អ៊ីរ៉ង់

រុស្ស៊ី ចង់​ឱ្យ​​ប្រទេស​បច្ចិម​លោក បន្ទន់​ឥរិយាបទ​បន្តិច លើ​បញ្ហា​នុយក្លេអ៊ែរ អ៊ីរ៉ង់

លោក Vladimir Putine បង្ហាញ​​ថា​អ៊ីរ៉ង់ មាន​ឆន្ទៈ​​​​​​ក្នុង​ការ​ចូលរួម​កាត់​​បន្ថយ​​ការ​​រីក​​សាយ​ភាយ​​អាវុធ​​​នុយក្លេអ៊ែរ / នៅទីក្រុង មូស្គូ     ថ្ងៃទី ១១​ មិថុនា ២០១៣
លោក Vladimir Putine បង្ហាញ​​ថា​អ៊ីរ៉ង់ មាន​ឆន្ទៈ​​​​​​ក្នុង​ការ​ចូលរួម​កាត់​​បន្ថយ​​ការ​​រីក​​សាយ​ភាយ​​អាវុធ​​​នុយក្លេអ៊ែរ / នៅទីក្រុង មូស្គូ ថ្ងៃទី ១១​ មិថុនា ២០១៣ REUTERS/Yuri Kochetkov/Pool

រដ្ឋាភិបាល​រុស្ស៊ី បាន​ស្នើ​ឱ្យ​ប្រទេស​បច្ចិម​លោក​ បន្ធូរបន្ថយ ទណ្ឌកម្ម ដែល​តម្រូវ​ឱ្យ ប្រទេស​អ៊ីរ៉ង់​បញ្ឈប់ ជា​បន្ទាន់ នូវ​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ។ ដោយ​ទីក្រុង​មូស្គូ​យល់​ថា របប​ទីក្រុង​តេអេរ៉ង់ ដែល​មាន​ថ្នាក់​ដឹកនាំ​ថ្មី​មួយ​នេះ នឹង​មាន​ឆន្ទៈ​ល្អ​ក្នុង​ការ​ចរចា​រក​ដំណោះ​ស្រាយ មួយ​ដោយ​សន្តិវិធី។

ផ្សាយពាណិជ្ជកម្ម

ទីក្រុងមូស្គូ បាន​ប្រកាស​ឱ្យ​ប្រទេសបច្ចិមលោក បន្ទន់​រិយាបទ​បន្តិច ទាក់ទឹង​នឹង​ការ​ដាក់​ទណ្ឌកម្ម អ៊ីរ៉ង់ ក្នុង​សំណុំរឿង នុយក្លេអ៊ែរ ដោយ​ចង់​ឱ្យ​ប្រទេស​មហា​អំណាច​ទាំងអស់ ពិចារណា​​ឡើងវិញ ជៀសវាង​ការ​ដាក់​គំនៀប​លើ​អ៊ីរ៉ង់។ មាន​តែ​វិធី​នេះ​ទេ ដែល​ទីក្រុង មូស្គូ​យល់​ថា វា​នឹង​មាន​ប្រសិទ្ធិភាព​បំផុត។

 
បើ​តាម​សេចក្តី​ប្រកាស កាល​ពី​ថ្ងៃ​អង្គារ ទី១៨ មិថុនា របស់​រដ្ឋមន្រ្តី​ក្រសួង ការ​បរទេស​រុស្ស៊ី ដែល ដែល​ដកស្រង់​ដោយ​ភ្នាក់ងារ​ព័ត៌មាន​បារាំង AFP បាន​ឱ្យ​ដឹង​ថា ទីក្រុង​មូស្គូ ចង់ឱ្យ​ប្រទេស​មហា​អំណាច​ទាំងប្រាំ បូក ១ ស្វែង​រក​គន្លឹះ​មួយ​ចរចា​ជាមួយ​អ៊ីរ៉ង់។ គឺ​ចង់​ឱ្យ​មាន​ការ​កំណត់​ពេល​វេលា​មួយ​ពិត​ប្រាកដ​ឆាប់ៗ​ខាងមុខ​នេះ។

សូម​បញ្ជាក់​ផង​ដែរ​ថា ការ​ចរចា​ការទូត រវាង​ អ៊ីរ៉ង់ និង​ប្រទេស​មហា​អំណាច​ទាំង​៥ បូក ១ ដែល​មាន សហរដ្ឋអាមេរិក បារាំង អាឡឺម៉ង់ អង់គ្លេស ចិន និងរុស្ស៊ី បាន​អូស​បណ្លាយ អស់រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ រហូត​មក​ដល់​ការ​ចរចា​មួយ​កាល ពី​ខែមេសា កន្លង​ទៅ​នេះ ក៏​មិន​បាន​ទទួល​ជា​លទ្ធផល​អ្វី​ដែរ។

យើង​បាន​ដឹង​ហើយ​ថា កន្លង​មក​សហគមន៍ អន្តរជាតិ បាន​សង្ស័យ​លើ ​ដ្ឋាភិបាល​តេអេរ៉ង់ មាន​លួចលាក់​ផលិត​គ្រាប់បែក​នុយក្លេអ៊ែរ ក្រោម​រូបភាព​ផលិត​ថាមពល​នុយក្លេអ៊ែរ​ស៊ីវិល។ តប​នឹង​ទង្វើរ​ខាង​លើ សហគមន៍​អន្តរជាតិ​បាន​សម្រេច ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​រដ្ឋាភិបាល​អ៊ីរ៉ង់។ ដោយ​អង្គការ​សហប្រជាជាតិ បាន​សម្រេច​បង្កក​គណនីយ្យ​ធនាគារ​របស់​អ៊ីរ៉ង់ និង ផ្អាក​ការ​ទិញ​ប្រេង​របស់ អ៊ីរ៉ង់ ពីសំណាក់ សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក ជា​ដើម។

កាល​ពី​ថ្ងៃ​ចន្ទ​ទី​១៧​មិថុនា​នេះ​ដែរ លោក បារ៉ាក់ អូបាម៉ា បាន​ប្រកាស​ក្នុង​កិច្ច​ប្រជុំ G8 ថា អាមេរិក និងរុស្ស៊ី មាន​សុទិដ្ឋិនិយម ចំពោះ​ការ​ដោះស្រាយ​បញ្ហា​ខាង​លើ ជា​មួយ​ថ្នាក់​ដឹកនាំ​ថ្មី​របស់​អ៊ីរ៉ង់។
 

សូម​រម្លឹក​ថា លោក Hassan Rohani បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ថ្មី​របស់​អ៊ីរ៉ង់​ កាល​ពី​ថ្ងៃ​អាទិត្យ ទី ១៦​មិថុនា។ ហើយ​លោក ជាបក្ខជន​មក​ពី​គណបក្ស ដែល​មាន​នយោបាយ កំណែ​ទម្រង់​និយម។ ក្នុង​រឿង​នេះ លោក Hassan Rohani​បាន​បញ្ជាក់​ថា អ៊ីរ៉ង់ មិន​បញ្ឈប់​កម្ម​វិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ទេ។ តែ​លោក បាន​សន្យា​ថា​នឹង​ធ្វើ​ការងារ​ខាង​នេះ ឱ្យ​មាន​តម្លាភាព​បំផុត​មុន​នឹង​បន្ត​កម្មវិធី នុយក្លេអ៊ែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI