ហេតុអ្វីប្រធាន FiFA លាលែងចេញពីតំណែង ក្រោយជាប់ឆ្នោតជាថ្មីបានបួនថ្ងៃ ?
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) លោក Sepp Blatter បានសម្រេចចិត្តលាចេញពីតំណែង នៅល្ងាចថ្ងៃអង្គារម្សិលមិញ។ ជាការសម្រេចចិត្ត ដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត ! ព្រោះថារឿងអាស្រូវពុករលួយ បានផ្ទុះឡើងយ៉ាងកក្រើកពិភពបាល់ទាត់ តាំងពីជាងមួយសប្តាហ៍មកហើយ ការអំពាវនាវឱ្យលោក សេប ប្លាធ័រ ចុះចេញពីតំណែង ឱ្យពន្យារបោះឆ្នោតក៏មានពីគ្រប់ទិស ប៉ុន្តែព្យុះភ្លៀងនេះមិនអាចធ្វើលោក សេប ប្លាធ័របានសោះ។ លោក បានជាប់ឆ្នោតជាថ្មីដឹកនាំFiFA អាណត្តិទី ៥ យ៉ាងភ្លូកទឹកភ្លូកដី ប៉ុន្តែបានតែពីរថ្ងៃ ស្រាប់តែប្រកាសលាលែងចេញពីតំណែងដោយខ្លួនឯង។
រឿងអាស្រូវពុករលួយក្នុងរង្វង់សហព័ន្ធបាល់ទាត់ពិភពលោក បានផ្ទុះឡើងតាំងពីថ្ងៃពុធទី ២៧ឧសភាសប្តាហ៍មុន ដោយមានការចាប់ខ្លួនថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងសហព័ន្ធដល់ទៅ៧រូប ដល់ស្ថាប័ននៅស្វ៊ីស ដែលកំពុងត្រៀមខ្លួនរៀបចំបោះឆ្នោតជ្រើសរើសប្រធានថ្មីផង។
រឿងអាស្រូវក្នុងពិភពកីឡា រាលដាលជាសម្ពាធអន្តរជាតិ ជាសម្ពាធការទូត។ ប្រធានាធិបតីរុស្ស៊ីពូទីនបានលូកមាត់ការពារ FiFA ដោយបន្ទោសតុលាការអាមេរិកថាចង់បន្ទុចបង្អាក់ការបោះឆ្នោត ប្រមុខដឹកនាំបារាំង អង់គ្លេស និងប្រទេសផ្សេងទៀត សំណូមពរឱ្យលើកពេលបោះឆ្នោតសិន- សូម្បីតែមិត្តដ៏ជំនិតក្នុងសហព័ន្ធ ក៏ទាមទារឱ្យលោក សេប ប្លាធ័រ លាលែងចេញពីតំណែងដែរ។ ប៉ុន្តែគ្មានរង្គើ ការបោះឆ្នោតបានប្រព្រឹត្តទៅតាមកាលកំណត់ ហើយលោក ប្លាធ័រ បានជាប់ឆ្នោតយ៉ាងត្រចះត្រចង់ ជាប្រធានសហព័ន្ធបាល់ទាត់ អាណត្តិទី៥ទៀត។
ហេតុអ្វីទើបលាលែងពីតំណែងថ្ងៃនេះ ?
លោក សេប ប្លាធ័រ បានប្រកាស ដោយភ្ញាក់ផ្អើល លាលែងចេញពីតំណែង! ការពារចង់ស្លាប់បែរជាត្រូវមកបោះបង់ចោលដោយស្រួលៗទៅវិញ។ ហេតុអ្វី ?! មានសេចក្តីពន្យល់ពីរបែប៖ ទីមួយ គឺប្រធានសហព័ន្ធ ដ៏ចំណាស់រូបនេះ ទើបភ្ញាក់ខ្លួនយល់ថាអាណត្តិថ្មីមានអាសន្ន ! ព្រោះរឿងអាស្រូវត្រូវបានតុលាការអាមេរិកបើកកកាយជាបន្តបន្ទាប់។ ឬម្យ៉ាងទៀត ទំនងមកឃើញគ្រោះថ្នាក់ខិតមកធ្លាក់លើខ្លួនផ្ទាល់។
សូមបញ្ជាក់ថារឿងអាស្រូវដែលផ្ទុះកន្លងមក មានពាក់ព័ន្ធជាទូទៅក្នុងសហព័ន្ធ ដោយមានថ្នាក់ដឹកនាំសំខាន់ៗជាប់ចោទមែន តែមិនបានប៉ះពាល់ដល់រូបលោក សេប ប្លាធ័រទេ។ រឿងរ៉ាវបានដើរមកដល់របត់ថ្មី នៅថ្ងៃចន្ទទី ១ មិថុនា អគ្គលេខាធិការ FiFA លោក Jerome Valckeដែលជាមនុស្សខ្លាំងទីពីររបស់សហព័ន្ធ និងជាមនុស្សជំនិតរបស់លោក ប្លាធ័រ ត្រូវជាប់សង្ស័យដោយផ្ទាល់ ថាមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ទំហំ ១០លានដុល្លារ ពីសំណាក់តុលាការអាមេរិក។ បើតាមកាសែតញូវយ៉កថែម ភ្នាក់ងារអង្កេតអាមេរិកFBI កំពុងភ្ជង់ការអង្កេតប្រឆាំងលើរូបលោក សេប ប្លាធ័រដោយផ្ទាល់តែម្តង។
យោងតាមកាសែតញូវយ៉កថែមនិងទូរទស្សន៍ABC លោក ប្លាធ័រ បានសាកល្បងតាំងពីច្រើនថ្ងៃ នៅឱ្យឆ្ងាយពីការអង្កេតពុករលួយ តែអាជ្ញាធរអាមេរិកសង្ឃឹមលើកិច្ចសហប្រតិបត្តិការរបស់FiFA ដើម្បីអាចឈានដល់ការចោទប្រកាន់លើរូបអតីតប្រធានសហព័ន្ធបាល់ទាត់ពិភពលោក ជាតិស្វ៊ីស សេប ប្លាធ័រ។ ដោយមានការបង្ហើបទម្លាយរឿងអាស្រូវនេះ អាជ្ញាធរពាក់ព័ន្ធមានជាអាទិ៍ស្វ៊ីសក៏ធ្វើការអង្កេតរបស់ខ្លួនដែរ។
អនាគតប្រធាន FiFA
ថ្វីបើលោក សេប ប្លាធ័រ បានលាលែងចេញពីតំណែងមែន ប៉ុន្តែលោក មិនបានរើចេញពីការិយាល័យភ្លាម នៅព្រឹកថ្ងៃពុធនេះទេ។ លោក នៅតែបន្តដឹកនាំស្ថាប័នដដែល រហូតដល់មានការបោះឆ្នោតសមាជ! តាមគម្រោងសមាជសហព័ន្ធត្រូវប្រព្រឹត្តទៅនៅខែឧសភាឆ្នាំ២០១៦ នៅប្រទេសម៉ិចស៊ិក។ ប៉ុន្តែដោយយល់ថាជាពេលវេលាយូរពេក ទើបគណៈកម្មការFiFA បានបញ្ជាក់ថានឹងរៀបចំសមាជវិសាមញ្ញ នៅរវាងពីខែធ្នូ ២០១៥ ដល់ខែមីនា ២០១៦។
ចំពោះបេក្ខភាពជាប្រធានសហព័ន្ធវិញ មានមិនខ្វះទេ ! គ្រាន់តែបានឮការប្រកាសជាផ្លូវការ ការលាលែងចេញពីតំណែងរបស់ប្លាធ័រភ្លាម បេក្ខជនដែលបានចាញ់ឆ្នោតនៅកាលពីថ្ងៃសុក្រកន្លង លោកDavid Ginola បានត្រៀមខ្លួនឈរឈ្មោះជាថ្មី។ រាជបុត្រហ្ស័កដានី Ali Bin Hussein បានបដិសេធ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍CNN មិនផ្តល់សេចក្តីសម្រេចចិត្តនៅពេលនេះ ដូចដែលសារព័ត៌មានផ្សេងបានលើកទេ។
បុគ្គលម្នាក់ទៀត ដែលគ្រប់គ្នាកំពុងផ្តោតចក្ខុ គឺប្រធានសហព័ន្ធបាល់ទាត់អឺរ៉ុប ជាតិបារាំង លោក មីឆែល ប្លាទីនី (Michel Platini)។ ព្រោះនៅពេលផ្ទុះរឿងអាស្រូវពុករលួយភ្លាម លោក ប្លាទីនី បានចេញមុខមុនជាលក្ខណៈបុគ្គល សុំឱ្យលោក សេប ប្លាធ័រ លាលែងចេញពីតំណែង តែមិនបានសម្រេច ! ក៏ក្លាយជាតំណាងក្រុមប្រឆាំង និងបានប្រកាសបើកសមាជវិសាមញ្ញនៅទីក្រុងប៊ែរឡាំងថ្ងៃសៅរ៍ទី ៦មិថុនា ដើម្បីពិចារណាអំពីទំនាក់ទំនងរបស់សហព័ន្ធបាល់ទាត់អឺរ៉ុបនិងFIFA មុននឹងលើកពេលទៅវិញ បន្ទាប់ពីបានឮលោកប្លាធ័រលាលែងចេញពីតំណែង។
គេមិនដឹងថាលោកប្លាទីនី នឹងឈរឈ្មោះជាបេក្ខជនឬអត់ទេ ប៉ុន្តែខាងអឺរ៉ុបចាប់ផ្តើមទស្សទាយពីលទ្ធភាពឈ្នះឆ្នោតរបស់លោកប្លាទីនី ដែលល្បីខាងមានចំណូលធ្វើកំណែទម្រង់ និងស្និទ្ធនឹងកីឡាករ បើទោះដឹងថាឧបសគ្គមានច្រើន សំឡេងអឺរ៉ុបក្នុងFIFA តំណាង ឱ្យតែ៥៣លើ២០៩ប៉ុណ្ណោះក៏ដោយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ