លោក​ហូឡង់ ៖ បើ​សន្និសីទ​អាកាសធាតុ​បរាជ័យ សេដ្ឋកិច្ចនឹង​រង​ការ​គំរាម​កំហែង

ប្រធានាធិបតី​បារាំង លោក François Hollande
ប្រធានាធិបតី​បារាំង លោក François Hollande REUTERS/Stringer

ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស័រ ហូឡង់ បាន​អះអាង​នៅ​ថ្ងៃ​ពុធ​នេះ ថាបើ​សន្និសីទ​អន្តរជាតិ​ស្តី​អំពី​អាកាសធាតុ​ ដែល​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ប៉ារីស នា​ខែ​ធ្នូ​ចុង​ឆ្នាំ២០១៥​នេះ ត្រូវ​ទទួល​បរាជ័យ នោះជា​ទស្សនៈ​វិស័យ​សេដ្ឋកិច្ច​ នឹង​រង​ការ​គំរាម​កំហែង​ជាក់​ពុំ​ខាន។

ផ្សាយពាណិជ្ជកម្ម

ក្នុង​ខណៈ​ដែលអង្គការ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច OCDE កំពុង​ជួប​ប្រជុំគ្នា​នៅ​ទីក្រុង​ប៉ារីស ព្យាករ​ថា​កំណើន​សេដ្ឋកិច្ច​ពិភពលោក​​ នឹង​ធ្លាក់​ចុះ​នៅ​គ្រប់​ទិស​ទី​ ប្រធានាធិបតី​បារាំង លោក ហ្វ្រង់ស័រ ហូឡង់ បាន​សន្និដ្ឋាន​ថា កិច្ចព្រមព្រៀង​​​ស្តី​អំពី​អាកាស​ធាតុ​សម្រេច​ទៅ​បាន​ក៏​​អាស្រ័យ​លើ​ទស្សនវិស័យ​នៃ​កំណើន​សេដ្ឋកិច្ច។ មាន​ន័យ​ថា បើ​សន្និសីទ​ស្តី​អំពី​អាកាសធាតុ​បរាជ័យ នោះ​​មហន្តរាយ​ មិន​មែន​ប៉ះពាល់​ត្រឹម​តែ​បរិស្ថាន​ មិនមែន​ត្រឹម​តែ​ជា​បរាជ័យ​លើ​ផ្នែក​នយោបាយ​ទេ តែ​ជា​ការ​គំរាម​កំហែង​យ៉ាង​ខ្លាំង​លើ​វិស័យ​សេដ្ឋកិច្ច។

 
សម្រាប់​លោក​ប្រធានាធិបតី​បារាំង ដែល​ហាក់​ដូច​ជា​មាន​ជំនឿ​ខ្លាំង​ និង​ចំណាយ​ពេល​ដ៏​ច្រើន បញ្ហា​អាកាស​ធាតុ​នេះ កម្មវត្ថុ​នៃ​សន្និសីទ​អន្តរជាតិ មិន​កំណត់​ត្រឹម​រក​ឃើញ​កិច្ចព្រមព្រៀង​ យ៉ា​ង​ខ្លី​សាមញ្ញ​ទេ តែ​ត្រូវ​ជា​កិច្ចព្រមព្រៀង​ដ៏​មាន​មហិច្ឆតា ទូលំទូលាយ និងបើ​អាច​ត្រូវ​​មាន​លក្ខណៈ​ដាក់​កំហិត​ឱ្យ​អនុវត្ត​​ទៀត​ផង។

លោក​ហូឡង់ ​​បាន​ព្រមាន​ទុក​ជា​មុន ថា​សន្និសីទ​រៀប​ចំ​នៅ​ក្រុង​ប៉ារីស មិន​មែន​ជា​ទី​ណាត់​ជួប​គ្នា​ដើម្បី​វាយ​តម្លៃ​​អំពី​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​ឡើង​កម្តៅ​នៃ​ភព​ផែនដី ឬ​ដើម្បី​បង្អួតគ្នា​​អំពី​អសមត្ថភាព​របស់​​ពិភពលោក​ឡើយ។ ​បើ​ត្រូវ​ការ​​​​ច្បាប់​ ចង់​មាន​ស្ថិរភាព​ ចង់​ធ្វើ​​កំណែទម្រង់ ចង់​បាន​ការ​វិនិយោគ ត្រូវ​មាន​កិច្ចព្រមព្រៀង​ស្តី​អាកាសធាតុ​។

ស្តី​អំពី​ការ​ចូលរួម​កាត់​បន្ថយ​​ការ​បញ្ចេញឧស្ម័ន​ផ្ទះ​កញ្ចក់ ដើម្បី​កំរិតការ​ឡើង​កម្តៅ​នៃ​ភព​ផែន​ដី​វិញ លោក​ហ្វ្រង់ស័រ​ ហូឡង់ បាន​គូស​បញ្ជាក់​ថា​ មាន​ប្រទេ​ស​ចំនួន​៣៧ ក្នុង​ចំណោម​២០០​ប្រទេស​ដែល​មិន​ទាន់​បង្ហាញ​ផែនការ​កាត់​បន្ថយ​ការ​បញ្ចេញ​ផ្សែង​ពុល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI