អានតួអត្ថបទ
បារាំង- ជនភៀសខ្លួន

UNHCR ស្នើឲ្យ​បារាំង បង្ហាញ​គម្រោង​បន្ទាន់​មួយ ជួយ​ជន​ភៀស​ខ្លួន នៅ​តំបន់​កាឡេ

ជនភៀសខ្លួន តាំង​ទី​នៅតាម​គម្ពត​ព្រៃ ​អតីត​កន្លែង​ចាក់សម្រាម ត្រូវ​បានគេ​ដាក់ឈ្មោះ​ថា​  «new jungle»
ជនភៀសខ្លួន តាំង​ទី​នៅតាម​គម្ពត​ព្រៃ ​អតីត​កន្លែង​ចាក់សម្រាម ត្រូវ​បានគេ​ដាក់ឈ្មោះ​ថា​ «new jungle» AFP PHOTO / PHILIPPE HUGUEN
ដោយ៖ ម៉ម ពិសី
២០ នាទី

ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយនេះ វិបត្តិ​ជន​ភៀសខ្លួន​នៅ​តំបន់​កាឡេ​ ភាគ​ខាង​ជើង​ប្រទេស​បារាំង ​ដែល​ប្រាថ្នា​ចង់​ឆ្លង​ទៅ​ប្រទេស​អង់គ្លេស​ បាន​ចោទ​ជា​បញ្ហា ​កាន់តែ​ក្តៅ​គគុក។ អាជ្ញាធរ​បារំាង​ ត្រូវ​បាន​គេ​រិះគន់​ថា ​អសមត្ថភាព​ រឺ​មិន​មាន​ឆន្ទៈ​គ្រប់​គ្រាន់ ​ក្នុង​ការ​ជួយ​ទំនុកបំរុង​ជន​ភៀស​ខ្លួន ​ដែល​មាន​ចំនួន ​ប្រមាណ​ជា​៣០០០​នាក់។ ឧត្តម​ស្នងការ​ជាន់ខ្ពស់ ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ របស់​អង្គការ​សហ​ប្រជាជាតិ បាន​ស្នើ​ឲ្យ​បារាំង ​បង្ហាញ​គម្រោង​មួយ​ជា​បន្ទាន់ ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។

ផ្សាយពាណិជ្ជកម្ម

អស់​រយៈ​ពេល​ជាង ​១០ឆ្នាំ​មក​ហើយ​ ​ដែល​តំបន់​កាឡេ ​(Calais) ​ភាគ​ខាង​ជើង​ប្រទេស​បារាំង ​បាន​ក្លាយ​ជា​  ទី​សម្ចត​របស់​ជន​ភៀស​ខ្លួន​ ដែល​បាន​ធ្វើ​ដំណើរ​ផ្សង​ព្រេង ​ដើម្បី​ឆ្លង​ទៅ​កាន់​ប្រទេស​អង់គ្លេស។ ក្នុង​ឆ្នាំ​២០១៥ ​និង​ជា​ពិសេស ​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ​ ​ចំនួន​ជន​ភៀសខ្លួន​ ដែល​បាន​ធ្វើ​ដំណើរ​មក​ដល់​កាឡេ ​មាន​ចំនួន​កើន​ឡើង​ជា​គំហុក។ កាល​ពី​សប្តាហ៍​មុន ​ គ្រាន់តែ​ក្នុង​មួយ​យប់​ មាន​ចំនួន​អ្នក​ដែល​លួច​បន្លំ​ តោង​តាម​រថយន្ត​ឆ្លង​ចូល​ទៅ​អង់គ្លេស ​ដល់​ទៅ​ជាង​១០០០​ករណី។ ជន​ភៀស​ខ្លួន​ទាំង​នោះ ​ដែល​មាន​ទាំង​ស្រ្តី ​និង​កុមារ​ផង​នោះ ​បាន​ធ្វើ​ជា​ជំរុំ​បណ្តោះ​អាសន្ន​ តាម​គម្ពត​ព្រៃ ​រស់​នៅ​យ៉ាង​អណាថា ​ជា​ទី​បំផុត។

 
ឧត្តម​ស្នងការ​ជាន់ខ្ពស់ ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ របស់​អង្គការ​សហ​ប្រជាជាតិ ​បាន​ធ្វើ​ការ​ស្នើ​ទៅ​រដ្ឋាភិបាល​បារាំង​ ជា​ថ្មី​ម្តង​ទៀត ​ឲ្យ​ចាត់​វិធានការ​ដោះស្រាយ​បញ្ហា​នេះ​ ​បន្ទាប់ពី​ការ​អំពាវនាវ​របស់​អង្គការ​នេះ ​កាល​ពី​ឆ្នាំ​២០១៤ ​ មិន​ត្រូវ​បាន​នរណា​ យក​ទៅ​គិតគូរ​ទាល់​តែ​សោះ។ នៅ​រសៀល​ថ្ងៃ​សុក្រ​ ទី៧​សីហា ​អង្គការ​ដែល​មាន​ទី​ស្នាក់ការ​ នៅ​ក្រុង​ហ្សឺណែវ ​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ​ជូន​ទៅ​រដ្ឋាភិបាល​បារាំង ​ទាមទារ​ឲ្យ​បារាំង ​បង្ហាញ​គម្រោង​បន្ទាន់​មួយ ​ដែល​មាន​លក្ខណៈ​រួម ​និង​យូរ​អង្វែង ​ដើម្បី​ជួយ​ដល់​ជន​ភៀស​ខ្លួន ​ចំនួន​៣ពាន់​នាក់ ​នៅ​តំបន់​កាឡេ។

លោក​ Vincent Cochetel​ ប្រធាន​ទទួល​បន្ទុក​ជន​ភៀស​ខ្លូន​នៅ​អឺរ៉ុប​ របស់​អង្គការ​នេះ ​បាន​បញ្ជាក់​ថា ​ចំនួន​ជន​ភៀសខ្លួន ​ត្រឹម​៣០០០​នាក់ ​គឺ​គេ​អាច​ដោះស្រាយ​វា​បាន ​បើ​សិន​ជា​មាន​ឆន្ទៈ​ពិត​ប្រាកដ។ លោក ​បាន​អំពាវនាវ​ឲ្យ​បារាំង​ចាត់​វិធានការ​ ដែល​មាន​លក្ខណៈ​មនុស្សធម៍ ​ដូច​ក្នុង​ករណី​គ្រោះ​ធម្មជាតិ​ដូច្នោះ​ដែរ ​តាម​រយៈ​ការ​បើក​បន្ថែម​កន្លែង​ស្នាក់នៅ​បណ្តោះ​អាសន្ន ​ជូន​ជន​អន្តោប្រវេសន៍។

អ្នក​ទទួល​ខុស​ត្រូវ​រូបនេះ ​បាន​បន្ត​ថា ​មិនត្រឹម​តែ​ប៉ុណ្ណោះ ​ បារាំង​ត្រូវ​តែ​ពិចារណា​ឡើង​វិញ​ ក្នុង​និតិវិធី​ផ្តល់​សិទ្ធិ​ស្នាក់នៅ​ ដល់​ជន​ភៀស​ខ្លួន។ បច្ចុប្បន្ន​នេះ ​ជន​អន្តោប្រវេសន៍​ម្នាក់ ​មុន​នឹង​ត្រូវ​អាជ្ញាធរ​បារាំង​សម្រេច ​ទទួល​ស្គាល់​ថា​ជា​ជន​ភៀស​ខ្លួន ​គឺ​ត្រូវរង​ចាំ​យ៉ាង​ហោច​ណាស់ ​៧​សប្តាហ៍ ​រឺ​ក៏​យូរ​ជាង​នេះ​ផង ​ខណៈ​ដែល​ប្រទេស​ផ្សេង​នៅ​អឺរ៉ុប ​គឺ​គេ​ត្រូវការ​ពេល​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​នេះ ​ក៏​បាន​រិះគន់​ផង​ដែរ ពី​ភាព​ព្រងើយ​កន្តើយ ​គ្មាន​ឆន្ទៈ​ដោះស្រាយ​របស់ ​ប្រទេស​អង់គ្លេស ​ដែល​នៅ​ត្រើយ​ម្ខាង​ទៀត ​ព្រោះ​គោលដៅ​​របស់​ជន​អន្តោប្រវេសន៍​ទាំង​នោះ​ គឺ​ឆ្លង​ទៅ​ប្រទេស​អង់គ្លេស។ អង្គការ​នេះ ​ក៏​បាន​អំពាវនាវ ​ផង​ដែរ ​ឲ្យ​ ​សហភាព​អឺរ៉ុប ​ធ្វើការ​សហការ​គ្នា​ជាមួយ​អាជ្ញាធរ​បារាំង ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។

គួរ​បញ្ជាក់​ថា​ វិបត្តិ​ជន​ភៀសខ្លួន​នៅ​តំបន់​កាឡេ ​ស​បង្ហាញ​ពី​ភាព​មិន​ស៊ី​សង្វាក់​គ្នា​ ​នៃ​ការ​អនុវត្តន៍​គោល​នយោបាយ​អន្តោប្រវេសន៍​ របស់​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប។ មិនមែន​បារាំង​តែ​ម្នាក់​ឯង​ទេ ​ដែល​ត្រូវ​ដោះ​ស្រាយ​បញ្ហា​នេះ ​ពោល​គឺ​សហភាព​អឺរ៉ុប​ទាំង​មូល ​ដែល​ត្រូវ​ពិចារណា​ឡើងវិញ​ ពី​ភាព​ខ្វះ​ចន្លោះ របស់​គោល​នយោបាយ​អន្តោ​ប្រវេសន៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ