លោកអូបាម៉ាចង់ឲ្យអាមេរិក និងរុស្ស៊ីកាត់បន្ថយចំនួនគ្រាប់នុយក្លេអ៊ែរ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា បានអំពាវនាវ កាលពីថ្ងៃពុធ ទី ១៩មិថុនា ចង់ឲ្យមានការកាត់បន្ថយអាវុធនុយក្លេអ៊ែរ នៅក្នុងប្រទេសអាមេរិក និងរុស្ស៊ី។ នៅក្លោងទ្វារ Brandebourg ដែលកំណត់ពុះចែកទឹកដីប៊ែឡាំងជាពីរ កាលពីសម័យសង្រ្គាមត្រជាក់ លោកបារ៉ាក់ អូបាម៉ា ថ្លែងចង់បានការកាត់បន្ថយអាវុធនុយក្លេអ៊ែរ ដើម្បីបានពិភពលោកមួយ មានសន្តិភាពពិតប្រាកដ។
កាលពីអាណត្តិមុន លោកបារ៉ាក់ អូបាម៉ាបានធ្វើនយោបាយគួរឲ្យកត់សំគាល់មួយទាក់ទងនឹងការកាត់បន្ថយអាវុធនុយក្លេអ៊ែរ។ គាត់បានជំរុញឲ្យមានការចុះសន្ធិសញ្ញាNewstart រវាងអាមេរិក និងរុស្ស៊ី ដើម្បីកាត់បន្ថយក្បាលគ្រាប់នុយក្លេអ៊ែរ និងសព្វាវុធ។ ប៉ុន្តែ ក្រោយមក បញ្ហានុយក្លេអ៊ែរក៏បានស្ងាត់ទៅវិញ។
លោកប្រធានាធិបតី អាមេរិកបានអះអាងថា អាមេរិកនឹងអាចកាត់បន្ថយ រហូតដល់មួយភាគបី នៃអាវុធនុយក្លេអ៊ែររបស់ខ្លួន។ បើតាមការអះអាងរបស់លោកអូបាម៉ា កាត់បន្ថយគ្រាប់នុយក្លេអ៊ែររបស់អាមេរិក នឹងមិនប៉ះពាល់ដល់សមត្ថភាពរបស់អាមេរិក ក្នុងការធានាសុវត្ថិភាព និងសន្តិសុខដល់ប្រជាជនអាមេរិក និងប្រជាជនរបស់សម្ព័ន្ធមិត្ត ទេ។
ប៉ុន្តែ អ្វីដែលសំខាន់ គឺអាមេរិកមិនមែនកាត់បន្ថយទេតែម្នាក់ឯងទេ ហើយអាមេរិកប្រឆាំងដាច់ខាតនឹងកម្មវិធីផលិតអាវុធនុយក្លេអ៊ែររបស់អ៊ីរ់ង់ និងកូរ៉េខាងជើង។ លោកអូបាម៉ាចង់ឲ្យប្រទេសនៅអឺរ៉ុប កាត់បន្ថយក្បាលគ្រាប់នុយក្លេអ៊ែរ ដែរ ជាពិសេសរុស្ស៊ីតែម្តង ដែលធ្លាប់ជាអតីតសត្រូវរបស់អាមេរិកក្នុងសង្រ្គាមត្រជាក់។ លោកអូបាម៉ាថ្លែងថា លោកនឹងស្វែងរកការចរចាជាមួយរុស្ស៊ីដើម្បីឲ្យរុស្ស៊ីកាត់បន្ថយអាវុធនុយក្លេអ៊ែររបស់ខ្លួនដែរ។
ទីក្រុងម៉ូស្គូវិញមិនសូវស្វាគមនយោបាយរបស់លោកអូបាម៉ាប៉ុន្មានទេ។ បើតាមលោកឧបនាយករដ្ឋមន្រ្តីរុស្ស៊ី ម៉ូស្គូមិនទាន់អាចចាត់ទុកការថ្លែងរបស់លោកអូបាម៉ាថា ជាបានការ ឬការធានាមួយច្បាស់លាស់ទេ។ ព្រោះថា រហូតមក អាមេរិក និយាយផ្សេង តែធ្វើផ្សឹង។ តាមរុស្ស៊ី អាមេរិក នៅតែចំណាយលុយអភិវឌ្ឍ និងពង្រឹងប្រព័ន្ធខែលមីស៊ីល ដែលអាមេរិកកំពុងដាក់ពង្រាយ នៅអឺរ៉ុប។ រុស្ស៊ី ចង់សំដៅប្រព័ន្ធខែលមីស៊ីលដែលអាមេរិកបានដាក់ពង្រាយតាំងនៅក្នុងប្រទេសប៉ូឡូញ និងរ៉ូម៉ានី ដែលរុស្ស៊ីចាត់ទុកថា ជាគ្រោះថា្នក់សម្រាប់សន្តិសុខរបស់ខ្លួន។
រុស្ស៊ី និងអាមេរិក នៅតែមិនទាន់និយាយត្រូវគ្នា ពីប្រព័ន្ធខែលមីស៊ីល ដោយរុស្ស៊ី ចង់បញ្ចូលសព្វាវុធនេះ ទៅក្នុងសន្ធិសញ្ញា New Start ដែលមានគោលដៅកាត់បន្ថយអាវុធនុយក្លេអ៊ែរ។ អាមេរិកវិញ តែងតែបដិសេធ ដោយលើកហេតុផលថា ប្រព័ន្ធខែលមីស៊ីលគ្មានតួនាទីសម្រាប់បាញ់អាវុធនុយក្លេអ៊ែរ ប៉ុន្តែ មាននាទីសម្រាប់បាញ់ស្ទាក់ទប់មីស៊ីលដែលសំដៅសហរដ្ឋអាមេរិក និងបណ្តាអឺរ៉ុបដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក។
គួរដឹងថា នៅក្នុងសន្ធិសញ្ញាNew Start រុស្ស៊ី និងអាមេរិកបានយល់ព្រមព្រៀងគ្នា កាត់បន្ថយក្បាលគ្រាប់នុយក្លេអ៊ែរ ៣១ភាគរយរបស់ខ្លួន គឺពីជាង ២០០០គ្រាប់ មកនៅត្រឹម ១៥៥០គ្រាប់ ចំណែកសព្វាវុធដែលគេប្រើបាញ់គ្រាប់នុយក្លេអ៊ែរ ដូចជា មីស៊ីលអន្តរទ្វីប នាវាមុជទឹក ក៏ត្រូវគេកាត់បន្ថយ ឲ្យមកនៅត្រឹមចំនួន ៧០០ដែរ សម្រាប់ប្រទេសនីមួយៗ។
បើទោះជាសន្ធិសញ្ញាតម្រូវឲ្យអាមេរិក និងរុស្ស៊ីកាត់បន្ថយអាវុធនុយក្លេអ៊ែរ ក៏ប្រទេសទាំងពីរនៅតែមានអាវុធនុយក្លេអ៊ែរច្រើនដដែល។ ឧទាហរណ៍ជាក់ស្តែង នៅពេលគេនិយាយពីក្បាលគ្រាប់នុយក្លេអ៊ែរដែលគេត្រូវកាត់បន្ថយ គឺគេសំដៅក្បាលគ្រាប់ដែលគេដំឡើងដាក់រួចហើយ នៅលើមីស៊ីល ឬលើយន្តហោះទម្លាក់គ្រាប់។ ប៉ុន្តែ គេមិនបានរាប់បញ្ចូលក្បាលគ្រាប់នុយក្លេអ៊ែរ ដែលគេស្តុកទុក ក្នុងឃ្លាំងទេ។ មួយវិញទៀត គេគិតថា មីស៊ីលមួយនាំក្បាលគ្រាប់នុយក្លេអ៊ែរមួយ ចំណែកយន្តហោះក៏អាចដឹកគ្រាប់បែកនុយក្លេអ៊ែរ តែមួយគ្រាប់ដែរ។ ប៉ុន្តែ គេមិនបានគិតទេថា យន្តហោះអាចដឹកគ្រាប់ធុនB 52ដល់ទៅ ២០ ហើយគ្រាប់B 52 ក៏មានសមត្ថភាពដឹកក្បាលគ្រាប់នុយក្លេអ៊ែរ ទៅជាមួយផងនោះទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ