បារាំង-អាកាសធាតុ

សប្តាហ៍​ការទូត​បារាំង​ឆ្នាំ​នេះ ​ផ្តោត​សំខាន់​ទៅ​លើ​បញ្ហា​ការ​ប្រែប្រួល​អាកាសធាតុ

លោក​​ប្រធានាធិបតី​បារាំង ក្នុង​វេទិកា​ អាកាសធាតុ​ និងដែនដី «Climat et territoires» នៅ​ទីក្រុង​លីយ៉ុង ថ្ងៃទី ១ កក្កដា ២០១៥
លោក​​ប្រធានាធិបតី​បារាំង ក្នុង​វេទិកា​ អាកាសធាតុ​ និងដែនដី «Climat et territoires» នៅ​ទីក្រុង​លីយ៉ុង ថ្ងៃទី ១ កក្កដា ២០១៥ REUTERS/Ian Langsdon/Pool

ដូច​ជា​រៀង​រាល់​ឆ្នាំ ​លោក​ប្រធានាធិបតី​បារាំង ​បាន​ដឹកនាំ​សប្តាហ៍​ការទូត​បារាំង ​ដោយ​មាន​ចាប់​ផ្តើម​ឡើង​ ​ដោយ​ការ​ប្រជុំ​ជាមួយ​មន្ត្រី​ទូត​បារាំង​ទាំង​អស់​ ទូទាំង​ពិភពលោក។ ដោយ​ឆ្នាំ​នេះ​ បារាំង​ទទួល​ជា​អ្នក​ចាត់ចែង​សន្និសិទ​ពិភពលោក​ លើក​ទី​២១ ​ស្តី​ពី​ការ​កាត់​បន្ថយ​កំដៅ​ផែនដី​ សប្តាហ៍​ការទូត​បារាំង​ ក៏​បាន​ផ្តោត​សំខាន់​ ទៅ​លើ​បញ្ហា​នេះ​ដែរ ​ដើម្បី​ឲ្យ​មន្ត្រី​ការទូត​បារាំង​ទាំង​អស់ ​ត្រៀម​ខ្លួន​ និង​ធ្វើការ​ឲ្យ​សកម្ម​ ដើម្បី​ជំរុញ​ឲ្យ​មាន​កិច្ច​ព្រម​ព្រៀង​មួយ​ ស្តី​ពី​ការ​កាត់​បន្ថយ​កំដៅ​ផែនដី។

ផ្សាយពាណិជ្ជកម្ម

នៅសល់​ពេល​តែ ​១០០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ​សន្និសីទ​កំពូល​ នៃ​អង្គការ​សហ​ប្រជា​ជាតិ ​ស្តី​ពី​បញ្ហា​អាកាស​ធាតុ ​ និង​ចាប់​ផ្តើម​បើក​ឡើង​​ នៅ​ទីក្រុង​ប៉ារីស។ ដូច្នេះ ​បញ្ហា​អាកាសធាតុ ​ការ​កើន​ឡើង​កំដៅ​ផែនដី ​​គឺ​ជា​ប្រធាន​បទ​សំខាន់ ​ ដែល​ត្រូវ​បាន​លើក​ឡើង ​ក្នុង​សប្តាហ៍​ការទូត​បារាំង ​ដែល​ចាប់ផ្តើម ​ចាប់​ពី​ថ្ងៃ​ចន្ទ​ទី​ ២៤ ​សីហា​នេះ​ទៅ។

 
ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ ជាមួយ​អគ្គរដ្ឋទូត​បារាំង​ទាំង​អស់ ​ទូទាំង​ពិភពលោក ​កាល​ពី​ថ្ងៃ​អាទិត្យ​ ម្សិលមិញ ​លោក​ហ្វ្រង់ស័រ ហូឡង់ ​ប្រធានាធិបតី​បារាំង  ​បាន​មាន​ប្រសាសន៍​ថា ​បើ​សិន​ជា​សន្និសិទ​កំពូល​លើក​នេះ ​ មិន​បាន​​​បិទ​បញ្ចប់​ទៅ ​ដោយ​មាន​ការ​ចុះ​ហត្ថលេខា​ លើ​កិច្ច​ព្រម​ព្រៀង​រួម​មួយ​ទេ ​ នោះ​វា​គឺ​ជា​គ្រោះ​ថា្នក់​មួយ​ធំ​ណាស់ ​សម្រាប់​ភព​ផែន​ដី​យើង ​ ដែល​កំពុង​តែ​ប្រឈម​មុខ​ នឹង​ការ​កើន​ឡើង​កំដៅ ​ជា​រៀង​រាល់​ឆ្នាំ។

ជា​ការ​ពិត​ណាស់ ​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​ ទទួល​រៀបចំ​សន្និសីទ​ស្តី​ពី​អាកាសធាតុ​លើក​ទី​២១ ​ បារាំង​មាន​តួនាទី ​និង​ការ​ទទួល​ខុស​ត្រូវ ​ដែល​ត្រូវ​ដឹកនាំ​ការ​ពិភាក្សា ​និង​បញ្ចុះ​បញ្ចូល​ប្រទេស​ដែល​មក​ចូលរួម ​ដើម្បី​ឈាន​ទៅ​ដល់ ​ការ​ចុះ​ហត្ថលេខា​ លើ​កិច្ច​ព្រម​ព្រៀង​រួម​មួយ ​សម្តៅ​កាត់​បន្ថយ​កំណើន​កំដៅ​ផែនដី ​ ​មិន​ឲ្យ​លើស​ពី​២អង្សារ​ នៅ​ឆ្នាំ​២០២០។

សប្តាហ៍​ការទូត​នេះ​ និង​អនុញ្ញាត ​ឲ្យ​មន្តី្រ​ទូត​បារាំង ​ប្រចាំការ​នៅ​តាម​បណ្តា​ប្រទេស​នានា ​ស្វែង​យល់​​ពី​កម្មវត្ថុ​របស់​រដ្ឋាភិបាល​បារាំង ​ក្នុងការ​ស្វះស្វែង​រក​ការ​គាំទ្រ​ តាម​ប្រទេស​នានា​ ដើម្បី​ សម្រេច​ឲ្យ​បាន​ជោគជ័យ​ នូវ​កិច្ច​ព្រមព្រៀង​រួម​ នៅ​ចុង​សន្និសីទ​កំពូល​ នា​ខែ​ធ្នូ ​ចុង​ឆ្នាំ​២០១៥​នេះ។

ថ្ងៃ​ចន្ទ​នេះ ​លោក ឡូរ៉ង់ហ្វាប៊្យូស ​រដ្ឋមន្ត្រី​ការ​បរទេស​បារាំង ​និង​លោកស្រី ​ឡូរ៉ង់ ទូប៊ីយ៉ាណា ​អ្នក​ទទួល​បន្ទុក​កិច្ចការ​អាកាសធាតុ​ របស់​អង្គការ​សហប្រជាជាតិ ​និង​ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា ​នៅ​ក្រុង​ប៉ារីស​ ដើម្បី​លើក​ឡើង​​ ពី​យន្តការ​ផ្សេងៗ​ ក្នុង​ការ​ឈាន​ទៅ​ដល់​កិច្ច​ព្រមព្រៀង​ ស្តីពី​ការ​កាត់​បន្ថយ​កំដៅ​ផែនដី។ ទោះបី​ជា​យ៉ាង​ណា ​លោក​ ឡូរ៉ង់ ហ្វាប៊្យូស ​បាន​មាន​ប្រសាសន៍​ គេ​ត្រូវ​ការ​ឲ្យ​មាន​ការ​ព្រមព្រៀង​រួម​គ្នា​ ជា​ឯកច្ឆ័ន្ទ​ ដែល​នេះ​ហើយ​គឺ​ជា​ការ​លំបាក ​ ហើយ​បារាំង​ត្រូវ​តែ​ព្យាយាម​ ដុតដៃ​ដុត​ជើង ​ ដើម្បី​អូស​ទាញ​គ្រប់គ្នា​ឲ្យ​យល់​ព្រម។

នៅ​ថ្ងៃពុធ ​លោក ​បាន គីមូន ​អគ្គលេខាធិការ​អង្គការ​សហ​ប្រជា​ជាតិ ​នឹង​ធ្វើ​សន្ទរកថា​មួយ​ដែរ​ នៅ​ក្នុង​ទីក្រុង​ប៉ារីស ​ដោយ​នឹង​លើក​ឡើង​ ពី​សេចក្តី​ចាំបាច់ ​របស់​ពិភពលោក​ទាំង​មូល​ ក្នុង​ការ​សម្រេច​ឲ្យ​បាន​ នូវ​កិច្ច​ព្រមព្រៀង​នេះ។ បញ្ហា​ដែល​ចោទ​ចំបង ​ គឺ​ធ្វើ​យ៉ាង​ណា ​ប្រមូល​ថវិកា​ចាំបាច់​ សម្រាប់​ឧបត្ថម្ភ​ដល់​ប្រទេស​ក្រីក្រ ​និង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ​ក្នុង​ការងារ​ការពារ​បរិស្ថាន ​ការពារ​ធនធាន​ធម្មជាតិ​ និង​កាត់​បន្ថយ​ ការ​បញ្ចេញ​ឧស្ម័ន​ពុល ដែល​ជា​ប្រភព​ នៃ​កំណើន​កំដៅ​ផែនដី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI