អានតួអត្ថបទ
បារាំង-អង់គ្លេស

អន្តោប្រវេសន៍​តំបន់​កាឡេ៖​កិច្ចព្រម​ព្រៀង​បារាំង-​អង់គ្លេស ​គេ​រិះគន់​ផង គេ​អប​អរ​ផង

លោកស្រី រដ្ឋមន្ត្រីមហាផ្ទៃអង់គ្លេស Theresa May  និងលោក​ Bernard Cazeneuve រដ្ឋមន្ត្រីមហាផ្ទៃ​បារាំង នៅ​ក្រុង​កាឡេ ថ្ងៃទី ២០ សីហា ២០១៥
លោកស្រី រដ្ឋមន្ត្រីមហាផ្ទៃអង់គ្លេស Theresa May និងលោក​ Bernard Cazeneuve រដ្ឋមន្ត្រីមហាផ្ទៃ​បារាំង នៅ​ក្រុង​កាឡេ ថ្ងៃទី ២០ សីហា ២០១៥ REUTERS/Regis Duvignau
ដោយ៖ ម៉ម ពិសី
១៩ នាទី

នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី២០ ​សីហា ​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​បារាំង​ និង​អង់គ្លេស ​បាន​ជួប​គ្នា ​នៅ​ក្រុង​កាឡេ ​ ភាគ​ខាង​ជើង​ប្រទេស​បារាំង​ដើម្បី ​ចុះ​ហត្ថលេខា​ លើ​កិច្ច​ព្រម​ព្រៀង ​ទ្វេរ​ភាគី ​ដើម្បី​បង្កើន​កិច្ច​សហការ ​ក្នុង​ការ​គ្រប់គ្រង​ច្រក​ចេញ​ចូល​ក្រោម​សមុទ្រ​តំបន់​កាឡេ​ ដែល​កន្លង​មក​ ត្រូវ​បាន​ក្លាយ​ជា​កន្លែង​លួច​ឆ្លង​ ដោយ​ខុស​ច្បាប់ ​ពី​បារាំង​ទៅ​អង់គ្លេស​ របស់​ជន​អន្តោប្រវេសន៍ ​ជា​ច្រើន​ពាន់​នាក់។ ថ្វីបើ​មាន​ការ​អបអរ​ ដោយ​ឃើញ​ពី​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ របស់​ភាគី​អង់គ្លេស ​កិច្ច​ព្រមព្រៀង​នេះ ​ត្រូវ​បាន​គេ​រិះគន់​ផង​ដែរ​ ដោយ​គេ​ចោទ​ថា ​បារាំង​​ក្លាយ​ជា​អ្នក​ស៊ី​ឈ្នួល​ យាម​ព្រំដែន​ឲ្យ​អង់គ្លេស។

ផ្សាយពាណិជ្ជកម្ម

លោក​ Bernard Cazeneuve ​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​បារាំង ​និង​លោក​ស្រី ​Theresa May ​​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​អង់គ្លេស ​បាន​ចុះ​ហត្ថលេខា​ លើ​កិច្ច​ព្រមព្រៀង​ទ្វេរ​ភាគី ​ដើម្បី​ទប់​ស្កាត់​ការ​លួច​ឆ្លង​ចូល​ទៅ​ ប្រទេស​អង់គ្លេស​ តាម​ផ្លូវ​ក្រោម​សមុទ្រ ​នៅ​តំបន់​កាឡេ ​ភាគ​ខាង​ជើង​ប្រទេស​បារាំង។ កិច្ច​ព្រមព្រៀង​នេះ​ សំដៅ​សំខាន់​ បង្កើន​ការ​ត្រួត​ពិនិត្យ​ នៅ​ស្ថានីយ៍​ EuroTunnel ​ព្រម​ទាំង​តាម​កម្ចាត់​បណ្តាញ​ជួញ​ដូរ​មនុស្ស ​របស់​ក្រុម​ជន​ទុច្ចរិត ​ដែល​រកស៊ី​បញ្ជូន ​ជន​អន្តោប្រវេសន៍ ​ឲ្យ​ឆ្លង​ទៅ​ប្រទេស​អង់គ្លេស។

 
កិច្ច​ព្រមព្រៀង​បាន​កំណត់​ជា​អាទិ៍ ​ការ​បង្កើត​ទីតាំង​បញ្ជាការ​រួម​មួយ​ នៅ​តំបន់​កាឡេ ​ដែល​អាជ្ញាធរ​បារាំង ​និង​អង់គ្លេស ​ត្រូវ​ធ្វើការ​រួម​គ្នា ​ដើម្បី​ទប់​ស្កាត់​ការ​ជួញដូរ​ បញ្ជូន​ជន​អន្តោប្រវេសន៍។ ហើយ​មួយ​ទៀត​ គឺ​ការ​បន្ថែម​កម្លាំង ​និង​សម្ភារៈ​​ទំនើប​ ដើម្បី​ធ្វើការ​ត្រួត​ពិនិត្យ ​មួយ​ថ្ងៃ​២៤​ម៉ោង ​រាល់​ការ​ចេញ​ដំណើរ​ របស់​យានយន្ត​ និង​រថភ្លើង​ ដែល​ត្រូវ​ឆ្លង​ទៅ​អង់គ្លេស។

បន្ថែម​លើ​ទឹកប្រាក់ ​ចំនួន​២៥ ​លាន​អឺរ៉ូ ​ដែល​អង់គ្លេស​បាន​សន្យា​ថា​ នឹង​ប្រគល់​ដើម្បី​អនុវត្ត​ផែនការ​នេះ អង់គ្លេស​នឹង​ប្រគល់​ប្រាក់​ចំនួន​១០លាន​អឺរ៉ូ​ផ្សេង​ទៀត។ ទឹកប្រាក់​នេះ ​នឹង​យក​ទៅ​ប្រើប្រាស់​ជា​ពិសេស ​ក្នុង​ការ​កសាង​មណ្ឌល​ស្នាក់នៅ​ សម្រាប់​ជន​អន្តោប្រវេសន៍​ណា ​ដែល​បាន​ដាក់​ពាក្យ​សុំ​សិទ្ធិ​ជ្រកកោន​ជា​ជន​ភៀស​ខ្លូន​នៅ​បារាំង ​ហើយ​មណ្ឌល​នោះ​ត្រូវ​សង់​នៅឲ្យ​ឆ្ងាយ​ ពី​ស្ថានីយ​EuroTunnel។ មួយ​ផ្នែក​ទៀត ប្រាក់​នេះ​នឹង​ត្រូវ​យក​ទៅ​ប្រើ ​ដើម្បី​ផ្តល់ឲ្យ​ទៅ​ជន​អន្តោប្រវេសន៍​ណា ​ដែល​ស្ម័គ្រចិត្ត​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ។

លោក ​Antonio Guterres​ អ្នក​តំណាង ​UNHCR ​បាន​ថ្លែង​អបអរ​ដល់​កិច្ច​ព្រមព្រៀង​ទេ្វរ​ភាគី​នេះ ​ ដោយ​បាន​លើក​ឡើង​ ពី​សារសំខាន់​ក្នុង​ការ​គិតគូ​ដល់​ស្ថានភាព​របស់​ជន​អន្តោប្រវេសន៍ ​កន្លែង​ស្នាក់​នៅ ​និង​ភាព​ងាយ​រង​គ្រោះ​របស់​ពួក​គេ ​ដោយសារ​តែ​ចាញ់​បោក​មេ​ខ្យល់។ ទោះបី​ជា​យ៉ាងណា ​ក្រុម​អ្នក​ស្ម័គ្រចិត្ត ​នៃ​អង្គការ​មនុស្សធម៌​ផ្សេងៗ​ ដែល​កំពុងតែ​ដុតដៃ​ដុតជើង​ជួយ​សម្រាល​​ការ​លំបាក​ជន​អន្តោប្រវេសន៍ ​ បាន​ត្អូញត្អែរ​ថា ​កិច្ច​ព្រមព្រៀង​នេះ ​ ​គឺ​វា​មិន​គ្រប់​គ្រាន់​នោះ​ទេ។ ការ​សាងសង់​មណ្ឌល​ថ្មី​ ដែល​ទទួល​មនុស្ស​បាន​តែ​១០០០​នាក់ ​គឺ​វា​នៅ​តិច​ខ្លាំង​ណាស់ ​បើ​ប្រៀប​ធៀប​ ទៅ​ចំនួន​ជន​អន្តោប្រវេសន៍។ អ្នក​នយោបាយ​បារាំង​មួយ​ចំនួន​  បាន​រិះគន់​រដ្ឋាភិបាល​បារាំង​ ថា​ស៊ីឈ្នួល​យាម​ព្រំដែន​ឲ្យ​អង់គ្លេស។ ជនអន្តោប្រវេសន៍ចង់ឆ្លងទៅអង់គ្លេស វាជាកាតព្វកិច្ចរបស់អង់គ្លេស ដែល​ត្រូវ​រារាំង ​មិន​មែន​បារាំង​ទេ។

គួរ​បញ្ជាក់ថា ​បច្ចុប្បន្ន​នេះ កម្លាំង​នគរបាល​បារាំង​ប្រមាណ​ជា​ ១៣០០​នាក់​ កំពុង​ធ្វើការ​យ៉ាង​សកម្ម​ក្នុង​ការ​ការពារ​ស្ថានីយ EuroTunnel មិន​ឲ្យ​ជន​អន្តោប្រវេសន៍​បន្លំ​ឆ្លង​ទៅ​អង់គ្លេស។ ក្នុង​ប៉ុន្មាន​សប្តាហ៍​កន្លង​មក​នេះ ​ មាន​ករណី​ស្លាប់​ជន​អន្តោប្រវេសន៍​ ជាង​១០​នាក់ ​ដោយសារ​តែ​ពួក​គេ​រត់​ទៅ​តោង​រថភ្លើង​ រឺ​តោង​ពី​ក្រោម​រថយន្ត​ដឹក​ទំនិញ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ