វ៉ាស៊ីនតោនចាត់ទុកមិទ្ទិញបោកកញ្ជ្រោកនៅរុស្ស៊ីជាសញ្ញាល្អនៃប្រជាធិបតេយ្យ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សេចក្តីនេះថ្លែងល្ងាចថ្ងៃចន្ទម្សិលមិញដោយអ្នកនាំពាក្យផ្លូវការរបស់សេតវិមាននៅក្រុងវ៉ាស៊ីនតោន លោក Jay Carney ទាក់ទងនឹងមិទ្ទិញដែលបានប្រព្រឹត្តទៅយ៉ាងខ្លាំងក្លានៅម៉ូស្គូ និងនៅតាមក្រុងប្រមាណ១០០ទៀតនៃប្រទេសរុស្ស៊ីកាលពី៣ថ្ងៃមុនក្រោមបាវចនាថា “ ដើម្បីការបោះឆ្នោតសុចរិត“ គឺមិទ្ទិញដែលតវ៉ាទល់នឹងករណីក្លែងបន្លំពេលបោះឆ្នោតសភានៅរុស្ស៊ីនាថ្ងៃអាទិត្យទី៤ធ្នូកន្លងទៅ។
ថ្លែងទៅកាន់ពួកអ្នកកាសែតល្ងាចថ្ងៃចន្ទម្សិលមិញអ្នកនាំពាក្យផ្លូវការរបស់សេតវិមាននៅក្រុងវ៉ាស៊ីនតោន លោក Jay Carney លើកឡើងថា រដ្ឋបាលលោកប្រធានាធិបតីអូបាម៉ាសូមឲ្យតម្លៃជាវិជ្ជមានដល់មិទ្ទិញតវ៉ាទល់នឹងការរំលោភបំពាននិងភាពមិនប្រក្រតីដែលកើតឡើងក្នុងការបោះឆ្នោតកន្លងទៅនៅរុស្ស៊ី ដើម្បីរើសសភាឌូម៉ានីតិកាលថ្មី។ តាមប្រសាសន៍គាត់ការដែលរដ្ឋាភិបាលរុស្ស៊ីមិនចាត់វិធានការហាមប្រាមហើយបណ្តោយឲ្យមិទ្ទិញតវ៉ាបែបនេះបានប្រព្រឹត្តទៅនៅក្នុងរដ្ឋធានីម៉ូស្គូផ្ទាល់និងនៅតាមក្រុងរុស្ស៊ីប្រមាណ១០០ទៀតគឺសឲ្យឃើញពីការកើនបានល្អប្រសើរឡើងនៃស្ថានការណ៍ប្រជាធិបតេយ្យនៅរុស្ស៊ី។
តាមលោក Jay Carney បាតុកម្មប្រឆាំងដែលបានប្រព្រឹត្តទៅគឺជាសញ្ញាវិជ្ជមានសម្រាប់រាល់តែអ្នកណាដែលគាំទ្រដល់ដំណើរអភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យនៅរុស្ស៊ីហើយជាការល្អដែលអាជ្ញាធររុស្ស៊ី ចេះទប់ខ្លួនមិនធ្វើអន្តរាគមន៍ខាឃាំងដោយអនុញ្ញាតឲ្យរលកប្រឆាំងនោះបានប្រព្រឹត្តទៅមែន។
គួររំលឹកថា ក្នុងសេចក្តីសម្រេចអនុម័តដោយអង្គមិទ្ទិញប្រឆាំងនៅម៉ូស្គូកាលណោះ មានចែងអំពីការទាមទារមួយចំនួនឲ្យអាជ្ញាធររុស្ស៊ីបំពេញតាមបែបយ៉ាងលុបចោលទៅលទ្ធផលនៃការបោះឆ្នោតសភាថ្ងៃទី៤ធ្នូនោះ មកពីមានការក្លែងបន្លំសន្លឹកឆ្នោតរង្គាលហើយប្រកាសធ្វើការបោះឆ្នោតសាឡើងវិញទៅ ព្រមទាំងឲ្យទម្លាក់រូបប្រធានគ.ជ.ប.សព្វថ្ងៃពីមុខតំណៃងទៅ។ ពួកបាតុករបានទុកពេល២សប្តាហ៍ឲ្យអាជ្ញាធរបំពេញតាម។ ពុំនោះសោតទេ គេនឹងរួមប្រជុំ ជាមិទ្ទិញប្រឆាំងកាន់តែខ្លាំងទៅទៀតនៅថ្ងៃសៅរ៍ទី២៤ធ្នូខាងមុខ ដោយក្នុងគោលដៅនេះគេបានដាក់ពាក្យទៅសាលាក្រុងម៉ូស្គូទៅហើយ សុំយកទីលាននៅជាប់នឹងកំពែងវិមានក្រេមឡាំងតែម្តងជាកន្លែងធ្វើមិទ្ទិញនោះ។
ប្រតិកម្មពីខាងអាជ្ញាធរមានជាបណ្តើរៗទៅហើយ គឺថា ៖ អ្នកនាំពាក្យផ្លូវការនៃរដ្ឋាភិបាលរុស្ស៊ី លោក Peskov បានថ្លែងម្សិលមិញថា យោងតាមពាក្យប្តឹងតវ៉ាដែលមានចំនួនករណីដែលថា មិនប្រក្រតី គឺប៉ះតែលើសន្លឹកឆ្នោត០,៥% ប៉ុណ្ណោះនៃចំនួនសន្លឹកឆ្នោតសរុប ដូច្នេះ គឺមិនអាចប្រែប្រួលជាធំដុំឡើយដល់លទ្ធផលនៃការបោះឆ្នោត។ ចំណែករឿងទម្លាក់ប្រធានគ.ជ.ប. ពីមុខតំណែងនោះ គ.ជ.ប. ផ្ទាល់បានបោះឆ្នោតជំទាស់ទៅហើយទល់នឹងការលើកបញ្ហានេះទៅពិនិត្យមើល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ