បារាំង​ដឹកមុខ​អឺរ៉ុប​បើក​ផ្លូវ​​មនុស្សធម៌ស្វាគមន៍​អន្តោប្រវេសន៍​

ជន​អន្តោប្រវេសន៍​នៅ​តំបន់​កាឡេ ដែល​ប្រាថ្នា​​រត់​ឆ្លង​ទៅ​អង់គ្លេស
ជន​អន្តោប្រវេសន៍​នៅ​តំបន់​កាឡេ ដែល​ប្រាថ្នា​​រត់​ឆ្លង​ទៅ​អង់គ្លេស REUTERS/Regis Duvignau

នាយក​រដ្ឋមន្ត្រី​បារាំង​ អម​ដំណើរ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ស្នងការ​អឺរ៉ុប បាន​ធ្វើ​ដំណើរទៅ​កាត់​​ក្រុង​កាឡេ ភាគ​ខាង​ជើង​ប្រទេស​បារាំង។ តំបន់​ដែល​អន្តោប្រវេសន៍មក​ផ្តុំ​​កក​កុញរង់​ចាំ​រត់​​ឆ្លង​សមុទ្ទ​ទៅ​អង់គ្លេស។ ​លោក​នាយក​រដ្ឋ​ចង់​បង្ហាញ​អំពី​ទំនួល​ខុស​ត្រូវ​របស់​បារាំង​ក្នុង​វិបត្តិ​អន្តោប្រវេសន៍​ដែល​កំពុង​ញាំញី​អឺរ៉ុប គ្រប់​ជ្រុង​ ស្ទើរ​គ្រប់​គ្រង​​លែង​ជាប់។

ផ្សាយពាណិជ្ជកម្ម

“អឺរ៉ុប​កំពុង​តែ​ប្រមូល​ផ្តុំគ្នា រក​ដំណោះស្រាយ​​ប្រកប​ដោយ​សិល្បវិធី ដោយ​ភាព​វាង​វៃ ដែល​ចាំ​បាច់​ ក្នុង​ការ​ទទួល​ និង​ផ្តល់​ជំនួយ​មនុស្សធម៌” ! នេះ​ជា​ប្រសាសន៍​របស់​លោក ម៉ានុយអែល វ៉ាល្ល ពេល​អញ្ជើញ​ទៅ​មជ្ឈមណ្ឌល​ទទួល​ជន​ភៀស​ខ្លួនកាឡេ។ សម្រាប់​លោក​នាយក​រដ្ឋមន្ត្រី​ ក៏​ដូច​ជា​ស្នង​ការ​អឺរ៉ុប​ទាំង​ពីរ​រូប គេ​មិន​អាច​រុញ​មនុស្ស​ដែល​ត្រូវ​ការ​ការពារ​ទៅ​វិញ​ទេ អឺរ៉ុប​មាន​មនុស្ស​ធម៌ ព្រម​ទទួល​ជន​ភៀស​ខ្លួន តែ​មាន​ភាព​​តឹង​តែង​ កម្ចាត់​ពួក​មេ​ខ្យល់​ ពួក​រកស៊ី​ជួញ​ដូរ​អន្តោប្រវេសន៍ និង​បែង​ចែក​ច្បាស់​លាស់​រវាង​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ និង​ជនភៀស​ខ្លួន​ដែល​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ដើម្បី​គេច​ពី​សង្គ្រាម​និង​សោកនាដកម្ម។

 

ក្នុង​អត្ថន័យ​មនុស្សធម៌​ បារាំង​​បាន​សន្យា​យក​ថវិកា​ដែល​អឺរ៉ុប​ព្រម​ផ្តល់​ឱ្យ​៥​លាន​​អឺរ៉ូ​បន្ថែម​នៅ​ថ្ងៃ​នេះ នៅ​សាង​សង់​ជំរំ​បណ្តោះ​អាសន្ន ដើម្បី​ទទួល​ជន​អន្តោប្រវេសន៍​ប្រមាណ​១៥០០​នាក់ និង​បញ្ជូន​​​ជន​កំពុង​សុំ​សិទ្ធិ​ជ្រកកោន​​ទៅ​កាន់​ទីតាំង​ផ្សេង។ សូម​បញ្ជាក់​ថា មជ្ឈមណ្ឌល​ជន​ភៀស​ខ្លួន​កាឡេ ដ៏​ប្រកប​ដោយ​និម្មិតរូបដ៏​ចម្រូង​ចម្រាស​ ​ អាច​ទទួល​មនុស្ស​ជា​អចិន្ត្រៃយ៍​តែ​ជាង​១រយ​នាក់​ប៉ុណ្ណោះ។ តែ​ចំនួន​ជន​អន្តោប្រវេសន៍​សំកុក​ចាំ​ឆ្លង​​​​​ទៅ​អង់គ្លេស កើន​ឡើង​ឥត​ឈប់ មានយ៉ាង​ហោច​ណាស់​​ជាង​បីពាន់​នាក់​រស់​នៅយ៉ាង​អនាថា​និង​អាណោច​អធម​ ក្នុង​ព្រៃ​គម្ពោត​ក្បែរ​នោះ​ មក​ទទួល​របប​អាហារ​ និង​ទឹក​ស្អាត​ ឬ​បង្គន់​នៅ​មណ្ឌល​នេះ។

លោកនាយក​រដ្ឋមន្ត្រី​បារាំង​បាន​ទៅ​ទស្សនា​រូង​ផ្លូវ​រទេះភ្លើង​ក្រោមសមុទ្ទ​ដែរ ព្រោះ​អង់គ្លេស​ទើប​ចេញ​លុយ​សាង​សង់​រនាំង​ដែក​ហើយ ទប់​មិន​ឱ្យ​ជន​អន្តោប្រវេសន៍អាច​បុក​រុល​ចូល​ ដោយ​ខុស​ច្បាប់ ​​ដូច​កាលពី​ខែ​កក្កដា។

អឺរ៉ុប​​កំពុង​វិល​វល់​យ៉ាង​ខ្លាំង​នឹង​រលក​អន្តោប្រវេសន៍​ ក្រោយ​ពី​ចរន្ត​រត់​ឆ្លង​សមុទ្ទ​មេឌីរ៉ាណេ ស្លាប់​ទាំង​ទូកៗ ពេលនេះ​ជនភៀស​ខ្លួន​មក​ពី​ស៊ីរី អ៊ីរ៉ាក់ ឬ​អាហ្វហ្កានីស្ថាន នាំ​គ្នា​បុក​ចូល​តាម​ច្រក​ខាង​កើត​​​បាល់​កង់ម្តង។ ហុងគ្រី ដែល​ទើប​ដាក់​សម្រាស់​ដែក​តាម​ព្រំប្រទល់​ជាមួយ​នឹង​សេរប៊ី​រួច បាន​បញ្ជូន​ជន​ភៀស​ខ្លួន​ទាំង​ពាន់ៗនាក់តាម​​រទេះភ្លើង​ទៅ​អាល្លឺម៉ង់​និង​អូទ្រីស។ ហើយ​បើ​តាម​ព័ត៌មាន​ទើប​ទទួល​បាន មាន​បណ្តា​ជន​ស៊ីរី​ប្រមាណ​ជាង​មួយ​នាក់​បាន​ប្រថុយ​ជីវិត​រត់​ឆ្លង​មក​អឺរ៉ុប​តាម​ច្រក​ខាង​ជើង​អាទិក កាត់​តាមព្រំ​ប្រទល់​រុស្ស៊ី​និង​ណ័រវេស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI