មិទ្ទិញដ៏ខ្លាំងក្លាជាថ្មីប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតសភាកន្លងទៅ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
មិទ្ទិញដ៏គគ្រឹកគគ្រេងថ្ងៃនេះដូចកាលពី២សប្តាហ៍មុនអ៊ីចឹង ប្រព្រឹត្តទៅក្រោមបាវចនាថា “ដើម្បីការបោះឆ្នោតសុចរិត”។ ចូលរួមគឺមនុស្សជាច្រើនម៉ឺននាក់ដែលតាមសំដីគេគឺគេក្តៅក្រហាយដោយសំឡេងដែលគេបានបញ្ចេញក្នុងការបោះឆ្នោតសភាកន្លងទៅសម្រាប់គាំទ្របក្សផ្សេងសោះបែរទៅត្រូវបានក្លែងបន្លំទៅជាសំឡេងគាំទ្របក្សកាន់អំណាចទៅវិញ។
ដោយហេតុថាមិទ្ទិញថ្ងៃនេះប្រព្រឹត្តទៅតាមការអនុញ្ញាតរបស់អាជ្ញាធរបានជាតាំងពីព្រលឹមមកឡានធំតូចជាច្រើនគ្រឿងរបស់ប៉ូលីសមានពង្រាយឲ្យប្រចាំការជាស្រេចនៅតាមបរិវេណនៃទីលានមិទ្ទិញក្រោមលេសថា សម្រាប់ធានាសន្តិសុខនិងសុវត្ថិភាពពួកអ្នកចូលរួម។
មិនតែប៉ុណ្ណោះដើម្បីចូលទៅក្នុងបរិវេណនោះ គេត្រូវឆ្លងកាត់របាំងពិសេសរបស់ប៉ូលីសដែលឆែកឆេរមិនឲ្យគេយកតាមខ្លួនឡើយនូវរាល់វត្ថុណាដែលអាចជាគ្រោះថ្នាក់ដល់ទីប្រជុំច្រើនកុះករនោះ។ វិថីធំតូចនៅជុំវិញត្រូវបិទសម្រាប់ចរាចរណ៍។
អ្វីដែលគួរឲ្យកត់សម្គាល់គឺមិទ្ទិញប្រព្រឹត្តទៅក្នុងសង្កាត់មួយឆ្ងាយបន្តិចពីវិមានក្រេមឡាំងនៅមហាវិថីឈ្មោះ Sakharov ដែលជំនាន់សូវៀតជាអ្នកប្រាជ្ញម្នាក់បង្កើតគ្រាប់បែក Hydrogene ហើយ ដែលល្បីខាងប្រឆាំងនឹងការរឹតត្បិតសិទ្ធិមនុស្សដោយអំណាចសូវៀតលុះទាល់តែក្នុងឆ្នាំ១៩៧៥បានទទួល”រង្វាន់ណូបែលសន្តិភាព”តែម្តង។
ស្របនឹងការប្រកូកប្រកាសតាមបណ្តាញ Facebook និងTwitter មានរៃលុយបានប្រមាណ៤លានរូប្ល ឬជិត ១៣ម៉ឺនដុល្លារ ហើយដោយដកពិសោធន៍ពីមិទ្ទិញលើកមុន លើកនេះត្រូវពួកអ្នកចាត់ចែងមិទ្ទិញប្រើសម្រាប់ដំឡើងជាមហាឆាកវេទិកាជាអេក្រង់២ដ៏ធំ បង្ហាញរូបវាគ្មិនដែលឡើងថ្លែងជាឧគ្ឈោសនស័ព្ទបំពងសំឡេងគេ។ លើឆាកវេទិកាគេអាចអានផ្ទាំងបដាដ៏ធំដែលចារទៅដោយឃ្លាថា “ រុស្ស៊ី នឹងក្លាយជាប្រទេសមានសេរីភាពពិតប្រាកដ”។
ក្នុងចំណោមវាគ្មិនជាអ្នកនយោបាយ ជាឥស្សរជនសង្គម ជាសិល្បករ ជាអ្នកនិពន្ធ អ្នកចម្រៀង តូឯកកុន។ល។ ដែលមានឈ្មោះក្នុងបញ្ជីសម្រាប់ឡើងថ្លែង ចំនួន៣០នាក់ គឺមានទាំងរូបអតីតមេដឹកនាំសូវៀតល្បីខាងធ្វើកំណែទម្រង់ លោក Gorbatchev ដែលទាមទារឲ្យធ្វើការបោះឆ្នោតសភាសាឡើងវិញ និងថែមទាំងសំដែងការអៀនខ្មាសជួសលោកពូទីនទៅផងដែលធ្លាប់ធ្វើជាប្រធានាធិបតីរុស្ស៊ីអស់២អាណត្តិទៅហើយស្រាប់តែបណ្តោយខ្លួនឈរឈ្មោះដើម្បីជាប់ក្នុងតំណែងនេះមួយអាណត្តិទៀត។ ពាក្យស្លោកចម្បងបន្លឺឡើងដោយអង្គមិទ្ទិញលើកនេះគឺ “ធ្វើសព្វបែបយ៉ាងដើម្បីកុំឲ្យលោកពូទីនត្រឡប់ទៅកាន់អំណាចកំពូលនៅវិមានក្រេមឡាំង” វិញ។ យ៉ាងណាមិញតបនឹងសំនួរមួយបន្លឺឡើងដោយវាគ្មិនម្នាក់ “តើពួកយើងចង់ឲ្យលោកពូទីនធ្វើជាប្រធានាធិបតីទៀតទេ”? ស្រាប់តែមានលាន់ទ្រហឹងពេញលើទីលានតែម្តងនូវសម្រែកស្រុះៗគ្នាថា “ទេ ទេ ទេជាដាច់ខាត”។
ក្រៅពីមិទ្ទិញនៅម៉ូស្គូ ដែលចាប់ផ្តើម១ម៉ោងមុនហើយដែលកំពុងបន្តទៅនៅឡើយមិទ្ទិញតវ៉ារបស់អ្នកស្រុកក៏ប្រព្រឹត្តទៅថ្ងៃនេះ នៅតាមក្រុងប្រមាណមួយរយទៀតនៃប្រទេសរុស្ស៊ី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ