អានតួអត្ថបទ
ស្វ៊ីស-ក្រូអាស៊ី

ស្វ៊ីស​បដិសេធ​មិន​ផ្តល់​សិទ្ធិ​ធ្វើការ​ដល់​ប្រជាជន​ក្រូអាស៊ី

ប្រធានាធិបតី និង​ជា​រដ្ឋមន្រ្តីការបរទេស​ស្វ៊ីសលោក​ Didier Burkhalter (ស្តាំ) និង​រដ្ឋមន្រ្តីយុត្តិធម៌​លោកស្រី Simonetta Sommaruga ធ្វើ​សន្និសីទ​កាសែត​នៅក្រោយ​ការបោះឆ្នោត​ប្រជាមតិ
ប្រធានាធិបតី និង​ជា​រដ្ឋមន្រ្តីការបរទេស​ស្វ៊ីសលោក​ Didier Burkhalter (ស្តាំ) និង​រដ្ឋមន្រ្តីយុត្តិធម៌​លោកស្រី Simonetta Sommaruga ធ្វើ​សន្និសីទ​កាសែត​នៅក្រោយ​ការបោះឆ្នោត​ប្រជាមតិ ©REUTERS/Thomas Hodel
ដោយ៖ ឈាង បុប្ផា
1 នាទី

រដ្ឋាភិបាល​ស្វ៊ីស​នឹង​មិន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង ដែល​នឹង​បើក​ទីផ្សារ​ការងារ​ដល់​ប្រជាជន​ក្រូអាស៊ី។ នេះ​បើ​តាម​ការប្រកាស​របស់​ក្រសួង​យុត្តិធម៌​ស្វ៊ីស កាលពីថ្ងៃ​សៅរ៍ ទី ១៥ កុម្ភៈ។ សេចក្តី​សម្រេច​នេះ ធ្វើ​ឡើង នៅ​មួយ​សប្តាហ៍​ក្រោយ ប្រជាជន​ស្វ៊ីស​បាន​បោះឆ្នោត​ប្រជាមតិ ដែល​ទាមទារ​​ឲ្យ​រដ្ឋាភិបាល​កំណត់​ចំនួន​ជន​អន្តោប្រវេសន៍​មក​ពី​សហភាព​អឺរ៉ុប នៅក្នុង​ទីផ្សារ​ការងារ​របស់​ប្រទេស​ស្វ៊ីស។

ផ្សាយពាណិជ្ជកម្ម

 

កាលពីថ្ងៃ​សៅរ៍ រដ្ឋមន្រ្តី​យុត្តធម៌​ស្វ៊ីស​បាន​ទូរស័ព្ទ​ដោយ​ផ្ទាល់​ទៅ​រដ្ឋមន្រ្តី​ក្រូអាស៊ី​ដើម្បី​ប្រាប់​ថា ប្រទេស​ស្វ៊ីស​មិន​អាច​ចុះកិច្ចព្រមព្រៀង​ទ្វេភាគី ដែល​នឹង​អនុញ្ញាត​ឲ្យ​ប្រជាជន​ក្រូអាស៊ី​ចូល​មក​ធ្វើ​ការងារ នៅ​ក្នុង​ទឹកដី​ស្វ៊ីស។ យោងតាម​អ្នកនាំពាក្យ​របស់​ក្រសួង​យុត្តិធម៌​ស្វ៊ីស ស្វ៊ីស​មិន​ផ្តល់​សិទ្ធិ​ចូល​មកធ្វើការ​ដោយ​សេរី ក្នុង​ទឹកដី​របស់​ខ្លួន ដល់​ប្រជាជន​របស់​ប្រទេស​ដែល​ជា​សមាជិក​ថ្មី​របស់​សហភាព​អឺរ៉ុបទេ។

ប្រទេស​ក្រូអាស៊ី​បាន​ចូល​ជា​សមាជិក​ថ្មី​របស់​សហភាព​អឺរ៉ុប កាលពី​ខែ​កក្កដា ឆ្នាំមុន ដោយ​មួយខែ​ក្រោយមក ក្រូអាស៊ី​បាន​សម្រេច​ចុះ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ស្វ៊ីស សម្រាប់​រយៈ​ពេល​១០ឆ្នាំ ស្តីពី​ការធានា​ដល់​ប្រជាជន​ក្រូអាស៊ី ឲ្យ​ចូល​ទៅ​រកការងារ​ធ្វើ នៅ​ស្វ៊ីស ដែល​ជា​ប្រទេស​អ្នកមាន។

ស្វីស​មិនមែន​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​ទេ ប៉ុន្តែ​ប្រទេស​នេះ​ជា​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​ជាមួយ​សហភាព​អឺរ៉ុប។ រហូតមក ស្វ៊ីស​បាន​ចុះកិច្ចព្រមព្រៀង​ដែល​បាន​ផ្តល់​សិទ្ធិ​ដោយ​សេរី​ដើម្បី​រកការងារ​ធ្វើ​នៅ​ទឹកដី​ស្វ៊ីស​ដល់​ប្រជាជន​មក​ពី​សហភាព​អឺរ៉ុប។ ប៉ុន្តែ ការបោះឆ្នោត​ប្រជាមតិ កាលពីថ្ងៃ​ទី ៩​កុម្ភៈ សប្តាហ៍មុន បាន​បង្ក​ជា​បញ្ហា​ដល់​កិច្ច​ព្រមព្រៀង​អឺរ៉ុប និង​ស្វ៊ីស។ ប្រជាជន​ស្វ៊ីស​ប្រមាណ ៥០,៣ភាគរយ​បាន​បោះឆ្នោត ទាមទារ​ឲ្យ​រដ្ឋាភិបាល​កាត់បន្ថយ​ចំនួន​អ្នកធ្វើការ​មក​ពី​អឺរ៉ុប នៅក្នុង​ទឹកដីស្វ៊ីស។ ចំនួន​នេះ​គ្រប់គ្រាន់​នឹង​បញ្ចប់​កិច្ចព្រមព្រៀង​ស្តីពី​ការ​ធ្វើដំណើ​​ដោយ​សេរី​​ របស់​ប្រជាជន​អឺរ៉ុប ក្នុង​ទឹកដី​ស្វ៊ីស ដែល​រដ្ឋាភិបាល​ស្វ៊ីស​ធ្លាប់​បាន​ព្រមព្រៀង​ជាមួយ​សហភាព​អឺរ៉ុប។

តាម​អ្នកនាំពាក្យ រដ្ឋមន្រ្តី​យុត្តិធម៌​ស្វ៊ីស​បាន​ជូន​ព័ត៌មាន​ដល់​ទីក្រុង​ព្រុចស៊ែល​ផងដែរ​ពី​សារៈសំខាន់​នៃការសើរើ​ឡើងវិញ នូវ​កិច្ចព្រមព្រៀង។ កាលពី​ដើម​សប្តាហ៍នេះ ស្វ៊ីស​បាន​សន្យា​នឹង​បង្ហាញ​ផែនការ​នយោបាយ​មួយ ដែល​នឹង​ឆ្លើយតប​ទៅ​តាម​ការចង់បាន​របស់​ប្រជាជន​ស៊្វីស ឲ្យ​បាន​មុន​ខែ​កក្កដា​ខាងមុខ។ បន្ទាប់មក ស្វ៊ីស​នឹង​ធ្វើ​សំណើច្បាប់​ឲ្យ​បាន​ចប់​មុន ដាច់ឆ្នាំ​២០១៤។

សហភាព​អឺរ៉ុប​ធ្លាប់​បាន​សំដែង​ការមិន​សប្បាយចិត្ត​នៅក្រោយ​ការបោះឆ្នោត​ប្រជាមតិ​នៅ​ស្វ៊ីស។ លោក​Richard Jones​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ប្រចាំ​នៅ​ស្វ៊ីស​ធ្លាប់​បាន​ព្រមាន កាល​ពី​ដើម​សប្តាហ៍នេះ ថា​នឹង​បង្កក​រាល់​កិច្ចព្រមព្រៀង​ស្តីពី​ការបណ្តុះបណ្តាល និង​ស្រាវជ្រាវ ដែល​សហភាព​អឺរ៉ុប​ចុះ ជាមួយ​ស្វ៊ីស នោះ​បើ​សិន​ជា​ស្វ៊ីស​រករឿង មិនព្រម​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ប្រទេស​ក្រូអាស៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ