អានតួអត្ថបទ
ប្រវត្តិសាស្រ្ត​ពិភពលោក

វិបត្តិ​ប៊ែរឡាំង៖ ​ការ​ប្រឈមមុខ​ដាក់គ្នា​ដោយផ្ទាល់​ជា​លើកដំបូង​រវាង​សូវៀត​និង​អាមេរិក​ក្នុង​សង្រ្គាម​ត្រជាក់

សំឡេង ០៨:១០
យន្តហោះ​ដឹកជញ្ជូន​អាមេរិក ដែល​ដឹកស្បៀង​ទៅ​ផ្គត់ផ្គង់​ក្រុង​ប៊ែរឡាំង​ខាង​លិច ក្នុង​អំឡុង​វិបត្តិ​ប៊ែរឡាំង
យន្តហោះ​ដឹកជញ្ជូន​អាមេរិក ដែល​ដឹកស្បៀង​ទៅ​ផ្គត់ផ្គង់​ក្រុង​ប៊ែរឡាំង​ខាង​លិច ក្នុង​អំឡុង​វិបត្តិ​ប៊ែរឡាំង
ដោយ៖ សេង ឌីណា

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​និយាយ​ អំពី​សង្រ្គាម​ត្រជាក់ ដោយ​លើកឡើង​អំពី​វិបត្តិ​នៅ​ប៊ែរឡាំង ដែល​ជា​ការ​ប្រឈមមុខ​ដាក់គ្នា​ដោយ​ផ្ទាល់​ជាលើកដំបូង​បង្អស់ រវាង​សូវៀត និងអាមេរិក ព្រមទាំង​សម្ព័ន្ធមិត្ត​លោក​ខាងលិច។

ផ្សាយពាណិជ្ជកម្ម

ការពុះចែក​ប្រទេស​អាល្លឺម៉ង់ រវាង​ប្រទេស​មហាអំណាច​ឈ្នះ​សង្រ្គាម​លោកលើកទី២ ត្រូវ​បាន​ធ្វើឡើង នៅ​ក្នុង​អំឡុង​សន្និសីទ​នៅ​​យ៉ាល់តា និងប៉តស្តាំ​ នៅ​ឆ្នាំ​១៩៤៥។ ប្រទេស​អាល្លឺម៉ង់ ដែល​ចាញ់​សង្រ្គាម​​ ត្រូវ​ពុះចែក​ជា ៤ចំណែក គឺ​មួយ​ចំណែក​នៅ​ប៉ែក​ខាង​កើត​ត្រូវ​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​សូវៀត និង​បីចំណែក​ផ្សេងទៀត​នៅ​ប៉ែក​ខាង​លិច​ត្រូវ​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​សហរដ្ឋ​អាមេរិក អង់គ្លេស និង​បារាំង។

ទីក្រុង​ប៊ែរឡាំង ដែល​ជា​រដ្ឋ​ធានី​របស់​អាល្លឺម៉ង់ ក៏​ត្រូវ​បាន​បែងចែក​ជា ៤​ចំណែក​ដូចគ្នា​នេះ​ដែរ។ ក៏ប៉ុន្តែ ប្រទេស​មហាអំណាច​ទាំង៤ មិនបាន​​កំណត់​គ្នា​ឲ្យ​បាន​ច្បាស់​ជាមុន អំពី​ច្រកផ្លូវ​ចេញចូល​ទីក្រុង​ប៊ែរឡាំង​នេះ​ទេ ក្នុងពេល​ដែល​ក្រុង​នេះ​​ស្ថិត​នៅ​ប៉ែក​ខាងកើត ​ចំកណ្តាល​ដែនដី​ក្រោម​ការ​កាន់កាប់​របស់សហភាព​​សូវៀត ហើយ​ស្ថិត​នៅ​ចម្ងាយ​ជាង ១០០គីឡូម៉ែត្រ​ពី​ព្រំដែន​​អាល្លឺម៉ង់​ខាងលិច។

មិនយូរ​ប៉ុន្មាន នៅ​ពេល​ដែល​​ទំនាក់ទំនង រវាង​សហភាព​សូវៀត និងសហរដ្ឋ​អាមេរិក​​កាន់តែ​ធ្លាក់​ចុះ​ដុនដាប ទីក្រុង​ប៊ែរឡាំង​ក៏​បាន​ក្លាយ​ទៅ​ជា​ចំណុច​ប្រឈមមុខគ្នា​ដ៏​ធំ និង​ដោយ​ផ្ទាល់​ជាលើក​ដំបូង រវាង​គូសត្រូវ​សង្រ្គាម​ត្រជាក់​ទាំងពីរ។

នៅ​ពាក់កណ្តាល​ឆ្នាំ​១៩៤៨ អាមេរិក អង់គ្លេស និង​បារាំង​ បាន​ប្រកាស​អំពី​គម្រោង​យក​ទឹកដី​អាល្លឺម៉ង់​ខាងលិច ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ពួក​គេ​មក​ច្របាច់​បញ្ចូល​គ្នា ដើម្បី​រៀបចំ​ឲ្យ​អាល្លឺម៉ង់​បង្កើត​ជា​រដ្ឋឯករាជ្យ​ឡើងវិញ។ សហភាព​សូវៀត ដែល​ប្រឆាំង​នឹង​គម្រោង​នេះ​ ក៏​បាន​បិទ​គ្រប់​ច្រកផ្លូវ​ទាំងអស់ លែង​ឲ្យ​ប្រទេស​លោកខាងលិច​ ធ្វើ​ដំណើរ​កាត់​តាម​តំបន់​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​សូវៀតចេញ​និង​ចូល​ទៅក្នុង​ទីក្រុង​ប៊ែរឡាំង។
 

ផែនទី​បង្ហាញ​ពី​ការ​បែងចែក​ប្រទេស​អាល្លឺម៉ង់​ជា​ ៤តំបន់ ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​​សូវៀត អាមេរិក អង់គ្លេស និង​បារាំង។
ផែនទី​បង្ហាញ​ពី​ការ​បែងចែក​ប្រទេស​អាល្លឺម៉ង់​ជា​ ៤តំបន់ ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​​សូវៀត អាមេរិក អង់គ្លេស និង​បារាំង។

នៅ​អាមេរិក លោក​​ប្រធានាធិបតី Harry Truman ព្រមទាំង​មេទ័ព​កំពូលៗ បាន​ឯកភាព​គ្នា​​ថា អាមេរិកមិន​ត្រូវ​ចុះញ៉ម​​សូវៀត​ ហើយ​​ដកថយ​ចេញ​ពី​ប៊ែរឡាំង​ជាដាច់ខាត។ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា អាមេរិក​ក៏​មិន​ចង់​ប្រើ​កម្លាំង​ទ័ព ដើម្បី​ទម្លាយ​​ច្រក​ផ្លូវ​​ចូល​ទៅ​ក្នុង​ក្រុង​ប៊ែរឡាំង​នោះ​ដែរ ដោយ​មិន​ចង់​​ឲ្យ​សង្រ្គាម​ត្រជាក់​ត្រូវ​ក្លាយ​ទៅ​ជា​សង្រ្គាម​លោក​ថ្មី​មួយ​ទៀត។ ដូច្នេះ ដំណោះស្រាយ​ដែល​សមរម្យ គឺ​ត្រូវ​រក​វិធី​ផ្សេង ដើម្បី​ដឹកជញ្ជូន​​ស្បៀង​អាហារ និង​សម្ភារៈ​ចាំបាច់ ចូល​ទៅ​ផ្គត់ផ្គង់​​ដល់​ប្រជាជន​ដែល​រស់នៅ​ក្នុង​ទីក្រុង​ប៊ែរឡាំង​ខាងលិច ហើយ​​ភ្លាមៗ​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​លោកខាងលិច​ក៏​បាន​ឯកភាព​ទៅលើ​វិធីមួយ គឺ​ផ្គត់ផ្គង់​ក្រុង​ប៊ែរឡាំង​តាមផ្លូវ​អាកាស (ដែល​ត្រូវ​បាន​គេ​ហៅ​ជាទូទៅ​ថា “Berlin Airlift” ឬ “Air Bridge”)។

សហភាព​សូវៀត ដែល​​ក៏​មិន​ចង់​ឲ្យ​ផ្ទុះ​ជា​​សង្រ្គាម​ដែរ​នោះ​​ ជាពិសេស ដោយ​ខ្លាច​អាវុធ​នុយក្លេអ៊ែរ​របស់​សហរដ្ឋ​អាមេរិក ក៏​ទុក​បណ្តោយ​ឲ្យ​​យន្តហោះ​របស់​សម្ព័ន្ធមិត្ត​លោកខាងលិច​ហោះកាត់​ដែន​អាកាសអាល្លឺម៉ង់​ខាង​កើត ដើម្បី​ដឹកជញ្ជូន​ស្បៀង​ទៅ​ផ្គត់ផ្គង់​ក្រុង​ប៊ែរឡាំង​ខាងលិច។

កាល​ពី​ដំបូង សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​គិត​​ថា ការផ្គត់ផ្គង់​ស្បៀង​ដល់​​ក្រុងប៊ែរឡាំង​​តាម​ផ្លូវ​អាកាស​ គឺ​គ្រាន់តែ​ជា​វិធានការ​បណ្តោះអាសន្ន​រយៈពេល​ខ្លី​តែ​ប៉ុណ្ណោះ ដោយ​រំពឹង​ថា សូវៀត​នឹង​បើក​ច្រកផ្លូវ​គោកឡើងវិញ​ឆាប់ៗ។ ក៏ប៉ុន្តែ នៅ​ទីបំផុត វិបត្តិ​នៅ​ប៊ែរឡាំង​នៅតែ​បន្ត​កើតមាន​ ហើយ​ប្រតិបត្តិការ​ផ្គត់ផ្គង់​ក្រុង​ប៊ែរឡាំង​តាម​ផ្លូវ​អាកាស​ក៏​ត្រូវ​អូសបន្លាយ​ពេល​រហូត​ដល់​ទៅ​ជិត​មួយ​ឆ្នាំ។

ចាប់តាំង​ពី​​ខែ​មិថុនា ឆ្នាំ​១៩៤៨ រហូតដល់​ខែ​ឧសភា ឆ្នាំ​១៩៤៩ យន្តហោះ​រាប់រយគ្រឿង​របស់​អាមេរិក អង់គ្លេស និង​បារាំង ដឹកជញ្ជូន​ស្បៀង​ប្រមាណ​ពី ៥ពាន់​ ទៅ ៨ពាន់​តោន​ ក្នុងមួយថ្ងៃៗ ដើម្បី​យក​ទៅ​ផ្គត់ផ្គង់​ក្រុង​ប៊ែរឡាំង​ខាងលិច។ គិតជាសរុប​ពេញ​ក្នុង​អំឡុង​វិបត្តិ​ប៊ែរឡាំង យន្តហោះ​របស់​សម្ព័ន្ធមិត្ត​លោកខាងលិច​​ធ្វើការ​ហោះហើរ​ចំនួន​ជិត ៣០ម៉ឺន​ជើង និង​ដឹកស្បៀង ព្រមទាំង​​សម្ភារៈ​ផ្សេងៗ​ចំនួន​ជាង​ជាង ២លាន​តោន។

នៅ​ក្នុង​ក្រុង​ប៊ែរឡាំង​ខាងលិច ស្បៀង​អាហារ ថ្នាំសង្កូវ និង​ប្រេងឥន្ធនៈ ត្រូវ​បាន​គេ​កំណត់​របប​យ៉ាង​តឹងរ៉ឹង​បំផុត ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ជីវភាព​ប្រជាជន​​ត្រូវ​ប្រឈមមុខ​នឹង​ការ​លំបាក​យ៉ាង​ខ្លាំង ជាពិសេស នៅ​ក្នុង​អំឡុង​រដូវ​រងារ។ ក៏ប៉ុន្តែ បើទោះបី​ជា​យ៉ាងនេះ​ក៏ដោយ អ្នក​ក្រុង​ប៊ែរឡាំង​ខាងលិច​នាំគ្នា​គាំទ្រ​យ៉ាងពេញ​ទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ព័ន្ធមិត្ត​លោក​ខាងលិច ដោយ​មាន​ពាក្យ​មួយឃ្លា​​​ដែល​គេតែងតែ​នាំ​គ្នា​និយាយ នៅ​ក្នុង​អំឡុង​វិបត្តិ​នោះ គឺ “នៅ​ប៊ែរឡាំង​​វារងារ​ខ្លាំងណាស់! តែ​យ៉ាងណា​ក៏​មិន​រងារ​ដូច​នៅ​ស៊ីបេរី​នោះដែរ”។

គិតត្រឹម​ខែ​ឧសភា ឆ្នាំ​១៩៤៩ សហភាព​សូវៀត​បាន​ចាប់ផ្តើម​មើល​ឃើញ​យ៉ាង​ច្បាស់​ថា ការបិទច្រក​ផ្លូវ​គោក​មិន​អាច​ខ្ទប់ដង្ហើម​ក្រុងប៊ែរឡាំង​ខាងលិច​បាន មិនអាច​បំផុស​ឲ្យ​អ្នក​ក្រុង​ប៊ែរឡាំង​បះបោរ​ប្រឆាំង​នឹង​លោកខាងលិច​បាន ចំណែក​ឯ​គម្រោង​បង្កើត​រដ្ឋ​អាល្លឺម៉ង់​ខាងលិច​ក៏​មិន​អាច​រារាំង​បាន សហភាព​សូវៀត​ក៏​បាន​សម្រេច​បិទបញ្ចប់​ការ​បិទខ្ទប់​ក្រុងប៊ែរឡាំង ដោយ​ចាប់ផ្តើម​បើក​ច្រកផ្លូវគោក​​ឲ្យ​សម្ព័ន្ធមិត្ត​លោក​ខាងលិច​ធ្វើ​ដំណើរ​ចេញចូល​ក្រុង​ប៊ែរឡាំង​ខាងលិច​ឡើងវិញ។
 

វិបត្តិ​នៅ​ប៊ែរឡាំង​ត្រូវ​បិទបញ្ចប់ ដោយ​គ្មាន​ការ​ប៉ះទង្គិចគ្នា​​ដោយ​​អាវុធ ក៏ប៉ុន្តែ វា​គឺ​ជា​ចំណុច​ដ៏សំខាន់​មួយ ដែល​ធ្វើ​ឲ្យ​ភាព​តានតឹង​នៃ​សង្រ្គាម​ត្រជាក់​​ត្រូវ​កើនឡើង​ដល់​កម្រិត​កំពូល ដោយ​ចាប់ពីពេលនោះ​មក គូបដិបក្ខ​ទាំងពីរ គឺ​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត សំឡឹង​មើល​គ្នា​​ថាជា​គូសត្រូវ​ដែល​មិន​អាច​ផ្សះផ្សា​បាន។

នៅថ្ងៃ​ទី២៣ ខែ​ឧសភា ឆ្នាំ​១៩៤៩ ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ (អាល្លឺម៉ង់​ខាងលិច) ត្រូវ​បាន​បង្កើត​ឡើង ក៏ប៉ុន្តែ ប៊ែរឡាំង ដែល​ស្ថិត​នៅ​ចំ​កណ្តាល​ទឹកដី​អាល្លឺម៉ង់​ខាងកើត ហើយ​ដែល​ធ្លាប់​ទទួលរង​ការ​បិទខ្ទប់​ដង្ហើម​ពី​សំណាក់​សូវៀត​ម្តងរួចមកហើយ​នោះ មិន​ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​ជា​រដ្ឋធានី​របស់​រដ្ឋ​​អាល្លឺម៉ង់​ខាងលិច​​​ថ្មី​នេះ​ទេ។ រដ្ឋធានី​របស់​អាល្លឺម៉ង់​ខាងលិច​ត្រូវ​បាន​គេ​យក​ទៅ​តាំងទី នៅ​ក្នុង​ទីក្រុងបន (Bonn)។

ឆ្លើយតប​នឹង​ការ​បង្កើត​រដ្ឋ​អាល្លឺម៉ង់​ខាងលិច សហភាព​សូវៀត​ក៏​បាន​យក​ទឹកដី​អាល្លឺម៉ង់​ខាងកើត ដែល​ខ្លួន​គ្រប់គ្រង​ ទៅ​រៀបចំ​បង្កើត​ជា​រដ្ឋ​មួយឡើងដែរ នៅ​ថ្ងៃ​ទី៧ ខែតុលា ឆ្នាំ​១៩៤៩ ដោយ​ដាក់​ឈ្មោះ​ថា សាធារណរដ្ឋ​ប្រជាធិបតេយ្យ​អាល្លឺម៉ង់ (អាល្លឺម៉ង់​ខាងកើត) ដោយ​យក​ទីក្រុង​ប៊ែរឡាំង​ខាងកើត​ធ្វើ​ជា​រដ្ឋធានី។

ចាប់ពី​ឆ្នាំ​១៩៥២ រដ្ឋាភិបាល​អាល្លឺម៉ង់​ខាង​កើត​បាន​បិទ​គ្រប់ច្រក​ព្រំដែន​ទាំងអស់​ជាមួយ​អាល្លឺម៉ង់​ខាងលិច ដើម្បី​រារាំង​កុំ​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​​លួចរត់ភៀសខ្លួន​ឆ្លងដែន​ទៅ​ខាងលិច។ នៅ​ក្នុង​ទីក្រុងប៊ែរឡាំង​វិញ ជញ្ជាំង​បេតុង​ត្រូវ​បាន​អាជ្ញាធរ​អាល្លឺម៉ង់​ខាង​កើត​សាងសង់​ឡើង នៅ​ឆ្នាំ​១៩៦១ ដើម្បី​ខណ្ឌចែក​​ក្រុង​ប៊ែរឡាំង​កើត ពី​ប៊ែរឡាំង​ខាងលិច ដែល​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​​សម្ព័ន្ធមិត្ត​លោក​ខាងលិច។ ជញ្ជាំង​ប៊ែរឡាំង ដែល​ជា​និមិត្តរូប​នៃ​ការ​ពុះចែក​អឺរ៉ុប រវាង​ប្លុក​សេរី និង​ប្លុក​កុម្មុយនិស្ត ពេញ​ក្នុង​អំឡុង​សង្រ្គាម​ត្រជាក់។

នៅ​ក្នុង​អំឡុង​សង្រ្គាម​ត្រជាក់ ការពុះចែក​ប្រទេស​​​ជាពីរ រវាង​ម្ខាង​រណប​ប្លុក​កុម្មុយនិស្ត​សូវៀត និង​ម្ខាង​ទៀត​រណប​ប្លុក​អាមេរិក​ដូចជា​ករណី​ប្រទេស​អាល្លឺម៉ង់​ ក៏​ត្រូវ​បាន​គេ​យក​ទៅ​អនុវត្ត​​ផងដែរ​ទៅលើ​ប្រទេស​មួយចំនួន​ផ្សេងទៀត ដូចជា កូរ៉េ​ ត្រូវ​ចែក​ជា​កូរ៉េ​ខាងជើង​ (កុម្មុយនិស្ត) និង​កូរ៉េ​ខាង​ត្បូង (សេរី) យេម៉ែន ត្រូវ​ចែក​ជា​យេម៉ែន​ខាង​ជើង (សេរី) និង​យេម៉ែន​ខាង​ត្បូង (កុម្មុយនិស្ត) និង​វៀតណាម ​ត្រូវ​ចែក​ជា​វៀតណាម​ខាងជើង (កុម្មុយនិស្ត) និង​វៀតណាម​ខាង​ត្បូង (សេរី)។ នៅ​ក្រោយ​សង្រ្គាម​ត្រជាក់​ត្រូវ​បញ្ចប់ ប្រទេស​ទាំងអស់​នេះ​សុទ្ធសឹង​តែ​ត្រូវ​បង្រួបបង្រួម​ជា​ប្រទេស​តែមួយ​វិញ លើកលែង​តែ​កូរ៉េ ដែល​នៅ​បន្ត​បាក់បែក​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ