ហេតុអ្វីអាល្លឺម៉ង់មិនសូវស្វាគមន៍ លោក បារ៉ាក់ អូបាម៉ា ?
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅថ្ងៃពុធម្សិលមិញ លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ ជាលើកទីមួយនៅប្រទេសអាល្លឺម៉ង់ ក្នុងនាមជាប្រធានាធិបតី។ ទោះបីជាមិនទាន់បាត់បង់ប្រជាប្រិយភាព ទាំងស្រុងក្តី ក៏បណ្តាជនអាល្លឺម៉ង់ ទទួលស្វាគមន៍លោក បារ៉ាក់ អូបាម៉ា យ៉ាងសោះកក្រោះ ខុសពីប្រធានាធិបតីអាមេរិកមុនៗ។ មិនតែប៉ុណ្ណោះ បែរជាមានបាតុកម្មប្រឆាំងនឹងលោកប្រធានាធិបតីអាមេរិកទៀត។ ហេតុអ្វីបានជាដូច្នេះ ?!
គ្រប់ប្រធានាធិបតីអាមេរិក ក្នុងរយៈពេលជាង១០ទសវត្សរ៍ចុងក្រោយនេះ សុទ្ធតែអញ្ជើញមកបំពេញទស្សនកិច្ច និងថ្លែងសុន្ទរកថា នៅប៊ែរឡាំង និមិត្តសញ្ញានៃសង្គ្រាមត្រជាក់ផង ការប្រយុទ្ធតស៊ូដើម្បីសេរីភាពជាទូទៅផង និងសម្ព័ន្ធភាពរវាងអាមេរិកនឹងអាល្លឺមង់ ឬអឺរ៉ុបទាំងមូលទេ។
យ៉ាងណាមិញ សុន្ទរកថារបស់លោកអូបាម៉ា នៅថ្ងៃពុធម្សិលមិញ ក៏ជាការរង់ចាំមួយ ប៉ុន្តែ សន្ទុះនៃការទទួលស្វាគមន៍ ហាក់ដូចជាមិនសូវកក់ក្តៅដូចមុនទេ ឯអ្នកចូលរួមស្តាប់ក៏ដូចជាមិនសូវឆូឆរ ដូចកាលលោកនៅជា បេក្ខជនប្រធានាធិបតី ឆ្នាំ២០០៨ ដែលកាលណោះ លោក បារ៉ាក់អូបាម៉ា គ្មានទាំងសិទ្ធិឡើងធ្វើសុន្ទរកថា នៅទីលាន ច្រកBrandebourg ដ៏ល្បីល្បាញលើពិភពលោក តំណាងឱ្យការបង្រួបបង្រួមអាល្លឺម៉ង់ផង។
លើកនេះ លោកបារ៉ាក់ អូបាម៉ា អាចឡើងលើវេទិកា ដូចអតីតប្រធានាធិបតីមុនៗ និងចំខួប៥០ឆ្នាំ នៃសុន្ទរកថាដ៏ល្បីល្បាញ របស់ ប្រធានាធិបតីអាមេរិកទី ៣៥ ដែលកាលណោះ ដែលប្រធានាធិបតីអាមេរិក Kennedy បានពង្វក់ចិត្តបណ្តាជនក្រុងបែរឡាំងទាំងមូល ឱ្យចងចាំជានិច្ចក្នុងបេះដូង ជាមួយសុន្ទរកថា មួយឃ្លាថា Ich Bin Ein Berliner “ខ្ញុំជាអ្នកបែរឡាំង”។ ប៉ុន្តែសម្រាប់លោកអូបាម៉ាវិញ ជោគជ័យហាក់ដូចជានៅឆ្ងាយណាស់។ លោក ទំនងជាបានធ្វើឱ្យបណ្តាជនអាល្លឺម៉ង់ ខកចិត្ត។ នេះបើគេជឿតាមសារព័ត៌មានក្នុងស្រុក។ បណ្តាជនអាល្លឺម៉ង់ បន្ទោសលោកអូបាម៉ា ក្នុងសំណុំរឿងជាច្រើន ដូចជា ការរក្សាទុកពន្ធនាគារ Guantanamo និងការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក Drone ដើម្បីប្រឆាំងនឹងភេរវនិយម។ ពិសេសទៅទៀត គឺសំណុំរឿងតាមដាន លួចយកការណ៍តាមប្រព័ន្ធអ៊ីនធ័រនែត ដែលទើបធ្លាយអាស្រូវក្នុងពេលថ្មីៗនេះ។ ទង្វើរបស់អាមេរិក ដែលអាល្លឺម៉ង់មិនពេញចិត្តព្រោះជាការរំលោភសិទ្ធិជីវិតឯកជន។ លោកស្រីប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ បានថែមទាមទារឱ្យរដ្ឋាភិបាលវ៉ាស៊ីនតោនបំភ្លឺសំណុំរឿងនេះជាលាយលក្ខណ៍អក្សរទៀតផង។
ក្រៅអំពីការរិះគន់ប្រឆាំងនឹងនយោបាយរបស់លោក បារ៉ាក់ អូបាម៉ា អាល្លឺម៉ង់អាក់អន់ចិត្តនឹងទំនាក់ទំនងកាន់តែសោះកក្រោះរវាងប្រទេសទាំងពីរ។ ចំពោះអាមេរិក អាល្លឺម៉ង់ ឬអឺរ៉ុបលែងសូវមានសារៈសំខាន់ដូចសម័យសង្គ្រាមត្រជាក់ហើយ ប៉ុន្តែទោះជាយ៉ាងនេះក្តីក៏អាល្លឺម៉ង់និងអឺរ៉ុប នៅតែជាដៃគូមិនអាចខ្វះបានដដែល។ អាល្លឺម៉ង់ដែលជាប្រទេសមានឥទ្ធិពលជាងគេនៅអឺរ៉ុបនេះ នៅតែសំខាន់សំរាប់អាមេរិក ដែលមិនគួរនឹងមើលរំលងបានជាដាច់ខាត។
តាំងពីទទួលតំណែងជាប្រធានាធិបតីអាមេរិកមក នយោបាយការបរទេសមានការប្តូរផ្លាស់និងវិវឌ្ឍន៍ លោកអូបាម៉ា បានផ្តល់អាទិភាពដល់តំបន់អាស៊ី ក្នុងនាមជាប្រធានាធិបតីសន្តិភាពនិយម។ ប៉ុន្តែធ្វើការជាមួយបណ្តាប្រទេសមហាអំណាចទើបមានសេដ្ឋកិច្ចលូតលាស់ខ្លាំង ដូចយ៉ាងចិន ប្រេស៊ីល ឬ ឥណ្ឌា មិនមែនជាការងាយស្រួល ឡើយ។ រាល់ប្រធានបទអន្តរជាតិ ពិភពលោកសំខាន់ៗ ត្រូវដោះស្រាយ ឧទាហរណ៍សំណុំរឿង ប្រទេសស៊ីរី អ៊ីរ៉ង់ ឬការប្រយុទ្ធប្រឆាំងនឹងការសាយភាយអាវុធនុយក្លេអ៊ែរ។ល។ និង។ល។ អាមេរិកចាំបាច់ត្រូវការការសហការពីអឺរ៉ូប។ ទម្រាំយល់ ហើយងាករកសម្ព័ន្ធមិត្តចាស់ លោកអូបាម៉ា បានអូសបន្លាយពេលវេលាយូរបន្តិចទៅហើយ។
ជាសរុបមក អឺរ៉ុប នៅតែជាដៃគូដ៏ប្រសើរបំផុត របស់សហរដ្ឋអាមេរិក សម្រាប់ប្រឈមរាល់ឧបសគ្គទាំងឡាយ ក្នុងពេលអនាគត។ នេះហើយជាសារដែលលោក ប្រធានាធិបតីអាមេរិកត្រូវផ្សព្វផ្សាយក្នុងសុន្ទរកថាល្ងាចមិញ។ ដើម្បីស្តារជំនឿទុកចិត្តឡើងវិញ លោកអូបាម៉ា ក៏នាំទៅមួយនូវកិច្ចព្រមព្រៀងជាមួយរុស្ស៊ី កាត់បន្ថយបរិមាណសព្វាវុធនុយក្លេអ៊ែរ ចំនួនមួយភាគបី និងប្រកាសបើកជំនួបចរចាស្តីពីការផ្តោះប្តូរពាណិជ្ជកម្មដោយសេរីរវាងអឺរ៉ុបនិងសហរដ្ឋអាមេរិក។ លើសពីនេះទៅទៀត លោកអូបាម៉ា បានប្រកាសពង្រឹងភាពជាដៃគូ ស្មើភាពគ្នាជាមួយអឺរ៉ុបនិង អាល្លឺម៉ង់ នៅលើឆាកអន្តរជាតិ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ