សហភាពអឺរ៉ុប

ក្តីបារម្ភ​បាន​កើត​មាន​ជាថ្មី​នៅ​ក្នុង​តំបន់​អឺរ៉ូ

ទីផ្សារ​មូលបត្រ​នៅ​អាស៊ី
ទីផ្សារ​មូលបត្រ​នៅ​អាស៊ី REUTERS/Lee Jae-Won

ទោះ​បី​ជា​សហភាព​អឺរ៉ុប​ទើប​បាន​អនុម័ត​នូវ​សន្ធិសញ្ញា​ថ្មី​មួយ​ដើម្បី​ជួយ​ស្រោចស្រង់​វិបត្តិ​ប្រាក់បំណុល​នៅ​ក្នុង​តំបន់​អឺរ៉ូ​ក៏​ដោយ ក៏​ទីផ្សារមូលបត្រ​ពិភពលោក​នៅ​បន្ត​ធ្លាក់​ដំាដូង។ ចំណែក​ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​បំណុល​នៅ​តែ​បន្ត​គំរាម​ទម្លាក់​ចំណាត់ថ្នាក់​ហានិភ័យ​បំណុល​របស់​ប្រទេស​អឺរ៉ុប​ទំាង​អស់ រួម​ទំាង​ប្រទេស​អាល្លឺម៉ង់ និង​បារំាង​ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​ក្នុង​តំបន់។

ផ្សាយពាណិជ្ជកម្ម

កាល​ពី​ថ្ងៃ​សុក្រ ទី៩ ធ្នូ សហភាព​អឺរ៉ុប​បាន​អនុម័ត​នូវ​សន្ធិសញ្ញា​ថ្មី​មួយ​ដើម្បី​ជួយ​ស្រោចស្រង់​វិបត្តិបំណុល​នៅ​ក្នុង​ប្រទេស​សមាជិក។ ប៉ុន្តែ​គេ​បែរ​ជា​សង្កេត​ឃើញ​ថា គេ​នៅ​តែ​មិន​អាច​កាត់​បន្ថយ​ក្តីបារម្ភ​របស់​ក្រុម​អ្នកវិនិយោគ និង​ភាព​ចលាចល​នៅ​លើ​ទីផ្សារមូលបត្រ​ពិភពលោក។ នៅ​ថ្ងៃ​ច័ន្ទ ទី១២ ធ្នូ​ម្សិលមិញ តម្លៃ​ភាគហ៊ុន​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​នៅ​លើ​ទីផ្សារមូលបត្រ​អាស៊ី និង​នៅ​អឺរ៉ុប។ ជា​រួម​ទៅ គេ​ហាក់​ដូច​ជា​គ្មាន​ឃើញ​សញ្ញា​ធូរស្បើយ​ណា​មួយ​នៅ​ឡើយ​ទេ។ ទន្ទឹម​គ្នា​នេះ ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​បំណុល​ចំនួន ៣ មាន Moody’s, Standard and Poor’s និង Fitch នៅ​តែ​បន្ត​គំរាម​ទម្លាក់​ចំណាត់ថ្នាក់​ហានិភ័យ​បំណុល​របស់​ប្រទេស​អឺរ៉ុប​ទំាង​អស់ ពិសេស ប្រទេស​អឺរ៉ុប​ទំាង ១៧ ដែល​ប្រើ​ប្រាក់​អឺរ៉ូ ដោយ​រួម​ទំាង​ប្រទេស​អាល្លឺម៉ង់ និង​បារំាង​ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​ក្នុង​តំបន់។

ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​បំណុល​ហាក់​ដូច​ជា​គ្មាន​ជំនឿ​ទៅ​លើ​សមត្ថភាព​របស់​សហភាព​អឺរ៉ុប​ទេ ព្រោះ​ថា សន្ធិសញ្ញា​ថ្មី​បែរ​ជា​បាន​គិតគូរ​ច្រើន​តែ​ពី​វិធានការ​ដែល​ត្រូវ​អនុវត្ត​នៅ​ថ្ងៃ​អនាគត ពោល​គឺ​គេ​មិន​ឃើញ​មាន​វិធានការ​ភ្លាមៗ​ជាក់ស្តែង​ណា​មួយ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ប្រាក់បំណុល​ដែល​អឺរ៉ុប​កំពុង​ពើប​ប្រទះ​នា​ពេល​នេះ​ទេ។ មួយ​វិញ​ទៀត ការ​ដែល​អឺរ៉ុប​ទើប​បាន​ខ្នះខ្នែង​នៅ​ពេល​នេះ វា​ហាក់​ដូច​ជា​បាន​យឺត​ពេល​បាត់​ទៅ​ហើយ ព្រោះ​ថា ជំងឺ​មហារីក​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​អឺរ៉ូ​បាន​ធ្លាក់​ចូល​ដល់​កម្រិត​មួយ ដែល​ជួយ​លែង​បាន។ នេះ​ជា​ហេតុផល​ដែល​បាន​ធ្វើ​ឲ្យ​ទីផ្សារមូលបត្រ​ពិភពលោក​បន្ត​រំជើបរំជួល ក្រុម​អ្នកវិនិយោគ​នៅ​តែ​ព្រួយបារម្ភ និង​អ្វី​ដែល​គ្រប់​គ្នា​កំពុង​រង់ចំា​នៅ​ថ្ងៃ​ខាង​មុខ គឺ​ការ​ទម្លាក់​ចំណាត់ថ្នាក់​ហានិភ័យ​បំណុល​របស់​ប្រទេស​អឺរ៉ុប​ពី​សំណាក់​ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​បំណុល។

បើ​យោង​តាម​ការ​ប្រមើលមើល​របស់​ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​បំណុល​ទំាង ៣ មាន Moody’s, Standard and Poor’s និង Fitch សកម្មភាព​សេដ្ឋកិច្ច​នៅ​ក្នុង​សហភាព​អឺរ៉ុប​នឹង​ថយ​ចុះ រីឯ​កំណើន​សេដ្ឋកិច្ច​សម្រាប់​ឆ្នំា ២០១២ នឹង​អាច​មាន​ប្រមាណ​តែ ១,២%។ អ៊ីចឹង​ឃើញ​ថា ជា​មួយ​នឹង​ប្រាក់បំណុល​ដែល​ប្រទេស​អឺរ៉ុប​កំពុង​ជំពាក់​គេ​វ័ណ្ឌ ក និង​ឧុនភាព​ថវិកា​យ៉ាង​ច្រើន​សម្បើម​របស់​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​នៅ​ពេល​នេះ វា​រឹត​តែ​ធ្វើ​ឲ្យ​ស្ថានភាព​កាន់​តែ​ធ្លាក់​ដុនដាប។ ដូច្នេះ ការ​គំរាម​ពី​ទីភ្នាក់ងារ​វាយ​តម្លៃ​ហានិភ័យ​បំណុល​ថា​ នឹង​ទម្លាក់​ចំណាត់ថ្នាក់​ហានិភ័យ​បំណុល​របស់​ប្រទេស​អឺរ៉ុប ពី​ពិន្ទុ​ល្អ A បីដង មក​នៅ​ត្រឹម A ពីរដង ជា​រឿង​មួយ​មិន​អាច​ជៀស​រួច ដូច​ករណី​ប្រទេស​បារំាង​ដែល​ត្រូវ​បាន​ទីភ្នាក់ងារ​វាយ​តម្លៃ​ហានិភ័យ​បំណុល​បាន​ចង្អុល​ចំ​មុខ។ តែ​យ៉ាង​ណា​ក៏​ដោយ លោក​ប្រធានាធិបតី​បារំាង នីកូឡា សាកូស៊ី​បាន​បញ្ជាក់​រួច​ហើយ​ថា ការ​បាត់បង់​ពិន្ទុ​ល្អ ពី A បីដង មក​នៅ​ត្រឹម A ពីរដង ពិត​ជា​ផ្តល់​ការ​លំបាក​មួយ​កម្រិត​ដល់​ប្រទេស​បារំាង ប៉ុន្តែ​មិនមែន​លំបាក រហូត​ទាល់​តែ​បារំាង​មិន​អាច​ពុះពារ​បាន​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI