូវការនូវលទ្ធផលនៃការបោះឆ្នោតសភានៅថ្ងៃទី៤ធ្នូឆ្នាំ២០១១ថា គណបក្សកាន់អំណាចឈ្មោះ “ប្រទេសរុស្ស៊ីរួមធ្លុងមួយ” របស់លោកពូទីនជាអ្នកឈ្នះឆ្នោតដោយទទួលបានសំឡេងឆ្នោត៤៩,៣២%ឬ២៣៨អាសនៈលើ៤៥០នៅសភាឌូម៉ារុស្ស៊ី។
បាតុកម្មដ៏ធំធេងប្រឆាំងនឹងលោកពួទីននេះ ដើមឡើយគេគ្រោងធ្វើនៅទីលានបដិវត្តន៍ដែលឋិតនៅជិតវិមានក្រេមឡាំង ក៏ប៉ុន្តែដោយសាលាក្រុងម៉ូស្គូអនុញ្ញាតឲ្យមានគ្នាតែ៣០០នាក់ប៉ុណ្ណោះ ទើបអ្នកដឹកនាំបក្សប្រឆាំងគ្រោងនាំគ្នាចាប់ដង្ហែក្បួនបាតុកម្មចេញពីទីនោះធ្វើដំណើរប្រមាណជាងពីរគីឡូម៉ែត្រឆ្លងទៅត្រើយម្ខាងទៀតទល់នឹងវិមានក្រេមឡាំង។
បាតុកម្មប្រឆាំងនឹងលោកពួទីនជាច្រើនទៀតគ្រោងរៀបចំធ្វើនៅតាមទីក្រុងធំៗ៥០ប្លាយទៀតមានដូចជាទីក្រុងSaint-Pétersbourg ទីក្រុងនៅតំបន់អ៊ូរ៉ាល់ និងនៅតំបន់ឆ្ងាយៗដូចជានៅតំបន់ស៊ីបេរីជាដើម ដើម្បីទាមទារឲ្យរំលាយការបោះឆ្នោតជ្រើសតាំងសមាជិកសភារុស្ស៊ីនៃថ្ងៃទី៤ធ្នូឆ្នាំ២០១១ដែលគេចោទថាមានការលួចបន្លំ នេះបើយោងតាមបក្សប្រឆាំងនិងអ្នកសង្កេតការណ៍នៃអង្គការក្រៅរដ្ឋាភិបាល។
គួរបញ្ជាក់ថា បាតុកម្មដ៏ធំធេងប្រឆាំងនឹងលោកពួទីននេះពិតជាការមួយពុំដែលកើតមានចាប់តាំងពីលោកពូទីនបានឡើងមកកាន់អំណាចនៅឆ្នាំ២០០០មក។
អ្នកទទួលខុសត្រូវនៃវិហារ Orthodoxe រុស្ស៊ី បព្វជិត Alexandre Iliachenko បានអំពាវនាវឲ្យបាតុកររុស្ស៊ីនាំគ្នាសម្ដែងការប្រឆាំងទល់នឹង “ការពុំចេះខ្មាសអៀន” ដែលតំណាងដោយរបបគ្រប់គ្រងរបស់លោកពូទីន។
ការបោះឆ្នោតសភាដែលមានការលួចបន្លំសំឡេងឆ្នោត ហើយនិងការវាយបង្ក្រាបទៅលើបាតុកររុស្ស៊ីបាននាំឲ្យមានការទិតៀនយ៉ាងខ្លាំងពីសំណាក់សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ប្រទេសបារាំងនិងប្រទេសអាល្លឺម៉ង់...។ល។...
ចំណែកឯលោកពូទីនបានចោទនៅថ្ងៃព្រហស្បតិ៍កន្លងទៅថា សហរដ្ឋអាមេរិកជាអ្នកបង្កឲ្យកើតមានបាតុកម្មប្រឆាំង។ ក៏ប៉ុន្តែ ការចោទប្រកាន់នេះបានត្រូវបដិសេធទាត់ចោលដោយទីក្រុងវ៉ាស៊ីនតោន ហើយអ្នកនាំពាក្យនៃក្រសួងការបរទេសអាមេរិកលោកស្រី Victoria Nuland បានប្រកាសឲ្យដឹងនៅថ្ងៃសុក្រម្សិលមិញថា “សហរដ្ឋអាមេរិកទាមទារឲ្យបាតុករនិងកងកម្លាំងរក្សាសន្តិសុខធ្វើយ៉ាងណាឲ្យបាតុកម្មប្រព្រឹត្តទៅក្នុងភាពស្ងប់ស្ងៀម”៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ