ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប្រវត្តិ​នៃប្រាក់​ខែ​អប្បបរិមា

សំឡេង ០៤:៥៤
ឯកសារ​រាយ​បញ្ជី​ប្រាក់​បៀវត្សរ៍​ប្រចាំ​ខែ (គំរូ​ប្រទេស​បារាំង)
ឯកសារ​រាយ​បញ្ជី​ប្រាក់​បៀវត្សរ៍​ប្រចាំ​ខែ (គំរូ​ប្រទេស​បារាំង) AFP/ MYCHELE DANIAU

១១ កុម្ភៈ ១៩៥០-១១កុម្ភៈ​២០១៥ ប្រាក់​ខែ​អប្បបរិមា មាន​អាយុ​៦៥ឆ្នាំ​នៅ​ថ្ងៃពុធ​នេះ។ ប្រាក់​ខែ​អប្បបរិមា មាន​កំណើត​ជា​លើក​ដំបូង នៅ​ប្រទេស​បារាំង។ ថ្វី​បើ​វត្តមាន​​នៃ​“ប្រាក់ខែ​អប្បបរិមា” បាន​ឆ្លង​កាត់​ការ​ប្រទាញ​ប្រទង់​ខ្លាំង​បន្តិច​មែន ប៉ុន្តែ​គោលការណ៍​ ប្រាក់ខែ​អប្បបរិមា អាច​យក​ឈ្នះ​បាន​លើ​រាល់​ឧបសគ្គ និង​បន្ត​អនុវត្ត​ក្នុង​ប្រទេស​បារាំង​ បន្ទាប់​មក​នៅ​អឺរ៉ុប នៅ​សហរដ្ឋ​អាមេរិក អាស៊ី​ចិន​ជប៉ុន រហូត​មកទល់​នឹង​ពេល​បច្ចុប្បន្ននេះ។

ផ្សាយពាណិជ្ជកម្ម

“ប្រាក់ខែ​អប្បបរិមា” បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៥០ ពេល​ដែល​បារាំង ក្រីក្រ ​ ទើប​ងើប​ចេញ​ពី​សង្គ្រាម ​ ចាប់​មាន​កំណើន​សេដ្ឋកិច្ច​ស្ទុះ​ឡើង​ខ្លាំង (ជាង៨%)។ បារាំង​​​លូត​លាស់ តែ​ជីវិត​​បុគ្គលិក​កម្មករ​ ជាពិសេស​នៅក្នុង​វិស័យ​ឯកជន​ មិន​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​តាំង​ពី​អំឡុង​ពេល​សង្គ្រាម​មក គ្មាន​ប្រាក់​ខែ​ត្រឹម​ត្រូវ គ្មានការ​ធានា​សុវត្ថិភាព​ហិរញ្ញវត្ថុ​ឬ​សម្ភារៈអ្វីឡើយ ទើប​សភា​សម័យ​នោះ ដោយ​ឈរ​លើ​ច្បាប់​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៤៦ ថា​ រដ្ឋ​ត្រូវ​មាន​ភារៈ​ធានា​​ដល់​ពលរដ្ឋ​ជា​បុគ្គល​ និង​គ្រួសារ​ ឱ្យ​មាន​លក្ខខណ្ឌ​​ចាំ​បាច់សម្រាប់​រស់​ ធានាការ​ពារ​បាន​ផ្នែក​សុខភាព និង​សន្តិសុខ​ផ្នែកសម្ភារៈ ការ​សម្រាក​និង​លំហែកាយ ដោយ​​បង្កើត​ឱ្យ​មាន​ច្បាប់ ​ “ប្រាក់​ខែ​អប្បបរិមា” សម្រាប់​ធានា​ដល់​គ្រប់​វិជ្ជាជីវៈ ក៏​បាន​ចាប់​មាន​សុភពភាព នៅ​ថ្ងៃទី ១១​កុម្ភៈ ១៩៥០។

ប្រាក់ខែ​អប្បបរិមា​នេះ ត្រូវ​បានគុណ​គិត​ដោយ​ឈរ​លើ​សេចក្តី​ត្រូវ​ការ​ផ្នែក​ទទួល​ទាន​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​ម្នាក់ៗ។ ក្រោយ​មក​ដោយ​មាន​វិបត្តិ​ទំនិញ​ឡើង​ថ្លៃ ប្រាក់​ខែ​អប្បបរិមា​ មិន​អាច​ធានា​ឱ្យ​ប្រជាជន​រស់​បានត្រឹម​ត្រូវ សហជីព​និង​ដៃគូ​​សង្គម​បាន​ទាមទារ​តវ៉ា ឱ្យ​ដំឡើង​ប្រាក់​ខែ​អប្បបរិមា​ទៅ​តាម​​ល្បឿន​នៃ​អតិផរណា​ជាតិ។ តែ​ជា​ទូទៅ​ប្រាក់​ខែ​អប្បបរិមា​នេះឡើង​តិច​ជាង​ប្រាក់​បៀវត្សរ៍មន្ត្រី​ជាន់​ខ្ពស់​ឆ្ងាយ​ណាស់។

 
ម្ភៃ​ឆ្នាំ​ក្រោយ ​​ប្រាក់​ខែ​អប្បបរិមា​ បាន​វិវឌ្ឍន៍​ ដំឡើង​ឱ្យ​ស្រប​នឹង​អតិផរណា​ផង ដើម្បី​បង្កើន​លទ្ធភាព​ចាយ​វាយ​ផង និង​ត្រូវ​គិត​គូរ​ដំឡើង​​នៅ​រៀង​រាល់​ថ្ងៃទី ១​មករាផង ដោយ​រដ្ឋាភិបាល​អាច​សម្រេច​ដំឡើង ឬ​បន្ថែម​ជាពិសេស​ ទៅ​តាម​សភាពការណ៍។ ឧទាហរណ៍​នៅ​ឆ្នាំ​១៩៨១ ប្រធានាធិបតី​បារាំង លោក​ហ្វ្រងស័រ មីតេរ៉ង់ ពេល​បាន​ឡើង​កាន់​អំណាច​ភ្លាម បាន​ដំឡើង​ប្រាក់​ខែ​អប្បបរិមា​ចំនួន​១០%។

តាំង​ពី​ថ្ងៃ​ទី ១​មករា ២០១៥​មក ប្រាក់​ខែ​អប្បបរិមា​បារាំង​ បាន​ឡើង​ដល់​ ១៤៥៧,៥២​អឺរ៉ូ ពោល​គឺ​៩,៦១​អឺរ៉ូ ក្នុង​មួយ​ម៉ោង។ នៅ​ឆ្នាំ​២០១៤​ មាន​បុគ្គលិក​ក្នុង​វិស័យ​ឯកជន​១១%​ ស៊ី​​ប្រាក់​ខែ​អប្បបរិមា។ ក្រុមថៅកែ តែង​ចាត់​ទុក​ការ​កំណត់​ប្រាក់​ខែ​ទាប​បំផុត​នេះ ថា​រំខាន​ដល់​ភាព​ប្រកួត​ប្រជែង​របស់​ក្រុមហ៊ុន ប៉ុន្តែ​សហជីព​យល់​ថា​របង​ការពារ​​​សង្គម។

ថ្វី​បើ​មាន​ការ​ចោទ​ប្រកាន់ ការ​លំបាក និង​ពេល​ខ្លះ ដោយ​សារ​គោរព​ច្បាប់ ប្រាក់​ខែ​អប្បបរិមា បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​បារាំង​​ដើរ​យឺត​ក៏​ដោយ​ ក៏​គោលការណ៍​ “ប្រាក់ខែ​អប្បបរិមា” ​នេះទំនង​មិន​ងាយ​​ដួល​រំលំ​ទេ។ ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត ក៏​បាន​យក​គំរូ​តាម​បារាំង មិន​ថា​ក្រិក សហរដ្ឋ​អាមេរិក ចិន ជប៉ុន​ ឬ​អាល្លឺម៉ង់​ទេ ព្រោះ​គំនិត​នៃ ប្រាក់​ខែ​អប្បបរិមា គឺ​ធានា​ឱ្យ​បុគ្គលិក​កម្មករ​ មាន​ប្រាក់ចំណូល​អាច​រស់​បាន។ ប៉ុន្តែ​ទឹក​ប្រាក់ របៀប​គណនា​ប្រាក់​ខែ​ និង​ការ​ដំឡើង​ អាច​ខុស​គ្នា​ ក្នុង​ការ​អនុវត្ត​ពី​ប្រទេស​មួយ​ទៅ​មួយ។

នៅ​សហរដ្ឋ​អាមេរិក​និង​បារាំង គេ​គណនា​​ ​ប្រាក់​អប្បបរិមា ដោយយក​ប្រាក់​​​​​​ម៉ោង​ជា​គោល។ នៅ​ហូឡង់​ គេ​គិត​ជា​សប្តាហ៍ និង​នៅ​អេស្ប៉ាញ ឬ​លុចសំបួរ គិត​ជា​ខែ។ ប៉ុន្តែ​នៅ​សហរដ្ឋ​អាមេរិក ថ្វី​បើ​ប្រាក់​ខែ​អប្បបរិមា ត្រូវ​បាន​កំណត់​ដោយ​ច្បាប់​សហព័ន្ធ​មែន តែ​រដ្ឋ​នីមួយៗ​សម្រេច​ដំឡើង​ជា​ឯកតោ​ភាគី​​បាន។ កាលពី​ខែ​មករា​ឆ្នាំ​២០១៤ លោក​ប្រធានាធិបតី​អាមេរិក អូបាម៉ា បាន​សម្រេច​ដំឡើង​ប្រាក់​ខែ​អប្បបរិមា​នេះ ពី​៧,២៥ ទៅ​១០,១០​ដុល្លារ​ក្នុង​ម៉ោង ផ្ទុយ​នឹង​យោបល់​សភា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ក្រីក្រ​ និង​វិសមភាព​សង្គម។ នៅអាមេរិក​មាន​ពល​រដ្ឋ​ប្រមាណ​ជិត​៤​នាក់ រស់​ជាមួយ​នឹង​ប្រាក់​ខែ​ទាប​បំផុត​នេះ។

សម្រាប់​អឺរ៉ុបខាង​កើត​វិញ ប្រាក់​ខែ​អប្បបរិមា​នេះ មាន​កំរិត​ទាប​ជាង​គេ​​បំផុត បើ​ប្រៀប​ក្នុង​រង្វង់​សហភាព​អឺរ៉ុប។ ១៧៤​អឺរ៉ូ មួយ​ខែ នៅ​ប៊ុលហ្ការី ១៩០​នៅ​រូម៉ានី។ ស្លូវានី ជា​ប្រទេស​អឺរ៉ុប​ខាង​កើត​តែ​មួយ​គត់​ដែល​អាច​ផ្តល់​ប្រាក់​ខែ​ទាប​បំផុត​ដល់​បុគ្គលិក​ លើស​ពី​៥០០​អឺរ៉ូ​ក្នុង​មួយ​ខែ ដូច​បណ្តា​ប្រទេស​​ភាគ​ខាង​ត្បូង ក្រិក អេស្ប៉ាញ ឬ​ព័រទុយហ្កាល់។ ប្រទេស​ដែល​មាន​ប្រាក់​ខែ​អប្បបរិមា​ខ្ពស់​ជាង​គេ គឺ​ស្ថិត​នៅ​ប៉ែក​ខាង​លិច មាន​ជាអាទិ៍ លុចសំបួរ (១៩២១អឺរ៉ូ) ប៊ែលហ្សិក ហូឡង់ អាល្លឺម៉ង់​ដែល​ទើប​បង្កើត​ឱ្យ​មាន​ប្រាក់​ខែ​អប្បបរិមា​ ចាប់​ពី​ថ្ងៃទី​១​មករា​២០១៥​នេះ ស្ថិត​នៅ​លំដាប់​ទី​៤​។ បារាំង​ប្រទេស​កំណើត​ប្រាក់​ខែ​អប្បបរិមា ជាប់​លំដាប់​លេខ​៦ នៅថ្នាក់​អឺរ៉ុប ពោល​គឺ​មាន​ប្រាក់​ខែ​ទាប​ជាង​នៅ​អៀងឡង់​ផង។ ស្វ៊ីស​ប្រទេស​អ្នកមាន​ជាង​គេ​បំផុតមួយ​ ក៏​មាន​បំណង​បង្កើត​ច្បាប់​ប្រាក់​ខែ​អប្បបរិមា​ដែរ (៣២៦០​អឺរ៉ូ)កាលពី​ឆ្នាំ​២០១៤ ប៉ុន្តែ​ប្រជាពលរដ្ឋ​បោះឆ្នោត​បដិសេធ​។

នៅ​ប្រទេស​ចិន ប្រាក់​ខែ​អប្បបរិមា​ប្រែប្រួល​ទៅ​តាម​តំបន់​ការងារ។ ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​រដ្ឋាភិបាល​ប៉េកាំង បាន​លើក​ទឹក​ចិត្ត​ឱ្យ​អាជ្ញាធរ​ខេត្ត​ដំឡើង​ប្រាក់​ខែ​អប្បបរិមា ដើម្បី​ឱ្យ​មានការ​ចាយវាយ​ច្រើន តែ​បាន​ជំរុញ​ឱ្យ​​ក្រុមហ៊ុន​និង​រោងចក្រ​លើក​ទីតាំង​ទៅ​រក​ស៊ី​នៅ​កម្ពុជា ឬ​បង់ក្លាដែស ព្រោះ​មាន​កម្លាំងពលកម្ម​ថោក​ជាង។ នៅ​ប្រទេស​ជប៉ុន​វិញ ប្រាក់​ខែ​អប្បបរិមា​ជា​មធ្យម ថ្លៃ​៥,៨​អឺរ៉ូ ក្នុង​មួយម៉ោង។ ដំឡើង​ប្រាក់​ខែ​គោល​នេះ​ គឺ​ជា​អាទិភាព​មួយ​មាន​ចែង​ក្នុង​នយោបាយ​អាបេណូម៉ិច បង្កើន​តម្រូវការ​និង​ចំណាយ​ក្នុង​ស្រុក​ ដើម្បី​ឱ្យ​សេដ្ឋកិច្ច​មាន​សកម្មភាព៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI