បារាំង

លោក Jacques Chirac ត្រូវតុលាការ​កាត់ឲ្យ​ជាប់​ពន្ធនាគារ​២ឆ្នាំ​ដោយ​ព្យួរទោស​

លោក​​អតីត​​ប្រធានាធិបតី​​បារាំង​​ Jacques Chirac​​ ត្រូវ​​តុលាការ​​​​កាត់​ឲ្យ​​ជាប់​​ពន្ធនាគារ​​២ឆ្នាំ​​ដោយ​ព្យួរទោស​​
លោក​​អតីត​​ប្រធានាធិបតី​​បារាំង​​ Jacques Chirac​​ ត្រូវ​​តុលាការ​​​​កាត់​ឲ្យ​​ជាប់​​ពន្ធនាគារ​​២ឆ្នាំ​​ដោយ​ព្យួរទោស​​ © AFP

ចាស់ជរា​ ​ ធ្លាក់ខ្លួនឈឺ​ចុះទន់ខ្សោយ​ ​ ចាប់មាន​ការ​វង្វេង​វង្វាន់​ ​ លោក​ Jacques Chirac​ មាន​អាយុ​៧៩ឆ្នាំ​បានត្រូវ​តុលាការ​បារាំង​កាត់​ឲ្យ​ជាប់​ពន្ធនាគារ​២ឆ្នាំ​ដោយ​ព្យួរទោស​នៅក្នុង​បញ្ហា​បង្កើត​ការងារ​ក្លែងក្លាយ​នៅ​សាលាក្រុង​ប៉ារីស​ ​ កាលលោក​នៅ​កាន់​តំណែង​ជា​អភិបាល​ក្រុង​។​ លោក​ Jacques Chirac​ គឺជា​អតីត​ប្រធានាធិបតី​បារាំង​ទីមួយ​ដែល​បាន​ត្រូវ​តុលាការ​កាត់​ទោស​​បែបនេះ​ ​ នៅពេល​រសៀល​នៃ​ជីវិត​នយោបាយ​របស់លោក។

ផ្សាយពាណិជ្ជកម្ម

លោក​ Jacques Chirac​ គឺជា​មនុស្ស​ម្នាក់​ដែល​សម្បូណ៌​ពោរពេញ​ទៅដោយ​ថាមពល​ ​ មហិច្ឆតា​ ​ ហើយ​ត្រៀម​លក្ខណៈ​ជាស្រេច​នឹង​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​សម្រេច​គោល​បំណង​របស់​ខ្លួន។​ បញ្ហា​បង្កើត​ការងារ​ក្លែងក្លាយ​នៅ​សាលាក្រុង​ប៉ារីស​បាន​ត្រូវ​អ្នកប្រឆាំង​នឹង​លោក​ Jacques Chirac​ យកមក​ធ្វើការ​វាយប្រហារ​និង​ប្តឹង​​ទៅ​តុលាការ​ជាយូរឆ្នាំ​​មកហើយ។

 
ឥឡូវនេះ​ លោក​ Jacques Chirac​ ​ចាស់ជរា​មាន​អាយុ​៧៩ឆ្នាំ​ ​ មាន​រូបកាយ​និង​បញ្ញា​ធ្លាក់​ចុះ​ទន់ខ្សោយ​ ​ បានត្រូវ​តុលាការ​បារាំង​កាត់​ឲ្យ​ជាប់​ពន្ធនាគារ​២ឆ្នាំ​ដោយ​ព្យួរទោស​នៅក្នុង​បញ្ហា​បង្កើត​ការងារ​ក្លែងក្លាយ​នៅ​សាលាក្រុង​ប៉ារីស​ ​ កាលលោក​នៅ​កាន់​តំណែង​ជា​អភិបាល​ក្រុង​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ៩០​ ​ មុននឹង​លោក​ឡើងមក​កាន់​តំណែង​ជា​ប្រធានាធិបតី​បារាំង។

នៅទី​បំផុត​ លោក​ Jacques Chirac​ បាន​ក្លាយជា​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង​នៅ​ឆ្នាំ១៩៩៥​ ​ ក្នុងរយៈកាល​១២ឆ្នាំ​នៃ​ពីរ​អណត្តិ​ប្រធានាធិបតី​ ១៩៩៥-២០០៧​ លោក​ Jacques Chirac​បាន​ត្រូវ​ការពារ​ដោយ​អភ័យឯកសិទ្ធិ​។​ ក៏ប៉ុន្តែ​អ្នកជំនិត​របស់​ លោក​ Jacques Chirac​ ពោលគឺ​លោក​ Alain Juppé ​បាន​ត្រូវ​តុលាការ​កាត់​ “ពុំឲ្យ​មាន​សិទ្ធិ​ឈរឈ្មោះ​បោះឈ្នោត​សម្រាប់​រយៈកាល​មួយឆ្នាំ”​ នៅក្នុង​បញ្ហា​បង្កើត​ការងារ​ក្លែងក្លាយ​នៅ​សាលាក្រុង​ប៉ារីស​នេះ។

ការកាត់ទោស​ឲ្យលោក​ Jacques Chirac ​ជាប់​ពន្ធនាគារ​២ឆ្នាំ​ដោយ​ព្យួរទោស​ដោយ​តុលាការ​បារាំង​នេះ​បាន​ត្រូវ​មជ្ឈដ្ឋាន​ខ្លះ​កើតមាន​ក្តី​អាណិត​អាសូរ​ដល់​រូប​លោក​អតីត​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI