អានតួអត្ថបទ
រុស្ស៊ី-អាមេរិក

រុស្ស៊ី បាន​កាត់​បន្ថយ ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់ខ្លួន ចុះ​ដល់​កម្រិត​ទាប​បំផុត

លោក ពូទីន ប្រធានាធិបតី​រុស្ស៊ី
លោក ពូទីន ប្រធានាធិបតី​រុស្ស៊ី REUTERS/Maxim Zmeyev
ដោយ៖ កែវ ឆាយា
1 នាទី

សេចក្តីនេះ ត្រូវបានលើកឡើង ដោយ​លោក​ប្រធានាធិបតី​រុស្ស៊ី ពូទីន ក្នុង​សារ​អបអរ ផ្ញើ​ជូន “សន្និសីទ​ឆ្នាំ​២០១៥ ស្តីអំពី សន្ធិសញ្ញា​មិន​រីក​សាយ​ភាយ​អាវុធ​នុយក្លេអ៊ែរ” នៅ​ក្រុង​ញីវយ៉ក ដោយ​គាត់​គូស​បញ្ជាក់​ថា ទង្វើ​នេះ​របស់​រុស្ស៊ី មាន​ន័យ​ជា​ការរួម​វិភាគទាន យ៉ាង​បង្គួរ ទៅ​ក្នុង​ដំណើរ​រំសាយ​សព្វាវុធ គ្រប់​ជ្រុងជ្រោយ និង​ទាំង​ស្រុង។

ផ្សាយពាណិជ្ជកម្ម

សន្និសីទលើកនេះ ដែល​ជា​លើក​ទី​៣ បាន​បើក​ការងារ​ខ្លួន ថ្ងៃ​២៨​មេសា ក្នុង​ទីស្តីការ អ.ស.ប.​នៅ​ក្រុង​ញីវយ៉ក ហើយ​នឹង​ពន្យារ​ទៅ ដល់​ថ្ងៃ​២២​ឧសភា។ ក្នុង​រយៈពេល ៤សប្តាហ៍ ទៅ​មុខ គណៈប្រតិភូ​នៃ​រដ្ឋ​ចំនួន ១៩០ ហត្ថលេខី​នៃ​សន្ធិសញ្ញា​នេះ -ឯកសារ​ដែល​បើក​ចំហ សម្រាប់​ទទួល​ការចុះ​ហត្ថលេខា តាំងពី​ឆ្នាំ​១៩៦៨​មក នឹង​បូក​សរុប​តុល្យាការ នៃ​ការ​បំពេញ​តាម​ឯកសារ​នេះ​ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លង​ទៅ បន្ទាប់​ពី​សន្និសីទ​លើក​មុន ក្នុង​ឆ្នាំ ២០១០។ សន្និសីទ ក៏ នឹង​ពិភាក្សា​អំពី​ទស្សនវិស័យ​នៃ​ការរំសាយ​សព្វាវុធ តទៅ​ទៀត ព្រម​ទាំង​ជុំវិញ ការបង្កើត​ឡើង​ជា “តំបន់​ដែល​ស្ថិត​នៅទំនេរ ពី​អាវុធ​ប្រល័យ​រង្គាល”។

 
ក្នុងសារអបអរ ផ្ញើ​ជូន​សន្និសីទ​នោះ លោក ពូទីន គូស​បញ្ជាក់​ថា ដោយ​កាត់​បន្ថយ ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ចុះ​ដល់​កម្រិត​ទាប​បំផុត រុស្ស៊ី​រួម​វិភាគទាន​យ៉ាង​បង្គួរ​ទៅ​ក្នុង​ការ​រំសាយ​សព្វាវុធ​ទាំងស្រុង​លើ​ពិភពលោក។ គាត់​សង្កត់​ធ្ងន់​ថា ដោយ​បន្ត​ធ្វើការ​កាត់​បន្ថយ​នេះ រុស្ស៊ី​រក្សា ទុក​សមតា​រវាង​ការប្រើប្រាស់​ថាមពល​បរមាណូ ក្នុង​គោលដៅ​ស៊ីវិល និង ការពង្រឹង របប​មិន​សាយ​ភាយ​អាវុធ​នុយក្លេអ៊ែរ នៅ​ក្រោម​ការត្រួតពិនិត្យ របស់​ទីភ្នាក់ងារ​អន្តរជាតិ​ខាង​ថាមពល​បរមាណូ ហៅ​កាត់​ថា AIEA។

ដោយបញ្ចប់សារនោះ ប្រមុខរដ្ឋ​រុស្ស៊ី សង្ឃឹម​ថា សន្និសីទ​ឆ្នាំ​២០១៥ នៅ​ក្រុង​ញីវយ៉ក មុខ​ជា បញ្ជាក់​ឲ្យ​ឃើញ​ពី​ភាព​ត្រៀមខ្លួន របស់​គ្រប់​រដ្ឋ​ហត្ថលេខី បំពេញ​តាម​កាតព្វកិច្ច ដែល​គេ​បាន ទទួល​យក​ទៅ​ដាក់​លើ​ខ្លួន​គេ ក្នុង​បុព្វហេតុ​ពង្រឹង​សន្តិភាព សន្តិសុខ ស្ថិរភាព លើ​ផែនដី។

ស្របនឹង សន្ធិសញ្ញា​ស្តី​អំពី​ការកាត់​បន្ថយ​សព្វាវុធ​យុទ្ធសាស្ត្រ​បរមាណូ ដំណាក់​ទី​៣ ហៅ​កាត់​ថា START-3 ចុះ​នៅ​ក្រុង Prague ៥​ឆ្នាំ​មុន គឺ ថ្ងៃ​៨​មេសា​ឆ្នាំ​២០១០ រវាង​លោក​ប្រធានាធិបតី ស.រអា. បារ៉ាក់ អូបាម៉ា និង ប្រធានាធិបតី​រុស្ស៊ី​សម័យ​នោះ គឺ​លោក ឌ្មីទ្រី មេដវេដេវ សម្រាប់ មហាអំណាច​បរមាណូ​ទាំងពីរ គឺ ស.រ.អា. និង សហព័ន្ធ​រុស្ស៊ី ម្ខាងៗ ត្រូវ​មាន​កាំជ្រួច​មីស៊ីល កុំ​ឲ្យ​លើស​ពី ៧០០​ដើម ក្នុង​នោះ គឺទាំង​អាដំឡើង​នៅ​លើ​ដី​ក្នុង​ភាពត្រៀម​បាញ់ ទាំង​អា​ដំឡើង នៅ​តាម​នាវា​មុជ​ទឹក ទាំង​អាពាំ​ផ្ទុក​ដោយ​យន្តហោះ​យុទ្ធសាស្ត្រ ចំណែក​ក្បាល​នុយក្លេអ៊ែរ ដែល​ដំឡើង​នៅ​តាម​កាំជ្រួច​មិស៊ីល​ទាំងនេះ គឺ កុំ​ឲ្យ​លើស​ពី ១.៥០០​ក្បាល។ ទោះបី​សន្ធិសញ្ញា​នេះ ឥត​ប៉ះពាល់​ដល់ ក្បាល​នុយក្លេអ៊ែរ ដែល​ស្ថិត​នៅ​ក្នុង​ឃ្លាំង​ក្តី​ ក៏​រុស្ស៊ី​បាន​កាត់​បន្ថយ​វាដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ