បារាំង-នយោបាយ

ស្ថាបនិក​គណបក្ស​ស្តាំ​និយម​ជ្រុល​បារាំង​​FN ត្រូវ​កូន​ស្រី​ឯង​បណ្តេញ​ចេញ​ពី​បក្ស

លោក Jean-marie Le Pen​ ស្ថាបនិក គណបក្ស ស្តាំនិយមជ្រុល Front National កំពុងតែ​ប្រកាស​សង្រ្គាម​​ជាមួយ​​កូន​ស្រី​លោក លោកស្រី​  Marine Le Pen (ឈរពីក្រោយ)
លោក Jean-marie Le Pen​ ស្ថាបនិក គណបក្ស ស្តាំនិយមជ្រុល Front National កំពុងតែ​ប្រកាស​សង្រ្គាម​​ជាមួយ​​កូន​ស្រី​លោក លោកស្រី​ Marine Le Pen (ឈរពីក្រោយ) REUTERS/Robert Pratta/Files

លោក ​ហ្សង់ ម៉ារី ឡឺប៉ែន ​ វ័យ​៨៧​ឆ្នាំ ​ស្ថាបនិក​ គណបក្ស​ស្តាំ​និយម​ជ្រុល​ របស់​បារាំង​ ទើបតែ​ត្រូវ​បាន​ការិយាល័យ​ប្រតិបត្តិ​របស់​គណបក្ស​លោក ​សម្រេច​បណ្តេញ​ចេញ​ពី​បក្ស។​ លោក​បាន​ធ្វើ​ការ​ចោទ​ដោយ​ត្រង់ៗ​ ថា​នេះ​គឺ​ជា​​អំពើ​ឃាតកម្ម​នយោបាយ​ ដែល​បញ្ជា​ដោយ​កូន​ស្រី​របស់​លោក​ផ្ទាល់ ​ដែល​កំពុង​តែ​ដឹក​នាំ​គណបក្ស​នេះ​​ ហើយ​មិន​ចង់​ឲ្យ​លោក​ ចូល​មក​លូក​ដៃ ​ក្នុង​កិច្ចការ​បក្ស។

ផ្សាយពាណិជ្ជកម្ម

គណបក្ស​ស្តាំ​និយម​ជ្រុល​បារាំង​ រឺ ​Front National ​ដែល​គេ​តែងតែ​ហៅ​កាត់​ថា​ FN ​កំពុង​តែ​ឆាបឆេះ​ ដោយ​ជម្លោះ​ផ្ទៃក្នុង​ រវាង​បុត្រី ​និង​បីតា​ ដែល​ជា​ស្ថាបនិក​របស់​គណបក្ស​នេះ។ អស់​រយៈ​ពេល​ជាច្រើនខែ​ មកហើយ​ ​ដែល​គេ​បាន​តាម​ដាន​យ៉ាង​ច្បាស់​ អំពី​ភាព​មិន​ចុះ​សម្រុង​គ្នា​ រវាង​លោក​ស្រី ​ម៉ារីន ឡឺប៉ែន ​ដែល​មាន​ដំណែង​ជា​ប្រធាន​បក្ស ​និង​ឪពុក​លោកស្រី​ ​គឺ​លោក ​ហ្សង់ ម៉ារី ឡឺប៉ែន​ ដែល​ជា​ប្រធាន​កិត្តិយស​ និង​ជា​ស្ថាបនិក​នៃ​គណបក្ស​ ដ៏​គួរឲ្យ​ស្អប់​នេះ។

 
ទើបតែ​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ​ទី​២០ សីហា ​ការិយាល័យ​ប្រតិបត្តិ​បក្ស ​បាន​សម្រេច ​បណ្តេញ​លោក​ ហ្សង់ ម៉ារី ឡឺប៉ែន ​ចេញ​ពី​បក្ស ​ ប៉ុន្តែ​ការ​ប្រជុំ​សម្រេច​នេះ ​មិន​មាន​ការ​ចូលរួម​ របស់​លោកស្រី ​ម៉ារីន ឡឺប៉ែន ​និង ​លោក ​ហ្វ្លូរីយ៉ង់ ហ្វីលីប៉ូ​ ដៃស្តាំ​របស់​លោកស្រី​ទេ។ ទោះ​បី​ជា​យ៉ាងណា ​លោក ​ហ្សង់ ម៉ារី ឡឺប៉ែន ​បាន​ស្រែក​បរិហារ​ថា ​នេះ​គឺ​ជា​ការ​បញ្ជា ​ដោយ​ផ្ទាល់​ ពី​កូន​ស្រី​លោក។ បុរស​វ័យ​៨៧​ឆ្នាំ ​សម្តី​គ្រោដ​គ្រាត​រូប​នេះ ​បាន​សន្យា​ថា ​នឹង​ដាក់​ពាក្យ​ប្តឹង​ រក​យុត្តិធម៌។ លោក​បន្ត​ថា ​គណបក្ស ​Front National​ គឺ​ជា​របស់​លោក​ គឺ​ជា​ផ្ទះ​របស់​លោក។

សូម​បញ្ជាក់​ថា​ ជា​ច្រើន​ឆ្នាំ​មក​ហើយ ​ដែល​លោក ​ហ្សង់ ម៉ារី ឡឺប៉ែន​បាន​បង្កើត ​និង​ដឹក​នាំ ​គណបក្ស​Front National ​ដែល​មាន​និន្នាការ​ជ្រុល​និយម ​ស្អប់​ជន​បរទេស ​និង​ជាតិ​សាសន៍​ផ្សេង​ ដែល​មិនមាន​ដើម​កំណើត​ជា​បារាំង។ លោក ​ធ្លាប់ ​ត្រូវបាន​តុលាការ​ផ្តទ្ទាទោស​ ជា​ច្រើន​លើក​មក​ហើយ ​ដោយសារ​តែ​សម្តី​អសុរស ​មើល​ងាយ​ រើសអើង​ប្រកាន់​ពូជ​សាសន៍ ​ទៅ​លើ​ជន​បរទេស។

លោកស្រី ​ម៉ារីន ឡឺប៉ែន ​បាន​ឡើង​ធ្វើ​ជា​ប្រធាន​គណបក្ស​ ហើយ​បាន​អូសទាញ​បាន​សំឡេង​គាំទ្រ​​គួរឲ្យ​កត់​សម្គាល់ ​ដោយ​បាន​ឆក់​ឱកាស​ ដែល​បារាំង​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច ​និង​វិបត្តិ​ជន​អន្តោប្រវេសន៍។ ​តាម​ការ​វិភាគ ​លោកស្រី ​ចង់​កម្ចាយ​ឪពុក​របស់​ខ្លួន​ចេញ​ពី​បក្ស ​ដើម្បី​លាង​សម្អាត​កេរ្តិ៍​ឈ្មោះ​បក្ស ​ដែល​ជាប់​ប្រលាក់​ប្រឡូស​ ដោយ​សារ​សកម្មភាព​ និង​សម្តី​របស់​ឪពុក​លោក​ស្រី​ កន្លង​មក។

មហិច្ឆិតា​លោក​ស្រី​ គឺ​តំណែង​ប្រធានាធិបតី​បារាំង ​ក្នុង​អាណត្តិ​ឆ្នាំ​២០១៧។ ប៉ុន្តែ​ ឆ្លងកាត់​ការ​ឈ្លោះ​ប្រកែក​គ្នា​ រវាង​ឪ​និង​កូន​ ក្នុង​ការ​ដឹកនាំ​បក្ស​នេះ ​វា​បាន​ធ្វើឲ្យ​ សម្លេង​អ្នក​គាំទ្រ ​មាន​ការ​បាក់​បែក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​លោក ​ហ្សង់ ម៉ារី ឡឺប៉ែន ​ដែល​មាន​ចរិត​មានៈ ​ក្អេងក្អាង​នេះ ​ ពិត​ជា​មិន​ទុក​ឲ្យ​កូន​ស្រី​លោក ​នៅ​បាន​សុខ​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI