អានតួអត្ថបទ
សហភាពអឺរ៉ុប-រុស្ស៊ី

ជំនួប​កំពូល​សហភាព​អឺរ៉ុប-​រុស្ស៊ី​នឹង​រិះរក​ដោះស្រាយ​បញ្ហា​បោះឆ្នោត​រុស្ស៊ី​និង​បញ្ហា​ស៊ីរី​

ប្រធានគណៈកម្មការអឺរ៉ុប​ លោក​ Barroso​ (ឆ្វេង)​ និង​លោក​ប្រធានាធិបតី​រុស្ស៊ី​ Dmitri Medvedev​ (កណ្តាល)​
ប្រធានគណៈកម្មការអឺរ៉ុប​ លោក​ Barroso​ (ឆ្វេង)​ និង​លោក​ប្រធានាធិបតី​រុស្ស៊ី​ Dmitri Medvedev​ (កណ្តាល)​ Reuters/M. Klimentyev
ដោយ៖ សៀក សារិន
២១ នាទី

អ្នកដឹកនាំ​នៃ​សហភាព​អឺរ៉ុប​និង​ប្រទេស​រុស្ស៊ី​នឹង​ខិតខំ​រិះរក​ ​ នាឱកាស​ជំនួប​កំពូល​សហភាព​អឺរ៉ុប-រុស្ស៊ី​នៅ​ថ្ងៃពុធ​និង​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​ ​ ធ្វើការ​កាត់​បន្ថយ​ភាព​តានតឹង​ដែល​កើតមាន​ ​ ក្រោយពី​មាន​ការទិតៀន​ពី​សំណាក់​ប្រទេស​អឺរ៉ុប​ទៅលើ​ការបោះឆ្នោត​សភា​នៅ​រុស្ស៊ី​ ​ ហើយនិង​ការខ្វែង​គំនិត​គ្នា​ទាក់ទិន​នឹង​បញ្ហា​ស៊ីរី។

ផ្សាយពាណិជ្ជកម្ម

លោក​ប្រធានាធិបតី​រុស្ស៊ី​ Dmitri Medvedev ​ត្រូវគេ​រង់ចាំ​ទទួល​នៅ​ល្ងាច​ថ្ងៃពុធ​នេះ​នៅ​ទីក្រុង​ព្រុចសែល​ ​ ដើម្បី​ចូល​រួម​ប្រជុំ​ជំនួបកំពូល​សហភាពអឺរ៉ុប-រុស្ស៊ី​ ​ ដែល​តែង​ប្រព្រឹត្ត​ទៅ​រាល់​ឆមាស​ដើម្បី​អភិវឌ្ឍ​កិច្ចចរចា​រវាង​សហភាព​អឺរ៉ុប​និង​ប្រទេស​រុស្ស៊ី​ដែល​ជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​ ​ ជាពិសេស​ក្នុង​វិស័យ​ផ្តល់​ប្រេងឥន្ធនៈ​និង​វិស័យ​ថាមពល។

 
កិច្ចពិភាក្សា​ពី​បញ្ហា​បោះឆ្នោត​សភា​នៅ​រុស្ស៊ី​ថ្វី​ដ្បិតតែ​ពុំត្រូវ​គេ​ចារ​នៅក្នុង​កម្មវិធី​ជាផ្លូវការ​ ក៏​ប៉ុន្តែ​ ​ គេច្បាស់​ជា​លើក​យកមក​ពិភាក្សា​នាឱកាស​ជប់លៀង​នៅ​យប់​ថ្ងៃពុធ​នេះ​រវាង​ប្រធាន​នៃ​ក្រុមប្រឹក្សា​អឺរ៉ុប​លោក​ Herman van Rompuy ​ហើយនិង​អ្នកដឹកនាំ​រុស្ស៊ី​ជាពុំខាន។

ចំណែកឯ​អ្នកនាំពាក្យ​របស់​លោកស្រី​ប្រមុខ​ការទូត​នៃ​សហភាព​អឺរ៉ុប​ Catherine ​Ashton ​វិញ​បាន​ថ្លែង​ប្រាប់ថា​ “​គេរង់ចាំ​ជានិច្ច​កិច្ច​ពិភាក្សា​ពាក់ព័ន្ធ​នឹង​បញ្ហា​បោះឆ្នោត​សភា​រុស្ស៊ី”។​ ហើយ​សហភាព​អឺរ៉ុប​និង​ប្រទេស​សំខាន់ៗ​អឺរ៉ុប​បាន​សម្តែង​ឲ្យ​ឃើញ​នូវ​ក្តី​បារម្ភ​របស់​ពួកគេ​ជា​ច្រើនលើក​នារយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ពាក់ព័ន្ធ​នឹង​ការចាប់​ឃុំខ្លួន​បាតុករ​រុស្ស៊ី​ជាច្រើន​រយនាក់​ ​ ហើយ​សហភាព​អឺរ៉ុប​បាន​ប្រកាស​អំពាវនាវ​ឲ្យ​ទីក្រុង​ម៉ូស្គូ​គោរព​សិទ្ធិ​សេរីភាព​ក្នុងការ​បញ្ចេញមតិ។

ក៏ប៉ុន្តែ​អ្នកដឹកនាំ​រុស្ស៊ី​ពុំពេញ​ចិត្តសោះ​ឡើយ​នឹងការ​ទិតៀន​របស់​អឺរ៉ុប​។​ ហេតុ​ដូច្នោះ​ហើយ​ បានជា​លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​រុស្ស៊ី​ Sergeï Lavrov ​បាន​ឆ្លើយតប​ទៅ​ប្រទេស​អឺរ៉ុបថា​ ​ “​សូម​ប្រទេស​អឺរ៉ុប​គិតគូរ​ពី​បញ្ហា​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​សង្គម​របស់​ខ្លួន​បានហើយ”។​ រីឯ​លោក​ប្រធានាធិបតី​រុស្ស៊ី​ Dmitri Medvedev​ វិញ​បាន​ថ្លែង​បញ្ជាក់ថា​ ​ “​ប្រទេស​រុស្ស៊ី​ជួយ​បារម្ភ​ពី​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​ក្នុង​តំបន់​អឺរ៉ូ​ ហើយទីក្រុង​ម៉ូស្គូ​អាច​ជួយ​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​តាមរយៈ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ FMI ​“។

គួរកត់​សម្គាល់ថា​ ​ ការធ្លាក់​ស្រុត​ចុះ​នៃ​សកម្មភាព​សេដ្ឋកិច្ច​ពុំ​បាន​ក្លាយជា​ឧបសគ្គ​ដល់​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​សហភាព​អឺរ៉ុប​និង​ប្រទេស​រុស្ស៊ី​ឡើយ​ ​ ជាក់ស្ដែង​ការដោះដូរ​រវាង​ភាគី​ទាំងពីរ​បាន​ស្ទុះ​កើនឡើង​ប្រមាណ​២៧%​នារយៈកាល​៣ត្រីមាស​នៃ​ឆ្នាំ២០១១។​ នេះ​បើយោងតាម​តួលេខ​របស់​ការិយាល័យ​ស្ថិតិ​អឺរ៉ុប​។​ ប្រទេស​រុស្ស៊ី​ដែល​បាន​ផ្តល់​៣/៤​នៃ​ការនាំចេញ​របស់​ខ្លួន​ជា​ប្រេងឥន្ធនៈ​ឬ​ឧស្ម័ន​ឲ្យ​អឺរ៉ុប​ ​ បានក្លាយ​ទៅជា​ដៃគូ​ពាណិជ្ជកម្ម​ទីបី​របស់​សហភាព​អឺរ៉ុប​ឋិត​នៅ​ពីក្រោយ​សហរដ្ឋ​អាមេរិក​និង​ប្រទេសចិន។

ពាក់ព័ន្ធ​នឹង​ការដាក់​ទណ្ឌកម្ម​ទៅលើ​ប្រទេស​អ៊ីរ៉ង់​និង​ប្រទេស​ស៊ីរី​វិញ​ ​ គេ​គ្មាន​ឃើញ​មាន​ការ​រីកចម្រើន​អ្វីឡើយ។​ ទីក្រុង​ម៉ូស្គូ​និង​ទីក្រុង​ប៉េកាំង​បាន​ប្រឆាំង​ជានិច្ច​ទល់នឹង​សេចក្តី​សម្រេចចិត្ត​របស់​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អ.ស.ប.​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ទៅលើ​ទីក្រុង​តេហេរ៉ង់​និង​ទីក្រុង​ដាម៉ាស​។

ជំនួបកំពូល​សហភាពអឺរ៉ុប-រុស្ស៊ី​ក៏​នឹង​លើកយក​មក​ពិភាក្សា​ផងដែរ​ពី​បញ្ហា​ “លុបចេញ​ទិដ្ឋាការ”​សម្រាប់​ប្រជាជន​រុស្ស៊ី​និង​ប្រជាជន​អឺរ៉ុប​ក្នុង​ការ​ធ្វើដំណើរ​ឆ្លងដែន​រវាង​ក្រុម​ប្រទេស​ទាំងពីរ។

ហើយ​ជំនួបកំពូល​សហភាពអឺរ៉ុប-រុស្ស៊ី​ក៏​ពុំ​ភ្លេច​លើក​យកមក​ពិភាក្សា​ដែរ​ពី​ការ​សុំចូល​ជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដោយ​ប្រទេស​រុស្ស៊ី​ ​ ហើយនិង​ពីបញ្ហា​ដ៏​ចម្រូង​ចម្រាស​ទាក់ទិន​នឹង​បញ្ហា​បំពង់​បង្ហូរ​ឧស្ម័ន​ហើយនិង​សកម្មភាព​នៅ​អឺរ៉ុប​របស់​មហា​ក្រុមហ៊ុន​រុស្ស៊ី​ឈ្មោះ​ Gazprom ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ