អេស្ប៉ាញ

អេស្ប៉ាញ​បំបែក​សម្បុក​អាល់កៃដា​ដែល​ជាអ្នក​បញ្ចូន​ក្រុមភេរវករ​អត្តឃាត​ទៅ​ស៊ីរី

ព្រំដែន​ខ័ណ្ឌរវាង​ទឹកដី​អេស្ប៉ាញ​និង​ម៉ារ៉ុក នៅCeuta ដែល​ជា​ទីក្រុង​របស់​ប្រទេសអេស្ប៉ាញ តែស្ថិតនៅ​លើ​ទឹកដី​ប្រទេស​ម៉ារ៉ុក
ព្រំដែន​ខ័ណ្ឌរវាង​ទឹកដី​អេស្ប៉ាញ​និង​ម៉ារ៉ុក នៅCeuta ដែល​ជា​ទីក្រុង​របស់​ប្រទេសអេស្ប៉ាញ តែស្ថិតនៅ​លើ​ទឹកដី​ប្រទេស​ម៉ារ៉ុក AFP

នៅក្នុង​សប្តាហ៍នេះ អាជ្ញាធរ​អេស្ប៉ាញ​បាន​វាយ​បំបែក​សម្បុក​របស់​ក្រុម​អាល់កៃដា នៅ​ទីក្រុង​Ceuta របស់​អេស្ប៉ាញ​ដែល​ស្ថិតនៅក្នុង​ទឹកដី​ប្រទេស​ម៉ារ៉ុក។ រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​របស់​អេស្ប៉ាញ​បាន​បង្ហាញ កាលពីថ្ងៃ​ម្សិលមិញ នូវ​ឯកសារ​វីដេអូ ដែល​បង្ហាញ​ថា ក្រុម​អាល់កៃដា បាន​រើស​ក្រុម​ជីហាត ដើម្បី​ទៅ​បំផ្ទុះ​ភេរវកម្ម​អត្តឃាត នៅក្នុង​ប្រទេស​ស៊ីរី។ នៅថ្ងៃ​អាទិត្យទី ២៣ មិថុនា នៅ​ស៊ីរី ភេរវកម្ម​អត្តឃាត​បាន​កើតឡើង ជាថ្មី នៅ​ភាគខាងជើង​ទីក្រុង​ដាម៉ាស និង​ដែល​បានបណ្តាល​ឲ្យ​មាន​មនុស្ស​របួស​ជា​ច្រើននាក់។

ផ្សាយពាណិជ្ជកម្ម

ក្រសួងមហាផ្ទៃ​អេស្ប៉ាញ​បាន​បង្ហាញ​វីដេអូ ដែល​គេ​រឹបអូស​បាន នៅក្នុង​សប្តាហ៍នេះ ពី​សម្បុក​​ក្រុម​អាល់កៃដា នៅក្នុង​ទីក្រុង​Ceuta។ ក្នុង​វីដេអូ ដែល​ក្រុម​អាល់កៃដា បាន​ថតទុក គេឃើញ និង​ឮ​សំដីចុងក្រោយ​របស់​អ្នករត់​តាក់ស៊ី​ម្នាក់ ដែល​បាន​ចាកចោល​ប្រពន្ធ និង​កូន ដើម្បី​ស្ម័គ្រចិត្ត ទៅ​ធ្វើ​ភេរវកម្ម​អត្តឃាត ក្នុង​ប្រទេស​ស៊ីរី។

 
នៅក្នុងវីដេអូ ដែល​ក្រុមអាល់កៃដា​ជាអ្នក​បាន​ថត​ដោយផ្ទាល់ កាលពី​ឆ្នាំ ២០១២ បុរស​រត់​តាក់ស៊ី បាន​ដុតខ្លួន នៅក្នុង​ភេរវកម្មអត្តឃាត​មួយ ដែល​បាន​សម្លាប់​មនុស្ស ១៣០​នាក់។ គឺ​រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ ដែល​បាន​ផ្តល់​តួលេខ និង​ព័ត៌មាន​លម្អិត កាលពីថ្ងៃ​សៅរ៍ នៅក្នុង​សន្និសីទ​កាសែត។

បើតាម​រដ្ឋមន្រ្តី ដដែល ដូចជា​អ្នករត់តាក់ស៊ី ភេរវករ​ភាគច្រើន​ត្រូវ​ក្រុម​អាល់កៃដា​រើស​បញ្ចូល​ពី​ ប្រទេស​ម៉ារ៉ុក និង​ពីទីក្រុង​Ceuta ដើម្បី​បង្ក​អំពើ​ភេរវកម្ម​អត្តឃាត នៅស៊ីរី ពោល គឺ​គេ​មិន​បាន​រើស​ទាហាន ដើម្បី ទៅ​តស៊ូ​ប្រយុទ្ធ​ជាមួយ​ពួកឧទ្ទាម​ស៊ីរី ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក​Bachar Al Assad​ទេ ប៉ុន្តែ ក្រុមអាល់កៃដា បាន​រើស​ក្រុមជីហាត​ដើម្បី​ទៅ​ធ្វើ​ភេរវកម្ម​អត្តឃាត​តែ​ម្តង។

តាម អាជ្ញាធរ​អេស្ប៉ាញ ពេលនេះ គេ​ចាប់បាន​និង​បំបែក បណ្តាញ​ក្រុម​អាល់កៃដា នេះ​បាន​ទាំងស្រុង។ មនុស្ស​ទាំង ៨​នាក់​ដែល​គេ​ចាប់បាន ក្នុង​បទ​សង្ស័យ ជាប់ទាក់ទង​នឹង​ក្រុម​អាល់កៃដា ត្រូវ​បាន​គេ​ចាប់បញ្ជូន យ៉ាងស្ងៀមស្ងាត់ ទៅទីក្រុង​ម៉ាដ្រីឌ ដែល​នៅទីនោះ គេ​ត្រូវ​ប្រឈមមុខ នឹង​តុលាការ​អេស្ប៉ាញ នៅដើម​សប្តាហ៍​ក្រោយ​នេះ។

 
នៅស៊ីរី អំពើ​ភេរវកម្ម​អត្តឃាត​បាន​កើត នៅថ្ងៃ​អាទិត្យនេះ នៅ​មុខ​ប៉ុស្ត​ប៉ូលិស​ក្នុង​ទីក្រុង​ដាម៉ាស។ តាម​អង្គការ​តាមដាន​សិទ្ធិមនុស្ស នៅស៊ីរី ដែល​មាន​មូលដ្ឋាន ក្នុង​ទីក្រុង​ឡុងដ៍ មាន​មនុស្ស​យ៉ាងតិច ២​នាក់ស្លាប់ និង​មាន​អ្នករបួស​ផ្សេងទៀត ដែល​ជា​ប៉ូលិស​ និង​ប្រជាជន​ស៊ីវិល។ អំពើ​ភេរវកម្ម​អត្តឃាត បាន​កើតឡើង នៅមួយថ្ងៃក្រោយ ក្រុមប្រទេស​មិត្ត​ស៊ីរី ដែល​មាន​ប្រទេស​បណ្តា​ប្រទេស​អារ៉ាប់ និងអឺរ៉ុប បាន​សម្រេច កាលពីថ្ងៃ​សៅរ៍​ម្សិលមិញ ផ្តល់​សព្វាវុធ​ដល់​ក្រុម​ប្រឆាំង​ស៊ីរី។ គេ​នឹង​ផ្តល់​អាវុធ​ដោយផ្ទាល់ ទៅ​ឲ្យ​ចលនា​ទាហាន​ស៊ីរី​សេរី ដើម្បី ជៀសវាង​កុំ​ឲ្យ​អាវុធ​ធ្លាក់​ទៅក្នុង​ដៃ​របស់​ក្រុមអ៊ីស្លាម​ជ្រុលនិយម ដែល​គេ​ជឿថា កំពុង​ធ្វើ​សកម្មភាព​ប្រយុទ្ធ​តប​នឹង​រដ្ឋាភិបាល​ស៊ីរី​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI