អានតួអត្ថបទ
បារាំង​-បូលីវី

សំណុំរឿង Edward Snowden រាលដាល​​ដល់​ទំនាក់ទំនង​​រវាង​បារាំង​និង​បូលីវី

យន្ត​ហោះ​ប្រធានាធិបតី​បូលីវី Evo Morales ចុះ​ចត​បន្ទាន់​នៅ​ព្រលាន​យន្ត​ហោះ​ក្រុង​វីយ៉ែន​ប្រទេស​អូទ្រីស្ត
យន្ត​ហោះ​ប្រធានាធិបតី​បូលីវី Evo Morales ចុះ​ចត​បន្ទាន់​នៅ​ព្រលាន​យន្ត​ហោះ​ក្រុង​វីយ៉ែន​ប្រទេស​អូទ្រីស្ត ©Reuters.
ដោយ៖ អៀង សុខម៉ិញ
1 នាទី

យន្ត​ហោះ​ប្រធានាធិបតី​បូលីវី ដែល​ចេញ​ពី​ម៉ូស្គូ ត្រលប់​ទៅ​ទីក្រុង​ La Paz វិញ ត្រូវ​បង្ខំ​ចិត្ត​ចុះ​ចត​រង់​ចាំ​ដោយ​គ្មាន​គ្រោង​ទុក នៅ​ប្រទេស​អូទ្រីស្ត ល្ងាច​មិញ ព្រោះ​តែ​មាន​ការ​ហាមឃាត់​ហោះហើរ​ លើ​ដែន​អាកាស​បារាំង​និង​ព័រទុយហ្កាល់។ ​បម្រាម​ដែល​ទំនង​ជា​បណ្តាល​មក​ពី​មាន​ពាក្យ​ចចាម​អារាម និង​ការសង្ស័យ​ថា Edward Snowden អតីត​បុគ្គលិក​របស់​ទីភ្នាក់ងារ​ស៊ើបការ​សំងាត់​ CIA ដែល​រដ្ឋាបាល​អាមេរិក​តាម​ចាប់​ លាក់ខ្លួន​ក្នុង​យន្តហោះ​ជាមួយ​លោក អេវ៉ូ ម៉ូរ៉ាឡេស (Evo Morales) ប្រធានាធិបតី​បូលីវី​នេះ ...

ផ្សាយពាណិជ្ជកម្ម

 

ផ្លូវ​អាកាស​បើក​​ចំហ​ជា​ថ្មី​ ! យន្តហោះ​ប្រធានាធិបតី​បូលីវី បានហោះហើរ​​វិល​ត្រលប់​ទៅ​​ប្រទេស​វិញ​ជា​ធម្មតា តាំង​ពី​ព្រហាម​ថ្ងៃ​ពុធ​នេះ ព្រោះ​​ការ​សង្ស័យ និង​ពាក្យ​ចចាម​អារាម​គ្មាន​មូលដ្ឋាន​ បាន​រលាយ​រលត់​ទៅ​វិញ នៅ​ពេល​យន្តហោះ​​​ប្រធានាធិបតី​ បាន​ចុះ​ចត​ជា​បន្ទាន់​ នៅ​ទីក្រុង​វីយ៉ែន ប្រទេស​អូទ្រីស្ត ​គ្មាន​វត្តមាន Edward Snowden។

ក៏​ប៉ុន្តែ​បូលីវី មានការ​អាក់អន់​ស្រពន់​ចិត្ត​យ៉ាង​ខ្លាំង​ ចំពោះ​បម្រាមហោះហើរ​​របស់​ ព័រទុយហ្កាល់ និង​បារាំង។ សម្រាប់​បូលីវី នេះ​ជា​ការ​រើស​អើង ប្រកាន់​ពូជសាសន៍ ​​ចំពោះ​ប្រធានាធិបតី​នៃ​ប្រទេស​តូចតាច​ក្រីក្រ​ ដូច​យ៉ាង​បូលីវី។ បណ្តាជន​នៅ​បូលីវី បាន​នាំគ្នា​ទៅ​ប្រមូល​ផ្តុំ​នៅ​មុខ​ស្ថានទូត​បារាំង ស្រែក​ទាមទារ​ការ​ពន្យល់​បំភ្លឺ។

ព័រទុយហ្កាល់​ ដែល​យល់​ព្រម​វិញភ្លាម​ បើក​ព្រំដែន​អាកាសឱ្យ​យន្តហោះ​ប្រធានាធិបតី​បូលីវី​​ ហោះហើរ​ឆ្លង​កាត់ មិន​បាន​ផ្តល់​ហេតុផល​ផ្លូវការ​អ្វី​ ជុំ​វិញ​ការ​បដិសេធ​នៅ​ថ្ងៃ​ម្សិលមិញទេ។ ចំណែក​ប្រទេស​បារាំង​វិញ បាន​គូសបញ្ជាក់​ថា​រដ្ឋាភិបាល​មិន​បាន​ទទួល​ព័ត៌មាន​នេះ ដូច្នេះ​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់។

សូម​បញ្ជាក់​ថា បូលីវី ជា​ប្រទេសមួយ​ក្នុង​ចំណោម​ប្រទេស​ទាំង​២១ ដែល​ Edward Snowden បាន​ស្នើ​សុំ​សិទ្ធិ​ជ្រក​កោននយោបាយ។ មុន​ចាក​ចេញ​ពី​ទីក្រុង​​ម៉ូស្គូ លោក​ប្រធានាធិបតី អេវ៉ូ ម៉ូរ៉ាឡេស បាន​អះអាង​ថា​​បូលីវី ត្រៀម​ទទួល​យក​​​អតីត​បុគ្គលិក​ទីភ្នាក់ងារ​​ស៊ើបការណ៍​សម្ងាត់​អាមេរិក​រូប​នេះ។ ហេតុដូច្នេះ​ហើយ​ទើប​លេច​ចេញ​ការ​សង្ស័យ​ឡើង​ខ្លាច​ Edward Snowden ដែល​លាក់​ខ្លួន​នៅព្រលាន​យន្តហោះ​ក្រុង​ម៉ូស្គូ ធ្វើ​ដំណើរ​ទៅ​បូលីវី​ តាម​យន្តហោះ​ប្រធានាធិបតី។

ប្រទេស​កាន់​តែ​ច្រើន​ឡើងៗ​បាន​ឆ្លើយ​បដិសេធ​សំណើ​សុំ​សិទ្ធិជ្រក​កោន​នយោបាយ​របស់​ Edward Snowden ដោយ​សំអាង​ថា​គ្មាន​លក្ខខណ្ឌ​គ្រប់គ្រាន់។ ចំណែក​វេណេស៊ុយអេឡា ដែល​ប្រធានាធិបតី Nicolas Maduro កំពុង​ស្ថិត​​នៅ​ម៉ូស្គូ​ដែរ មិន​ទាន់​បានទទួល​លិខិត​ស្នើ​សុំ​សិទ្ធិ​ជ្រកកោន​ជា​ផ្លូវការ​ពី​ Edward Snowdenទេ តែ​បាន​អះអាង​ថា​ជន​អាមេរិករូប​​នេះ​សក្តិសម​នឹង​ទទួល​បាន​ការ​ការពារ​ពី​ច្បាប់​មនុស្ស​ធម៌​អន្តរជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ