អ៊ុយក្រែន ៖ តើទណ្ឌកម្មថ្មីរបស់អឺរ៉ុប និងអាមេរិក នឹងធ្វើឱ្យរុស្ស៊ីញញើតដែរឬទេ ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៣៦
មានហេតុការណ៍ហិង្សាច្រើន បានផ្ទុះឡើងច្រើន នៅភាគខាងកើតអ៊ុយក្រែន៖ នៅខាគីវ (Khakiv) មានការប៉ះទង្គិចគ្នារវាងក្រុមអ្នកគាំទ្រកីឡាបាល់ទាត់ ការពារប្រយោជន៍ជាតិអ៊ុយក្រែន និងក្រុមសិទ្ធនឹងរុស្ស៊ី បង្កឱ្យមានអ្នករងរបួសជាច្រើននាក់។ ក្រុមផ្តាច់ទឹកដី កំពុងស្វែងរកការត្រួតត្រាមតិសាធារណៈ ដោយវាយលុកលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានតំបន់ ទីស្នាក់ការទូរទស្សន៍ក្រុងដូណេត (Donetsk)ត្រូវរងការលុកលុយឈ្លានពាន ... កងកម្លាំងអ៊ុយក្រែនមិនអាចធ្វើអ្វីកើត ... ចំណែកក្រុមអ្នកសង្កេតការណ៍អង្គការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប OSCE មិនទាន់ត្រូវបានដោះលែងអស់ទេ។ ប្រឈមមុខនឹងស្ថានការណ៍ជាប់គាំងដូច្នេះ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបគ្មានអ្វីក្រៅអំពីពង្រឹងទណ្ឌកម្មបន្ថែមលើរុស្ស៊ី។ អាមេរិកអាចនឹងដៅលើវិស័យឧស្សាហកម្ម ឯចំណែកសហភាពអឺរ៉ុបវិញ ប្រមុខការទូតទាំង២៨ត្រូវសម្រេចផែនការដាក់ទណ្ឌកម្មរុស្ស៊ី នៅថ្ងៃចន្ទទី២៨ មេសានេះ។
ក្រុមបះបោរនៅភាគខាងកើត កំពុងលេងល្បែងដេញថ្លៃ ! បន្ទាប់ពីបានសម្តែងល្ខោនរៀបឆាកធ្វើសន្និសីទកាសែត ប្រាប់ថាអ្នកសង្កេតការណ៍អឺរ៉ុប កំពុងជាប់ក្នុងក្រញាំដៃពួកគេមក គឺដល់វេនតថ្លៃដោះដូរចំណាប់ថ្នូរសង្គ្រាមម្តង។ សមាជិកអង្គការOSCE ម្នាក់ជាជនជាតិស៊ុយអែត ដែលមានជំងឺទឹកនោមផ្អែម ត្រូវបានដោះលែង ប៉ុន្តែ សម្រាប់៧នាក់ទៀត ទំនងជាមិនងាយចរចាត្រូវទេ។ ព្រោះស្ថានភាពកាន់តែតានតឹងខ្លាំង ក្រុមអ្នកបះបោរកំពុងត្រៀមផែនការវាយសម្រុកដោយប្រើកម្លាំងពិសេស នៅក្រុងតូចៗជិតនោះ។
គម្រោងចរចាគ្មាន ផ្ទុយទៅវិញ យោធាមានថាន្តរសក្តិអ៊ុយក្រែនបីនាក់ ត្រូវបានពួកឧទ្ទាមចង់ផ្តាច់ទឹកដីនៅស្លាវីយ៉ង់ ចាប់បានយកទៅឃុំឃាំងបន្ថែមទៀត។ ទូរទស្សន៍រុស្ស៊ី បានបង្ហាញរូបភាពគួរឱ្យអាម៉ាស បុរសបីនាក់ មានតែខោក្នុង ចងបំបិទភ្នែក ដោយរុំស្តុត។ ទីស្នាក់ការទូរទស្សន៍អ៊ុយក្រែនប្រចាំក្រុងដូណេស បានក្លាយជាលានដ្ឋាន លុកលុយនិងចូលគ្រប់គ្រងដោយគ្មានប៉ូលិសណាចូលធ្វើអន្តរាគមន៍។ មេដឹកនាំថ្មីតំបន់ភាគខាងកើត កំពុងត្រៀមបង្កើតកម្មវិធីទូរទស្សន៍ដោយខ្លួនឯងលែងរំពឹងលើក្រុងគៀវ ហើយក្នុងពេលរង់ចាំ ប៉ុស្តិ៍នេះ ផ្សាយបន្តពីរុស្ស៊ី។
សហរដ្ឋអាមរិក និងសហភាពអឺរ៉ុប បន្ថែមទណ្ឌកម្ម ប្រឆាំងនឹងម៉ូស្គូ
ទណ្ឌកម្មអាមេរិកនឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃនេះ ប៉ុន្តែបើតាមការបង្ហើបរបស់ទីប្រឹក្សារង ផ្នែកសន្តិសុខជាតិអាមេរិក ទណ្ឌកម្មថ្មីនេះ នឹងដៅដាក់ប្រឆាំងលើមនុស្សជំនិត លំដាប់ទីមួយនៃត្រកូល វ្លាដេមៀពូទីនតែម្តង និងក្រុមហ៊ុនរបស់ពួកគេ ដើម្បីឱ្យមានទម្ងន់ ប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចជាតិរុស្ស៊ី។ ប្រភពខ្លះទៀត បានលើកឡើងអំពីឈ្មោះក្រុមហ៊ុនថាមពល Rosnef ឬ Gazprom។ ពីប្រទេសហ្វីលីពីន លោកអូបាម៉ាបានឲ្យដឹងថា ទណ្ឌកម្មដែលអាមេរិកនឹងដាក់បន្ថែមនេះ មានសំដៅលើបុគ្គលផ្ទាល់ផង ក្រុមហ៊ុនផង និងការនាំចូលផង ដោយរាប់បញ្ចូលទាំងការនាំចេញវិស័យបច្ចេកវិទ្យាការពារជាតិរបស់អាមេរិកទៅកាន់រុស្ស៊ី។
ចំណែកខាងអឺរ៉ុបវិញ គ្រប់ប្រទេសជាសមាជិកសុទ្ធតែបានយល់ច្បាស់ ថាត្រូវរឹតបន្តឹងទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។ ប្រមុខការទូតទាំង២៨ នៃរដ្ឋជាសមាជិក ត្រូវជួបប្រជុំគ្នា ពិភាក្សា បង្កើនឈ្មោះអ្នកទទួលខុសត្រូវរុស្ស៊ី និងអ៊ុយក្រែន នៅគ្រីមេ ក្នុងបញ្ជីទណ្ឌកម្ម ដែលមានរួចស្រាប់។ នេះបើតាមការបញ្ជាក់របស់ប្រមុខការទូតអង់គ្លេស។
ដូច៥៥នាក់មុនដែរ អ្នកទទួលខុសត្រូវរុស្ស៊ីដែលនឹងមានឈ្មោះក្នុងបញ្ជីខ្មៅអឺរ៉ុប នឹងត្រូវហាមឃាត់មិនឱ្យធ្វើដំណើរមកអឺរ៉ុប ទ្រព្យធននៅក្នុងធនាគារអឺរ៉ុបត្រូវបង្កកផ្អាប់ទុកមិនឱ្យប្រើប្រាស់បាន។ ប៉ុន្តែសហភាពអឺរ៉ុប បានទុកផ្លូវដើរខ្លះ ដោយចេតនា ដោយមិនដៅទណ្ឌកម្មឱ្យចំលើប្រធានាធិបតីរុស្ស៊ី ពូទីន ឬសមាជិករដ្ឋាភិបាលកំពុងកាន់អំណាចទេ។ ព្រោះថ្វីបើអឺរ៉ុបដឹងថាត្រូវដំឡើង សំឡេងនិងបង្កើនសម្ពាធ ដាក់រុស្ស៊ី តែគ្មានផ្លូវដែលអឺរ៉ុបត្រូវគិតគូរដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើម៉ូស្គូឡើយ ព្រោះអឺរ៉ុបមានពាក់ព័ន្ធដោយផ្ទាល់ខ្លាំងពេកជាមួយរុស្ស៊ី មិនដូចសហរដ្ឋអាមេរិកឡើយ។
►សូមអាន ៖ ក្រុមហ៊ុនដែកថែប យក្សរុស្ស៊ី គំរាមលុចការងារនៅអឺរ៉ុប ករណីមានទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងរុស្ស៊ី
សហភាពអឺរ៉ុប មិនស្រុះស្រួលត្រូវរ៉ូវគ្នាសោះ លើគំនិតចង់បង្កកទំនាក់ទំនងពាណិជ្ជកម្មជាមួយរុស្ស៊ី ដែលជាដៃគូពាណិជ្ជកម្មលំដាប់ទីបីរបស់ខ្លួន។ ទោះបីជាសមាជិកសហភាពភាគច្រើន គិតថាទណ្ឌកម្មសេដ្ឋកិច្ចនេះ ជាអាវុធតែមួយគត់ដែលអាចបំបាក់លោកវ្លាដេមៀពូទីនក៏ដោយ។
តើទណ្ឌកម្មអន្តរជាតិអាចបញ្ឈប់លោកពូទីនបានទេ ?
សម្រាប់ទីប្រឹក្សាប្រធានាធិបតី អាមេរិក ចម្លើយ គឺ បាន ! ព្រោះលោកមានសំអាងថា សេដ្ឋកិច្ចរុស្ស៊ីចាប់ផ្តើមធ្លាក់ចុះ តាំងពីវិបត្តិនៅអ៊ុយក្រែនផ្ទុះឡើងនៅគ្រីមេ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ីផ្ទាល់ធ្លាប់បានសម្តែងក្តីព្រួយបារម្ភជាសាធារណៈ ចំពោះឥទ្ធិពលមិនល្អនៃវិបត្តិអ៊ុយក្រែនលើសេដ្ឋកិច្ចរុស្ស៊ី។ អីចឹងហើយ បានជាក្រុមការងាររបស់លោកអូបាម៉ា មួយភាគចង់ឱ្យអាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចរុស្ស៊ី ជាឯកតោភាគីមុន ដើម្បីធ្វើជាគំរូឱ្យអឺរ៉ុបសម្រេចចិត្តក្រោយ។
ប៉ុន្តែអ្នកវិភាគខ្លះទៀតយល់ផ្សេង។ ជាក់ស្តែង អតីតមហាសេដ្ឋីប្រេង Mikhail Khodorkovski មេបក្សប្រឆាំងរុស្ស៊ី ដែលលោកពូទីនបានចាប់ឃុំឃាំងអស់១០ក្នុងពន្ធនាគារ លោកយល់ថា គ្មានទណ្ឌកម្មណាអាចបញ្ឈប់លោកពូទីនបានឡើយ។ ទីមួយវិធានការបែបដាក់ទណ្ឌកម្មសេដ្ឋកិច្ច មិនឆ្លើយតបនឹងចរិតរបស់លោកពូទីន។ ហើយម្យ៉ាងទៀត ទណ្ឌកម្មសេដ្ឋកិច្ច ពាណិជ្ជកម្ម គ្មានឥទ្ធិពលភ្លាមៗលើសេដ្ឋកិច្ចរុស្ស៊ីទេ។ នេះបើផ្អែកទៅលើ ធនធានបំរ៉ុងជាមាស លទ្ធភាពបង្វែរទីផ្សារថាមពល ប្តូរអ្នកផ្គត់ផ្គង់ ... ក្នុងរវាងពី៣ ទៅ៥ឆ្នាំទៀត សេដ្ឋកិច្ចរុស្ស៊ី អាចធ្លាក់ចុះអន់បន្តិចមែន ប៉ុន្តែមិនអាចដល់ថ្នាក់វីវរឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ