អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ភេរវកម្ម​នៅ​ប៉ារីសអាច​គាស់​កាយ​ឱ្យ​មាន​ភាព​តាន​តឹង​ក្នុង​សហគមន៍​នៅអឺរ៉ុប

សំឡេង ០៤:២៩
បាតុករ​អាល្លឺម៉ង់​​កាន់​បដា​បង្ហាញ​​អត្ថន័យ​ការ​រួម​រស់​ជា​មួយ​គ្នា​ដោយ​គ្មាន​រើង​អើង​សាសនា ប្រឆាំង​នឹង​ភេរវកម្ម​នៅប៉ារីស
បាតុករ​អាល្លឺម៉ង់​​កាន់​បដា​បង្ហាញ​​អត្ថន័យ​ការ​រួម​រស់​ជា​មួយ​គ្នា​ដោយ​គ្មាន​រើង​អើង​សាសនា ប្រឆាំង​នឹង​ភេរវកម្ម​នៅប៉ារីស © Reuters
ដោយ៖ អៀង សុខម៉ិញ

ភេរវកម្ម​បាញ់​ប្រហារ​អ្នក​កាសែត​នៅ​ទីក្រុង​ប៉ារីស​ស្លាប់​មនុស្ស​អស់​១៧​នាក់ ដែល​បង្ក​ឡើង​ដោយ​ភេរវជន​​ជីហាត​អ៊ីស្លាមជ្រុល​និយម​ បាន​និង​កំពុង​ធ្វើ​សហភាព​អឺរ៉ុប​ព្រួយ​បារម្ភ​ខ្លាច​មាន​វិបត្តិ​​សហគមន៍​ និង​ការ​រើសរើស​អ៊ីស្លាម​កាន់​តែ​ធ្ងន់ធ្ងរ។ ភាព​តាន​តឹង​សហគមន៍​ដែល​បាន​កើត​មាន​ស្រាប់​ខ្លះៗ​មក​ហើយ ដោយ​ហេតុ​តែ​ជម្លោះ​នៅ​តំបន់​ដើម​បូព៌ា។​

ផ្សាយពាណិជ្ជកម្ម

ក្នុង​ខណៈ​ដែល​ពិភពលោក​ កាន់​តែ​ហ្មត់ចត់ កំប្លែង​ធ្វើ​ឱ្យ​សើច​ក្លាយ​ជា​វិជ្ជាជីវៈ​ដ៏​គ្រោះ​ថ្នាក់​ អាច​ស្លាប់​បាន​ក្រោម​កាណុង​កាំភ្លើង ... ធ្វើ​ភេរវកម្ម​សម្លាប់​អ្នក​កាសែត​ដើម្បី​បុព្វហេតុ​ព្រះអាឡា សម្លាប់​ជនជាតិ​ជ្វីហ្វ​ដើម្បី​សង​សឹង​ជូន​បណ្តា​ជន​ប៉ាឡេស្ទីន ...គឺ​ជា​ការ​ធម្មតា​ទេ​ដែល​ បារាំង ឬ​និយាយជា​រួម​សហភាព​អឺរ៉ុប​ត្រូវបារម្ភ​នឹង​វិបត្តិ​សហគមន៍​ និង​ត្រូវ​ចោទ​សួរ​ថា​ត្រូវ​ពង្រឹង​នយោបាយ​យ៉ាង​ដូច​ម្តេច បើ​បច្ចុប្បន្ន​នេះ បរិបទ​នយោបាយ​ បញ្ហា​អ៊ីស្លាមនិង​អន្តោប្រវេសន៍​ កំពុង​ផុយស្រួយ​និង​យ៉ាង​តាន​តឹង​ស្រាប់​ដូច្នេះ ?

 
យើង​ត្រូវ​តែ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម ទោះ​ក្នុង​ទម្រង់​និង​ចេញ​ពី​ប្រភព​ណា​ក៏​ដោយ ប៉ុន្តែ​វា​មិន​មែន​ជា​ការ​ត្រឹម​ត្រូវ​ឡើយ​បើ​យើង​ភ្ជាប់​អ៊ីស្លាម​ទៅ​នឹង​ភេរវកម្ម។ រដ្ឋាភិបាល ប្រមុខ​សាសនា​អ៊ីស្លាម​បាន​អំពាវនាវ​ជា​រហូត​មក កុំ​ឱ្យ​ពលរដ្ឋ​បូក​បញ្ហា​ពីរ​នេះ​បញ្ចូល​គ្នា។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ដូច្នេះ​ក្តី ក៏​សកម្មភាព​ប្រមាថ​ជាពាក្យ​សំដី ជា​កាយវិការ ជា​ទង្វើ​វាយប្រហារ​ប្រឆាំង​វិហារ​អ៊ីស្លាម បាន​កើត​មាន​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស​បារាំង ដែល​អាច​រាប់បាន​មាន​ដល់​ទៅ​ជាង​៥០​ករណី ហើយ​ចលនា​ស្អប់ខ្ពើម​ប្រឆាំង​អ៊ីស្លាម បាន​ស្ទុះឡើង​ស្ទើរ​ពេញ​អឺរ៉ុប។

បារាំងដែល​មាន​សហគមន៍​អ៊ីស្លាម​រស់​នៅ​យ៉ាង​សន្ធឹក​សន្ធាប់ និង​បានបើក​​យុទ្ធនាការ​ប្រឆាំង​ពួក​អ៊ីស្លាម​ជ្រុល​និយម​នៅ​អាហ្វ្រិក ប្រឆាំង​នឹង​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម​នៅ​អ៊ីរ៉ាក់ បានផ្ទុះ​ការ​​​តស៊ូ​មតិ​យ៉ាង​ពុះ​កញ្ជ្រោលស្តីពី​ “អ៊ីស្លាម​និង​អន្តោប្រវេសន៍” ​ តាំង​ពី​ជា​ច្រើន​ខែ​មក​ហើយ ដោយ​សារ​ ក្រុមអ្នក​ស្តាំ​ជ្រុល​និយម​ យល់​ថា​អន្តោប្រវេសន៍​ដែល​ភាគ​ច្រើន​ជាកាន់​សាសនា​​អ៊ីស្លាម ​កំពុង​ទន្ទា្រន​ទី​ មក​គ្រប​​​បារាំង ជា​ម្ចាស់​ផ្ទះ- អ្នកនិពន្ធ​​ម្នាក់​បាន​សរសេរ​សៀវភៅមួយ​​មាន​ចំណង​ជើង​ថា​ “អត្តឃាតបារាំង”​ ដែល​សំដៅ​បន្ទោស​អឺរ៉ុប​និង​អន្តោប្រវេសន៍​ ជា​ដើមហេតុ​បង្កឱ្យ​មាន​អពមង្គល​ក្នុង​សង្គម​បារាំង។ តារា​កំប្លែង​ Dieudonné កាន់​សាសនា​អ៊ីស្លាម​ មិន​ត្រឹមតែ​លេង​រឿង​មាន​លក្ខណៈប្រកាន់​ពូជសាសន៍​ ប្រឆាំង​អម្បូរ​អង់ទីសេមីត​ទេ តែ​ថែម​ទាំង​​មាន​ទម្រង់ការ​ឃោសនា​ផ្តល់​មនោគមន៍​វិជ្ជា​ភេរវនិយម​ រហូត​ដល់​តុលាការ​សម្រេច​ឃាត់​ខ្លួន​មួយ​រយៈ បាន​​មក​ជាន់​បន្ថែម​លើ​​ភេរវកម្ម​ជីហាត​អ៊ីស្លាម​ជ្រុលនិយម​កណ្តាល​ក្រុង​ប៉ារីស​ទៀត​ ជា​ហេតុ​ធ្វើឱ្យ​ប្រធានបទ​អ៊ីស្លាម អន្តោប្រវេសន៍​ ឬ​វិបត្តិ​សហគមន៍​ឡើង​ក្តៅ​គគុក​ជាង​ពេល​ណាៗ​ទាំង​អស់។

មាន​ឬសគល់​ជា​គ្រិស្ត​សាសនា សង្គម​អឺរ៉ុប​​យល់​ថា​កំពុង​គំរាម​កំហែង​ដោយ​អន្តោប្រវេសន៍ ​ក្រុម​អ្នក​អ៊ីស្លាមត្រូវ​ប្រឈម​មុខ​នឹង​​ទស្សនៈ​មិន​ល្អ​បណ្តាលមក​ពី​ភេរវនិយម​ជីហាត​ផង និង​ការ​ប្រកាន់​ពូជសាសន៍​ដាក់​គ្នា​រវាង​អ៊ីស្លាម​និង​ជ្វីហ្វ​ទៀត។ ចំណែក​ឯ​ពូជសាសន៍​ជ្វីហ្វ​ ក៏​មាន​អារម្មណ៍​ថា​​រង​ការគំរាម​កំហែង​។

នៅអាល្លឺម៉ង់​វិញ​ ប្រទេស​ដែល​មាន​សហគមន៍​អ្នកកាន់​សាសនា​អ៊ីស្លាម​ច្រើន​ដូច​បារាំង​ដែរ តែ​ភាគ​ច្រើន​មាន​ដើម​កំណើត​តួកគី រលក​ស្អប់​ខ្ពើម​ប្រឆាំង​នឹង​អ៊ីស្លាម​ ក៏​កំពុង​ព្យុះ​បោក​បក់​ខ្លាំង​ណាស់​​ដែរ។ ចលនា​ប្រឆាំង​អ៊ីស្លាមនៅ​អឺរ៉ុប « Européens patriotes contre l’islamisation de l’Occident »​​ ហៅ​កាត់​ថា Pegida បាន​ប្រមូល​ផ្តុំ​គ្នា​កាន់​តែ​ច្រើន​ឡើងៗ ធ្វើ​បាតុកម្ម​ ជា​រៀង​រាល់​​ថ្ងៃ​ចន្ទ វាយ​ប្រហារ​អ៊ីស្លាម និង​អ្នក​នយោបាយ​ ដោយ​ចោទ​ថា​បាន​និង​កំពុង​បំពុល​វប្បធម៌​គ្រិស្ត​របស់​​អាល្លឺម៉ង់។ ចលនា​នេះ​បាន​ប្រមូល​ផ្តុំ​មនុស្ស​បាន​ជាង​ពី​រ​ម៉ឺន​នាក់ កាលពី​ថ្ងៃ​ចន្ទ​ទី​១១ បើ​ប្រៀប​ទៅ​នឹង​ពីរ​ខែ​មុខ​ដែល​មាន​មិនដល់​៥០០​នាក់​ផង។ ទន្ទឹម​នឹង​នេះ បណ្តា​ជន​អាល្លឺម៉ង់​ជាង​ពាក់​កណ្តាល​យល់​ថា​ អ៊ីស្លាម​​ជា​ការ​គំរាម​កំហែង​ និង​ដល់​ទៅ​៦១%​ គិត​ថា​អ៊ីស្លាម​មិន​ស៊ី​បស្ចឹម​លោក​។ បើ​តាម​ការ​ស្ទង់​មតិ​របស់ទស្សនាវដ្តី​Die Zeit​ដដែល​នេះ ពលរដ្ឋ​អាល្លឺម៉ង់​ដល់​៤០%​ មាន​អារម្មណ៍​ជា​បរទេស​រស់​នៅ​ក្នុង​ប្រទេស​ខ្លួនឯង។

ការស្ទង់​មតិ​នេះ បាន​ធ្វើ​ឡើង​ដោយ​មូលនិធិ​អាល្លឺម៉ង់​ តាម​ពី​មុន​ហេតុការណ៍​​ភេរវកម្ម​នៅ​ក្រុង​ប៉ារីស​ផង។ ហេតុដូច្នេះ​ហើយ​បាន​ជា​រដ្ឋាភិបាល​អាល្លឺម៉ង់​ចៀស​មិនព្រួយ​បារម្ភ​នឹង​វិបត្តិ​សហគមន៍​មិន​បាន​ឡើយ។ រដ្ឋាភិបាល​បាន​រៀប​ចំ​​បាតុកម្ម​បក​វិញ​ ជា​បាតុកម្ម​ដើម្បី​គាំទ្រ​អ៊ីស្លាម​។ សហគមន៍​អ៊ីស្លាម​ខំ​ប្រកូក​ប្រកាស​គ្នា​ធ្វើ​បាតុកម្ម​ដើម្បី​ប្រឆាំង​នឹង​ជន​​ជ្រុល​និយម ភេរវជន​ជីហាត។ លោកស្រី​ប្រមុខ​រដ្ឋាភិបាល អង់ហ្គឺឡា​ មែរកិល បាន​ខំ​បំប៉ោង​អំពី ទំនាក់ទំនង​ល្អ​ប្រពៃ​រវាង​អ្នក​កាន់​សាសនា​អ៊ីស្លាម​និង​ពលរដ្ឋ​អាល្លឺម៉ង់ ដើម្បី​សាក​ល្បង​បិទ​បាំង​គម្លាត​សង្គម​នេះ។

ចលនា​បាតុកម្ម​ថ្ងៃ​ចន្ទ​ប្រឆាំង​អ៊ីស្លាម បាន​ឆ្លង​ដល់​ប្រទេស​ន័រវេស ! នៅ​ស៊ុយអែត​ វិហារ​អ៊ីស្លាម​បី​ ​ត្រូវ​រង​អគ្គីភ័យ ! ទាំង​នេះ​អាច​បញ្ជាក់​បាន​ថា​ចរន្ត​ស្អប់​ខ្ពើម​អ៊ីស្លាម​បាន​រីក​ធំធាត់​ជា​លំដាប់។ អ៊ីស្លាម​​ ត្រូវ​បាន​គេ​ចង្អុល​មុខ​ជា​សាធារណៈ​ និយាយ​ពេញ​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន​ ! មិន​ធ្លាប់​ឡើយ​ពី​មុន​មក​។ រវាង​ភេរវកម្ម​នៅប៉ារីស​ និង​លនា​ប្រឆាំង​អ៊ីស្លាម​នៅ អាល្លឺម៉ង់ គឺ​វិល​ទៅ​វិលមក អឺរ៉ុប​ដក​​មិន​រួច! ក្នុង​បរិបទ​ដ៏​តាន​តឹង​ដូច្នេះ ភេរវកម្ម​ក្រុង​ប៉ារីស​ នឹង​មាន​ទម្ងន់​ខ្លាំង​លើ​ល្បែង​នយោបាយ​របស់​បារាំង របស់​អឺរ៉ុប៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ