រុស្ស៊ី-នយោបាយ

Web-Camera នឹង​ត្រូវ​ដំឡើង​នៅ​គ្រប់​ការិយាល័យ​បោះឆ្នោត​

ការ​ដំឡើង​​ Web-Camera ​​បែបនេះ​​​គឺ​​ដើម្បី​​ហុច​​លទ្ធភាព​​ដល់​ប្រជាជន​​​ឲ្យ​តាម​ដាន​​ដោយ​ភ្នែកផ្ទាល់​​​ដំណើរ​​ប្រព្រឹត្ត​ទៅ​​នៃ​​ការបោះឆ្នោត​​ប្រធានាធិបតី​​នៅថ្ងៃមុខ​
ការ​ដំឡើង​​ Web-Camera ​​បែបនេះ​​​គឺ​​ដើម្បី​​ហុច​​លទ្ធភាព​​ដល់​ប្រជាជន​​​ឲ្យ​តាម​ដាន​​ដោយ​ភ្នែកផ្ទាល់​​​ដំណើរ​​ប្រព្រឹត្ត​ទៅ​​នៃ​​ការបោះឆ្នោត​​ប្រធានាធិបតី​​នៅថ្ងៃមុខ​ © កែវ​ ឆាយា

សេចក្តីនេះ​ត្រូវបាន​ថ្លែង​បញ្ជាក់​ទៅពួក​អ្នកកាសែត​ដោយ​លោក​រដ្ឋមន្ត្រី​ ក្រសួង​ទូរគមនាគមន៍​រុស្ស៊ី​ Igor​ Schegolev​ ក្រោយពី​បានជួប​និង​ទទួល​ការផ្ទុកផ្តាក់​ផ្ទាល់​ពី​លោកនាយក​រដ្ឋមន្ត្រី​ពូទីន។ ​គោលដៅ​នៃការ​ដំឡើង​ Web-Camera ​បែបនេះ​ តាមលោក​ ពូទីន ​គឺ​ដើម្បី​ហុច​លទ្ធភាព​ដល់​ប្រជាជន​ទាំងមូល​ឲ្យតាម​ដាន​ដោយ​ភ្នែក​គេផ្ទាល់ ​អំពី​ដំណើរ​ប្រព្រឹត្តទៅ​នៃ​ការបោះឆ្នោត​ប្រធានាធិបតី​នៅថ្ងៃមុខ​កុំឲ្យមាន​ការ​ចោទ​ប្រកាន់​ថា​មានការ​ក្លែង​បន្លំ​សន្លឹក​ឆ្នោត​ដូច​ក្នុងការ​បោះឆ្នោត​សភា​កន្លង​ទៅឡើយ។

ផ្សាយពាណិជ្ជកម្ម

ឧទ្ទិស​ដល់សាច់រឿង​ដែលមាន​នៅម៉ូស្គូ​មាន​ប្រព្រឹត្ត​ទៅ​សន្និសីទ​កាសែត​មួយ​ពិសេស​ជាទី​ដែល​លោកអនុ​រដ្ឋមន្ត្រី​ក្រសួង​ទូរគមនាគមន៍​រុស្ស៊ី ​ILya Massukh​ បាន​លម្អិត​ថា ៖​

 
- ប្រតិបត្តិការ​ដំឡើង​ Web-Camera ​នឹងចាប់​ផ្តើម​នៅថ្ងៃ​១៥មករា​ខាងមុខ​ហើយវា​នឹង​ពន្យារ​ទៅពេញ​១ខែ​បានន័យថា​ នឹងរួចជា​ស្រេច​បាច់​គឺនៅថ្ងៃ​១៥កុម្ភៈ។​ ដូច្នេះ​គឺតាំងពី​ជាង​កន្លះខែ​ទៅហើយ​មុនដល់​ពេលបោះឆ្នោត​ប្រធានាធិបតី​នៅថ្ងៃទី​៤មីនា​ឆ្នាំ២០១២​ ជាទី​ដែល​នឹង​មាន​រូបលោក​នាយករដ្ឋមន្ត្រី​ពូទីន ​ជាបេក្ខជន​សំខាន់​ជាងគេ​ចូល​ប្រឡូកដែរ។

- ចំនួន​ការិយាល័យ​បោះឆ្នោត​សរុប​ទៅនៅរុស្ស៊ី​ គឺជាង​៩ម៉ឺន​៤ពាន់​កន្លែង​ហើយប្រចាំការ​ទាំងយប់​ទាំងថ្ងៃ​នៅ​នឹង​ការិយាល័យ​បោះឆ្នោត​នីមួយៗ​នឹងមាន​ដំឡើង​មិនតិចជាង​ ៣កាមេរ៉ា​ឡើយ។​

- ការដំឡើងនេះ​ តម្រូវឲ្យ​ចំណាយ​ទឹកប្រាក់​ដល់ ១៥.០០០លាន​រូប្ល ​ឬ​ប្រមាណ ​៥០០លាន ​ដុល្លារ​អាមេរិក។

តាមប្រសាសន៍​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​រុស្ស៊ី​ ចំណោទ​ធំធេង​យ៉ាងនេះ​មិនដែល​ធ្លាប់​បានត្រូវ​ដោះស្រាយ ​ដោយ​ប្រទេស​ណាមួយ​ក្នុង​លោកឡើយ។

គួររំលឹក​ថា ​គឺក្នុង​បទអន្តរាគមន៍​ឆ្លើយ​ដោយ​ត្រង់ផ្ទាល់​តបនឹង​សំនួរ​ប្រជាពលរដ្ឋ​កាលពី​៥ថ្ងៃ​មុន​ដែល​លោកពូទីន​ បាន​សន្យាថា​នឹង​បញ្ជា​ឲ្យដំឡើង​កាមេរ៉ា​បែបនេះ​ប្រចាំ​នៅតាម​គ្រប់​តែ​ការិយាល័យ​បោះឆ្នោត​តែម្តង​ដើម្បី​កុំឲ្យពួក​ប្រឆាំង​មានលេស​ចោទ​បក្ស​កាន់​អំណាច​ថាក្លែង​បន្លំ​សន្លឹក​ឆ្នោត​ទៀត​ឡើយ។

លោកពូទីន​ដែល​បញ្ឈរ​ឈ្មោះ​ដោយ​បក្ស​កាន់​អំណាច​ជា​បេក្ខជន​ប្រធានាធិបតី​ចង់ជាប់ឆ្នោត​ជា​ប្រធានាធិបតី​សម្រាប់​អាណត្តិទី៣​របស់​ខ្លួន​គឺឲ្យ​បាន​ពេញ​តម្លៃ​មិនមែន​ក្រោម​សំនៀង​ដៀម​ដាម​ថា​ជាប់​តាម​វិធី​ក្លែង​បន្លំ​សន្លឹក​ឆ្នោត​ស្អីណាឡើយ។

ស្របនឹង​លទ្ធផលនៃ​ការ​ស្ទង់​មតិ​ចុងក្រោយ​ លោកពូទីន​ទោះបី​វ៉ា​ដាច់​លើបេក្ខជន​ឯទៀត​ក្តី ​ក៏តាមមើល​ទៅ​អាចមិន​ឈ្នះឆ្នោត​តាំង​ពី​ជុំទី១​បាន​ដូចចិត្ត​ឡើយ​ពីព្រោះ​គាត់នឹង​ទទួល ​សំឡេង​គាំទ្រ​មិនដល់​៥០%+១​សំឡេងឡើយ​ដោយ​បានត្រឹមតែ​៤២%ប៉ុណ្ណោះ ​ហេតុ​ដែល​នឹង​តម្រូវឲ្យ​មាន​ការប្រកួត​ដល់​ជុំទី២​ឯណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI