FIFA-ពុករលួយ

FIFA​៖ រឿងអាស្រូវ​​ពុក​រលួយ​ រាល​ដាល​ដល់​លោក​ មីឈែល​ ប្លាទីនី

លោក​ Michel Platini​ អតីតកីឡាករពាក់​អាវ​លេខ​១០ នៃ​ក្រុម​ជំរើស​ជាតិ​បារាំង​ បច្ចុប្បន្ន​ជា​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​អឺរ៉ុប
លោក​ Michel Platini​ អតីតកីឡាករពាក់​អាវ​លេខ​១០ នៃ​ក្រុម​ជំរើស​ជាតិ​បារាំង​ បច្ចុប្បន្ន​ជា​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​អឺរ៉ុប REUTERS/Olivier Pon/Files
ដោយ៖ ម៉ម ពិសី
១៥ នាទី

រឿង​អាស្រូវ​ក្នុង​ស្ថានប័ន​បាល់ទាត់​អន្តរជាតិ ​កំពុង​តែ​រីក​ធំ​ទៅៗ ​ដែល​ពេល​នេះ ​តុលាការ​ស្វីស​ បាន​ចេញ​នីតិវិធី​ព្រហ្មទណ្ឌ​ ចោទ​ប្រកាន់​ជា​ផ្លូវការ ​លើ​រូប​លោក​ ហ្ស៊ូហ្សេប ប្លាធឺ ​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់ ​FIFA ពី​បទ​ពុក​រលួយ​ស៊ី​សំណូក ​និង​រំលោភ​លើ​សេចក្តី​ទុកចិត្ត។ បន្ថែម​ពី​នេះ ​តុលាការ​ស្វីស ​ក៏​បាន​ធ្វើការ​ស៊ើបអង្កេត​ករណី​ថ្មី​មួយទៀត ​ស្តី​ពី​ការ​ទទួល​ប្រាក់​សំណូក ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រូប​លោក ​មីឈែល ប្លាទីនី ​ប្រធាន​​សហព័ន្ធ​បាល់​ទាត់​អឺរ៉ុប។

ផ្សាយពាណិជ្ជកម្ម

វា​ជា​រឿង​ដែល​មិន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ ​ដែល​តុលារការ​ស្វីស​ធ្វើការ​ចោទ​ប្រកាន់​លើ​រូប​លោក ​ហ្សូហ្សេប ប្លាធឺ ​ពី​ករណី​ពុក​រលួយ​ស៊ី​សំណូក ​នៅ​ក្នុងស្ថាប័ន​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ​ FIFA​ ព្រោះ​នរណា​ក៏​ដឹង​ដែរ​​ថា​ មនុស្ស​នេះ​ហើយ ​បាន​ដឹក​នាំ​ស្ថាប័ន​កីឡា​នេះ ​ឲ្យ​ងងឹត​ងងុល ​នឹង​វប្បធម៌​ពុក​រលួយ ​រាប់​សិប​ឆ្នាំ​មក​ហើយ។ ​ប៉ុន្តែ​អ្វីដែល​គេ​ភ្ញាក់ផ្អើល ​ គឺ ​តុលាការ​ស្វីស ​បាន​ចាត់​នីតិ​វិធី​ព្រហ្មទណ្ឌ​មួយ​ទៀត ​ដែល​បាន​ចោទ​ប្រកាន់​​​លោក​ មីឈែល ប្លាទីនី ​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​អឺរ៉ុប ​ថា​មាន​ជាប់​ពាក់ព័ន្ធ​ ក្នុង​ការ​ទទួល​លុយ​​ក្រោម​តុ ​ចំនួន​ ២លាន​ ហ្វ្រង់​ស្វីស ​កាល​ពី​ឆ្នាំ ​២០១១ ​ដែល​ប្រាក់​នេះ ​ត្រូវ​បានFIFA ​ប្រគល់​ឲ្យ ​ដើម្បី​ធ្វើ​ការ​ស្ថាបនា ​ជួសជុល​ហេដ្ឋា​រចនាសម្ព័ន្ធ​កីឡា ​រវាង​ពី​ឆ្នាំ ​១៩៩៩ ​ដល់​ឆ្នាំ​២០០២។

 
កាល​ពីល្ងាច​ថ្ងៃ​សុក្រ ​តុលាការ​ស្វីស ​បាន​កោះ​ហៅ​មនុស្ស​ទាំង​ពីរ​នាក់​នេះ ​ចូល​ទៅ​បំភ្លឺ។ លោក​ហ្សូហ្សេប ប្លាធឺ ​ត្រូវ​បាន​កោះហៅ​ក្នុង​នាម​ជា​ជន​សង្ស័យ​ ចំណែក ​លោក មីឆែល ប្លាទីនី ​ក្នុង​នាម​ជាអ្នក​សហការ​ផ្តល់​ព័ត៌មាន​​លម្អិត។​ តាម​ប្រភព​ព័ត៌មាន ​បាន​បញ្ជាក់​ថា ​លោក​ មីឈែល ប្លាទីនី ​បាន​ឆ្លើយ ​និង​បាន​ប្រគល់​ឯកសារ​ជា​ច្រើន ​ទៅ​ដល់​ក្រុម​ស៊ើប​អង្កេត។

អតីត​កីឡាករ​ពាក់អាវ​លេខ​ដប់​ របស់​ក្រុម​ជំរើសជាតិ​បារាំង ​លោក​ មីឈែល ប្លាទីនី ​ត្រូវ​បាន​គេ​ធ្លាប់ស្គាល់​ថា​ ជា​មនុស្ស​ស្អាតស្អំ ​ហើយ​លោក​ត្រូវ​បាន​គេ​សង្ឃឹម​ជា​ខ្លាំង​ ថា​ លោក​អាច​នឹង​ជាប់​ ជា​ប្រធាន ​FIFA ​នៅ​អាណត្តិ​ថ្មី​នេះ។ ព័ត៌មាន​ថ្មីនេះ ​ត្រូវ​បាន​អ្នក​វិភាគ​មួយ​ចំនួន ​ចាត់​ទុក​ថា ​គឺ​ជាការ​រៀបចំ​របស់​ក្រុម​បក្សពួក ​នៅក្នុង ​FIFA ​ដែល​មិនចង់​​ឃើញ​លោក ​មីឈែល ប្លាទីនី ​បាន​ក្លាយ​ជា​ប្រធាន​ថ្មី​របស់FIFA

លោក ​មីឈែល ប្លាទីនី ​បាន​ឆ្លើយ​តប ​ថា​ ទឹក​ប្រាក់​ដែល​លោក​ទទួល​បាន ​គឺជា​ប្រាក់​ស្រប​ច្បាប់ ​ដែល​មាន​កិច្ចសន្យា​ត្រឹមត្រូវ ​រវាង​លោក ​និង​ FIFA។ ដោយឡែក​ លោក ​ម៉ានុយអ៊ែល វ៉ាល្ស ​នាយក​រដ្ឋមន្ត្រី​បារាំង​ បាន​សម្តែង​ការ​គាំទ្រ ​និង​ជឿ​ទុកចិត្ត​ពី​ភាព​ស្មោះត្រង់ ​របស់​លោក​ មីឈែល ប្លាទីនី។ ថ្ងៃ​ ២៦​ តុលា ​ខាង​មុខ​នេះ ​គឺ​ជា​ថ្ងៃ​ផុត​កំណត់ ​ក្នុង​ការ​ដាក់​បេក្ខភាព​ ឈរ​ឈ្មោះ​បោះឆ្នោត ​ជា​ប្រធាន​ FIFA ។ ​គេ​សង្ឃឹម​ថា ​មន្ទិល​សង្ស័យ​ទាំង​ប៉ុន្មាន ​នឹង​ដោះស្រាយ​រួចរាល់​ ដើម្បី​ឲ្យ​លោក ​អាច​ឈរ​ឈ្មោះ​បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI