បារាំង

សាកូហ្ស៊ី​មើល​ងាយ​ជន​អន្តោប្រវេស្តន៍ ដោយ​សម្តី​លេង​សើច​មិន​សមរម្យ

នីកូឡា សាកូហ្ស៊ី ប្រធាន​គណបក្ស ​អ្នក​សាធារណរដ្ឋ​ Les Républicains ពេល​ធ្វើ​អង្គ​ប្រជុំ​នយោបាយ
នីកូឡា សាកូហ្ស៊ី ប្រធាន​គណបក្ស ​អ្នក​សាធារណរដ្ឋ​ Les Républicains ពេល​ធ្វើ​អង្គ​ប្រជុំ​នយោបាយ REUTERS/Philippe Wojazer

លោក​នីកូឡា សាកូហ្ស៊ី ​អតីត​ប្រធានាធិបតី​បារាំង ​នឹង​ដែល​បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស​ប្រឆាំង ​បាន​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ជាខ្លាំង ​ដោយសារ​តែ​សម្តី​លេងសើច ​បែប​មើលងាយ​របស់​លោក​ នៅ​ក្នុង​អង្គ​ប្រជុំ​ជាមួយ​សមាជិក​បក្ស ​ដែល​លោក​តែងតែ​មាន​ទម្លាប់​ធ្វើ ដោយ​ឈរ​និយាយ​តែ​ឯង​លើ​ឆាក ​មិន​ខុស​ពី​តារា​កំប្លែង។ លោក​សាកូហ្ស៊ី ​បាន​ប្រៀប​ប្រដូច​បញ្ហា​ជន​ភៀសខ្លួន​ដែល​ធ្វើ​ដំណើរ​ចង់​ចូល​មក​អឺរ៉ុប ​ទៅ​នឹង​បំពង់​លូ​ដែល​បែក​ធ្លាយ ​ហើយ​ធ្វើ​ឲ្យ​មាន​ទឹក​ស្អុយ​ ហូរ​ហៀរ​នៅ​ក្នុង​ផ្ទះ​មួយ។ អ្នក​នយោបាយ ​មិន​ថា​នៅ​ខាង​ក្រៅ រឺ​នៅ​ខាង​ក្នុងគណបក្ស​របស់​លោក​ផ្ទាល់​ទេ​ គេ​បាន​នាំ​គ្នា​និយាយ​រិះគន់​ថា​ ជា​សម្តី​មិន​សម​ចេញ​ពី​មាត់​មនុស្ស​ម្នាក់​ ដែល​ធ្លាប់​ធ្វើ​ប្រធានាធិបតី​ឡើយ។

ផ្សាយពាណិជ្ជកម្ម

សម្តី​លេង​សើច ​បែប​កំប្លែង ​ក្នុង​ពេល​ប្រជុំ​កិច្ចការ​នយោបាយ​ប្រទេស​ជាតិ ​របស់​គណបក្ស ​អ្នក​សាធារណៈរដ្ឋ ​“Les Républicains”​ ដែល​លោក​សាកូហ្ស៊ី ​ទើប​បាន​ប្តូរ​ឈ្មោះ​ក្តៅៗ ​បាន​ធ្វើ​ឲ្យ​អ្នក​នយោបាយ​បារាំង ​អត់ទ្រាំ​មិន​រិះ​គន់​មិ​បាន។ ជាថ្មី​ម្តង​ទៀត​ ​អតីត​ប្រធានាធិបតី​បារាំង ​ពោរពេញ​ដោយ​រឿង​អាស្រូវ​រុំ​កោះ​រូប​នេះ ​បាន​និយាយ​ក្នុង​អង្គ​ប្រជុំ ​ធ្វើ​ខ្លួន​ដូច​ជា​តារា​កំប្លែង​លើ​ឆាក ​មិន​សក្តិ៍សម​ជា​អ្នក​នយោបាយ​ទាល់​តែ​សោះ។

និយាយ​បណ្តើរ​ ធ្វើ​កាយ​វិការ​បណ្តើរ ​លោក​សាកូហ្ស៊ី ​លើក​ឧទាហរណ៍​បែប​កំប្លែង ដោយ​ប្រៀប​ប្រដូច​វិបត្តិ​ជន​ភៀសខ្លួន​នៅ​អឺរ៉ុប ​ថា​ដូច​បំពង់​បង្ហូរ​ទឹក​ស្អុយ​ ដែល​បែក​ធ្លាយ ហើយ​ធ្វើ​ឲ្យ​មាន​ទឹក​ហូរ​ហៀរ​ពេញ​ផ្ទះ។ លោក​សាកូហ្ស៊ី ​មិន​ភ្លេច​ទុក​ពេល​ ឲ្យ​អ្នក​អង្គុយ​ស្តាប់​សម្តី​កំប្លែង​មួយរៀល​មួយរៀល​របស់​គាត់ ​គេ​ នាំ​គ្នា​សើច​ឲ្យ​អស់​ចិត្ត​សិន​ មិន​នឹង​បន្ត​និយាយ​បូរបាច់​តទៅ​ទៀត។

Sarkozy

សម្តី​នេះ ​លោក ​សាកូហ្ស៊ី ​ចង់​សំដៅ​រិះគន់​ទៅ​ដល់​ចេតនា​របស់​សហភាព​អឺរ៉ុប ​ដែល​ចង់​ឲ្យ​ប្រទេស​សមាជិក​អឺរ៉ុប​ទាំង​អស់ ​ធ្វើ​ការ​បែងចែក​កូតាគ្នា ​ដើម្បី​ទទួល​ជន​ភៀសខ្លួន​ ដែល​កំពុង​តែ​សម្រុក​នាំគ្នា ឆ្លង​មក​អឺរ៉ុប។ ប៉ុន្តែ​សម្តី​ប្រៀបធៀប ​ជាមួយ​ទឹក​លូ​ស្អុយ​បែប​នេះ វា​ជា​ការ​ម៉ាក់ងាយ​ដល់​ជីវិត​ជន​ភៀសខ្លួន​ ដែល​ផ្សង​គ្រោះ​ថ្នាក់​ មក​រក​ទី​ជ្រក​កោន។ មួយ​វិញ​ទៀត​ ការ​ដែល​យក​ទឹក​មក​លើក​ជា​ឧទាហរណ៍ ​គឺ​ជា​ការ​ឆ្គាំឆ្គង​ខ្លាំង​ណាស់ ​ព្រោះ​ថា​ជន​ភៀសខ្លួន​ ជា​ច្រើន​ពាន់​នាក់ ​បាន​ស្លាប់​ដោយ​លង់​ទឹក​ នៅ​ពេល​ដែល​ពួកគេ​ប្រថុយ​គ្រោះថ្នាក់​ ឆ្លង​សមុទ្រ​ម៉េឌីទែរ៉ាណេ។

បើសិន​ជា​លោក​សាកូហ្ស៊ី​ចង់​ប្តូរ​មុខរបរ ​ពី​អ្នក​នយោបាយ ​ទៅ​ជា​អ្នក​កំប្លែង​ នៅ​ពេល​ដែល​លោក​ចាញ់​ឆ្នោត​ម្តង​ទៀត​នៅ​ឆ្នាំ​២០១៧ ​ គាត់​ប្រហែល​ជា​ត្រូវ​ជួប​ការលំបាក​បន្តិច​ហើយ ​ព្រោះ​ថា​ទេព​កោសល្យ​កំប្លែង​របស់​គាត់​ នៅ​ស្ទើរ​ណាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI