តើបារាំងបន្តរក្សាឋានៈជាជើងឯកមានកូនច្រើនដល់ពេលណា ?
ចុះផ្សាយនៅថ្ងៃ៖
រដ្ឋាភិបាលបារាំង បានសម្រេចចិត្តសន្សំសំចៃថវិកា ដោយធ្វើកំណែទម្រង់នយោបាយគ្រួសារ តាមរយៈការកាត់បន្ថយជំនួយឧបត្តម្ភដល់គ្រួសារអ្នកមាន មិនថាមានកូនច្រើនឬតិចនោះឡើយ។ ពាក្យថា អ្នកមាន គឺជាគ្រួសារដែលបង់ពន្ធជូនរដ្ឋ មានប្រាក់ចំណូលចាប់ពី៥៣០០អឺរ៉ូឡើងទៅក្នុងមួយខែ។ នយោបាយសង្គម និងជួយគ្រួសារនេះ ត្រូវបានគេចាត់ទុកថា ជាកត្តាសំខាន់មួយ ជំរុញឱ្យបារាំងបង្កើតកូនច្រើន រហូតក្លាយជាជើងឯកលេខពីរ បន្ទាប់ពីប្រទេសអៀឡង់ ! ចុះបើរដ្ឋាភិបាលកាត់បន្ថយនិងរឹតត្បិតជំនួយ តើបារាំងនឹងលែងសូវបង្កើតកូន ឬយ៉ាងណា ?!
ប្រទេសបារាំងស្ថិតនៅក្នុងលំដាប់ទីពីរ ក្នុងអឺរ៉ុប ផ្នែកបង្កើតកូន បន្ទាប់ពីស្ត្រីជាតិអៀរឡង់។ ពោលគឺ ជាមធ្យម ក្នុងស្រ្តីម្នាក់ មាន កូន២នាក់ ក្នុងខណៈដែលប្រទេសជិតខាង ដូចយ៉ាងអាល្លឺម៉ង់ ឬអ៊ីតាលី ឬអេស្ប៉ាញជាច្រើន។ល។ មានកូនជាមធ្យមតែ ១,៤នាក់តែប៉ុណ្ណោះ។ លក្ខណៈពិសេសនេះ ជាមោទនភាពផង និងជាក្តីសង្ឃឹមនាពេលអនាគតរបស់អ្នកចូលនិវត្តន៍ផង។
ស្ត្រីបារាំងមានកូនបានច្រើន តើនេះផលអនុគ្រោះនៃនយោបាយគ្រួសាររបស់បារាំងឬ ?! នយោបាយជួយបញ្ចុះបញ្ចូល លើកទឹកចិត្ត និងឧបត្តម្ភ ដល់គ្រួសារ ឱ្យបង្កើតកូន មានតាំងពីក្រោយសម័យសង្គ្រាមលោកលើកទីមួយ (១៩៤០) និងកាត់បន្ថយពន្ធចំពោះគ្រួសារមានសមាជិកច្រើន។ រហូតមកទល់នឹងឆ្នាំ១៩៨១ ការបង់ពន្ធ ទៅតាមចំនួនសមាជិក ត្រូវបានកែលម្អបន្ថែមទៀត។ ឧទាហរណ៍ គ្រួសារមួយ មានកូនពីរនាក់ ការបង់ពន្ធអាស្រ័យទៅលើលទ្ធផលនៃប្រាក់ចំណូលសរុប ចែកនឹងបី ឪពុក-១ភាគ និង ម្តាយ -១ភាគ និងកូន-១ភាគ (កូនមួយកន្លះភាគ) ប៉ុន្តែ សំរាប់គ្រួសារមានកូនបីនាក់ ការបង់ពន្ធ គឺអាស្រ័យទៅលើលទ្ធផលនៃប្រាក់ចំណូលសរុបរបស់ឪពុកម្តាយ ចែកនឹងបួន ព្រោះចាប់ពីកូនទីបីទៅ កូនម្នាក់ត្រូវគិតថាជាចំណែកមួយដែរ។ ដូច្នេះគ្រួសារណាមានកូនច្រើន ត្រូវបង់ពន្ធតិច ឬមិនបង់ពន្ធសោះផង បើប្រាក់ចំណូលគាត់ទាបជាងការកំណត់របស់រដ្ឋ។ ប៉ុន្តែអ្នកវិភាគសេដ្ឋកិច្ចយល់ថា នយោបាយនេះបន្ថែមកន្លះភាគដល់កូនទីបី ស្ទើរតែគ្មានឥទ្ធិពលសោះទៅលើការបង្កើតកូន។
នយោបាយគ្រួសារ មិនមែនមានត្រឹមការផ្តល់ប្រាក់ឧបត្ថម្ភ ឬកាត់បន្ថយពន្ធតាមចំនួនសមាជិកទេ។ ជំនួយនេះតំណាងឱ្យតែ៤%នៃផលិតផលសរុបរបស់គ្រួសារតែប៉ុណ្ណោះ។ ខុសពីនោះគឺការបង្កើតរចនាសម្ព័ន្ធថែកុមារ ទារកដ្ឋាន មតេយ្យសាលា និងជំនួយសិក្សា… កត្តា ដ៏ចម្បង ដែលអនុញ្ញាតឱ្យអ្នកជាម្តាយអាចចេញធ្វើការក្រៅផ្ទះបាន។ ផ្នែកនេះបារាំងជាគំរូដ៏ប្រពៃ សូម្បីតែអាល្លឺម៉ង់ក៏ចង់ធ្វើឱ្យដូចដែរ។
កំណត់សម្គាល់មួយទៀត គឺគេតែងចោទប្រកាន់ថាបារាំងក្លាយជាជើងឯកខាងបង្កើតកូន មកពីមានជនអន្តោប្រវេសន៍ច្រើន ស្ត្រីសញ្ជាតិបារាំងដើមកំណើតបរទេសបង្កើតកូនច្រើន ទើបធ្វើឱ្យអត្រាបង្កើតកូនជាមធ្យមកើនឡើងដូច្នេះ។ ប៉ុន្តែបើតាមការសិក្សានៅឆ្នាំ២០១១ ថ្វីដ្បិតតែស្ត្រីបារាំងដើមកំណើតចាម មានកូនច្រើនជាងស្រ្តីកាន់សាសនាកាតូលិក ក៏ពិតមែន ក៏អត្រាមានកូនរបស់បារាំងនៅតែខ្ពស់ជាងប្រទេសជិតខាងដដែល ដោយមិនរាប់ វត្តមានស្ត្រីចាមចូលទេ។ ស្ត្រីចាម កើតជំនាន់១៩៥៨ -១៩៦៨ បង្កើតកូនជាមធ្យម២,៨នាក់ ពោលគឺច្រើនជាមធ្យមភាគជាតិឆ្ងាយណាស់។ ចំពោះស្ត្រីកាតូលិក ឬអ្នកគ្មានសាសនា ឬសាសនាផ្សេងៗទៀតវិញ ម្នាក់ៗបង្កើតកូនជាមធ្យម ១,៩ នាក់និង១,៧នាក់។ តួលេខនេះ សបញ្ជាក់ឱ្យឃើញថាស្ត្រីបារាំងមានកូនច្រើនលើស្ត្រីអាល្លឺម៉ង់ និងអេស្ប៉ាញបាត់ទៅហើយ។
សម្រាប់អ្នកវិភាគសេដ្ឋកិច្ច កត្តានយោបាយគ្រួសារមានទម្ងន់តិចជាង កត្តាវប្បធម៌ ឆ្ងាយណាស់ក្នុងការបង្កបង្កើតគ្រួសារ។ នៅក្នុងសង្គមលោកខាងលិច ដែលស្ត្រីនិងបុរស ជាទូទៅ ខ្លាចរអា មិនសូវចង់រៀបអាពាហ៍ពិពាហ៍នោះ បណ្តាជនបារាំងវិញ មិនខ្វល់នឹងបង្កើតកូនក្រៅខាន់ស្លាឡើយ។ គេសង្កេតឃើញមានកូនក្មេងចំនួន ៥៥% មានម្តាយឪពុកដោយអត់រៀបការ។ ចំណងអាពាហ៍ពិពាហ៍ នៅជារនាំងទប់ការបង្កើតកូននៅឡើយ នៅតាមបណ្តាប្រទេសអឺរ៉ុបដទៃមួយចំនួន។ ម្យ៉ាងវិញទៀត នៅប្រទេសបារាំង ម្តាយចេញទៅធ្វើការចោលកូន មិនសូវទទួលបានការរិះគន់ តិះដៀលអ្វី ដូចជាស្ត្រីអ្នកម្តាយនៅអាល្លឺម៉ង់ទេ។ អាល្លឺម៉ងនៅមានគំនិតប្រកាន់ខ្លះនៅឡើយថា ជាម្តាយមិនសក្តិសម ប្រសិនបើបង្កើតកូនហើយមិនមើលការខុសត្រូវឱ្យបានល្អ គិតតែពីទៅធ្វើការនោះ។
កត្តាមួយទៀតដែលរដ្ឋាភិបាលពិបាកនឹងគិតគូរដល់នោះ គឺកំណើនសេដ្ឋកិច្ចដើរថយក្រោយ ដែលជាទូទៅ មានឥទ្ធិពលអាក្រក់លើការបង្កកំណើត នៅមួយឆ្នាំក្រោយ។ នេះជាឧទាហរណ៍ជាក់ស្តែង ដែលសម្គាល់ឃើញនៅក្នុងប្រទេសជិតខាងបារាំង និងនៅសហរដ្ឋអាមេរិក។ ប៉ុន្តែប្រទេសបារាំងដែលមានផលិតផលសរុបមិនឡើងមិនចុះ អាចគេចផុតពីគ្រោះសេដ្ឋកិច្ចដើរថយក្រោយ បូកផ្សំនឹងមាននយោបាយសង្គម និងគ្រួសារអនុគ្រោះផង ទើបការបង្កកំណើតកូននៅតែមានអត្រាខ្ពស់។ ផ្ទុយទៅវិញបើសកម្មភាពសេដ្ឋកិច្ចនៅបន្តជួបការលំបាកដូចពេលបច្ចុប្បន្ននេះ នយោបាយគ្រួសារក៏មានការធ្វើកំណែទម្រង់ នោះបណ្តាជនបារាំងទំនងជាលែងហ៊ានមានកូន ក៏ថាបាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ