នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ៖ សហគមន៍អន្តរជាតិកំពុងចាញ់ពួកអង្គការរដ្ឋអ៊ីស្លាម
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃទី ២ មិថុនានេះ ក្រុមសម្ព័ន្ធមិត្ត ២៤ប្រទេស ដែលចូលរួមក្នុងប្រតិបត្តិការវាយប្រហារផ្លូវអាកាស តាំងពីមួយឆ្នាំមុន ប្រឆាំងនឹងពួកអង្គការរដ្ឋអ៊ីស្លាមនៅស៊ីរី និងនៅអ៊ីរ៉ាក់ បានជួបប្រជុំគ្នានៅទីក្រុងប៉ារីស។ ជាមួយវត្តមាននាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ជំនួបប្រជុំថ្នាក់រដ្ឋមន្ត្រីនេះ ប្រព្រឹត្តទៅក្នុងបរិបទតានតឹងជាពិសេស ព្រោះពួកជីហាតរដ្ឋអ៊ីស្លាម មួយរយៈចុងក្រោយនេះ មានសន្ទុះខ្លាំង ដណ្តើមកាន់កាប់ក្រុងបូរាណប៉ាល់មៀររបស់ស៊ីរីផង និងក្រុងយុទ្ធសាស្ត្ររ៉ាម៉ាឌីរបស់អ៊ីរ៉ាក់ផង។
នាឱកាសធ្វើសន្និសីទកាសែត លោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ បានធ្វើការបរិហារនិងចង្អុលមុខសហគមន៍អន្តរជាតិ ថាកំពុងតែចាញ់ក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងនឹងអង្គការរដ្ឋអ៊ីស្លាម។ មានតែពាក្យ តែសកម្មភាពជាក់ស្តែងតិចតួច គាំទ្រអ៊ីរ៉ាក់ចុងដៃចុងជើង។ បើតាមលោកនាយករដ្ឋមន្ត្រី ទាហានដែលអ៊ីរ៉ាក់កំពុងប្រយុទ្ធជាមួយរាល់ថ្ងៃជាបរទេស (៦០%) ! ជាពួកភេរវជនមកពីអារ៉ាប៊ីសាអ៊ូឌី ពីតំបន់ឈូងសមុទ្ទពែក្ស ពីអេហ្ស៊ីប ស៊ីរី តួកគី និងអឺរ៉ុប។ ហេតុអ្វីជាបានដូច្នេះ ?! នេះបញ្ហាអន្តរជាតិ ដែលត្រូវដោះស្រាយរួម ! សម្ព័ន្ធមិត្តផ្តល់ជំនួយនិងព័ត៌មានវាយប្រហារអាកាស ព្រមទាំងការគាំទ្រទាហានថ្មើរជើងអ៊ីរ៉ាក់ មិនគ្រប់គ្រាន់។
ការបរិហារនេះ ធ្វើឡើងតែប៉ុន្មាននាទីមុនការបើកជាផ្លូវការ ជំនួបប្រជុំនៅទីក្រុងប៉ារីស ដែលបារាំង និងក្រុមប្រទេសជាសម្ព័ន្ធមិត្តផ្សេងទៀត ត្រូវចោទសួរអំពីយុទ្ធសាស្ត្រប្រឆាំងនឹងពួកអង្គការរដ្ឋអ៊ីស្លាមនៅស៊ីរី និងនៅអ៊ីរ៉ាក់។ ប៉ុន្តែបើតាមប្រភពការទូតបារាំង គ្មានទេការសើរើមូលដ្ឋានគ្រឹះនៃកម្លាំងសម្ព័ន្ធមិត្តទេ ! ឬអាចបកស្រាយបានថា បើទោះបីជាពួកអង្គការរដ្ឋអ៊ីស្លាម រុលទៅមុខដណ្តើមទឹកដីបានច្រើនជាងមុនក៏ដោយ ក៏យុទ្ធសាស្ត្ររបស់សម្ព័ន្ធមិត្តនៅពេលនេះគឺដដែល វាយប្រហារតាមផ្លូវអាកាស ហើយកម្លាំងទាហានអ៊ីរ៉ាក់និងគួដប្រយុទ្ធលើដី។
ការកើនឡើងនៃចំនួនជនជីហាតបរទេស ទៅក្នុងជួរអង្គការរដ្ឋអ៊ីស្លាម ការប្រយុទ្ធប្រឆាំងនឹងបណ្តាញហិរញ្ញវត្ថុរបស់ពួកអ៊ីស្លាមជ្រុលនិយម និងអំពីសង្គ្រាមចិត្តសាស្ត្រ ដោយត្រូវធ្វើការឃោសនាប្រឆាំងនឹងមនោគមវិជ្ជាអូសទាញរបស់អង្គការរដ្ឋអ៊ីស្លាម ក៏ជាប្រធានបទសំខាន់ដែល សម្ព័ន្ធមិត្ត ត្រូវពិចារណារួមគ្នា។ ជាចុងក្រោយ ក្រុមប្រទេសសម្ព័ន្ធមិត្ត ទំនងត្រូវបន្ទន់ខ្លួនមើលនយោបាយគាំទ្ររដ្ឋាភិបាលអ៊ីរ៉ាក់ ដោយស្នើសុំឱ្យមានការផ្សះផ្សាជាតិរវាងសហគមន៍ឈីអ៊ីត និងស៊ុននីត។
សូមបញ្ជាក់ថា តាំងពីពួកអង្គការរដ្ឋអ៊ីស្លាមដណ្តើមកាន់កាប់ក្រុងប៉ាល់មៀរស៊ីរី និងរ៉ាម៉ាឌីអ៊ីរ៉ាក់មក ទំនាក់ទំនងអ៊ីរ៉ាក់-បស្ចឹមលោកមានភាពតានតឹងយ៉ាងខ្លាំង។ វ៉ាស៊ីនតោន ចោទតេអេរ៉ង់ថាគ្មានឆន្ទៈពិតប្រាកដក្នុងការប្រយុទ្ធ។ ឯអឺរ៉ុប យល់ថាភាពប្រេះឆាសហគមន៍របស់អ៊ីរ៉ាក់បានសម្រួលឱ្យអង្គការរដ្ឋអ៊ីស្លាមចំណេញអំណាច នយោបាយបង្រួបបង្រួមសហគមន៍អារ៉ាប ជាគន្លឹះនៃការយកឈ្នះពួកជីហាតរដ្ឋអ៊ីស្លាម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ