ទស្សនៈព្រឹត្តិការណ៍ពិភពលោក

រំលឹក​ដំណើរ​រឿង​៧ ឆ្នាំ​នៃ​វិបត្តិបំណុល​​ក្រិក

សំឡេង ០៣:៥៤
ក្រោយ​ក្ស័យធន ក្រិក​ស្ថិត​ក្នុង​ស្ថានភាព​មិន​ជាក់លាក់
ក្រោយ​ក្ស័យធន ក្រិក​ស្ថិត​ក្នុង​ស្ថានភាព​មិន​ជាក់លាក់ REUTERS/Alkis Konstantinidis

ក្រិក​ជា​ប្រទេស​ជឿន​លឿន​ដំបូង​គេ​ និង​ជា​ប្រទេស​ទី​បី​នៅ​លើ​ពិភពលោក ដែល​​បាន​ស្គាល់​ការ​ក្ស័យ​ធន។ ស្ថានភាព​សេដ្ឋកិច្ចក្រិក​​កំពុង​ជួប​ការ​លំបាក​លំបិន​យ៉ាង​ខ្លាំង ៖ ធនាគារ​ត្រូវ​បិទ ព្យួរ​ចំណាត់​ថ្នាក់ ដក​លុយ​ចេញ​ពី​ធនាគារមក​ចាយ​​មាន​កំរិត បិទ​ព្រំដែន​មិន​​ឱ្យ​មាន​លំហូរ​​លុយ​ចេញ​ទៅ​បរទេស ... យ៉ាង​ហោចក៏​រហូត​ដល់​ថ្ងៃធ្វើ​ប្រជាមតិ ថ្ងៃអាទិត្យ​ទី​៥​កក្កដា។ ថ្ងៃ​ដែល​ពលរដ្ឋ​ក្រិក ត្រូវ​ជ្រើស​រើស​ថា​ ព្រម​ឬ​មិន​ព្រម​ទទួល​លក្ខខណ្ឌ​អឺរ៉ុប ជា​ថ្នូ​រ​នឹង​ការ​បាន​លុយ​ខ្ចី។ ​វិបត្តិ​បំណុល​ក្រិក​មិន​មែន​ថ្មី​ថ្មោង​ទេ វា​មាន​អាយុ​ ៧​ឆ្នាំ​ហើយ មុន​នឹង​ដើរ​មក​ដល់​ផ្លូវ​ទ័ល​មួយ​នេះ!

ផ្សាយពាណិជ្ជកម្ម

ក្រិក​បាន​ក្លាយ​ប្រទេស​ចាយ​លុយ​អឺរ៉ូ ដោយ​មិន​បាន​យល់​ច្បាស់​​អំពី​កាតព្វកិច្ច​ជាសមាជិក។​ អ្នក​ខ្លះ​ និយាយ​ថា ដើម្បី​បាន​ចូល​ក្នុង​ក្រុម​អឺរ៉ូ​ ក្រិក​បាន​​បន្លំព័ត៌មាន​ និង​​បិទ​បាំងគណនី​ជាតិ​​ដោយ​ចេតនាតែ​ម្តង។ ទាល់​តែ​ដល់​ឆ្នាំ​ ២០០៩ នៅ​ពេល​ក្រិក​មាន​នាយក​រដ្ឋមន្ត្រី​​ថ្មី គឺ​លោក​ ​ Georges Papandréou ទើប​ត្រូវ​បែក​ធ្លាយ​ ថា​មាន​ផ្តល់​តួលេខ​ថវិកា​ជាតិ​ខុស ការ​ពិត។

 

មុន​ការ​ឡើង​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី ចច ប៉ាប៉ង់ដ្រេអ៊ូ ក្រិក​​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​អ្នក​ស្តាំ​និយម។ ក្នុង​អាណត្តិ​៥​ឆ្នាំនោះ រដ្ឋាភិបាល​បាន​បិទ​បាំង​​ឱនភាព​ជាតិ​ ដែល​មាន​ដល់​ទៅ ១២,៧% នៃ​ផលិតផលសរុប​ក្នុង​ស្រុក​ មិន​ឱ្យ​នរណា​ដឹង​ទេ។ បិទ​បាំង​ដើម្បី​អាច​បញ្ចូល​ខ្លួន​ទៅ​ក្នុង​ក្រុម​ចាយ​លុយ​អឺរ៉ូ​បាន ព្រោះ​​វិធាន​របស់អឺរ៉ុប​កំណត់​ឱ្យ​ប្រទេស​ជា​សមាជិក​មាន​​ឱនភាព​ត្រឹម​តែ​​៣%​។ ក្នុង​ស្ថានភាព​បន្ទាន់​ដូច្នេះ លោក ចច ប៉ាប៉ង់ដ្រេអ៊ូ បាន​សម្រេច​ចិត្ត​ចាត់​វិធានការ​រឹត​ត្បិត​ថវិកា​មួយ​ចំនួន ប៉ុន្តែ​មិន​បាន​សម្រេច​ និង​បាន​ក្លាយ​ជា​ចំណុច​ចាប់​ផ្តើម​នៃ​វិបត្តិ។

នៅ​ឆ្នាំ​២០១០ រដ្ឋាភិបាល​បាន​ដាក់​ផែនការ​រឹត​ត្បិត​ថវិកា​ ជា​លើក​ទីពីរ អម​ដោយ​ផែនការ​ជួយ​សង្គ្រោះ​ ពី​សំណាក់​អន្តរជាតិ ក្នុង​ទឹក​ប្រាក់​ទំហំ ១១០​ពាន់​លាន​អឺរ៉ូ នៅ​ខែ​ឧសភា ឆ្នាំ​ដដែល។ ​ឆ្នាំ​បន្ទាប់​មក​(២០១១) ​​ក្រិក​បាន​ចេញ​ផែនការ​ត្បិត​ត្បៀត​ពីរ​ថ្មី​ទៀ​ត​ ដែល​បាន​សង្គ្រោះ​ក្រុង​អាថែន ឱ្យ​លុប​បំបាត់​បំណុល​បាន​មួយ​ភាគ។ លោក ហ្សក ប៉ាប៉ង់ដ្រេអ៊ូ បាន​លាលែង​ចេញ​ពី​តំណែង។

នៅ​ឆ្នាំ​២០១២ វិបត្តិ​បំណុល​ក្រិក​មិន​បាន​ប្រសើរ​ឡើង​សោះ បើ​ទោះ​បី​ជា​មាន​ផែនការ​ត្បិត​ត្បៀត​ថ្មី​ពីរ​ទៀត​ក៏​ដោយ។ ផែនការ​ទីពីរ​នេះ មាន​ជំនួយ​ដល់​ទៅ ២៣៧​ពាន់លាន​អឺរ៉ូ អម​ដោយ​ការបញ្ចុះ​បំណុល​៤០​ពាន់​លានអឺរ៉ូ។ គិត​មក​ដល់​ឆ្នាំ​២០១៣ ក្រិក​មានផែនការ​ត្បិត​ត្បៀតដល់​ទៅ ៨ ​ប៉ុន្តែ​គ្មាន​លទ្ធផល​អ្វី​ទាំង​អស់ ក្រិក​នៅ​តែ​ជាប់​បំណុល​វ័ន្តក​ងើប​មិន​រួច​ដដែល។

អស់​ចិត្ត​នឹង​ប្រឹង ពលរដ្ឋ​ក្រិក​ក៏​បាន​ងាក​ទៅ​ផ្សង​សំណាង​ជាមួយ​ លោក អាឡិចស៊ី ស៊ីប្រាស ដោយ​បោះឆ្នោត​គាំទ្រ​បក្ស​សារីហ្សា ​ ក្នុង​សម័យ​បោះឆ្នោត​សភា មុន​កាល​កំណត់​ថ្ងៃទី ២៥​មករា ២០១៥ ព្រោះ​ប្រមុខ​បក្ស​ឆ្វេង​និយម​ជ្រុល​នេះ បាន​ធ្វើ​ការ​ឃោសនា​​ប្រឆាំង​ដាច់​ខាត​នឹង​នយោបាយ​អឺរ៉ុប។

បាន​ទទួល​ជោគជ័យ​ ​ ក្រិក និង​សកម្មជន​ នាំ​គ្នា​អបអរ​ស្វាគមន៍​នាយករដ្ឋមន្ត្រីថ្មី​ ស្រែក​ទម្លាក់​កំហុស​អតីតកាល​ទៅ​លើ​រដ្ឋាភិបាល​ចាស់ និង​អឺរ៉ុប​​ទាំង​អស់ ដោយ​ចាត់​ទុក​ការ​ត្បិតត្បៀត ថា​ជា​មហន្តរាយ ជា​ការ​បំផិត​បំភ័យ ជា​ការ​​ប្រើ​អំណាច​ដាក់​បង្ខំ បង្អាប់​បន្តុះ​ក្រិក។ ជា​ការវាយប្រហារ​សំដៅ​ខ្លាំង​លើ​អាល្លឺម៉ង់ ហើយ​ក្រិក​ថ្មី​របស់​លោក ស៊ីប្រាស់ ប្រឹង​សម្ញែង​ឬក​ចង់​​ទាមទារ​លុប​បំណុល​ទាំងស្រុង​ ដូច​សម័យ​អឺរ៉ុប​និង​អាល្លឺម៉ង់​ធ្លាប់​ធ្វើ​កាល​សម័យ​ក្រោម​សង្គ្រាម​លោក​លើក​ទីពីរ  ព្រមទាំង​សំឡុត​ចង់​ដើរ​ចេញ​ពី​តំបន់​អឺរូទៀត។

ប៉ុន្តែ​ក្រោយ​ពី​បាន​សាក​ល្បង​​គ្រប់​ក្បាច់ មាន​សង្ឃឹម​ផង អស់​​សង្ឃឹម​ផង ទី​បំផុត​ងាក​មក​ចូល​តុ​ចរចា​ជាមួយ​អឺរ៉ុប។ ការព្រម​ព្រៀងគោល ព្រមធ្វើ​កំណែទម្រង់​ជា​ថ្នូរ​នឹង​ការ​ផ្តល់​ប្រាក់​កម្ចី ប៉ុន្តែ​កិច្ច​ចរចា​ត្រូវ​ជាប់​គាំង នៅ​ពេល​ត្រូវ​ពិភាក្សា​លម្អិត។ អឺរ៉ុប​​យល់​ថាខ្លួន​មាន​ចិត្ត​សប្បុរខ្លាំង​ណាស់ តែ​ក្រិក​នៅ​មិន​ព្រម​ធ្វើ​ពហិការ​ទៀត នៅ​ថ្ងៃទី​២៦​មិថុនា នាយករដ្ឋមន្ត្រី​បាន​សម្រេច​​​ដើរ​ចេញ​ពី​តុ​ចរចា ប្រកាស​ធ្វើ​ប្រជាមតិ​ លើ​សំណើ​អឺរ៉ុប ដែល​លោក​ឈរ​នៅ​ខាង​​ប្រឆាំង។
សម្រាប់​អឺរ៉ុប ក្រិក​ជា​អ្នក​​ជ្រើស​រើស​ការ​ផ្តាច់​ខ្លួន​ចេញ​ពី​សហភាព។ ដូច្នេះ​ហើយ​ទើប​គ្រប់​គ្នា​មើល​ឃើញ​កាន់​តែ​ច្បាស់​ឡើងៗ សេណារីយោ​​ក្រិក​ដើរ​ចេញ​ពី​តំបន់​អឺរ៉ូនោះ។​
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI