អាមេរិក​ផ្ទៀងផ្ទាត់​ការលក់​កាំជ្រួច​មីស្ស៊ីល​រុស្ស៊ី S-300 ទៅ​ឲ្យ​អ៊ីរ៉ង់

មីស្ស៊ីល​រុស្ស៊ី ប្រភេទ​S-300
មីស្ស៊ីល​រុស្ស៊ី ប្រភេទ​S-300 Reuters

រដ្ឋបាលស.រ.អា.ពិនិត្យ​ផ្ទៀងផ្ទាត់​មើល តើ​ការ​ដែល​រុស្ស៊ី គ្រោង​លក់​ប្រព័ន្ធ​មីស្ស៊ីល ការពារ​ដែន​អាកាស​ធុន S-300 ទៅ​ឲ្យ​អ៊ីរ៉ង់ ធ្លាក់​ឬ​ទេ​ទៅ​នៅ​ក្រោម​ធរមាន​នៃ​ច្បាប់​អាមេរិកាំង ស្តី​អំពី​ទណ្ឌកម្ម។ មូលហេតុនៃ​សេចក្តី​ថ្លែងការណ៍​នេះ របស់​ក្រសួង​ការបរទេស​អាមេរិកាំង គឺ មក​ពី ​មាន​ដំណឹង​លេច​ឮ​ចេញ​មក​នា​ថ្ងៃ​១៨​សីហា​ថា ក្នុង​សប្តាហ៍​ក្រោយ ក្រុង តេហេរ៉ង់ សង្ឃឹម​ចុះ​ជាមួយ​ក្រុង​ម៉ូស្គូ កិច្ចសន្យា​ថ្មី ដើម្បី​ទិញ​ប្រព័ន្ធ​មីស្ស៊ីល​រុស្ស៊ី​នោះ។ ប៉ុន្តែ ក្រសួង​ការបរទេស​រុស្ស៊ី បាន​ថ្លែង​ទៅ​ហើយ​ថា ​កិច្ចសន្យា​នេះ គឺ​ប៉ះ​តែ​លើ​ភាគី​រុស្ស៊ី​និង​អ៊ីរ៉ង់​ប៉ុណ្ណោះ។

ផ្សាយពាណិជ្ជកម្ម

“ការផ្ទេរ​ទៅ​ឲ្យ​អ៊ីរ៉ង់ នូវ​ប្រព័ន្ធ​សព្វាវុធ​សម្រាប់​ការពារ គឺ​ឥត​ហាម​ប្រាម​ដោយ សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​ឡើយ ប៉ុន្តែ​យើង​នឹង​ពិនិត្យ​មើល តើ​ការ​នេះ បំពាន​ឬ ក៏​មិន​បំពាន​ទេ លើ​ច្បាប់​អាមេរិកាំង ស្តីអំពី​ទណ្ឌកម្ម​ប្រឆាំង​អ៊ីរ៉ង់?” - សេចក្តី​នេះ ថ្លែងល្ងាចថ្ងៃ ១៨សីហា ដោយ​អ្នកនាំ​ពាក្យ​ផ្លូវការ​នៃ​ក្រសួង​ការបរទេស​អាមេរិក លោក John Kirby ដោយ​ធ្វើ អត្ថាធិប្បាយទៅ​លើ​ដំណឹង​ដែល​មាន។

 
អ្នកនាំពាក្យនេះ ក៏កត់សម្គាល់ថា គោល​ជំហរ​ស.រ.អា. ស្ថិត​នៅ​ឥត​ប្រែប្រួល​ទេ ដូច​ដែល​ប្រមុខ​ការទូត​អាមេរិក លោក John Kerry ធ្លាប់​បាន​សំដែង​នូវ​ក្តី​កង្វល់​របស់​ខ្លួន អំពី​រឿង​នេះ ទៅ​កាន់​សមភាគី​រុស្ស៊ី លោក Serguei Lavrov ថា “ក្រុង​វ៉ាស៊ីនតោន ជំទាស់​នឹង​ការលក់​កាំជ្រួច S-300 របស់​រុស្ស៊ី ទៅឲ្យ​អ៊ីរ៉ង់”។ 

លោក Kirby ពន្យល់បំភ្លឺ ពីក្តីកង្វល់នេះរបស់​អាមេរិក ដោយ​អ៊ីរ៉ង់​ខាង​នយោបាយ​ក្រៅ​ប្រទេស គាំទ្រ​ដល់​ពពួក​ក្រុម​នៅ​តំបន់​ដើមបូព៌ា ដែល​ត្រូវ​ក្រុង​វ៉ាស៊ីនតោន ចាត់ទុក ជា ក្រុម​ភេរវនិយម។

គឺម្សិលមិញ ដែលទីភ្នាក់ងារពត័មាន​ស៊ីរី SANA យោង​ទៅ​លើ​សេចក្តី​ថ្លែងការណ៍ របស់​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីរ៉ង់ ឧត្តមសេនីយ Hossein Dehghan  ផ្សាយ​ថា ក្រុង តេហេរ៉ង់ សង្ឃឹមចុះ ក្នុង​សប្តាហ៍​ក្រោយ ជាមួយ​ក្រុងម៉ូស្គូ នូវ​កិច្ចសន្យា​ថ្មី ដើម្បី​ទិញ​មីស្ស៊ីល​រុស្ស៊ី ធុន S-300 ក្នុង​ទឹកប្រាក់​ច្រើន​ជាង​មុន​ឆ្ងាយ។

ជាការរំលឹក ក្នុងឆ្នាំ២០០៧ អ៊ីរ៉ង់បានចុះកិច្ចសន្យា ម្តង​ទៅ​ហើយ​ដើម្បី​ទិញ​ពី​រុស្ស៊ី នូវ​ប្រព័ន្ធ​មីស្ស៊ីល S-300 ក្នុង​ទឹកប្រាក់ ៩០០​លាន​ដុល្លារ។ ប៉ុន្តែ​នៅឆ្នាំ ២០១០ ដោយបំពេញ តាម សេចក្តី​សម្រេច​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. ឆ្នាំ​នោះ​ឯង ដែល​ជាទូទៅ ហាម​មិន​ឲ្យ​លក់ ​អាវុធ​ទៅ​អ៊ីរ៉ង់ លោកឌ្មីទ្រី មេដវេដេវ ដែល​កាលណោះ​ជា​ប្រធានាធិបតី​រុស្ស៊ី បាន​ចេញ​ក្រិត្យ ខ្ទប់​តែម្តង ការលក់​មីស្ស៊ីល S-300 ទៅ ក្រុង តេហេរ៉ង់
ក្រសួងការបរទេសរុស្ស៊ី បានថ្លែងទៅហើយថា ការ​ដែល​រុស្ស៊ី​លក់​ប្រព័ន្ធ​ការពារ​ដែន​អាកាស ធុន S-300 ទៅអ៊ីរ៉ង់ វាជាកិច្ចការ​ទ្វេភាគី​សុទ្ធសាធ ហើយ​ឥត​តម្រូវ​ឲ្យ​មាន​ការចូលរួម​អ្វី​ណា ពីខាង​ភាគី​ទី​៣​ឡើយ។
 

មីស្ស៊ីល S-300 គឺទុក​សម្រាប់​បាញ់​ចេញ​ពីដី​ទៅ​កំទេច ទីដៅ​ក្នុង​អាកាស ដែល​ស្ថិត​នៅ​កំពស់ ចាប់ពី​ប៉ុន្មាន​សិបម៉ែត្រ រហូត​ដល់ រាប់រយ​គីឡូម៉ែត្រ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI