អានតួអត្ថបទ

តួកគីនិង​អឺរ៉ុប​ព្រមព្រៀង​គ្នា​ជា​គោលការណ៍​លើ​បញ្ហា​អន្តោប្រវេសន៍

ជន​ភៀស​ខ្លួន​ស៊ីរី​ដេក​នៅ​មុខ​ចំណត​រថភ្លើង​ប្រទេស​តួកគី ដែល​ទទួល​អន្តោប្រវេសន៍​ច្រើនជាង​គេ​នៅលើ​ពិភពលោក
ជន​ភៀស​ខ្លួន​ស៊ីរី​ដេក​នៅ​មុខ​ចំណត​រថភ្លើង​ប្រទេស​តួកគី ដែល​ទទួល​អន្តោប្រវេសន៍​ច្រើនជាង​គេ​នៅលើ​ពិភពលោក REUTERS/Murad Sezer
ដោយ៖ អៀង សុខម៉ិញ
១២ នាទី

សហភាព​អឺរ៉ុប និង​តួកគី​ បាន​ព្រមព្រៀង​គ្នា​ជា​គោលការណ៍​លើ​ផែនការ​បញ្ចេញ​សកម្មភាព​ប្រយុទ្ធប្រឆាំង​នឹង​លំហូរ​អន្តោប្រវេសន៍​រត់​មក​អឺរ៉ុប។ នេះ​បើ​តាម​ការ​ពាំពាក្យ​របស់​កាសែត​អាល្លឺម៉ង់ ចេញ​ផ្សាយ​នៅ​ថ្ងៃអាទិត្យ​ទី ៤​តុលា។ ចរន្ត​​អន្តោប្រវេសន៍​ដែល​អាច​នឹង​មាន​សម្រុក​ចេញ​​បន្ថែមជា​ថ្មី​​ទៀត បើ​យោង​ទៅ​ស្ថានភាពសង្គ្រាម​នៅ​ស៊ីរីពេល​នេះ។

ផ្សាយពាណិជ្ជកម្ម

កិច្ចព្រមព្រៀង​រវាង​គណៈកម្មការ​អឺរ៉ុប និង​តំណាង​រដ្ឋាភិបាល​តួកគី ដែល​បាន​លេច​ជា​រូប​រាង​កាលពី​សប្តាហ៍​មុន នឹង​ត្រូវ​ចុះ​ហត្ថលេខា​អនុម័ត​នៅ​ចន្ទ​ទី ៥​តុលា នា​ឱកាស​ជំនួប​ពិភាក្សា​រវាង​​ប្រធានាធិបតី​តួកគី លោក Recep Tayyip Erdogan នៅ​ទីក្រុង​ព្រុចសែល​ជាមួយ​តំណាង​ភាគី​អឺរ៉ុប។

 
បើ​តាម​​ផែនការ​ តួកគី​នឹង​ត្រូវ​ព្រម​បញ្ចេញ​និង​បង្កើន​សកម្មភាព​រក្សា​សន្តិសុខ​តាម​ព្រំដែន​ជាមួយ​សហភាព​អឺរ៉ុប ដោយ​ចូល​រួម​ធ្វើ​ល្បាត​រួម​គ្នា​ជា​មួយ​នឹង​ឆ្មាំ​សមុទ្ទក្រិក​ ក្នុង​សមុទ្ទ​អេហ្សេ ដោយ​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ភ្នាក់ងារ​អឺរ៉ុប​ក្នុង​ការ​ត្រួតពិនិត្យ​ព្រំប្រទល់ Frontex។

រាល់​ជន​ភៀសខ្លួន​ដែល​សាកល្បង​ឆ្លង​មក​អឺរ៉ុប​ នឹង​ត្រូវ​ឃាត់​ខ្លួន រួច​បញ្ជូន​ទៅ​កាន់​ជំរំ​នៅ​ប្រទេស​តួកគី។ ជំរំ​៦​ថ្មី​ទៀត​នឹង​ត្រូវ​បង្កើត​ឡើង​ មាន​ចំណុះ​អាច​​ទទួល​ជន​ភៀស​ខ្លួន​បាន​ប្រមាណ​ពីរ​លាន​នាក់​ ឧបត្ថម្ភស្ថាបនា និង​សហការ​ផ្តល់​ហិរញ្ញវត្ថុ​ដោយ​សហភាព​អឺរ៉ុប។ នេះ​បើ​តាម​ការ​លម្អិត​របស់​កាសែត​អាល្លឺម៉ង់​ដដែល។

ចំណែក​ខាង​អឺរ៉ុប​វិញ សហភាពអឺរ៉ុប​ត្រូវ​ព្រមព្រៀង​ទទួល​យក​ជន​ភៀស​ខ្លួន អាច​​ដល់​ទៅ​​៥០ម៉ឺន​នាក់​ ដើម្បី​ឱ្យពួក​គេ​បាន​ទៅ​ដល់​អឺរ៉ុប​ដោយ​សុវត្ថិភាព និង​មិន​ឆ្លងកាត់​បណ្តាញ​មេខ្យល់​ជួញ​ដូរ​មនុស្ស។

ប្រសិន​បើ​ ​កិច្ចព្រមព្រៀង​​នេះ ត្រូវអនុម័ត​ ​នៅ​ថ្ងៃ​ចន្ទ​មែន ​ ផែនការនេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ឱ្យ​ថ្នាក់ដឹកនាំ​អឺរ៉ុបសម្រេច ​ក្នុង​ជំនួប​កំពូល នៅពាក់​កណ្តាលខែ​តុលា។ អឺរ៉ុប​បាន​អំពាវនាវ​ជា​ញយ​ៗ​ឱ្យតួកគី​ប្រឹង​ប្រែង​បន្ថែម​ទៀត​ក្នុង​ការ​ទប់​ស្កាត់​លំហូរ​អន្តោប្រវេសន៍​ និង​យល់​ថា​តួកគី​គួរ​តែ​ត្រូវ​ប្រឹង​កម្ចាត់​បណ្តាញ​ជួញ​ដូរ​មនុស្ស​ក្នុង​ទឹកដី​ខ្លួន​ទៀត​ ទើប​មាន​ប្រសិទ្ធិភាព។​ ​

ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​តួកគី​នៅ​អឺរ៉ុប ចាប់​ពី​ថ្ងៃ​ចន្ទ​នេះ មាន​គម្រោង​យូរ​មក​ហើយ ប៉ុន្តែ​ធ្លាក់​មក​ជួន​ចំពេល​អឺរ៉ុប​បាន​និង​កំពុង​ជួប​វិបត្តិ​អន្តោប្រវេសន៍​ដ៏​ធ្ងន់ធ្ងរ​។ ដូច្នេះ​ចង់​ឬ​មិន​ចង់ អឺរ៉ុប​ត្រូវ​តែ​សហការ និង​លួង​លោម​ ប្រមុខ​​​មេ​ដឹកនាំ​តួកគី​ ​ព្រមលូក​ដៃ​​ចូល​ដោះស្រាយ​វិបត្តិ​ជនភៀសខ្លួន​ជាមួយ​គ្នា៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ