នឹងគ្មានការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ នៅឆ្នាំ២១០០ ?!
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ថ្ងៃនេះជាទិវាបរិស្ថានអន្តរជាតិ។ ថ្វីបើការប្រែប្រួលអាកាសធាតុបានបង្កផលវិបាកធ្ងន់ធ្ងរ ទំនងជាមើលឃើញជាក់ស្តែងខ្លាំងជាងគេ លើលក្ខខណ្ឌជីវិតពលរដ្ឋនៅទ្វីបអាហ្វ្រិក ប៉ុន្តែគឺពិភពលោកទាំងមូលដែលនឹងរងការគំរាមកំហែង។ ក្រុមអ្នកនយោបាយអាកាសធាតុ បានជំរុញឱ្យក្រុមប្រទេសមហាឧស្សាហកម្មទាំង៧ និងសហភាពអឺរ៉ុប ខិតខំប្រឹងប្រែងមែនទែនកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ដើម្បីសម្រេចកម្មវត្ថុរបស់សហគមន៍អន្តរជាតិ កំរិតការឡើងកម្តៅនៃភពផែនដី ត្រឹម២អង្សារ។ ប៉ុន្តែសួរថាតើត្រូវកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់កំរិតណា ? ក្នុងល្បឿនប៉ុណ្ណា ? នេះជាប្រធានបទនៃការតស៊ូមតិយ៉ាងពុះកញ្ជ្រោល ចាប់ពីថ្ងៃនេះ ដល់ថ្ងៃព្រហស្បតិ៍ទី ១១ មិថុនា ក្នុងជំនួបប្រជុំនៅប្រទេសអាល្លឺម៉ង់ ដើម្បីស្វែងរកកិច្ចព្រមព្រៀងស្តីពីអាកាសធាតុ។
ជំនួប ក្រុមអ្នកចរចាអាកាសធាតុ ទាំង១៩៥ប្រទេស កំពុងជួបប្រជុំគ្នា នៅ ក្រុងប៊ូន ប្រទេសអាល្លឺម៉ង់ ដើម្បីពិភាក្សានិងជំរុញធ្វើយ៉ាងណាឱ្យមានការព្រមព្រៀងគ្នាជាបឋមជាបណ្តើរៗ មុននឹងឈានដល់ការចុះកិច្ចព្រមព្រៀងជាសកល ស្តីពីអាកាសធាតុប្រកបដោយមហិច្ឆតា នៅទីក្រុងប៉ារីស។
លោក ហ្វ្រង់ស័រ ហូឡង់ ជាប្រធានាធិបតីបារាំង បានព្រមានកាលពីថ្ងៃពុធ ថា បើគ្មានជំនួបកំពូលបរាជ័យ នោះនឹងមានផលវិបាកខ្លាំងដល់វិស័យសេដ្ឋកិច្ច។ ថ្វីបើគ្រប់គ្នាបានយល់ពីភាពចាំបាច់នឹងការប្រយុទ្ធប្រឆាំងនឹងការឡើងកំដៅនៃភពផែនដីក៏ពិតមែន ប៉ុន្តែបញ្ហាចម្រូងចម្រាសនៅមានច្រើន។
ក្នុងដំណាក់កាលនេះ យោបល់មានច្រើន សំនើបានលើកមកដាក់លើតុប្រជុំហើយ ខ្លះស្នើសុំបញ្ចុះការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ត្រឹម៥០% ខ្លះពី៧០ទៅ៩០%នៅឆ្នាំ២០៥០ ឬគ្មានសោះនៅឆ្នាំ២១០០ ប៉ុន្តែគ្មានមួយណាយកជាបានការ អាចធ្វើឱ្យគ្រប់ភាគីព្រមព្រៀងទទួលយកសោះ។ ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ជាភាពបន្ទាន់ និងចាំបាច់ សម្រាប់ភពផែនដី។ ព្រោះប្រសិនបើគ្មានសកម្មភាពអ្វីទេ នោះនៅសីតុណ្ហភាពនៃភពផែនដី នឹងអាចកើនកំដៅ ដល់ទៅ ៤អង្សារ។
បើតាមអ្នកឯកទេស ដើម្បីសម្រេចកម្មវត្ថុកំរិតការឡើងកំដៅនៃភពផែនដីត្រឹម២អង្សារ គេត្រូវតែកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពី ៤០ទៅ៧០% ពីថ្ងៃនេះ ដល់ឆ្នាំ២០៥០។ ប៉ុន្តែ ទោះបីជាដូចករណីអឺរ៉ុប និងក្រុមប្រទេសចំនួន៣១បានសន្យាកាត់បន្ថយឧស្ម័នពុលហើយក៏ដោយ ក្នុងស្ថានភាពជាក់ស្តែងគ្មានប្រទេសណាធ្វើបានទេ។
សូមបញ្ចាក់ថា សម្រាប់ក្រុមប្រទេសនាំមុខដោយអាហ្វ្រិក ក្រុមប្រទេសក្រីក្រជាងគេ ព្រមទាំងហ្វីលីពីន ចង់ឃើញមានកិច្ចសន្យាទប់កំដៅនៃភពផែនដីឱ្យឡើងតែ១,៥អង្សារ ព្រោះត្រឹមកំរិតនេះ ប្រទេសជាដីកោះមួយចំនួនត្រូវលិច ឬបាត់បង់ដីដោយសារកម្ពស់ទឹកសមុទ្ទឡើងទៅហើយ។
ទំនួលខុសត្រូវស្មើគ្នា
ក្រុមប្រទេសអ្នកផលិតប្រេងកាត ដូចយ៉ាងអារ៉ាប៊ីសាអ៊ូឌីត ឬក្រុមប្រទេសប្រើឧស្សាហកម្មធ្យូងថ្ម ដូចយ៉ាងអូស្ត្រាលី មិនត្រូវការឮពាក្យបញ្ចប់សេដ្ឋកិច្ចដើរដោយធ្យូងថ្មឡើយ។ ពួកគេត្រូវការបញ្ចេញនិងធ្វើអាជីវកម្មថាមពលផូស៊ីលឱ្យអស់សិន។ សន្យារកថាមពលផ្សេងមកជំនួស ដើម្បីសម្រេចកម្មវត្ថុមិនបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពិតជាពិបាកនឹងទទួលយកណាស់។ ម្យ៉ាងទៀត បើនិយាយអំពីតួលេខ គឺមិនអាចគិតចេញបានឡើយ។ បែងចែកការទទួលខុសត្រូវ ឱ្យស្មើភាពគ្នា ជាបញ្ហាដែលអ្នកទទួលបន្ទុកចរចាពិបាកសម្រេចបំផុត ៖ ត្រូវបញ្ចេញសកម្មភាពបន្ទាន់ ! ប្រទេសជឿនលឿនអភិវឌ្ឍន៍ ដែលមានប្រវត្តិបញ្ចេញឧស្ម័នពុលពិមុន ត្រូវទទួលខុសត្រូវប៉ុណ្ណា ? ចុះប្រទេសកំពុងលូតលាស់ខ្លាំង ដែលផ្តើមបញ្ចេញឧស្ម័នផ្ទះកញ្ចក់ តែក្នុងល្បឿននិងខ្លាំង ត្រូវប្រឹងប៉ុណ្ណា ?!
ដើម្បីបញ្ចៀស ការគិតលេខបូកដកគុណចែក សហរដ្ឋអាមេរិក កាណាដា ជប៉ុន បានការពារគម្រោងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដោយគ្មានតួលេខ ដោយកំណត់សរុបយកជារួមតែម្តង ថានឹង “គ្មានការបញ្ចេញឧស្ម័នពុលសោះនៅចុងសតវត្សរ៍” (ឆ្នាំ២១០០)។ ជម្រើសនេះ ហាក់បានទទួលការស្វាគមន៍ច្រើន ប៉ុន្តែបើតាមរបាយការណ៍ក្រុងប៊ូន អង្គការក្រៅរដ្ឋាភិបាលបានទាញអាសន្នថា មានអន្ទាក់ អាចគំរាមកំហែងដល់សុវត្ថិភាពស្បៀងអាហារ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ