G២០ សន្យា​មិន​បញ្ចុះ​តម្លៃ​លុយដើម្បី​ភាព​ប្រកួត​ប្រជែង

ក្រុម​ប្រទេស​G20 សន្យា​ព្រមព្រៀង​គ្នា​លើ​បញ្ហា​ប្តូរ​ប្រាក់​និង​នយោបាយ​រូបិយវត្ថុ
ក្រុម​ប្រទេស​G20 សន្យា​ព្រមព្រៀង​គ្នា​លើ​បញ្ហា​ប្តូរ​ប្រាក់​និង​នយោបាយ​រូបិយវត្ថុ AFP PHOTO/ADEM ALTAN
ដោយ៖ អៀង សុខម៉ិញ
១៦ នាទី

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ និង​ការងារ​នៃ​បណ្តា​ក្រុមប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង​ទាំង​២០​ដំបូង​គេ ដែលបាន​បិទ​ជំនួប​ប្រជុំ​ នៅ​ថ្ងៃ​សៅរ៍​នេះ បាន​ទទួល​ស្គាល់​ថា សេដ្ឋកិច្ច​ពិភពលោក មាន​ កំណើន​តិច​តួច​ មិន​ដូច​អ្វី​ដែលគ្រប់​គ្នា​រង់ចាំ​ទេ តែ​បាន​សន្យា​បញ្ជៀស​ឱ្យ​បាន​ទង្វើ​បញ្ចុះ​តម្លៃ​រូបិយវត្ថុ​ដើម្បី​ភាព​ប្រកួត​ប្រជែង។ នេះ​ជា​គម្រោង​សេចក្តី​ថ្លែងការណ៍​បញ្ចប់​នៃ​ជំនួប​ប្រជុំ​ ដែល​ភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP ទទួល​បាន​នៅ​ល្ងាច​ថ្ងៃសៅរ៍ទី ៥ កញ្ញា។

ផ្សាយពាណិជ្ជកម្ម

សកម្មភាព​សេដ្ឋកិច្ច​ចាប់​កម្រើក​ហើយ ប៉ុន្តែ​កំណើន​នៅ​មិន​ទាន់​ឆ្លើយ​តប​បានដូច​ក្តី​រំពឹងទេ ! នេះ​ជា​អ្វី​ដែល​មាន​ក្រុម​ប្រទេស​ម្ចាស់​សេដ្ឋកិច្ច​ពិភពលោក បាន​សរសេរ និង​ដែល​កំពុង​រង់​ចាំ​ការ​​​អនុម័ត​​ជា​ផ្លូវការ។ បើ​តាម​អត្ថបទ​នោះ​ដដែល ក្រុម​អ្នក​កាន់ក្តាប់​លុយ​ ហាក់​មាន​ទំនុក​ចិត្ត​ខ្លាំង​នឹងបញ្ចេញ​​សកម្មភាពដើម្បី​ឱ្យ​​សេដ្ឋកិច្ច​ ដែល​កំពុងមាន​​ដំណើររើប​​ឡើង​ជា​សន្សឹមៗថា​ អាច​នឹង​ស្ទុះ​ឡើង​ជា​ថ្មី​បាន។

 
កិច្ចប្រជុំ ក្រុម​ប្រទេស​G២០ ​រយៈ​ពេល​ពីរ​ថ្ងៃ​ នៅ​ក្រុង​អង់ការ៉ា ប្រទេស​តួកគី​នេះ ​ប្រព្រឹត្ត​ទៅ​ក្នុង​បរិបទ​​នៃ​ការ​ព្រួយ​បារម្ភ​ខ្លាំង​​ចំពោះ​ដំណើរ​បន្ថយ​ល្បឿន​នៃ​សេដ្ឋកិច្ច​ចិន​ និង​ភាព​ទន់​ខ្សោយ​ជា​បន្ត​បន្ទាប់​របស់​បណ្តា​ប្រទេស​មាន​សេដ្ឋកិច្ច​កំពុង​លូតលាស់​ជា​ច្រើន​ផ្សេងទៀត។

ប៉ុន្តែ​ថ្ងៃ​នេះ គេ​អាច​អបអរ​បាន ព្រោះ​ក្រុម​រដ្ឋមន្ត្រី​និង​អភិបាល​ធនាគារ​កណ្តាល​ទាំង​អស់​បាន​គង​គៀងគ្នា​សន្យា​នៅ​តួកគី​ថា​នឹង​បញ្ចៀស​ឱ្យ​បាន​រាល់​គ្រប់​រូបភាព​នៃ​ការ​បញ្ចុះ​តម្លៃ​រូបិយវត្ថុ​​ដើម្បី​មានភាព​ប្រកួត​ប្រជែង​ខ្លាំង​ និង​ជម្នះ​ឱ្យ​បាននូវ ​រាល់​គ្រប់​ទម្រង់​នៃ​នយោបាយ​ការពារ​តែ​ផលប្រយោជន៍សេដ្ឋកិច្ច​​ជាតិ​របស់​ខ្លួន​រៀងៗខ្លួន។ ពោល​គឺ​លុប​បំបាត់​គំរូ​ចិន ដែល​បន្ទាប់​ពី​បានបញ្ចុះ​ប្រាក់​យ័ន​កាលពី​ពាក់​កណ្តាល​ខែ​សីហា​ម្តង​ជា​ពីរ​ដង បង្ក​ឱ្យ​មាន​ភាព​ភ័យ​ស្លន់​សោ្ល​ដាំក្បាល​ទីផ្សារ​ហិរញ្ញវត្ថុ​ឱ្យ​ធ្លាក់​ចុះ​យ៉ាង​គំហុក​មិន​ធ្លាប់​មានផង បារម្ភ​ខ្លាច​មាន​សង្គ្រាម​រូបិយវត្ថុផង។​

សូម​បញ្ជាក់​ថា​ មុន​នឹង​ឈាន​ដល់​ការ​បង្កើត​ជា​គម្រោង​សេចក្តី​សម្រេចចិត្ត​បញ្ចប់​នេះ សហរដ្ឋ​អាមេរិក​តាម​រយៈ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ បាន​ឆ្លៀត​ព្រមាន​ចិន នៅ​ក្រៅ​ក្របខ័ណ្ឌ​ជំនួប​ប្រជុំ​G២០ ជុំ​វិញ​ផលវិបាក​នៃ​ការមួលខ្ចៅ​អត្រា​ប្តូរ​ប្រាក់​មិន​ឱ្យ​បត់​បែន​តាម​តម្លៃទីផ្សារពិតៗ។​ ប៉ុន្តែ​ទន្ទឹម​នឹង​ការ​ធ្វើ​ជា​គ្រូគេ សហរដ្ឋ​អាមេរិក​ខ្លួន​ឯង​ក៏​ត្រូវ​រង​ការ​ព្រមាន ក្នុង​សេចក្តីថ្លែងការណ៍​G២០​ដែរ ​ ឱ្យ​ចេះ​កំរិត​ពាក្យ​សំដី​ កុំ​ឱ្យ​កើត​ជំងឺ​ឆ្លង ជាពិសេស​ទាក់ទង​នឹង​សេចក្តី​សម្រេច​លើ​នយោបាយ​រូបិយវត្ថុ​ គ្រាន់​តែ​និយាយ​មិន​សូវ​ចំ​ឈ្មោះ​ប៉ុណ្ណោះ។

ជា​ចុងក្រោយ ក្រុម​ប្រទេស​ទាំង​២០ ដែល​តំណាង​ឱ្យ​៨៥%​នៃ​សេដ្ឋកិច្ច​ពិភពលោក​បាន​លើក​ទឹក​ចិត្ត​ក្រុម​ប្រទេសអ្នកមាន​ ជា​សមាជិក​ផ្ទាល់ ឱ្យបង្កើន​ហិរញ្ញវត្ថុ​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឡើង​កម្តៅ​នៃ​ភព​ផែនដី ដូច​ទស្សនវិស័យ​នៃ​សន្និសីទ​អន្តរជាតិ​ស្តី​ពី​អាកាសធាតុ​នៅ​ក្រុង​ប៉ារីស​ ចុង​ឆ្នាំនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI