អានតួអត្ថបទ

រដ្ឋ​អ៊ុយក្រែន មាន “យុទ្ធសាស្ត្រ​ថ្មី​នៃ​សន្តិសុខ​ជាតិ” របស់ខ្លួន

ប្រធានាធិបតី​អ៊ុយក្រែន​ លោក  Petro Porochenko
ប្រធានាធិបតី​អ៊ុយក្រែន​ លោក Petro Porochenko AFP PHOTO / KIRILL KUDRYAVTSEV
ដោយ៖ កែវ ឆាយា
១៣ នាទី

លោក​ប្រធានាធិបតី ប៉េត្រូ ប៉ូរ៉ូឆេនកូ ទើប​ចុះ​ហត្ថលេខា​លើ​ក្រិត្យ​អនុម័ត សេចក្តី​សម្រេច​ស្តីអំពី “យុទ្ធសាស្ត្រ​ថ្មី​នៃ​សន្តិសុខជាតិ​អ៊ុយក្រែន” តាក់តែង​ឡើង​ដោយ​ “ក្រុមប្រឹក្សា​សន្តិសុខជាតិ​និង​ការពារ​ប្រទេស” កាលពី​១០​ថ្ងៃ​មុន។ មុខ​ព្រួញ​ចម្បង​នៃ​យុទ្ធសាស្ត្រ​នេះ គឺ​អ៊ុយក្រែន​បន្ត​ប្រកាន់​យក​បន្ទាត់ ឆ្ពោះ​ទៅ​ចូល ជា​សមាជិក​សហភាព​អឺរ៉ុប​ផង បក្ស​សម្ព័ន្ធ​អូតង់​ផង។

ផ្សាយពាណិជ្ជកម្ម

ស្របនឹង​យុទ្ធសាស្ត្រ​ថ្មី​នេះ ទិសដៅ​ជា​គ្រឹះ​មូលដ្ឋាន នៃ​នយោបាយ​រដ្ឋ​អ៊ុយក្រែន ក្នុង​វិស័យ​សន្តិសុខ​ជាតិ គឺ ៖ ស្តារ​ឡើង​វិញ​បូរណភាព​ដែនដី ក្នុង​បរិវេណ​នៃ​ព្រំដែន​រដ្ឋ ដែល​ទទួល​ស្គាល់​ដោយ​ច្បាប់​អន្តរជាតិ, បង្កើត​ឡើង​ជា​លំហ​សន្តិសុខ និង ការពារ​ប្រទេស ដែល​មាន​ប្រសិទ្ធិភាព, បង្កើន​សមត្ថភាព​ការពារ​ប្រទេស បូក​ទាំង​តាម​ផ្លូវ​ស៊ី​ជម្រៅ សហប្រតិបត្តិការ យោធា​បច្ចេកទេស ជាមួយ​បណ្តា​រដ្ឋ-សមាជិក​បក្សសម្ព័ន្ធ​អូតង់ និង សហភាព​អឺរ៉ុប ហើយ​សម្រេច​ឲ្យ​បាន​នូវ​ឯករាជ្យ​ពេញទី ពី​ប្រទេស​រុស្ស៊ី ក្នុង​បញ្ហា​ផលិត​សព្វាវុធ និង គ្រឿង​បច្ចេកទេស​សឹក។

 
យុទ្ធសាស្ត្រថ្មី​ ក៏ប្រមើល ធ្វើកំណែ​ទម្រង់ និង​អភិវឌ្ឍន៍​អង្គការ​ឈ្លប​យក​ការណ៍ អង្គការ​ចារកិច្ច អង្គការ​មហាផ្ទៃ​ខាង​ថែ​រក្សា​សណ្តាប់ធ្នាប់​សង្គម, ធ្វើកំណែ​ទម្រង់​ប្រព័ន្ធ​អភិបាលកិច្ច​គ្រប់គ្រង​រដ្ឋ និង​ប្រែ​នយោបាយ​ប្រឆាំង​អំពើ​ពុករលួយ ឲ្យ​មាន​គុណភាព​ថ្មី។

ភារកិច្ចមួយជាគន្លឹះ ចោទ​ដោយ​យុទ្ធសាស្ត្រ​ថ្មី គឺ ធានា​នូវ​សមាហរ័ណកម្ម​រដ្ឋ​អ៊ុយក្រែន ទៅ​ក្នុង​សហភាព​អឺរ៉ុប ហើយ​បន្ទាប់​មក​បង្ក​លក្ខណៈ​សម្រាប់ ចូល​ជា​សមាជិក​បក្សសម្ព័ន្ធ​អូតង់​តែ​ម្តង។ ត្រង់ចំណុច​នេះ យុទ្ធសាស្ត្រ​ថ្មី​កត់​សម្គាល់​ថា សហប្រតិបត្តិការ​ជាមួយ​អូតង់​នឹង​ជំរុញ​ឲ្យ​ចាក់​ឫស​បាន​ជាប់ ក្នុង​ប្រទេស​អ៊ុយក្រែន គឺ រាល់​អ្វីៗ​ដែល​ជា​តម្លៃ​ប្រជាធិបតេយ្យ កសាង​ឡើង​នៅ​អ៊ុយក្រែន​ជា​ស្ថានការណ៍​ស្ងប់​សុខស្រួល​ប្រកប​ដោយ​ស្ថិរភាព ហើយ​សហប្រតិបត្តិការ​នេះ ជា​ឧបករណ៍​ដ៏​សំខាន់​គាំទ្រ ដល់​កំណែ​ទម្រង់​នៅ​អ៊ុយក្រែន។

ឯកសារ​ទើប​ចុះ​ហត្ថលេខា​ដោយ​ប្រធានាធិបតី​អ៊ុយក្រែន ក៏​ប្រមើល​ធានា​សន្តិសុខ​ជាតិ ខាង​វិស័យ​នយោបាយ​ក្រៅ​ប្រទេស ខាង​សន្តិសុខ​សេដ្ឋកិច្ច សន្តិសុខ​ថាមពល សន្តិសុខ​ពត៌មាន និង ហេដ្ឋារចនា​សម្ព័ន្ធ។

លោកប្រធានាធិបតី បាន​ផ្ទុកផ្តាក់​រដ្ឋាភិបាល​អ៊ុយក្រែន ឲ្យ​តាក់តែង​ឡើង​ជា​គម្រោង ឯកសារ​យុទ្ធសាស្ត្រ ជុំវិញ​បញ្ហា​ធ្វើ​កំណែ​ទម្រង់​កងកម្លាំង​ប្រដាប់​អាវុធ​របស់​ប្រទេស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ