ក្រិក

រដ្ឋាភិបាល​បិទ​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន​ជាតិ ដើម្បី​សន្សំ​ប្រាក់

បណ្តា​ជន​ក្រិក នាំ​គ្នា​ប្រមូល​ផ្តុំ​នៅ​មុខ​ទីស្នាក់ការ​វិទ្យុ​និង​ទូរទស្សន៍ជាតិERT ប្រឆាំង​នឹង​ក្រិត្យ​របស់​រដ្ឋាភិបាល
បណ្តា​ជន​ក្រិក នាំ​គ្នា​ប្រមូល​ផ្តុំ​នៅ​មុខ​ទីស្នាក់ការ​វិទ្យុ​និង​ទូរទស្សន៍ជាតិERT ប្រឆាំង​នឹង​ក្រិត្យ​របស់​រដ្ឋាភិបាល REUTERS/John Kolesidis

ថ្ងៃ​អង្គារ​ទី ១១​មិថុនា ម៉ោង​១១​យប់ ម៉ោង​ក្នុង​ស្រុក គ្រប់​វិទ្យុ និង​ទូរទស្សន៍ជាតិ ​បាន​បញ្ឈប់​ដំណើរការ យ៉ាង​ទាន់​ហន់ ! ​ រដ្ឋាភិបាល​​បាន​ចេញ​​ក្រិត្យ និងបទ​​បញ្ជា​ចូល​ជា​ធរមាន​​ភ្លាម​ គ្មាន​បង្អង់​ បិទ​ប្រព័ន្ធ​ឃោសនា​ជាតិ ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ ដោយ​សំអាង​ថា​ជា​វិធានការ​ដាច់​ណាត់​ ដើម្បី​សន្សំ​ប្រាក់។ ក្រិត្យ​បន្ទាន់​នេះ​នឹង​ត្រូវ​ដាក់​ឱ្យ​សភា​អនុម័ត​ ប៉ុន្តែ​​ ​បក្ស​ជា​សម្ព័ន្ធ​មិត្ត​របស់​រដ្ឋាភិបាលចម្រុះ​ក្រិក​បាន​ប្រកាស​ជា​ស្រេច​មិន​គាំទ្រ​ ការ​បិទ​ប្រព័ន្ធ​ផ្សព្វ​​ផ្សាយវិទ្យុ​និង​ទូរទស្សន៍​ជាតិ​ឡើយ។ ប្រតិកម្ម​បាន​ធ្លាក់​មក​ជា​បន្ត​បន្ទាប់​ តាំង​ពី​ព្រលឹម​។​

ផ្សាយពាណិជ្ជកម្ម

 

គ្មាន​សំឡេង គ្មាន​រូបភាព​ទៀត​ទេ ក្នុង​វិទ្យុ​និង​កញ្ចក់​ទូរទស្សន៍ជាតិ តាំង​ពី​ល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ និង​បន្ត​រហូត​មក​ទល់​នឹង​ថ្ងៃ​ពុធ​នេះ​ទៀត ព្រោះ​ប៉ូលិស​ក្រិក​ បាន​ឡើង​ទៅ​កាច់​បិទ​​ប្រព័ន្ធ​ផ្សាយ​ ដោយ​ផ្ទាល់​តែ​ម្តង នៅ​វេលា​ម៉ោង ១១​យប់ ក្រោយ​ពី​មាន​សេចក្តី​ប្រកាស​របស់​រដ្ឋាភិបាល នៅ​ពេល​រសៀល។​ បុគ្គលិក​ទាំង​ ២៦៥៦​នាក់​ ​ក្លាយ​ខ្លួន​ជា​អ្នក​អត់​ការងារ​ធ្វើ​ក្នុង​ពេល​តែ​មួយ​ប៉ប្រិច​ភ្នែក។

សម្រាប់​​រដ្ឋាភិបាល​ក្រិក វិធាន​​ការ​ដ៏​ទាន់ហន់ ជា​ឯកតោ​ភាគី​​ មិន​ធ្លាប់​មាន​នេះ​ បណ្តាល​មក​ពី​​​ ​ក្រុម​វិទ្យុ​និង​ទូរទស្សន៍​ជាតិ  គ្មាន​តម្លាភាព​ ចាយវាយ​ ​ថវិកា​ខ្ជះខ្ជាយ​​ហួសហេតុ។ សេចក្តី​សម្រេច​ចិត្ត​នេះ ធ្លាក់​មក​ជួន​ចំ​ពេល​ដែល​​ក្រុម​សវនកម្ម​កំពុង​ត្រួតពិនិត្យ​​​​ចំណាយ​រដ្ឋ​ និង​ទាមទារ​ឱ្យ​​កាត់​បន្ថយ​ចំនួន​មន្ត្រី​រដ្ឋការ​។

តាម​ពិត​​វិទ្យុ​និង​ទូរទស្សន៍ជាតិ ស្ថិត​ក្នុង​បញ្ជី​ស្ថាប័ន​ត្រូវ​ធ្វើ​កំណែទម្រង់ ប៉ុន្តែ​គ្មាន​នរណា​នឹង​ស្មាន​ដល់​ថា​មាន​ការ​​បញ្ជា​ឱ្យ​បិទ​ភ្លាមៗ​ដូច្នេះ​ទេ។ ពេលនេះ​ទីស្នាក់ការ​វិទ្យុ​និង​ទូរទស្សន៍​ បាន​ក្លាយ​ជា​កន្លែង​ប្រមូលផ្តុំ​​គ្នា​ធ្វើ​កូដកម្ម ! ​ វិទ្យុ​និង ទូរទស្សន៍​ឯកជន​ដទៃ​ទៀត​ ​ ក៏​នាំ​គ្នា​ធ្វើកូដកម្ម​ដែរ​ ដើម្បី​ បង្ហាញ​សាមគ្គីភាព ​! គេ​ឮ​តែ​បទ​ចម្រៀង​ និង​ការ​ចាក់​ផ្សាយ​ឯកសារ​ចាស់ៗ​ឡើង​វិញ​ប៉ុណ្ណោះ លើក​ប្រព័ន្ធ​រលក​ធាតុអាកាស​និង​ក្នុង​កញ្ចក់​ទូរទស្សន៍។

នៅ​ក្នុង​រង្វង់​រដ្ឋាភិបាល ភាព​ប្រេះ​ឆា​ក៏​កើត​មាន​ឡើង​ដែរ គណបក្ស​​ពីរ​ក្នុង​ចំណោម​គណបក្ស​ទាំង​បី ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​ក្រិក​បាន ​ បានប្រកាស​មិនបោះឆ្នោត​​គាំទ្រ​ក្រិត្យ​របស់​រដ្ឋាភិបាល​ទេ។ វិទ្យុនិង​ទូរទស្សន៍​​ សហភាព​អឺរ៉ុប បា​ន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ក្រិក​ដក​សេចក្តី​សម្រេច​នេះ​ចេញ​វិញ ព្រោះ​ការ​ពន្លត់​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន គឺ​ស្មើ​នឹង​ការ​ពន្លត់​ប្រជាធិបតេយ្យ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI