អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ដំណើរ​​ផ្សង​ព្រេង​​ជុំ​វិញ​ភព​ផែនដី​របស់​យន្តហោះ​ដើរ​ដោយ​ថាមពល​​​ព្រះ​អាទិត្យ

សំឡេង ០៤:២៦
យន្តហោះ​ Solar Impulse 2 បើក​បរ​សាកល្បង​នៅ​ក្រុង​អាប៊ូដាប៊ី ថ្ងៃទី ២៦ កុម្ភៈ ២០១៥
យន្តហោះ​ Solar Impulse 2 បើក​បរ​សាកល្បង​នៅ​ក្រុង​អាប៊ូដាប៊ី ថ្ងៃទី ២៦ កុម្ភៈ ២០១៥ © Reuters
ដោយ៖ អៀង សុខម៉ិញ

យន្តហោះSolar Impulse 2 បាន​ហោះ​ចេញ​ពី​ទីក្រុង​អាប៊ូដាប៊ី ប្រទេស​អេមីរ៉ាត​អារ៉ាបរួម​ហើយ​ នៅ​ចន្ទ​ទី ៩​មីនា ឆ្នាំ​២០១៥​នេះ ដើម្បី​ធ្វើ​ដំណើរ​ជុំ​វិញ​ផែន​ដី ជា​លើក​មួយ។ មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​អាកាសចរណ៍​ យន្តហោះ​ដោយ​ដើរ​ពន្លឺ​ព្រះ​អាទិត្យ​ ១០០% គ្មាន​ប្រើ​ប្រេង គ្មាន​បញ្ចេញ​ឧស្ម័ន​ពុល ចេញ​ហោះ​​ហើរ​ដើម្បី​សាកល្បង​​សមត្ថភាព​មនុស្ស​ផង និង​ដើម្បី​ផ្តល់​សន្ទុះ​ដល់​បច្ចេកវិទ្យា​ផ្នែក​ថាមពល​មិន​ចេះ​រីង​ស្ងួត​ផង។

ផ្សាយពាណិជ្ជកម្ម

ជា​ដំណើរ​ផ្សង​ព្រេង ជា​ឆន្ទៈ​របស់​មនុស្ស ! យន្តហោះ​ដើរ​ដោយ​ពន្លឺ​ព្រះ​អាទិត្យ​សុទ្ធ​សាធ Solar Impulse 2 ឬ SI2 បាន​ហោះ​ចេញ​ពី​អាកាសយានដ្ឋាន Al-bateen ក្រុង​អាប៊ូដាប៊ី ដើម្បី​ធ្វើ​ដំណើរ​ព័ទ្ធ​ជុំ​វិញ​ភព​ផែន​ដី។  

យន្តហោះ​ដ៏​ទំនើប គ្មាន​ប្រើ​ថាមពល​ប្រេង គ្មាន​បញ្ចេញ​ឧស្ម័ន​បំពុល​បរិយាកាស​ បាន​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​​ទិស​ខាងកើត​។ នៅ​​ដំណាក់កាល​ទី​មួយ យន្តហោះ​ត្រូវ​ហោះហើរ​រយៈ​ពេល​១២​ម៉ោង ក្នុង​ចម្ងាយ​ប្រមាណ​៤០០​គីឡូម៉ែត្រ ដោយ​ត្រូវ​ទៅ​ចុះ​ចត​នៅ​ក្រុង​ម៉ាស្កាត ប្រទេស​អូម៉ង់ មុន​នឹង​បន្ត​ដំណើរ​ទៅ​ទៀត​នៅ​ថ្ងៃ​អង្គារ​ សំដៅ​ភាគ​ខាង​លិច​ប្រទេសឥណ្ឌា។
ដំណាក់កាល​ដែល​វែង​ជាង​គេ​មាន​រយៈ​ពេល​៥​ថ្ងៃ ​ ​បើក​បរ​ជាប់​ដោយ​ពីឡុត​តែ​ម្នាក់ ហោះ​ឆ្លង​កាត់​មហា​សមុទ្ទ​ប៉ាស៊ីហ្វិក​ពី​ក្រុង​ណង់កឹង​ប្រទេស​ចិន​ទៅ​កោះ​ហាវៃ​របស់​អាមេរិក។ បន្ទាប់​ពី​ហោះ​រំលង​លើ​ដែន​ដី​សហរដ្ឋ​ទាំង​មូល ដើម្បី​មក​ឈប់​សម្រាក​បន្តិច​នៅ​ទីក្រុង​ញូវយ៉ក សូឡាអាំពុល​២ នឹង​ហោះ​ឆ្លង​មហា​សមុទ្ទ​អាត្លង់ទិក​ ឆ្ពោះមក​កាន់​អឺរ៉ុប​ខាង​ត្បូង ឬ​អាហ្វ្រិក​ខាង​ជើង មុន​នឹង​បញ្ចប់​ដំណើរ​​ផ្សង​ព្រេង​ដោយ​វិលមក​ចុះ​ចត​នៅ​អាប៊ូដាប៊ីវិញ​នៅ​រវាង​ចុង​ខែ​កក្កដា ឬ​ដើម​ខែ​សីហា។

ក្រោយ​ពី​បាន​ហោះហើរ​បាន បីម៉ោង​និង​៤៥​នាទី អ្នក​បើក​បរ​ជាតិ​ស្វ៊ីស លោក André Borschberg បាន​និយាយ​ទាក់ទង​មក​អ្នក​សារព័ត៌មាន​និង​ភរិយា​។

ដំណើរ​ផ្សង​ព្រេង​ជុំ​វិញ​ពិភពលោក​របស់​យន្តហោះ​Solar Impulse 2 ជា​លទ្ធផល​នៃ​ការងារ​ស្រាវជ្រាវ​រយៈ​ពេល​១២​ឆ្នាំ របស់​លោក André Borschberg និង​សហជីវិន​  Bertrand Piccard ដែលមិន​មែន​​ត្រឹម​ចង់​បង្ហាញ​ពី​សមត្ថភាព​​ផ្នែក​វិទ្យាសាស្រ្ត​ទេ តែ​ក៏​ដើម្បី​បំផុស​​សារ​នយោបាយ សារ​​​​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឡើង​កម្តៅ​នៃ​ភព​ផែន​ដី។ ការ​ប្រយុទ្ធ​ប្រឆាំង ដែល​គ្មាន​អ្វី​ក្រៅ​អំពី​​លើក​តម្កើង​ការ​ប្រើប្រាស់​ថាមពល​ធម្មជាតិ ថាមពល​មិន​ចេះ​រីង​ស្ងួត​ ដើម្បី​ការពារ​​និងរក្សា​ភព​ផែនដីផង បង្កើត​ការងារផង និង​គាំទ្រ​កំណើន​សេដ្ឋកិច្ច​ទៀត។ នេះ​ជា​ប្រសាសន៍​របស់​លោក Bertrand Piccard។
 

លោក  Andre Borschberg និង​លោក Bertrand Piccard អោប​គ្នា​មុខ​ឡើង​យន្តហោះ​
លោក Andre Borschberg និង​លោក Bertrand Piccard អោប​គ្នា​មុខ​ឡើង​យន្តហោះ​ © Reuters

ការ​ហោះហើរ​ជុំ​វិញ​ភព​ផែនដី​នេះ មាន​​ចម្ងាយ​សរុប​៣៥០០០​គីឡូម៉ែត្រ ជា​១២​ដំណាក់ ក្នុង​ល្បឿន​យឺតៗ ប្រមាណ​ពី ៥០​ទៅ​១០០គ.ម.​ក្នុង​មួយ​ម៉ោង ក្នុង​រយៈ​កម្ពស់ ៨៥០០​ម៉ែត្រ និង​ប្រើ​ពេល​​ ៥​ខែ​ ព្រមទាំង​មាន​អ្នក​បើក​បរពីរ​នាក់​​ឆ្លាស់​គ្នា​ គឺ​​លោក André Borschberg (អ្នក​បើក​ចេញ) និង​លោក Piccard (អ្នកចុះ​ចត)។ អ្នក​បើកយន្ត​ហោះ​ទាំង​ពីរ​បាន​ទទួល​ការ​បំពាក់បំប៉ន​ គ្រប់​វិញ្ញាសា​ ទាំង​ផ្នែក​ចិត្តសាស្ត្រ​ និង​ផ្លូវកាយ​ សម្រាប់​ប្រឈម​នឹង​គ្រោះ​ថ្នាក់​សព្វ​បែប​យ៉ាង។ លោក​Piccard ដែល​​មាន​ពូជពង្ស​ជាង​អ្នក​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ផង ជា​អ្នក​ផ្សង​ព្រេង​ផង ធ្លាប់​​ធ្វើ​ដំណើរ​ជុំ​វិញ​ពិភពលោក​ដោយ​ប៉េងប៉ោង និង​ដោយ​គ្មាន​ឈប់សោះ​ កាលពី​ឆ្នាំ​១៩៩៩។
យន្តហោះSI2 អាច​ហោះ​ហើរ​បាន​ដោយ​សារ​ផ្ទាំង​ស្រូប​កម្តៅ​ ១៧០០០​ផ្ទាំង គ្រប​លើ​ស្លាប​​ប្រវែង​៧២​ម៉ែត្រ​ (វែង​ដូច​ស្លាប​យន្តហោះ​អ៊ែរប៊ូស​៣៨០)។ ប៉ុន្តែ​ជា​យន្តហោះ​ដ៏​ស្រាល​ មាន​ទម្ងន់​ត្រឹម​២​តោន​កន្លះ ពោល​គឺ​មាន​ទម្ងន់​ប្រមាណ​មិនដល់​​១%​ផង​នៃ​ទម្ងន់​យន្តហោះ​​អ៊ែរប៊ូស​៣៨០)។

ក្នុង​បន្ទប់​បើកបរ គ្មាន​ផាសុក​ដូច​យន្តហោះដឹក​អ្នក​ដំណើរ​​ទេ ! មាន​តែ​កៅអី​មួយ ​សម្រាប់​អ្នក​បើក​បរតែ​​ម្នាក់​អង្គុយ​និង​ផ្តេក​ខ្លួន​បាន​បន្តិច តែ​រើ​ខ្លួន​មិន​បាន ចង់​បន្ទោរ​បង់​​ លាង​ជូត​សម្អាត​ខ្លួន​​ ទទួល​ទាន​អាហារ​ លើ​កៅអី​មួយ​នេះ។ សាធារណជន​អាច​តាម​ដាន​ដំណើរ​ផ្សងព្រេង​ របស់​អ្នក​បើកបរ​ទាំង​ពីរ ដោយ​ផ្ទាល់​ដោយ​ចូល​ទៅក្នុង​វិបសៃតិ៍ solarimpulse.com។ ដំណើរ​ផ្សងព្រេង​នេះ មាន​ការ​ចូល​​ពី​បុគ្គលិក​ចំនួន​១៣​០​នាក់ ៖ ៦៥​នាក់ អម​ដំណើរ​​អ្នក​បើក​បរ​ទាំង​ពីរ និង​៦៥​នាក់ នៅ​ប្រចាំការ​ ក្នុង​មជ្ឈមណ្ឌល​ត្រួតពិនិត្យបេសកកម្ម​ នៅ​ម៉ូណាកូ ភាគ​ខាង​ត្បូង​ប្រទេស​បារាំង។

គំនិត​ចង់​សាង​សង់​យន្តហោះ​ដោយ​ប្រើ​ថាមពល​ព្រះអាទិត្យ​១០០% ត្រូវ​បាន​ ជា​ដំបូង​ភ្លាម ក្រុមហ៊ុន​ឧស្សាហកម្ម​យន្តហោះ​សើច​ចំអក​។ តែឥលូវ​ ជា​​គំនិតរក​ឃើញ​ថ្មី ! Solar Impulse ២ ជា​យន្តហោះ​ជំនាន់​ទីពីរ បន្ត​ពី​Solar Impulse ​១ ដែល​បាន​អនុញ្ញាត​ឱ្យ​អ្នក​ស្រាវជ្រាវ​អាកាសចរណ៍​ លើក​គម្រោង​បង្កើត​យន្តហោះ​សម្រាប់​ហោះហើរ​រយៈ​ឆ្ងាយ​ ពី​អឺរ៉ុប​ទៅ​ម៉ារ៉ុក ឬ​ទៅ​សហរដ្ឋ​អាមេរិក ដោយ​ចុះ​ចត​សម្រាក​ជា​ច្រើន​កន្លែង កាលពី​ឆ្នាំ​២០១៣៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ