អ៊ុយក្រែន-រុស្ស៊ី

អ៊ុយក្រែន​បង្កើត​កងឆ្មាំ​ពិសេស​ដើម្បី​ទប់ទល់​នឹង​រុស្ស៊ី

កងទ័ព​អ៊ុយក្រែន​ចល័ត​ទ័ព​នៅក្បែរ​ទីក្រុង​គៀវ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ១៣​មីនា​២០១៤
កងទ័ព​អ៊ុយក្រែន​ចល័ត​ទ័ព​នៅក្បែរ​ទីក្រុង​គៀវ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ១៣​មីនា​២០១៤ ©REUTERS/Konstantin Grishin

សភាអ៊ុយក្រែន កាលពីថ្ងៃ​ព្រហស្បតិ៍ ទី ១៣ មីនា​បាន​បោះឆ្នោត​លើ​ច្បាប់​ដែល​អនុញ្ញាត​ឲ្យ​បង្កើត​ក្រុមឆ្មាំ​ជាតិ សម្រាប់​ការពារ​សន្តិសុខ និង​ព្រំដែន នៅ​ក្នុងពេល​រុស្ស៊ី​កំពុង​សម្រុក​ធ្វើ​សមយុទ្ធ នៅ​តាម​ព្រំដែន​ជាប់​ជាមួយ​អ៊ុយក្រែន។ ក្រុម​ទ័ព​ពិសេស​ដែល​មាន​ចំនួន ៦​ម៉ឺន​នាក់ នឹង​ប្រើ​ជា​កម្លាំង​បន្ថែម​ទៅលើ​​ចំនួន​ទ័ព​ដែល​អ៊ុយក្រែន​មានស្រាប់ និង​ត្រូវ​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​ដោយផ្ទាល់​របស់​ក្រសួងមហាផ្ទៃ​អ៊ុយក្រែន។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ការបង្កើត​ឆ្មាំជាតិ​ពិសេស​ត្រូវ​បាន​បោះឆ្នោត​អនុម័ត​ដោយ​សមាជិក​ ១០០​ភាគរយ​របស់​រដ្ឋសភា​អ៊ុយក្រែន គឺគ្មាន​សំឡេង​ប្រឆាំង​សូម្បីតែ​មួយ។ តាមរយៈ​ច្បាប់​ថ្មីនេះ អ៊ុយក្រែន​អាច​ពង្រឹង​កម្លាំង​ការពារ​ជាតិ​បន្ថែមទៀត ដើម្បី​ទប់ទល់​នឹង​រុស្ស៊ី។ កាលពី​ថ្ងៃ​ព្រហស្បតិ៍ កម្លាំង​លោតឆ័ត្រយោង​រុស្ស៊ី ៤ពាន់នាក់ យន្តហោះ​៣៦​គ្រឿង និង​រថពាស​ដែក យានយន្ត​ប្រមាណ​៥០០​គ្រឿង​កំពុង​ធ្វើ​សមយុទ្ធ យ៉ាង​សស្រាក់ សស្រាំ ​នៅ​តាម​ព្រំដែន​ជាប់​ជាមួយ​អ៊ុយក្រែន។ នេះ បើ​តាម​សេចក្តី រាយការណ៍​របស់​ទីភ្នាក់ងារ​ផ្លូវរដ្ឋ​រុស្ស៊ី Itar-Tass។

 
នៅ​អ៊ុយក្រែន រដ្ឋាភិបាល​ថ្មី​ដែល​បារម្ភ​ខ្លាច​រុស្ស៊ី​ឈ្លានពាន​មក​លើ​ទឹកដី​ផ្នែក​ខាងកើត​អ៊ុយក្រែន​បាន​ប្រកាស​បង្កើត​ឆ្មាំ​ជាតិ ដែល​តួនាទី​របស់ពួកគេ​គឺ​ធានា​សន្តិសុខ​ក្នុង​ស្រុក សន្តិសុខ​តាម​ព្រំដែន និង​ការប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវកម្ម។ ក្រុមឆ្មាំ​ជាតិ​នេះ​ភាគច្រើន​ជា​ក្រុម​ស្ម័គ្រចិត្ត ដែល​ធ្លាប់​ស្ថិតនៅក្នុង​ខ្សែប្រយុទ្ធ​ជួរមុខ នៅក្នុង​អំឡុង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​អតីត​ប្រធានាធិបតី​យ៉ានូកូវិច នៅទីលាន​ឯករាជ្យ​ក្នុង​ទីក្រុង​គៀវ។

សូមអាន៖លោក​អាសេនី៖​អ៊ុយក្រែននឹង​​​​មិន​យល់ព្រម​​ប្រគល់​​ដី​​ឲ្យ​រុស្ស៊ី​​ជា​ដាច់ខាត​ សូម្បី​​១​សង់ទីម៉ែត្រ​​ក្តី​

តាមអាជ្ញាធរអ៊ុយក្រែន នៅត្រឹម​ថ្ងៃ​ប្រកាស​បង្កើត​ក្រុមឆ្មាំ​ជាតិ នៅថ្ងៃ​ព្រហស្បតិ៍ មាន​មនុស្ស ៤​ម៉ឺននាក់​បាន​ចុះឈ្មោះ ស្ម័គ្រចិត្ត​ចូល​ធ្វើ​ជា​ឆ្មាំជាតិ នៅក្នុង​ពេល​ដែល​គេ​ត្រូវការ​ក្រុម​ឆ្មាំជាតិ​សរុប​ប្រមាណ ៦ម៉ឺន​នាក់។ អ៊ុយក្រែន ដែលត្រូវការ​កម្លាំងទ័ព​ទប់ទល់​នឹង​រុស្ស៊ី ត្រូវការ​ឆ្មាំជាតិ​៦ម៉ឺននាក់ សម្រាប់​បន្ថែម​ពីលើ​ចំនួន​កងទ័ព របស់ខ្លួន​ដែល​មាន​ប្រមាណ​មួយសែន បីម៉ឺននាក់។ ចំនួន​ទ័ព​អ៊ុយក្រែន មាន​តិចណាស់ បើប្រៀបធៀប​នឹង​ទ័ព​រុស្ស៊ី​ដែល​មាន​ដល់​ទៅ ៨សែន ៤​ម៉ឺន ៥ពាន់នាក់។

គួរ​បញ្ជាក់ថា ការបង្កើត​ឆ្មាំជាតិ​អ៊ុយក្រែន ធ្វើ​ឡើង នៅ​តែ បីថ្ងៃ​មុន​ការបោះឆ្នោត​ប្រជាមតិ​នៅ​គ្រីមេ នៅថ្ងៃ​អាទិត្យ​ទី ១៦​មីនា​ខាងមុខ។ ការបោះឆ្នោត​ប្រជាមតិ​នៅ​គ្រីមេ ដែល​នឹង​អាច​សម្រេច​ថា តំបន់​គ្រីមេ​នឹង​ត្រូវ​កាត់ផ្តាច់​ពី​អ៊ុយក្រែន និង​ចងភ្ជាប់​ជាមួយ​រុស្ស៊ី។ យ៉ាងណា​ក៏ដោយ ប្រធានាធិបតី​ស្តីទី​របស់​អ៊ុយក្រែន បាន​បញ្ជាក់​រួចហើយ​ថា អ៊ុយក្រែន​នឹង​មិន​ប្រើ​ទ័ព​ដើម្បី​ចូល​ទៅ​អន្តរាគមន៍​នៅ​ភាគខាងកើត​របស់​គ្រីមេទេ។ ប្រធាន​ធនាគារ​កណ្តាល​អ៊ុយក្រែន​វិញ កាល​ថ្ងៃ​ព្រហស្បតិ៍ បាន​ព្រមាន​រួចហើយថា អ៊ុយក្រែន​នឹង​ខាតបង់​ផ្នែក​សេដ្ឋកិច្ច ពោល​គឺ​អ៊ុយក្រែន​នឹង​បាត់បង់​ប្រាក់ ប្រមាណ​ពីរពាន់​លាន​ដុល្លារ ដែល​កំពុងកកស្ទះ នៅ​គ្រីមេ នោះ ប្រសិនបើ​អ៊ុយក្រែន​បាត់បង់​តំបន់​ស្វយ័ត​គ្រីមេ ទៅ​ឲ្យ​រុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI