សហភាពអឺរ៉ុប

សំណុំរឿង Edward Snowden ៖សហភាព​អឺរ៉ុប​ជា​ចំណុច​ស៊ីប​របស់ NSA

សកម្មជន​​អ៊ីនធីនែត អ៊ុយក្រែន គូររូប​ត្រចៀក​ ​​ដោយ​ដាក់​ទង់ជាតិ​អាមេរិក នៅ​មុខស្ថានទូតអាមេរិក​ (រូបភាពឯកសារ)
សកម្មជន​​អ៊ីនធីនែត អ៊ុយក្រែន គូររូប​ត្រចៀក​ ​​ដោយ​ដាក់​ទង់ជាតិ​អាមេរិក នៅ​មុខស្ថានទូតអាមេរិក​ (រូបភាពឯកសារ) REUTERS/Gleb Garanich

បើតាម ឯកសារ​សម្ងាត់​ដែល Edward Snowden បាន​ទំលាយ​ឱ្យ​ដឹង​ពី​កន្លង​ទៅ​នេះ​អាមេរិក​បាន​លួស​ស្តាប់​រាល់​ការ​ទំនាក់ទំនង​ទាំង​ឡាយ​ស្ទើ​តែ​គ្រប់​ប្រទេស​នៅ​ក្នុង​ពិភពលោក ។ ក្នុង​នោះ សហភាព អឺរ៉ុប ក៏​ជា​ចំណុច​ស៊ីប​មួយ​របស់​កម្មវិធី Prism ប្រើ​សម្រាប់​លួច​ស្តាប់ ការ​សន្ទា​តាមទូរស័ព្ទ​ដោយ​ភ្នាក់ងារ​សន្តិសុខ​អាមេរិក ហៅ​កាត់​ថា NSA។

ផ្សាយពាណិជ្ជកម្ម

ការសែត​ក្នុង​ស្រុក​មួយ​​របស់​អាឡឺម៉ង់ ឈ្មោះ​ Der Spiegel បាន​ទំលាយ​ឱ្យ​ដឹង​កាល​ពី​ព្រឹកថ្ងៃ​អាទិត្យ​ទី៣០ មិថុនា​នេះ​ថា​អាមេរិក​បាន ប្រើ​កម្មវិធី​លួច​ស្តាប់​ការ​សន្ទនា​តាម​ទូរស័ព្ទ និង​នៅ​ក្នុង​បណ្តាញ​ព័ត៌មាន​វិទ្យា​របស់ ការិយាល័យ​ក្រុមប្រឹក្សា​សហភាពអឺរ៉ុប នៅ​ក្នុង​ស្នាក់​អង្គការ​សហប្រជាជាតិ​ទីក្រុង​ញ៊ូវយ៉ក។ ការសែត​បាន​បញ្ជាក់​ថា ព័ត៌មាន​នេះ​មាន​សរសេរ នៅ​ក្នុង​របាយការណ៍​យ៉ាង​សម្ងាត់​បំផុត​របស់ NSA ដែល​លោក Edward Snowden បាន​ទំលាយ​ឱ្យ​ដឹង។​ដោយ​នៅ​ក្នុង​នោះ​គេ​និយាយ​ពី​វិធី​យក​ការណ៍​លើ​គ្រប់​មន្ត្រី​ការទូត​របស់​សហភាពអឺរ៉ុប​នៅ​ទីក្រុងវ៉ាស៊ីន​តោន។

 
គេ​បាន​រក​ឃើញ​មិនត្រឹម​តែ​ការ​ដាក់ ម៉ាស៊ីន​ថតសំឡេង នៅ​ក្នុង​អាគារ​ការិយាល័យ​របស់​សហភាពអឺរ៉ុប​ប៉ុណ្ណោះ​ទេ គេ​បាន​រក​ឃើញ​ផងដែរ​ការ​ជ្រៀតចូល​ទៅ​ក្នុង​ប្រព័ន្ធ​កុំព្យុទ័រ ដើម្បី​លួច​អាន​សារអេឡិចត្រូនិច និង​ឯកសារ​ផ្ទៃ​ក្នុង​នានា។

បន្ថែម​លើ​នេះ ការសែត​ដដែល​បាន​លើក​ឡើង​ថា NSA បាន​បំពាក់ប្រព័ន្ធ​ស៊ើប​ការ​សម្ងាត់​របស់​ខ្លួន​រហូតដល់​ស្នាក់​ការ​ក្រុមប្រឹក្សាសហភាពអឺរ៉ុប នៅទីក្រុង​Bruxelles។ ហើយ​ប្រមាណ​ជាង​៥ឆ្នាំ​មុន ភ្នាក់ងារ​ការពារ​សន្តិសុខ​របស់សហភាពអឺរ៉ុប បាន​រក​ឃើញ​មាន​ការ​ដាក់​ប្រព័ន្ធ​លួច​ថត​សំឡេង និង​តាម​ដាន​ប្រព័ន្ធ​អ៊ិនធ័រនែត នៅ​ក្នុង​អាគារ​នៃ​ស្នាក់​ការ​របស់​អង្គការ OTAN ជិត​ទីក្រុង Bruxelles​ទៀតផង។

កាល​ពី​ឆ្នាំ​២០០៣ គេ​ក៏​បាន​រក​ឃើញ​មាន​ប្រព័ន្ធ​តាម​ដាន​នេះ​បំពាក់ នៅ​ក្នុង​ការិយាយ​មន្ត្រីការទូត​ជា​ច្រើន ដែល​ជា​ពិសេស​នៅ​ក្នុង​ប្រទេស​បារាំង និងអាឡឺម៉ង់។ តែ​ក្នុង​រឿង​នេះ ​កាសែត​មិន​បាន​សន្មត់​ពិត​ប្រាកដ ថា​វា​មាន​ទាក់ទង​ជា​មួយ ភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក​នោះ​ទេ។

ប្រតិកម្ម​ជុំវិញ​រឿង​នេះ ប្រធាន​សភាអឺរ៉ុប យល់​ថា​វា​ជា​រឿង​អាស្រូវ​មួយ​ដ៏​ធំ​ផុត បើ​សិន​គេ​រក​ឃើញ​ថា នេះ​ជា​ការ​ពិត។ ហើយ​បញ្ហា​នេះ នឹង​ធ្វើ​ឱ្យ​ទំនាក់ទំនង​ការទូត រវាង អឺរ៉ុប និង​សហរដ្ឋាអាមេរិក ឈាន​ទៅ​រក​ការ​ប្រេះស្រាំ​មិនខាន។

បើ​តាម​ការ​ឱ្យ​ដឹង​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស Luxembourg វិញ អាមេរិក​គួរ​តែ​តាម​ដាន​ការងារ​របស់​មន្ត្រី​ខ្លួន មិនមែន​មក​តាម​ដាន​សម្ព័ន្ធ​មិត្ត​នោះ​ឡើយ។ កន្លង​មក​អាមេរិក ពន្យល់​ថា ការ​ប្រើ​កម្មវិធី​នេះ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម។ តែ​ក្នុង​នេះ​លោក​បាន​លើក​ឡើង​ថា មន្ត្រី​ការទូត​របស់​សហភាព​អឺរ៉ុប មិន​មែន​ជា​ភេរវករ​នោះ​ទេ។

ទាក់ទង​នឹង​រឿង​អាស្រូវ​នេះ​តំណាងរាស្ត្រ នៃ​សភា​អឺរ៉ុប ដែល​មក​ពី​បក្ស​បរិស្ថាននិយម អំពាវ​នាវ​ឱ្យ សហភាព​អឺរ៉ុប​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ចចារ​ជា​មួយ​អាមេរិក ស្តី​អំពី​សន្ធិសញ្ញា​ផ្លាស់ប្តូ​ពាណិជ្ជកម្ម​ទីផ្សារ​សេរី។ ជា​ពិសេស​សន្ធិ​សញ្ញា​ទាក់ទង​នឹង​ការ​ការពារ ប្រព័ន្ធ​ទិនន័យ។ បច្ចុប្បន្ន​សន្ធិសញ្ញា​នេះ មិន​ទាន់​សម្រេច​បាន​នូវ​ការ​យល់​ព្រម​ណា​មួយ​ទេ​រវាង​ភាគី​ទាំង​ពីរ ចាប់​តាំង​ពី​មាន​ការ​ចរចា​កាល​ពី​ឆ្នាំ២០១១​មក។​
 

កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​នេះ​ដែរ សហភាពអឺរ៉ុប​បាន​ស្នើរ​ទៅ​សហរដ្ឋអាមេរិក បំភ្លឺ​ឱ្យ​បាន​លឿន​បំផុត​ទាក់ទង​នឹង​ការ​ប្រើប្រាស់​កម្មវិធី Prism ខាងលើ។ តែ​រហូត​មក​ដល់​ពេល​នេះ គេ​មិន​ទាន់​មាន​ប្រតិកម្ម​យ៉ាងណា​ពី​សហរដ្ឋអាមេរិក​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI