សភា​រុស្ស៊ី​​អនុម័ត​ព្រមព្រៀង​ឱ្យមាន​អន្តរាគមន៍​យោធា​នៅ​ស៊ីរី

ព្រឹទ្ធ​សភា​រុស្ស៊ី​អនុម័ត​ព្រមព្រៀង​ឱ្យ​ប្រើ​ទ័ព​នៅ​ក្រៅ​ប្រទេស​
ព្រឹទ្ធ​សភា​រុស្ស៊ី​អនុម័ត​ព្រមព្រៀង​ឱ្យ​ប្រើ​ទ័ព​នៅ​ក្រៅ​ប្រទេស​ AFP/SERGEY VENYAVSKY

ថ្ងៃ​៣០​កញ្ញា​នេះ លោក​ប្រធានាធិបតី​ពូទីន បាន​ធ្វើ​សំណូមពរ ទៅ​សភា​ជាន់​លើ នៃ​រដ្ឋសភា​រុស្ស៊ី សុំ​សេចក្តី​អនុញ្ញាត ដើម្បី​ប្រើ​ទ័ព​រុស្ស៊ី​នៅ​ក្រៅ​ប្រទេស។ ជាលទ្ធផល​នៃ​ការ​ពិភាក្សា ក្នុង​លក្ខណៈ​បិទទ្វារ ព្រឹទ្ធសភា​រុស្ស៊ី ដោយ​សម្លេង​ជា​ឯកច្ឆន្ទ បាន​យល់​ព្រម តាម​សំណូមពរ​លោក​ប្រមុខ​រដ្ឋ។ សាច់រឿង គឺ ទាក់ទង​នឹង​ប្រទេស​ស៊ីរី ​ហើយ​ការប្រើ​ទ័ព​រុស្ស៊ី នៅ​ទីនោះ តាម​វិមាន​ក្រេមឡាំង គឺ​មាន​លក្ខណៈ​ស្រប​ច្បាប់​ពេញ​ទី។

ផ្សាយពាណិជ្ជកម្ម

តាមវិមានក្រេមឡាំងប្រកាសឲ្យដឹង គឺ​ដោយ​យោង​ទៅ​លើ​ចំណុច​ទី​១​នៃ​មាត្រាទី​១០២ ក្នុង​រដ្ឋ​ធម្មនុញ្ញ​រុស្ស៊ី និង​ដោយ​ឈរ​លើ​បទដ្ឋាន​ដែល​គេ​ទទួល​ស្គាល់​ជា​ទូទៅ នៃ​ច្បាប់​អន្តរជាតិ ដែល​លោក​ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន បាន​ធ្វើ​សំណូមពរ ទៅ​ក្រុម​ប្រឹក្សា​សហព័ន្ធ ពោល​គឺ​ព្រឹទ្ធសភា សុំ​សេចក្តី​អនុញ្ញាត ដើម្បី​ប្រើ​កម្លាំង​ទ័ព​រុស្ស៊ី នៅ​បរទេស។

 
សាច់រឿងគឺអំពី ការប្រើ​អង្គភាព​ទ័ព​រុស្ស៊ី​នៅ​ប្រទេស​ស៊ីរី សម្រាប់​ប្រឆាំង​នឹង​អង្គការ​ភេរវនិយម នៃ​”រដ្ឋអ៊ីស្លាម” - ការ​នេះ​ត្រូវ​បាន​ថ្លែង​ទៅ​អ្នកកាសែត ដោយ​នាយ​ខុទ្ទកាល័យ​វិមាន​ក្រេមឡាំង លោក Serguei Ivanov ដែល​ជា​តំណាង​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី ប្រចាំ​ក្នុង​អង្គពិភាក្សា នៅ​ព្រឹទ្ធសភា។ គាត់​លំអិត​ថា គឺ​តែ​អង្គភាព​ទ័ពអាកាស​ប៉ុណ្ណោះ ដែល​នឹង​ត្រូវ​ដាក់​ឲ្យ​សកម្ម​ក្នុង​ប្រតិបត្តិការ​នៅ​ស៊ីរី។

គួរនិយាយថា ជា​លទ្ធផល​នៃ​កិច្ចសន្ទនា​នឹង​គ្នា​ផ្ទាល់ ក្នុង​បរិវេណ​នៃ​មហាសន្និបាត អ.ស.ប. កាល​ពី​ម្សិលម៉្ងៃ រវាង​លោក​ប្រធានាធិបតី​រុស្ស៊ី ពូទីន និង​លោក​ប្រធានាធិបតី​ស.រ.អា. អូបាម៉ា ម្សិលមិញ​ថ្ងៃ​២៩​កញ្ញា ក្រសួង​ការពារ​ជាតិ​រុស្ស៊ី និង ក្រសួង​ការពារ​ជាតិ​អាមេរិក បាន​ត​ភ្ជាប់ ​គមនាគមន៍​នឹង​គ្នា​តែ​ម្តង​ពាក់ព័ន្ធ​នឹង​ស្ថានការណ៍​នៅ​ស៊ីរី។

លោកពូទីន មិន​បដិសេធ​ឡើយ​ថា រុស្ស៊ី​អាច​ជួយ​លោក​ប្រធានាធិបតី​ស៊ីរី បាស្ហារ អាសាដ ប្រសិនបើមាន សំណូម​ពរ​បែប​នេះ មក​កាន់​ក្រុងម៉ូស្គូ។ ទាក់ទង​នឹង​រឿង​នេះ លុះ​សម័យ​ប្រជុំ​ ព្រឹទ្ធសភា​ចប់​ទៅ លោក Ivanov បាន​ថ្លែង​ឲ្យ​ដឹង​ថា លោក​ប្រធានាធិបតី​ស៊ីរី បាស្ហារ អាសាដ បាន​សុំ​រុស្ស៊ី ឲ្យ​ផ្តល់​ជំនួយ​ផ្លូវ​យោធា​មែន។

លោកពូទីន ក្នុង​បទសម្ភាសន៍​ទៅ​កាណាល់​ទូរទស្សន៍​អាមេរិកាំង CBS ពេលថ្មីៗ បាន​ថ្លែង​ថា​ពួក​យោធា​រុស្ស៊ី នឹង​ពុំ​ចូលរួម​សោះ​ឡើយ ក្នុង​យុទ្ធនាការ​ច្បាំង​នៅ​លើ​សមរភូមិ​ស៊ីរី។

ជាការរំលឹក ព្រឺទ្ធសភារុស្ស៊ី កាលពីថ្ងៃ​ទី​១​មិនា​ឆ្នាំ​២០១៤ ធ្លាប់​បាន​អនុញ្ញាត លោក​ប្រមុខ​រដ្ឋ​ពូទីន ឲ្យ​ប្រើ​កងទ័ព​រុស្ស៊ី នៅ​អ៊ុយក្រែន ក្រោយពី​មាន​ផ្ទុះ​ឡើង​ជា​ជម្លោះ​នៅ​ទីនោះ ប៉ុន្តែ​គាត់​ដាច់ចិត្ត​មិន​ប្រើ​សិទ្ធិ​នោះ​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI