រុស្ស៊ី

តើពួក​អ្នកប្រឆាំង​រុស្ស៊ី​កំពុង​ឈានទៅ​រកការ​បង្កើត​គណបក្ស​មួយដ៏ធំឬ?​

បាតុករ​​ប្រឆាំង​​លោក​ពូទីន​​​ប្រមាណ​​ដប់ពីរ​ម៉ឺន​នាក់​​​នៅ​ទីក្រុង​​ម៉ូស្គូ​​នៅថ្ងៃ​ទី​២៤​ធ្នូ​​ឆ្នាំ២០១១​
បាតុករ​​ប្រឆាំង​​លោក​ពូទីន​​​ប្រមាណ​​ដប់ពីរ​ម៉ឺន​នាក់​​​នៅ​ទីក្រុង​​ម៉ូស្គូ​​នៅថ្ងៃ​ទី​២៤​ធ្នូ​​ឆ្នាំ២០១១​ REUTERS/Tatyana Makeyeva

បីខែទៀត​ការបោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​រុស្ស៊ី​នឹងឈាន​មកដល់។​ លោក​នាយក​រដ្ឋមន្ត្រី​ ពូទីន​ ដែល​នឹង​ចូលរួម​ប្រកួត​ប្រជែង​ក្នុងការ​បោះឆ្នោត​នេះ​ត្រូវ​ប្រឈមមុខ​ទល់នឹង​បាតុកម្ម​ប្រឆាំង​មួយ​ដ៏​ធំធេង​ពុំដែល​កើតមាន​តាំងពី​លោក​ឡើងមក​កាន់អំណាច​ដប់ប្លាយ​ឆ្នាំ​មក។​ បាតុកម្ម​នៃ​បក្សប្រឆាំង​រុស្ស៊ី​ដែល​ប្រមូល​ប្រជុំ​បាតុករ​បាន​ប្រមាណ​ដប់ពីរ​ម៉ឺននាក់​នៅ​ទីក្រុង​ម៉ូស្គូ​ពិតជា​ជោគជ័យ​មួយ​ដ៏​សំខាន់​​ តើ​ពួកអ្នក​ប្រឆាំង​រុស្ស៊ី​កំពុង​ឈាន​ទៅរក​ការ​បង្កើត​គណបក្ស​មួយ​ដ៏​ធំ​ឬ?

ផ្សាយពាណិជ្ជកម្ម

ក្រោយពី​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​កម្លាំង​ដ៏​ធំធេង​និង​ជោគជ័យ​នៃ​មហាបាតុកម្ម​ដែល​ប្រមូល​ប្រជុំ​បាតុករ​បាន​ប្រមាណ​ដប់ពីរ​ម៉ឺននាក់​នៅ​ទីក្រុង​ម៉ូស្គូ​នៅថ្ងៃ​ទី២៤​ធ្នូ​ម្សិលមិញ​រួចមក​ ​ ក្រុម​អ្នក​ប្រឆាំង​រុស្ស៊ី​កំពុង​ចោទសួរថា​ ​ តើគេ​ត្រូវ​ជ្រើស​យក​មាគ៌ា​ណាខ្លះ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ទល់នឹង​លោក​ ពូទីន​ ​ ៖​ ឬមួយ​ត្រូវ​បង្កើត​ឲ្យ​មាន​ចលនា​គណបក្ស​នយោបាយ​ដ៏​ធំមួយ​ ​ ឬមួយ​ត្រូវ​ធ្វើការ​ចរចា​ជាមួយ​រដ្ឋអំណាច​រុស្ស៊ី​ ​ ឬ​មួយ​ក៏​ត្រូវ​បន្ត​កេណ្ឌ​ប្រមូល​គ្នីគ្នា​ធ្វើបាតុកម្ម​។​ ចំណែកឯ​លោក​ Boris Akounine ​អ្នកនិពន្ធ​រុស្ស៊ី​ដ៏​ល្បី​បាន​ឡើង​ថ្លែង​នៅលើ​វេទិកា​កាលពីម្សិលមិញ​នៅ​មុខ​បាតុករ​រុស្ស៊ីថា​ ​គេ​គួរតែ​​បង្កើត​ឲ្យមាន​ចលនា​នយោបាយ​ដ៏​ធំមួយ​ដែលត្រូវ​ដាក់ឈ្មោះថា​ “​ប្រទេស​រុស្ស៊ី​សុចរិត”​។

 
រីឯ​លោក​អតីត​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​រុស្ស៊ី​ Alexeï Koudrine ដែលបាន​ដកខ្លួន​ឆ្ងាយពី​វិមាន​ក្រេមឡាំង​ ​ បាន​ស្នើ​ឲ្យ​មាន​ការចរចា​រវាង​អ្នក​កាន់អំណាច​និង​បក្ស​ប្រឆាំង​ ​ បើពុំ​ដូច្នោះទេ​វាច្បាស់​ជាមាន​ “បដិវត្តន៍”​ មួយ​ជាពុំខាន។​ ក្រោយពី​មាន​បាតុកម្ម​ប្រកប​ដោយ​ជោគជ័យ​ ​ ក្រុមអ្នក​ប្រឆាំង​បាន​ធ្វើការ​សម្រេចចិត្ត​ទាមទារ​៖

-​ ឲ្យ​រំលាយចោល​លទ្ធផល​នៃ​ការបោះឆ្នោត​សភា​រុស្ស៊ី​ថ្មីៗ​កន្លងទៅនេះ។
-​ ឲ្យ​ដកហូត​លោក​ Vladimir Tchourov ​ប្រធាន​ គ.ជ.ប.​ រុស្ស៊ី​ចេញពី​តំណែង។
-​ ឲ្យ​រៀបចំ​ធ្វើការ​បោះឆ្នោត​សភា​ជាថ្មី។
-​ ហើយនិង​ធ្វើការ​អំពាវនាវ​កុំ​បោះឆ្នោត​ឲ្យ​លោក​ពូទីន​នាឱកាស​បោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​នៅ​ថ្ងៃទី​៤មីនា​ឆ្នាំ២០១២​ខាងមុខនេះ។

តើ​រដ្ឋអំណាច​រុស្ស៊ី​មាន​ប្រតិកម្ម​យ៉ាងណាដែរ​ក្រោយពីមាន​មហា​បាតុកម្ម​កាលពី​ម្សិលមិញ?
 
ទាំង​លោក​ប្រធានាធិបតី​រុស្ស៊ី​ មេដវេដេវ​ ​ ទាំងលោក​នាយក​រដ្ឋមន្ត្រី​ ពូទីន​ ពុំ​បាន​បញ្ចេញ​ប្រតិកម្ម​ជា​សាធារណៈ​ឡើយ​នៅ​ចំពោះមុខ​បាតុកម្ម​ដ៏​ធំធេង​របស់​បក្សប្រឆាំង​នៅ​ទីក្រុង​ម៉ូស្គូ។​ ក៏​ប៉ុន្តែ​កាលពី​ម្សិលមិញ​ ​ អ្នកនាំពាក្យ​នៃ​វិមាន​ក្រេមឡាំង​បាន​ប្រកាស​ថា​ ​ ការសម្រួល​និតិវិធី​ក្នុង​ការ​ចុះឈ្មោះ​គណបក្ស​ប្រឆាំង​នឹង​ចូល​ជាធរមាន​នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ។

ចំណែកឯ​ក្រុមបាតុករ​ប្រឆាំងវិញ​ ​ ពួកគេ​នៅតែ​សម្រេច​បន្ត​ដាក់​សម្ពាធ​ទៅលើ​រដ្ឋអំណាច​រុស្ស៊ី​ ​ ហើយពូកគេ​គ្រោង​រៀបចំ​ធ្វើ​បាតុកម្ម​ថ្មីទៀត​ ​ នៅ​ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​និង​បុណ្យ​ណូអែល​ដែល​នឹង​ត្រូវ​បិទបញ្ចប់​នៅ​ពាក់​កណ្តាល​ខែមករា​នៅ​ប្រទេស​រុស្ស៊ី។​ ហើយ​អ្នកដឹកនាំ​ចលនា​ប្រឆាំង​រុស្ស៊ី​ម្នាក់​ដ៏​ល្បី​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ពោលគឺ​លោក​ Alexeï Navalny ​បាន​សន្យា​ថា​ នឹងមាន​ប្រជាជន​រុស្ស៊ី​មួយលាន​នាក់​នាំគ្នា​ចុះថ្នល់​សម្ដែង​បង្ហាញ​ការ​ប្រឆាំង​របស់​ខ្លួន​នាឱកាស​បាតុកម្ម​លើកក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI